លំហបៃតងនៅភូមិ Thai Hai។ ប្រភព៖ ភូមិ Thai Hai |
តំបន់អភិរក្សភូមិអេកូឡូស៊ីផ្ទះឈើផុតពីដីជនជាតិភាគតិច Thai Hai ស្ថិតនៅភូមិ Cuong ភូមិ My Hao ឃុំ Thinh Duc ទីក្រុង Thai Nguyen ខេត្ត Thai Nguyen ដែលមានផ្ទៃដីប្រហែល ២៥ ហិកតា ព័ទ្ធជុំវិញដោយព្រៃភ្នំ។ នេះជាលំនៅដ្ឋានរបស់សហគមន៍ចំនួន៣០គ្រួសារ ដែលមានប្រជាជនជាង២០០នាក់ សុទ្ធតែជាបងប្អូនជនជាតិ Tay, Nung, Cao Lan, San Chi, Kinh... រស់នៅនិងបង្កបង្កើនផលជាមួយគ្នា។ ក្នុងនោះ ជនជាតិ Tay ស្រូបយកភាគច្រើន។ គ្រួសារជាច្រើនមានបីទៅបួនជំនាន់រស់នៅជាមួយគ្នា។
ពីរទសវត្សរ៍មុន នៅតំបន់សុវត្ថិភាព Dinh Hoa (ATK) លោកស្រី Nguyen Thi Thanh Hai ជាជនជាតិ Tay បានសម្រេចចិត្តធ្វើការងារមួយដែលមិនមាននរណាម្នាក់ហ៊ានគិតគឺ បញ្ចាំទ្រព្យសម្បត្តិទាំងអស់របស់គាត់ ដើម្បីទិញផ្ទះឈើផុតពីដីបុរាណចំនួន ៣០ ខ្នង យកទៅភូមិ My Hao វិញ។ អស់រយៈពេលជិត ៧ ឆ្នាំ អ្នកភូមិបានស្ពាយសសរ និងក្បឿងលើខ្នង ហើយឆ្លងកាត់ផ្លូវព្រៃរដិបរដុបចម្ងាយ ៦០ គីឡូម៉ែត្រ ទៅតំបន់ភ្នំដាច់ស្រយាលនៅភូមិ My Hao។ លោកស្រី Le Thi Nga អនុប្រធានភូមិ Thai Hai បានចែករំលែកថា៖
“នៅពេលដែលលោកស្រី Nguyen Thi Thanh Hai ប្រធានភូមិមកទីនេះ គាត់បានទិញដីនេះវិញ ហើយដាំព្រៃឈើ។ បន្ទាប់នោះ ផ្ទះឈើផុតពីដីត្រូវបានផ្លាស់ទីមកទីនេះ ដើម្បីអភិរក្សវប្បធម៌របស់ជនជាតិ Tay មិនឱ្យវាបាត់បង់ទៅ”។
បទពិសោធន៍ទេសចរណ៍នៅភូមិ Thai Hai។ ប្រភព៖ ភូមិ Thai Hai |
នៅចុងឆ្នាំ ២០០៣ ផ្ទះឈើផុតពីចំនួន ២៨ ខ្នងត្រូវបានសាងសង់រួចរាល់ ដែលផ្ទះនីមួយៗមានដំបូលប្រក់ស្លឹកជ្រែ និងសសរឈើដ៏រឹងមាំ ស្របតាមទស្សនវិជ្ជានៃធាតុទាំងប្រាំ។ កាលពីប៉ុន្មានឆ្នាំដំបូង ជីវភាពរស់នៅពោរពេញដោយការលំបាក ប៉ុន្តែអ្នកភូមិទាំងមូលបានសាមគ្គីគ្នា និងខិតខំប្រឹងប្រែងដាំដុះដំណាំនិងចិញ្ចឹមសត្វ។ បន្តិចម្ដងៗ Thai Hai បានរស់រានមានជីវិតឡើងវិញជាភូមិដ៏សុខសាន្តត្រាណ និងសម្បូរធូធារ។ ពិសេសជាងនេះទៅទៀត ទឹកដីដ៏ឆ្ងាយដាច់ស្រយាល និងក្រីក្រនោះ បានក្លាយជាភូមិទេសចរណ៍គំរូ ដែលបាន ទទួលស្គាល់ដោយពិភពលោកទាំងមូល។
