អនុវត្តនីតិវិធីរដ្ឋបាលនៅមជ្ឈមណ្ឌលរដ្ឋបាលសាធារណៈខេត្ត Hung Yen (រូបថត៖ tcnn.vn) |
កំណែទម្រង់រដ្ឋបាលត្រូវបានខេត្ត Hung Yen ផ្តោតលើការអនុវត្តពីឃុំ និងសង្កាត់។ ចាប់ពីដើមឆ្នាំរហូតមកដល់ពេលនេះ ឯកសារស្ទើរតែទាំងអស់ដែលទទួលបាននៅការិយាល័យច្រកចេញចូលតែមួយ នៃសង្កាត់ Minh Duc ទីរួមស្រុក My Hao សុទ្ធតែត្រូវបានធ្វើឌីជីថលបម្រើការស្វែងរករបស់ប្រជាជន។ នៅក្នុងត្រីមាសទីពីរនៃឆ្នាំនេះ សង្កាត់បានធ្វើឌីជីថលឯកសារចំនួន ១២៣០/១៣១០ សម្រេចបាន ៩៤%។ ពីសង្កាត់ដែលការងារកំណែទម្រង់រដ្ឋបាលអនុវត្តន៍មិនទាន់ល្អ ប៉ុន្តែ ឥឡូវនេះ Minh Duc បានក្លាយជាគំរូមួយក្នុងចំណោមគំរូឆ្នើមរបស់ខេត្ត Hung Yen។ អ្នកស្រី Phan Thi Thanh Tuyen ជាប្រជាជនម្នាក់មកបំពេញបែបបទបានចែករំលែកថា៖ “ខ្ញុំពិតជាមានការចាប់អារម្មណ៍នៅពេលខ្ញុំយល់បានដឹងអត្ថប្រយោជន៍នៃការផ្លាស់ប្តូរឌីជីថល។ ពេលខ្ញុំយកឯកសារមកទីនេះ កម្មាភិបាលបំពេញការងារស្កែនឯកសារទាំងនោះ ហើយរក្សាទុកក្នុងប្រព័ន្ធវិបផតថលអនឡាញ ហើយលើកក្រោយខ្ញុំទៅបំពេញបែបបទ ខ្ញុំលែងយកយកឯកសារដើមទៅតាមទៀតហើយ។ ពោលគឺ ឯកសារទាំងអស់ត្រូវបានរក្សាទុក នៅលើប្រព័ន្ធវិបផតថលសេវាសាធារណៈជាតិ។ នោះគឺជាឧបករណ៍ដ៏មានន័យពិតប្រាកដ”។
នៅទូទាំងខេត្ត Hung Yen ចាប់ពីដើមឆ្នាំរហូតដល់ពេលនេះ អត្រាសំណុំឯកសារ អនឡាញដែលបានទទួល និងដំណើរការលើប្រព័ន្ធ បានឈានដល់ ៨៤,៦% នៃចំនួនកម្មវិធីសរុបដែលទទួលបាន។ នៅថ្ងៃទី ១៩ ខែមិថុនា ខេត្តបានភ្ជាប់សេវាសាធារណៈចំនួនពីរដោយជោគជ័យគឺ ការចុះឈ្មោះកំណើត ការចុះឈ្មោះស្នាក់នៅអចិន្ត្រៃយ៍ និងការចេញប័ណ្ណធានារ៉ាប់រងសុខភាពសម្រាប់កុមារអាយុក្រោម ៦ ឆ្នាំ; ការចុះឈ្មោះមរណភាពរួម ការចុះឈ្មោះស្នាក់នៅអចិន្ត្រៃយ៍ ប្រាក់ឧបត្ថម្ភធ្វើបុណ្យសព។ តាមរយៈការតភ្ជាប់សេវាសាធារណៈទាំងពីរនេះ ខេត្តបានដាក់ពង្រាយសេវាសាធារណៈសំខាន់ៗទាំង ២៥/២៥ ដើម្បីបម្រើប្រជាពលរដ្ឋ និងអាជីវកម្មនៅក្នុងបរិយាកាសបណ្តាញ។
