គម្រោងតន្ត្រី Ukiyo ត្រូវបានបើកសម្តែងនៅថ្ងៃទី ២១ ខែមេសា នៅរោងមហោស្រពយុវជន ទីក្រុងហាណូយ ដោយនាំយកបទពិសោធន៍ដ៏រស់រវើកដល់ សហគមន៍ស្រឡាញ់ភាពយន្ដ “សំដីភូតកុហករបស់អ្នកក្នុងខែមេសា” ដែលជាខ្សែភាពយន្ដអំពីមនោសញ្ចេតនាដ៏ជ្រាលជ្រៅនៃវ័យសិក្សា និងចំណង់ចំណូលចិត្តរបស់យុវវ័យចំពោះតន្ត្រីបុរាណ។ កម្មវិធីប្រគុំតន្ត្រីដំបូងនៃគម្រោង Ukiyo នាំ មកបទចម្រៀងចំនួន ១៨ បទ ដែលបង្ហាញនៅក្នុងខ្សែភាពយន្ត “សំដីភូតកុហករបស់អ្នកក្នុងខែមេសា” ក្នុងនោះ មានការចងក្រងបទភ្លេងថ្មីថ្មោងទាំងស្រុង។ លោក Hai Phong នាយកតន្ត្រីនៃគម្រោង Ukiyo បានឲ្យដឹងថា៖ “ស្នាដៃតន្ត្រីក្នុងខ្សែភាពយន្តត្រូវបានខ្ញុំកែសម្រួលបន្តិចបន្តួចសម្រាប់ក្រុមតន្រ្តី ដោយសារតែបុគ្គលិករបស់ក្រុមនេះ មិនអាចបំពេញការលាយបញ្ចូលគ្នាទាំងអស់នៅក្នុងភាព យន្តបាន ខ្ញុំស្ទើរតែផលិតឡើងវិញនូវកំណែទាំងអស់នៃល្បាយនោះ។ បទចម្រៀងដែលគួរអោយចាប់អារម្មណ៍បំផុតក្នុងកម្មវិធីនេះមាន ៥ បទ គួរឱ្យចងចាំបំផុត គឺបទចម្រៀង Nanaimo Symphony ដែលមានចង្វាក់ភ្លេងពិរោះៗ សប្បាយៗ ណាស់។ បទចម្រៀងទាំងនោះបង្ហាញយ៉ាងច្បាស់នូវតន្ត្រី និងខ្លឹមសារសាច់រឿងនៃខ្សែភាពយន្ត”។
គម្រោង Ukiyo មានបំណងចង់បំពេញចំណាប់អារម្មណ៍របស់ "wibu" ដែលជាអ្នកគាំទ្រគំនូរជីវចលដែលមានចំណង់ចំណូលចិត្តក្នុងការដើរជាតួអង្គភាពយន្ត។ អ្នកស្រី Nguyen Quynh Chi អ្នកដឹកនាំជំពូកទី ១នៃកម្មវិធីតន្ត្រី “ពិភពលោកដ៍ភ្លឺចិញ្ចែងចិញ្ចាច” ក្នុងគម្រោងតន្ត្រី Ukiyo បានឲ្យដឹងថា៖ “Wibu ជាក្រុមអ្នកដែលមានសេចក្តីស្រឡាញ់និងការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះគំនូរជីវចល និងវប្បធម៌ជប៉ុន។ ទស្សនិកជនស្ទើរតែបានរស់ឡើងវិញនៅក្នុងពិភពនៃខ្សែភាពយន្តនេះ ដោយការបញ្ចូលគ្នានូវរូបភាព និងឈុតឆាកដ៏អស្ចារ្យបំផុតនៅក្នុងខ្សែភាពយន្ត ដើម្បីរួមបញ្ចូលគ្នា បង្កើតជាសាច់រឿង ដាស់អារម្មណ៍នៅពេលពួកគេទស្សនាខ្សែយន្តគំនូរជីវចលលើកដំបូង។ ទស្សនិកជនអាចដើរតួអង្គដែលពួកគេចូលចិត្តនៅក្នុងសំលៀកបំពាក់ Anime ឬ Manga”។
ដោយមានការចូលរួមពីសិល្បករសិល្បៈការិនីអាជីពជាច្រើន សម្តែងនូវតន្ត្រីបុរាណ និងស្នាដៃជប៉ុនសហសម័យ Ukiyo នាំមកនូវសិល្បៈសិក្សាកាន់តែខិតជិតដល់ទស្សនិកជន ជាពិសេសទស្សនិកជនវ័យក្មេង។ អ្នកលេងវីយូឡុង My Huong និងអ្នកលេងព្យ៉ាណូ Hoa Thi Huong បានចែករំលែកថា៖