នៅភូមិ Thai Hai ការអភិវឌ្ឍត្រូវបានផ្សារភ្ជាប់យ៉ាងជិតស្និទ្ធទៅនឹងការអភិរក្សវប្បធម៌ជនជាតិ។ ក្នុងនោះ តម្លៃវប្បធម៌រូបីត្រូវបានស្ដារឡើងវិញតាមរយៈផ្ទះឈើផុតពីដី និងរបស់របរប្រើប្រាស់ និងគ្រឿងសង្ហារឹម។ កុមារត្រូវបានរៀនវប្បធម៌ និងភាសាជនជាតិខ្លួនឯង រៀនពីរបៀបច្រៀង then លេងចាប៉ី tinh និងលេងល្បែងចោលឈូង។ ទន្ទឹមនឹងនោះ រូបមន្តធ្វើម្ហូបអាហារ និងពិធីសាសនាក៏ត្រូវបានកត់ត្រាទុក ដើម្បីបញ្ជូនបន្តទៅមនុស្សជំនាន់ក្រោយផងដែរ។
នៅក្នុងភូមិ មានតំបន់អភិរក្សមួយត្រូវបានសាងសង់ឡើងនិងរៀបចំការដាក់តាំងបង្ហាញតាមមុខរបរប្រពៃណី... ភូមិមានផ្ទះតែសម្រាប់ដាំ និងកែច្នៃតែបៃតង ផ្ទះឱសថសម្រាប់អភិរក្ស ប្រមូលផល និងផ្តល់រុក្ខជាតិឱសថសម្រាប់អ្នកភូមិ និងភ្ញៀវទេសចរតាមតម្រូវការ; ផ្ទះស្រាសម្រាប់បិតស្រាដោយប្រើប្រាស់វិធីប្រពៃណី និងដាក់តាំងបង្ហាញជូនភ្ញៀវ; ផ្ទះនំសម្រាប់ចម្អិននំអន្សម នំគោមខ្មៅ និងបង្អែម; ផ្ទះតម្បាញសម្រាប់ធ្វើផលិតផលពីឫស្សី និងផ្តៅដើម្បីបម្រើជីវភាពប្រចាំថ្ងៃ និងធ្វើជាវត្ថុអនុស្សាវរីយ៍... លោកស្រី Le Thi Hao អ្នកភូមិ Thai Hai បានចែករំលែកថា៖
“ខ្ញុំជាជនជាតិ Kinh ហើយខ្ញុំមិនចេះត្បាញទេ… ប៉ុន្តែតាំងពីខ្ញុំមករស់នៅទីនេះ ខ្ញុំបានរៀនត្បាញរបស់បងប្អូនជនជាតិ Tay។ ព្រឹទ្ធាចារ្យក្នុងភូមិបានបង្រៀនខ្ញុំអំពីរបរនេះ។ នៅពេលកូនចៅចង់រៀនត្បាញ ខ្ញុំក៏បង្រៀនជូនពួកគេរៀនជាមួយគ្នា ជួយថែរក្សាលក្ខណៈវប្បធម៌របស់ភូមិ។
UN Tourism ប្រគល់វិញ្ញាបនបត្រ “ភូមិទេសចរណ៍ល្អបំផុត” ដល់ភូមិ Thai Hai។ ប្រភព៖ ភូមិ Thai Hai |
ក្នុងឆ្នាំ ២០១៤ ភូមិ Thai Hai បានក្លាយទៅជាគោលដៅទេសចរណ៍ជាផ្លូវការនៃខេត្ត Thai Nguyen។ ខណៈដែលគោលដៅទេសចរណ៍ផ្សេងទៀតភាគច្រើនដំណើរការតាមគំរូបុគ្គលនោះ ប្រជាជននៅ Thai Hai តែងតែរក្សារបៀបរស់នៅដោយធ្វើការជាមួយគ្នា និងទទួលបានផលជាមួយគ្នា។ ប្រជាជននៅទីនេះមិនរក្សាទុកប្រាក់ផ្ទាល់ខ្លួនទេ តែចំណូលទាំងអស់មកពីការធ្វើផលិតកម្ម កសិកម្ម