ស្ថិតនៅចម្ងាយប្រហែល ៨ គីឡូម៉ែត្រពីកណ្តាលទីក្រុងហាណូយ និង ២១ គីឡូម៉ែត្រពីអាកាសយានដ្ឋានអន្តរជាតិ Noi Bai តំបន់បុរី Nam Thang Long (Ciputra Hanoi Internasional City) ដែលមានផ្ទៃដី ៣២៣ ហិកតា រួមមានអគារខ្ពស់ៗចំនួន ៣៤ និងតំបន់លំនៅដ្ឋានចំនួន ១០ រួមចំណែកកែលម្អរូបរាងរដ្ឋធានី។ នេះគឺជាតំបន់បុរីថ្មីដំបូងគេមួយ ដែលត្រូវបានសាងសង់ឡើងដោយវិនិយោគិនឥណ្ឌូនេស៊ី (Ciputra Group) និងវៀតណាម (អគ្គក្រុមហ៊ុនវិនិយោគនិងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធទីក្រុង - UDIC) នៅទីក្រុងហាណូយក្នុងឆ្នាំ ២០០២។ លើសពីនេះ ក៏មានសណ្ឋាគារ Pull Man ឬអគារការិយាល័យ Horison នៅ Cat Linh ទីក្រុងហាណូយផងដែរ។ ដោយរយៈពេលជាង ៣០ឆ្នាំសហប្រតិបត្តិការនិងអភិវឌ្ឍន៍ជាមួយរដ្ឋធានីហាណូយ Ciputra Hanoi (សាខារបស់ Ciputra Group នៅវៀតណាម) គឺជាភស្តុតាងច្បាស់លាស់បំផុតនៃភាពជោគជ័យរបស់សហគ្រាសឥណ្ឌូនេស៊ីនៅវៀតណាម។ បច្ចុប្បន្ន Ciputra Hanoi កំពុងសហការជាមួយក្រុមហ៊ុនវៀតណាមមួយចំនួនទៀត ដើម្បីស្វែងរកទីតាំងសាងសង់គម្រោងលំនៅដ្ឋានថ្មីនៅទីក្រុងហាណូយ។ លោក Thong Suprobo Antono នាយកគម្រោង Ciputra Hanoi បានធ្វើអធិប្បាយថា៖
“វៀតណាមនិងឥណ្ឌូណេស៊ីនៅមានឱកាសជាច្រើនសម្រាប់កិច្ចសហប្រតិបត្តិការលើវិស័យអចលនទ្រព្យ ព្រោះប្រទេសទាំងពីរជាប្រទេសអភិវឌ្ឍន៍។ ប្រទេសទាំងពីរសុទ្ធតែមានតម្រូវការលំនៅដ្ឋានជាច្រើន នេះជាឱកាសសម្រាប់ Ciputra Group។ តម្រូវការលំនៅដ្ឋានរបស់ប្រជាជននៃប្រទេសទាំងពីរគឺបន្ទាន់ ដូច្នេះហើយនេះគឺជាឱកាសវិនិយោគដ៏ល្អសម្រាប់សហគ្រាសនៃប្រទេសទាំងពីរ។ បច្ចុប្បន្ន យើងកំពុងសហការជាមួយក្រុមហ៊ុនវៀតណាមមួយ។ វាពិតជាអំណោយផលសម្រាប់វិនិយោគិនបរទេសមកបណ្តាក់ទុននៅវៀតណាម ឬវិនិយោគិនវៀតណាមឈានចូលទីផ្សារឥណ្ឌូនេស៊ី ប្រសិនបើពួកគេបានតភ្ជាប់កិច្ចសហប្រតិបត្តិការជាមួយក្រុមហ៊ុនក្នុងស្រុក”។
ទិដ្ឋភាពទូទៅនៃតំបន់បុរី Ciputra Hanoi។ រូបថត៖ ciputraHanoi.com.vn |
ក្នុងពេលនោះ នៅភាគខាងត្បូងនៃប្រទេសវៀតណាម ក្នុងវិស័យចិញ្ជឹមសត្វ ក្រុមហ៊ុនចម្កាត់ Japfa Comfeed Vietnam ក៏ជាសហគ្រាសឥណ្ឌូណេស៊ីមួយដែលកំពុងប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពនៅវៀតណាមដែរ។ ការវិនិយោគលើទីផ្សារវៀតណាមតាំងពីឆ្នាំ ១៩៩៦ ក្នុងទម្រង់ជាក្រុមហ៊ុនបណ្តាក់ទុនរួមគ្នាជាមួយអគ្គក្រុមហ៊ុនចិញ្ចឹមសត្វវៀតណាម រហូតមកដល់បច្ចុប្បន្ន Japfa Vietnam មានរោងចក្រចំនួន ៨ ដែលផលិតចំណីបសុបក្សីនិងចំណីត្រី តាមខេត្ត-ក្រុងជាច្រើននៅវៀតណាម។ លើសពីនេះ ក្រុមហ៊ុនបានប្រតិបត្តិការនិងសហការជាមួយកសិដ្ឋានចិញ្ចឹមសត្វនិងបសុបក្សីជាង ១.