សិល្បៈករវីយូឡុង My Huong៖ “នេះជាលើកទីមួយហើយដែលខ្ញុំលេងភ្លេងក្នុងរឿងគំនូរជីវចល។ ហើយនេះគឺជាខ្សែភាពយន្តដែលមានអត្ថន័យខ្លាំងណាស់សម្រាប់ យុវវ័យ នៅពេលដែលភាពយន្តនេះបាននាំយកតន្ត្រីបុរាណចូលទៅក្នុងតុក្កតា ធ្វើឱ្យតន្ត្រីបុរាណកាន់តែជិតស្និទ្ធនឹងយុវវ័យ។ លើសពីនេះទៀតមាន Ballads របស់តន្ត្រីករ Chopin ដែលជាបំណែកព្យាណូស្តង់ដារនៅក្នុងតន្ត្រីបុរាណ។ អ្នកនឹងមានអារម្មណ៍ថា មិនត្រឹមតែរូបភាពដ៏ស្រស់ស្អាតប៉ុណ្ណោះទេប៉ុន្តែថែមទាំងតន្ត្រីដែលបន្សល់ទុកនូវអារម្មណ៍ផ្អែមល្ហែមនៃខ្សែភាពយន្តទៀតផង”។
អ្នកលេងព្យ៉ាណូ Hoa Thi Huong៖ “ខ្ញុំស្រលាញ់ភាពយន្តនេះខ្លាំងណាស់។ ពេលខ្ញុំលេងភ្លេងក្នុងរឿងនេះ ខ្ញុំមានអារម្មណ៍ស្រើបស្រាល និងអស្ចារ្យណាស់។ នាងខ្ញុំត្រូវបានអនុញ្ញាតឱ្យលេងបទចម្រៀងបើក បន្ទាប់មកគឺបទភ្លេង Friend A ដែលជាព្យាណូទោលពិពណ៌នាអំពីតួអង្គ។ តន្ត្រីអមដំណើរជាមួយភាពយន្តធ្វើឱ្យអ្នកទស្សនារស់នៅក្នុងភាពយន្តម្ដងទៀត”។
នៅថ្ងៃទី ២០ ខែមេសា នៅពេលដែល គណៈកម្មាធិការរៀបចំបានប្រកាស និងណែនាំគម្រោងតន្ត្រី “Ukiyo” នៅទីក្រុងហាណូយ សំបុត្រ ត្រូវបានលក់អស់ក្នុងរយៈពេលតែប៉ុន្មានម៉ោងប៉ុណ្ណោះ ដែលបង្ហាញពីភាពទាក់ទាញនៃគម្រោង Ukiyo។ អ្នកគាំទ្រមួយចំនួននៅពេលទិញសំបុត្របានសម្តែងថា៖
“ខ្ញុំជាអ្នកគាំទ្រនៃខ្សែភាពយន្ត “ពាក្យកុហករបស់អ្នកក្នុងខែមេសា” យូរហើយ ពោលគឺខ្ញុំបានមើលតាំងពីខ្ញុំនៅជាសិស្ស រហូតដល់ឥឡូវត្រូវមើល២-៣ ដងហើយ ភ្លេងរបស់រឿងនេះគឺល្អណាស់ ស៊ីអារម្មណ៍ណាស់។ ខ្ញុំទន្ទឹងរង់ចាំការប្រគុំតន្រ្តីនាពេលខាងមុខ ដោយរង់ចាំតន្ត្រីក្នុងភាពយន្តដែលសម្តែងដោយសិល្បករនៅលើឆាក”។
“នាងខ្ញុំនឹងដើរតួរជារូបភាពក្មេងស្រីសិស្សសាលា តួអង្គ Kaori តួរឯកស្រី នៃខ្សែភាពយន្ត “ការកុហករបស់អ្នកក្នុងខែមេសា” ជាតួអង្គសម្ងាត់ និងបង្កភាពសោកស្ដាយបំផុតក្នុងរឿង។ ពិតជាដូចក្នុងការស្រមើស្រមៃរបស់ខ្ញុំ ព្រោះបទចម្រៀងក្នុងរឿង Anime គឺអស្ចារ្យនិងគួរឲ្យចាប់អារម្មណ៍ណាស់”។
គម្រោងតន្ត្រី “Ukiyo” ត្រូវបានបង្កើតឡើងក្នុងគោលបំណងចង់នាំយកសិល្បៈសិក្សាកាន់តែជិតស្និទ្ធជាមួយទស្សនិកជន ជាពិសេសយុវជន ដោយហេតុនេះបង្កើតទម្លាប់នៃការរីករាយនឹងសិល្បៈប្រកបដោយគុណភាព និងលើកកំពស់ភាពរីករាយនៃសិល្បៈសហគមន៍នៅវៀតណាម។ បន្ទាប់ពីការសម្តែងប្រកបដោយជោគជ័យនៅទីក្រុងហាណូយនាថ្ងៃទី ២១ មេសា គម្រោងតន្ត្រី "Ukiyo" នឹងបន្តត្រូវបានសម្តែងនៅទីក្រុងហូជីមិញនៅថ្ងៃទី ១៨ និងថ្ងៃទី ១៩ ឧសភា ផងដែរ៕