ទេសចរណ៍ ត្រូវបានបញ្ចូលទៅក្នុងមូលនិធិរួមរបស់ភូមិ។ ការចំណាយទាំងអស់ចាប់ពីអាហារប្រចាំថ្ងៃរហូតដល់ថ្លៃសិក្សារបស់កុមារ សុទ្ធតែត្រូវបានភូមិទទួលបន្ទុក។ លោកស្រី Le Thi Nga អនុប្រធានភូមិ Thai Hai បាននិយាយថា តាំងពីដំបូង Thai Hai បានកំណត់ថា ការអភិវឌ្ឍទេសចរណ៍មិនមែនសម្រាប់ពាណិជ្ជកម្មទេ ប៉ុន្តែដើម្បីអភិរក្សវប្បធម៌។ ភ្ញៀវមកទីនេះដើម្បីទទួលយកអារម្មណ៍អំពីរបៀបរស់នៅ។ នៅទីនេះមិនមានបន្ទប់សណ្ឋាគារប្រណីតទេ មានតែផ្ទះឈើផុតពីដី អាហារសាមញ្ញៗ ប៉ុន្តែពោរពេញទៅដោយមនោសញ្ចេតនារវាងមនុស្សជាមួយមនុស្ស។ ភូមិបានបើកកន្លែងទស្សនាជាច្រើនទៀតដូចជា៖ ស្ពានមាស ស្ពានប្រាក់ កន្លែងតាំងបង្ហាញពិធីបុណ្យតេតរបស់ជនជាតិ Tay សេវាត្រាំជើងជាមួយរុក្ខជាតិឱសថ និងពិធីបុណ្យប្រពៃណីដូចជា៖ ពិធីបុណ្យ Long Tong ពិធីបុណ្យអរព្រះគុណ និងពិធីសែនចេញខែ (សែនយាយឆ្មប) ជាដើម។ ជាពិសេស ភូមិ Thai Hai បច្ចុប្បន្នមានមុខម្ហូបប្រពៃណីជាង ១០០ មុខ ចាប់ពីសាច់ក្របីអាំង គល់ស្លឹកគ្រៃ រហូតដល់ ផ្កាចេកព្រៃ និងបាយដំណើបប្រាំពណ៌។
“ជំនាន់មុនៗមានគុណបង្កើតនិងកសាងភូមិ ដូច្នេះ កូនចៅជំនាន់ក្រោយៗត្រូវតែតែអភិវឌ្ឍន៍ និងស្រឡាញ់វប្បធម៌ជនជាតិ និងបេតិកភណ្ឌជនជាតិ។ លើសពីនេះ យើងខ្ញុំត្រូវបណ្តុះចំណេះដឹងវប្បធម៌ដើម្បីផ្សព្វផ្សាយដល់ភ្ញៀវទេសចរ។ ប្រជាជនជំនាន់ក្រោយជានិច្ចកាលចង់ធ្វើជាទូតទេសចរណ៍មួយរូប ដើម្បីផ្សព្វផ្សាយវប្បធម៌ដល់មនុស្សគ្រប់រូប”។
ភាពសុខសាន្ត និងភាពស្រស់ស្អាតដែលស្ដែងចេញពីតម្លៃដ៏ល្អប្រសើររបស់មនុស្ស ធម្មជាតិ និងវប្បធម៌ដើមបានធ្វើឱ្យ Thai Hai ក្លាយជាគោលដៅទេសចរណ៍ដ៏ទាក់ទាញសម្រាប់ភ្ញៀវទេសចរ នៅពេលមកដល់ Thai Nguyen ម្ដងៗ។ ជាពិសេស ជាមួយនឹងពានរង្វាន់ "ភូមិទេសចរណ៍ល្អបំផុត" ដែលត្រូវបានអង្គការទេសចរណ៍ពិភពលោក (UNWTO) ប្រគល់ជូនក្នុងឆ្នាំ ២០២២ នោះ ចំនួនភ្ញៀវទេសចរក្នុងស្រុកនិងបរទេសកាន់តែកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ។ ជារៀងរាល់ឆ្នាំ ភូមិទទួលភ្ញៀវរាប់ពាន់នាក់មកពីប្រទេសជាង ៤០ ជុំវិញពិភពលោក៕