គួរកត់សម្គាល់ថា នៅខែកក្កដាកន្លងទៅ ខេត្តបានបើកមជ្ឈមណ្ឌលប្រតិបត្តិការឆ្លាតវៃ។ នេះជាកន្លែងប្រមូល និងសំយោគព័ត៌មានលើគ្រប់វិស័យ ជួយថ្នាក់ដឹកនាំគ្រប់គ្រងសកម្មភាពរបស់ខេត្ត។ លោក Tran Van Thang អនុប្រធានការិយាល័យគណៈកម្មាធិការប្រជាជនខេត្ត Hung Yen - នាយកមជ្ឈមណ្ឌលប្រតិបត្តិការឆ្លាតវៃបានឲ្យដឹងថា៖ “មជ្ឈមណ្ឌលប្រតិបត្តិការត្រូវបានចាត់ទុកថាជាខួរក្បាលឌីជីថលរបស់ខេត្ត ដែលមានសមត្ថភាពរួមបញ្ចូលទិន្នន័យ ភ្ជាប់ជាមួយកម្មវិធីដែលមានស្រាប់របស់មូលដ្ឋាន សាខា និងតំបន់ រួមជាមួយនឹងកម្មវិធីគ្រប់គ្រងលើគ្រប់វិស័យ”។
លោក Tran Quoc Van ប្រធានគណៈកម្មាធិការប្រជាជនខេត្ត Hung Yen (រូបថត៖ TTXVN) |
កិច្ចខិតខំប្រឹងប្រែងរបស់ខេត្តក្នុងការកែទម្រង់បែបបទរដ្ឋបាល និងកែលម្អគុណភាពប្រតិបត្តិការទទួលបានការវាយតម្លៃខ្ពស់ពីសហគមន៍ធុរកិច្ច និងវិនិយោគិន។ ជាពិសេស ឆ្នាំនេះគឺជាឆ្នាំដែលសហគមន៍ធុរកិច្ចត្រូវប្រឈមមុខនឹងបញ្ហាជាច្រើនក្នុងការផលិត និងការប្រើប្រាស់ផលិតផល។ ដូច្នេះហើយ ការលើកកម្ពស់គុណភាពនៃសេវារដ្ឋបាលសាធារណៈ និងការគ្រប់គ្រងបែបបទរដ្ឋបាល កន្លែងទទួលនិងផ្តល់លទ្ធផលបែបបទរដ្ឋបាលតាមចក្រចេញចូលតែមួយថ្នាក់ស្រុក ឃុំ បានរួមចំណែកជួយអង្គភាពអាជីវកម្មដំណើរការផែនការផលិតកម្មបានឆាប់រហ័ស។ លោក Do Xuan Thu តំណាងធុរកិច្ចបានចែករំលែកថា៖ “ខ្ញុំជាអ្នកជំនួញ ហើយជារឿយៗ ត្រូវធ្វើប្រតិបត្តិការនៅមជ្ឈមណ្ឌលរដ្ឋបាលសាធារណៈរបស់ខេត្ត Hung Yen ។ ខ្ញុំឃើញថា គ្រឿងបរិក្ខារនិងឧបករណ៍ត្រូវបានរៀបចំយ៉ាងងាយស្រួលសម្រាប់ប្រជាជនមកបំពេញប្រតិបត្តិការ។ កម្មាភិបាលនិងបុគ្គលិកធ្វើការយ៉ាងស្វាហាប់។ វិធីនៃការទទួលពាក្យ ការប្រគល់លទ្ធផលបបែបទឯកសារយ៉ាងងាយស្រួល ដែលនាំមកនូវការពេញចិត្តខ្លាំងណាស់”។
តាមទស្សនៈនៃការគ្រប់គ្រងរដ្ឋបាល លោក Pham Minh Hung ប្រធាននាយកដ្ឋានកំណែទម្រង់រដ្ឋបាល (ក្រសួងមហាផ្ទៃ) បានវាយតម្លៃថា ខេត្ត Hung Yen មានការផ្លាស់ប្តូរជាវិជ្ជមានក្នុងកំណែទម្រង់រដ្ឋបាល៖
