ស្ថាននីយ៍ទឹកស្អាត Hang Dau (រូបថត៖ hanoimoi.vn) |
ស្ថាននីយ៍ទឹកស្អាត Hang Dau ស្ថិតនៅផ្លូវបំបែកជា ៦ ដែលជាចំណុចប្រសព្វនៃវិថី Hang Than, Hang Luoc, Hang Giay, Hang Dau, Quan Thanh និង Phan Dinh Phung ខ័ណ្ឌ Ba Dinh ទីក្រុងហាណូយ។ នេះគឺជាសំណង់ស្ថាបត្យកម្មបុរមបុរាណមួយនៅទីក្រុងហាណូយ ដែលត្រូវបានសាងសង់ឡើងចាប់ពីឆ្នាំ ១៨៩៤ មុនស្ពាន Long Bien (ឆ្នាំ ១៨៩៨)។ ស្ថាននីយ៍ទឹកស្អាតនេះត្រូវបានសាងសង់ជារាងរង្វង់ព័ទ្ធជំវិញជាជញ្ជាំងថ្មចំនួន ៨។ ស្ថាននីយ៍ទឹកស្អាតមាន ៣ ជាន់ ក្នុងនោះជាន់ទី ៣ គឺជាប៉មដ៏ធំ ដែលធ្វើពីដែកថែប មានទំហំ ១២៥០ ម៉ែត្រគូប។ ស្ថាននីយ៍ទឹកស្អាតHang Dau ត្រូវបានគេស្គាល់ដល់ជាមួយឈ្មោះហៅដូចជា៖ ស្ថានីយ៍ដើមដំបូង (ចំណុចដើមដំបូងនៃបណ្តាញផ្គត់ផ្គង់ទឹក), ធុងទឹក Hang Dau, ស្ថាននីយ៍ទឹកស្អាតវង្វង់មូល Hang Dau, រោងចក្រទឹករង្វង់មូល, វិមានទឹក Quan Thanh, ផ្ទះរង្វង់មូល Quan Thanh ប៉ុន្តែគេនិយមហៅថាប៉ូស្តិ៍ Hang Dau។ នាទសវត្សរ៍ឆ្នាំ ១៩៦០ នៅពេលដែលរោងចក្រទឹកស្អាត Yen Phu ត្រូវបានជួសជុលកែលម្អ និងផ្លាស់ប្តូរបច្ចេកវិទ្យាបញ្ជូនទឹកស្អាត ស្ថាននីយ៍ទឹកស្អាត Hang Dau បានឈប់ដំណើរការ និងបិទទ្វារ។ តាំងពីពេលនោះមក កន្លែងនេះមានសភាពស្ងប់ស្ងាត់នៅកណ្តាលវិថីអ៊ូអរជាដូចជាសក្ខីភាពនៃការអភិវឌ្ឍរបស់រដ្ឋធានីហាណូយ។ ចាប់តាំងពីពាក់កណ្តាលខែវិច្ឆិកាកន្លងទៅ គម្រោងនេះត្រូវបានបើកទ្វារជាលើកដំបូងដើម្បីទទួលសាធារណជនមកទស្សនា។
ដោយបានប្រើប្រាស់សិល្បៈរៀបដំឡើង ក្រុមអ្នកនិពន្ធបានប្រែក្លាយវិមានទឹក Hang Dau ទៅជា "លំហដ៏ពិសិដ្ឋ" ជាមួយនឹងសំឡេងរបស់ទឹក ពន្លឺ និងសិល្បៈរៀបដាក់។ នៅខាងក្នុង ស្ថាននីយ៍ទឹកស្អាតមាន ១២ បន្ទប់។ ក្នុងនោះ ពិព័រណ៌រៀបដំឡើង "ទឹក និងបេតិកភណ្ឌស្ថាននីយ៍ទឹកស្អាត Hang Dau" ត្រូវបានអនុវត្តន៍នៅក្នុងបន្ទប់ចំនួន ៦ នៅខាងក្រៅ។ បន្ទប់ទាំង ៦ តំណាងឱ្យប្រភពទឹកធម្មជាតិចំនួន ៦ រួមមាន៖ ទឹកសមុទ្រ ទឹកជ្រោះ ទឹកទន្លេ ទឹកក្នុងអូរ ទឹកក្រោមដី និងទឹកភ្លៀង។ វិចិត្រករ Nguyen Duc Phuong បានចែករំលែកថា៖
“ស្នាដៃរបស់ខ្ញុំត្រូវបានចែកចេញជាពីរផ្នែក ពោលគឺមួយផ្នែកទាក់ទងនឹងបញ្ហាចក្ខុវិញ្ញាណ និងផ្នែកមួយទៀតទាក់ទងនឹងបញ្ហាសោតវិញ្ញាណគឺសំឡេង។ អំពីបញ្ហាចក្ខុវិញ្ញាណ ខ្ញុំចង់ប្រើប្រាស់សម្ភារៈកែច្នៃ ពោលគឺនីឡុង។ ខ្ញុំចង់សង្កត់ធ្ងន់ពីរូបភាពសំរាមទីក្រុងបច្ចុប្បន្ន ដែលយើងកំពុងតែមើលឃើញ និងជួបប្រទះ។ រីឯចំណែកសំឡេងវិញ ខ្ញុំចង់នាំមនុស្សវិលត្រឡប់ទៅរកសភាពដើមបំផុត ដោយប្រើប្រាស់ស្នូរសំឡេងរបស់ទឹក ដើម្បីនាំសាធារណជនវិលត្រឡប់ទៅរកពិភពធម្មជាតិរបស់ទឹក”។