៤០០កន្លែង និងបណ្តាញហាងលក់អាហារក្រោមម៉ាក Japfa Best សំដៅបំពេញដំណើរការវិលជុំ ពីកសិដ្ឋានរហូតដល់តុអាហារ។ លោក Tommy Manawan នាយកប្រតិបត្តិនៃក្រុមហ៊ុនចម្កាត់ Japfa Comfeed Vietnam បានឲ្យដឹងថា៖
“នៅប្រទេសឥណ្ឌូនេស៊ី ក្រុមហ៊ុនរបស់យើងដំណើរការលើវិស័យ ចិញ្ចឹមសត្វ ដូច្នេះ ប្រការមួយដែលអាចធ្វើបានរវាងវៀតណាមនិងឥណ្ឌូនេស៊ី គឺរបៀបដែលយើងអាចនាំចូលអាហារពីឥណ្ឌូនេស៊ីមកកាន់វៀតណាម ដូចជាពោត ហើយពីមុនគឺប្រេងដូង។ បច្ចុប្បន្នយើងកំពុងផលិតនៅវៀតណាម។ យើងគ្រោងនឹងពង្រីកគំរូអាជីវកម្ម ដើម្បីអាចផ្គត់ផ្គង់ដោយផ្ទាល់ដល់ដៃអ្នកប្រើប្រាស់។ យើងខ្ញុំមានដំណើរការផលិតកម្ម យើងអាចលក់ដោយផ្ទាល់សម្រាប់ប្រជាជនវៀតណាម។ ការប្រើប្រាស់សាច់នៅវៀតណាមគឺខ្ពស់ណាស់។ នោះគឺជាឱកាសដ៏ធំធេងសម្រាប់យើងខ្ញុំ"។
ផ្ទុយទៅវិញ ទីផ្សារឥណ្ឌូនេស៊ីមានប្រជាជន ៣០០ លាននាក់ ដែលជាប្រទេសមានប្រជាជនច្រើនជាងគេក្នុងតំបន់អាស៊ាន គឺជាទីផ្សារដ៏មានសក្តានុពលសម្រាប់វិនិយោគិនបរទេស រួមទាំងសហគ្រាសវៀតណាមផងដែរ។ បច្ចុប្បន្ននេះ ឥណ្ឌូណេស៊ីបានប្រកាសពីផែនទីបង្ហាញផ្លូវនៃការផ្លាស់ប្តូរថាមពលបៃតងជាមួយនឹងដំណោះស្រាយសំខាន់ៗជាបន្តបន្ទាប់ ឆ្ពោះទៅរកគោលដៅកាត់បន្ថយការបំភាយឧស្ម័នកាបូន ២៩% នៅឆ្នាំ ២០៣០ សម្រេចបាននូវអព្យាក្រឹតភាពកាបូននៅឆ្នាំ ២០៦០។ ហើយរថយន្តអគ្គិសនីត្រូវបានចាត់ទុកជាចំណុចចាប់ផ្តើមដើម្បីកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់។ ដោយឃើញថា នេះគឺជាឱកាសដើម្បីអភិវឌ្ឍន៍ម៉ាកយីហោរបស់ខ្លួននៅក្នុងទីផ្សារបរទេស Vinfast បានចាប់ផ្តើម "ជ្រៀតចូល" ទីផ្សារនេះ។ វាយតម្លៃសក្ដានុពលនៃកិច្ចសហប្រតិបត្តិការរវាងឥណ្ឌូនេស៊ី និងវៀតណាមនិយាយរួមក៏ដូចជាសក្ដានុពលនៃទីផ្សារឥណ្ឌូនេស៊ីសម្រាប់ Vinfast និយាយដោយឡែក លោក Nguyen Dinh Chien នាយកផ្នែកវិនិយោគនៃក្រុមហ៊ុនភាគហ៊ុនផលិតនិងធ្ចើអាជីវកម្ម Vinfast បានចែករំលែកថា៖