“សន្ទស្សន៍នៃការវាយតម្លៃអំពីកំណែទម្រង់រដ្ឋបាលខេត្ត Hung Yen សុទ្ធតែទទួលបានលទ្ធផលខ្ពស់។ ប្រការនេះឆ្លុះបញ្ចាំងពីកិច្ចខិតខំប្រឹងប្រែងកំណែទម្រង់រដ្ឋបាលរបស់ខេត្ត Hung Yen ក្នុងពេលថ្មីៗនេះ។ គួរឱ្យចាប់អារម្មណ៍គឺសន្ទស្សន៍នៃប្រតិបត្តិការ ក្នុងនោះមានខ្លឹមសារច្នៃប្រឌិតជាច្រើន បន្ទាប់មកសន្ទស្សន៍ស្តីពីកំណែទម្រង់បែបបទរដ្ឋបាល និងសន្ទស្សន៍កំណែទម្រង់ហិរញ្ញវត្ថុសាធារណៈ”។
ពីជោគជ័យដំបូង នាពេលខាងមុខ ខេត្ត Hung Yen ខិតខំឈានដល់កម្រិតពេញចិត្តរបស់ប្រជាជននិងអាជីវកម្មយ៉ាងហោចណាស់ ៩០% ក្នុងការដោះស្រាយបែបបទរដ្ឋបាល។ ជាមួយគ្នានោះ សំណុំឯកសារបែបបទរដ្ឋបាល ១០០% ត្រូវបានដោះស្រាយនៅកម្រិតអាជ្ញាធរទាំង ៣ ត្រូវបានធ្វើបច្ចុប្បន្នភាពលើប្រព័ន្ធព័ត៌មានដោះស្រាយបែបបទរដ្ឋបាលថ្នាក់ខេត្ត។ ក្នុងចំណោមនោះ យ៉ាងហោចណាស់ ៨០% នៃបែបបទរដ្ឋបាលត្រូវបានបង្ហោះលើវិបផតថលសេវាសាធារណៈជាតិ...។ ដើម្បីសម្រេចបាននូវគោលដៅទាំងនេះ លោក Tran Quoc Van ប្រធានគណៈកម្មាធិការប្រជាជនខេត្ត Hung Yen បានឲ្យដឹងថា៖ “កម្មវិធី និងផែនការដែលបានចេញរួចហើយ ត្រូវតែអនុវត្តន៍ជាក់ស្តែង។ ត្រូវបន្តធ្វើបច្ចុប្បន្នភាពផែនការ កម្មវិធី គម្រោង... ដើម្បីបំពេញតម្រូវការរបស់ប្រជាពលរដ្ឋ និងធុរកិច្ច ប្រកបដោយភាពបើកចំហរនិងតម្លាភាព។ បើចង់បានសន្ទស្សន៍ល្អសម្រាប់ខេត្តទាំងមូល ត្រូវផ្អែកលើសន្ទស្សន៍ល្អរបស់មូលដ្ឋាននីមួយៗ មន្ទីរនិងវិស័យនីមួយៗ”។
ការលើកកម្ពស់កំណែទម្រង់រដ្ឋបាលបង្ហាញពីការត្រិះរិះ ប្រកបដោយភាពច្នៃប្រឌិត និងការប្តេជ្ញាចិត្តដើម្បីជម្នះភាពមិនគ្រប់គ្រាន់ក្នុងការសម្របសម្រួលបែបបទរដ្ឋបាលនៅតាមមន្ទីរ និងសាខានៃខេត្ត Hung Yen។ អាស្រ័យហេតុនេះ រួមចំណែកកែលម្អបរិយាកាសវិនិយោគធុរកិច្ច និងលើកកំពស់សន្ទស្សន៍ប្រកួតប្រជែងរបស់ខេត្ត៕