ទេសភាពខាងក្នុងស្ថាននីយ៍ទឹកស្អាត Hang Dau។ រូបថត៖ qdnd.vn |
ដើម្បីធានាស្ថានភាពដើមនៃសំណង់វិមានទឹកសិប្បករ និងវិចិត្រករត្រឹមតែតុបតែងបន្តិចៗប៉ុណ្ណោះ ដែលមិនប៉ះពាល់ច្រើនដល់សំណង់ ដែលមានអាយុកាលជិត ១៣០ ឆ្នាំនេះ។ នៅខាងក្នុងស្ថាននីយ៍ទឹកស្អាត អ្នកទស្សនាអាចមើលឃើញ ប្រព័ន្ធបំពង់ទឹកនៅតែដដែល ដោយមានសន្ទះបិទបើកទឹកដែលច្រេះចាប់តាមពេលវេលា។ ស្ថាបត្យករ Nguyễn Văn Thành សមាជិកនៃក្រុមរចនាបានចែករំលែកថា៖
“នៅពេលដែលយើងខ្ញុំសិក្សា ស្ថាននីយ៍ទឹកស្អាត Hang Dau នោះ ខាងក្នុងងងឹតណាស់។ យើងខ្ញុំធ្វើតាមស្មារតីនៃមហោស្រពរចនាច្នៃប្រឌិតហាណូយឆ្នាំនេះ គឺ "ដាស់បេតិកភណ្ឌ" តាមរយៈពន្លឺ។ ដូច្នេះ យើងខ្ញុំបានអនុវត្តន៍ខ្លឹមសារសំខាន់ៗចំនួន ២ ក្នុងវិមានទឹក។ ទី១ តាមរយៈពន្លឺ អាចរំលេចរចនាសម្ព័ន្ធរាងមូលរបស់ស្ថាននីយ៍ទឹកស្អាត Hang Dau។ ទី២ គឺលើកតម្កើងសម្ភារក្នុងស្ថាននីយ៍ទឹកស្អាត ផងដែរ”។
នៅលំហខាងលើគឺជាប្រព័ន្ធស្នាដៃសិល្បៈចម្រុះពណ៌ដែលធ្វើពីនីឡុង ជាមួយរូបរាងខុសៗគ្នាត្រូវបានព្យួរ។ ពេលថ្ងៃ នៅពេលដែលពន្លឺថ្ងៃនៅខាងក្រៅចាំងមកលើស្នាដៃទាំងនេះ វានឹងបង្កើត ពណ៌ដ៏ស្រស់ស្អាតវិសេសវិសាល។ ពិព័រណ៍រៀបដាក់ "ទឹក និងបេតិកភណ្ឌវិមានទឹក Hàng Đậu " បាននាំមកនូវបទពិសោធន៍គួរឱ្យចាប់អារម្មណ៍ដល់សាធារណជន។
“លំហទាំងមូលនៅខាងក្នុងស្ថាននីយ៍ទឹកស្អាតគឺជាការរៀបដំឡើងរបស់សម្លេង ពន្លឺ និងស្នូរសម្លេងទឹក។ នាងខ្ញុំមានអារម្មណ៍ដូចជាកំពុងស្ថិតក្នុងល្អាងភ្នំអញ្ចឹង។នេះជាវិធីដ៏វិសេសវិសាលរបស់ក្រុមអ្នកនិពន្ធដើម្បីធ្វើឲ្យស្ថាននីយ៍ទឹកស្អាត រស់ឡើងវិញ”។
“ការដែលវិចិតករ និងស្ថាបត្យករបានប្រើប្រាស់នីឡុងដើម្បីប្រើប្រាស់ឡើងវិញ និងការពារបរិស្ថានគឺជាវិធីដ៏ល្អ។ អញ្ជើញទស្សនាស្ថាននីយ៍ទឹកនេះ មិនត្រឹមតែជួយប្រជាជនលើកកម្ពស់ការយល់ដឹងអំពីវប្បធម៌ និងប្រវត្តិសាស្ត្រប៉ុណ្ណោះទេ ថែមទាំងការយល់ដឹងអំពីការការពារបរិស្ថានទៀតផង”។
ពិព័ណ "ទឹក និងបេតិកភណ្ឌស្ថានីយ៍ទឹកស្អាត Hang Dau" ប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១៧ ខែវិច្ឆិកាដល់ថ្ងៃទី ៣១ ខែធ្នូ ដែលជាសកម្មភាពមួយក្នុងចំណោមសកម្មភាពនៃក្របខ័ណ្ឌនៃមហោស្រពការរចនាច្នៃប្រឌិតហាណូយឆ្នាំ ២០២៣។ ការកែលម្អ ស្ថាននីយ៍ទឹកស្អាត Hang Dau ក្លាយទៅជាលំហសិល្បៈ និងបើកទ្វារទទួលភ្ញៀវមកទស្សនាត្រូវបានចាត់ទុកថារបៀបដើម្បី "រស់ឡើងវិញ" សំណង់នេះ ហើយតាមនោះរួមចំណែកនាំបេតិកភណ្ឌនិងសិល្បៈនេះខិតមកជិតសាធារណជនថែមទៀតផងដែរ៕