“មានភាពស្រដៀងគ្នាជាច្រើនរវាងវៀតណាម និងឥណ្ឌូណេស៊ីលើទំហំប្រជាជន ចំនួនប្រជាជនវ័យក្មេង ក៏ដូចជាសក្ដានុពលនៃការអភិវឌ្ឍន៍សេដ្ឋកិច្ច លើសពីនេះ ប្រទេសយើងទាំងពីរមានវប្បធម៌ស្រដៀងគ្នាជាច្រើន ដូច្នេះហើយសម្រាប់ Vinfast និងសហគ្រាសវៀតណាមនិយាយរួម ការអភិវឌ្ឍន៍ទីផ្សារឥណ្ឌូនេស៊ីមិនពិបាកពេកទេ។ Vinfast កំណត់យ៉ាងច្បាស់ថា ទីផ្សារឥណ្ឌូនេស៊ីគឺជាទីផ្សារបើកចំហ ហើយនឹងអភិវឌ្ឍន៍ខ្លាំងបំផុតក្នុងវិស័យរថយន្ត ជាពិសេសរថយន្តអគ្គិសនី។ ហើយឱកាសសម្រាប់អភិវឌ្ឍន៍រថយន្តអគ្គិសនីនៅមានធំធេងណាស់”។
រោងចក្រ Japfa នៅខេត្ត Vinh Phuc។ រូបថត៖ VOV |
ក្រៅពី Green SM នោះ Erablue - បណ្តាញលក់ផលិតផលអេឡិចត្រូនិចដែលត្រូវបានបណ្តាក់ទុនរួមដោយក្រុមហ៊ុនវិនិយោគ The Gioi Di Dong និងក្រុមហ៊ុន Erajaya (ឥណ្ឌូនេស៊ី) កំពុងក្លាយជាចំណុចភ្លឺថ្មីមួយ។ Erablue សម្រេចបានគោលដៅចំនួន ១០០ហាង បន្ទាប់ពីប្រតិបត្តិការត្រឹមតែ ២ ឆ្នាំប៉ុណ្ណោះ។ ឬក្រុមហ៊ុន PT FPT Metrodata Indonesia (FMI) ដែលជាក្រុមហ៊ុនបណ្តាក់ទុនរួមគ្នារវាងសាជីវកម្ម FPT (វៀតណាម) និងក្រុមហ៊ុន Metrodata Electronics (ឥណ្ឌូនេស៊ី) ដោយផ្តោតលើការអភិវឌ្ឍដំណោះស្រាយសន្តិសុខតាមអ៊ីនធឺណិត AI និង Cloud... នៅប្រទេសឥណ្ឌូនេស៊ី។ គោលដៅនៃអង្គភាពនេះគឺដើម្បីសម្រេចបានប្រាក់ចំណូល ១០០ លានដុល្លារអាមេរិកក្នុងរយៈពេល ៥ ឆ្នាំខាងមុខ។ ហើយមានសហគ្រាសជាច្រើនទៀតដូចជា TH True Milk, Sunhouse, ក្រុមហ៊ុនសំណង Coteccons, សាជីវកម្ម Thien Long, Ton Dong A... កំពុងអនុវត្តយ៉ាងសកម្មនូវគម្រោងវិនិយោគនិងអាជីវកម្មនៅក្នុងប្រទេសឥណ្ឌូនេស៊ី។
អាចមើលឃើញថា សហគ្រាសនៃប្រទេសទាំងពីរមានការរំពឹងទុកយ៉ាងខ្លាំងលើទីផ្សារដ៏មានសក្តានុពលនេះ ជាមួយនឹងចំនួនប្រជាជនសរុបនៃប្រទេសទាំងពីរស្មើនឹងប្រហែល ៦០% នៃចំនួនប្រជាជនអាស៊ាន (ប្រហែល ៤០០ លាននាក់)។ បច្ចុប្បន្ន ឥណ្ឌូណេស៊ី ជាដៃគូពាណិជ្ជកម្មធំទី ៣ របស់វៀតណាម ហើយវៀតណាមជាដៃគូពាណិជ្ជកម្មធំទី ៤ របស់ឥណ្ឌូនេស៊ីក្នុងអាស៊ាន។ ពាណិជ្ជកម្មទ្វេភាគីបានរក្សាកំណើនជាបន្តបន្ទាប់ ពីកម្រិត ៩ ពាន់លានដុល្លាក្នុងឆ្នាំ ២០១៩ ឡើងដល់ ១៦ ពាន់លានដុល្លាក្នុងឆ្នាំ ២០២៤។ ជាពិសេស ជាមួយនឹងការលើកកំពស់ទំនាក់ទំនងទៅភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ បន្ទាប់ពីដំណើរទស្សនកិច្ចរបស់អគ្គលេខាបក្សលោក តូ ឡឹម ទៅកាន់ទីក្រុងហ្សាកាតាក្នុងខែមីនា ឆ្នាំ ២០២៥ កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងវៀតណាម និងឥណ្ឌូណេស៊ីនឹងសម្រេចបានគោលដៅ ១៨ ពាន់លានដុល្លា នាពេលឆាប់ៗនេះ៕