អញ្ជើញទៅទស្សនាភូមិទេសចរណ៍សហគមន៍ Si Thau Chai

Chia sẻ
(VOVWORLD) - ភូមិ Si Thau Chai ចំណុះឃុំ Ho Thau ស្រុក Tam Duong ខេត្ត Lai Chau ស្ថិតនៅកំពស់ ១ ៤០០ ម៉ែត្រពីនីវ៉ូទឹកសមុទ្រ។ ជាមួយនឹងទេសភាពធម្មជាតិដ៏ធំសម្បើម អាកាសធាតុស្រស់បរិសុទ្ធ និងត្រជាក់ស្រួល រួមជាមួយនឹងទំនៀមទម្លាប់ដ៏វិសេសវិសាលរបស់ប្រជាជននៅទីនេះ Si Thau Chai គឺជាភូមិទេសចរណ៍សហគមន៍ដ៏គួរអោយចាប់អារម្មណ៍មួយក្នុងខេត្ត Lai Chau ។
អញ្ជើញទៅទស្សនាភូមិទេសចរណ៍សហគមន៍ Si Thau Chai - ảnh 1ភូមិទេសចរណ៍សហគមន៍ Si Thau Chai (រូបថត៖ Ngoc Anh)

បច្ចុប្បន្ន ភូមិ Si Thau Chai មានគ្រួសារចំនួន ៦២ គ្រួ ជាមួយអ្នកភូមិចំនួន ៣០៨ នាក់ ហើយ ១០០% ជាជនជាតិ Dao ។ នៅឆ្នាំ ២០១៦ ខេត្ត Lai Chau បានទទួលស្គាល់ Si Thau Chai ជាភូមិទេសចរណ៍សហគមន៍។ នៅឆ្នាំ ២០១៧ អ្នកភូមិបានចាប់ផ្តើមបើកទិសដៅអភិវឌ្ឍន៍ទេសចរណ៍សហគមន៍ ហើយបានក្លាយទៅជាគោលដៅដ៏ទាក់ទាញភ្ញៀវទេសចរណ៍យ៉ាងច្រើនកុះករ។ លោក Phan A Pao ម្ចាស់ផ្ទះ homestay នៅភូមិ Si Thau Chai បាននិយាយថា៖ “ក្នុងភូមិមានគ្រួសារចំនួន ១២ គ្រួបានបើក homestay ដោយត្រៀមខ្លួនជាស្រេចទទួលស្វាគមន៍ភ្ញៀវទេសចរ។ បច្ចុប្បន្ន មានគ្រួសារចំនួន ៦ គ្រួទៀតបានបន្តបើក homestay។ ខ្ញុំបានបើក homestay ចាប់ពីឆ្នាំ ២០១៨ ហើយកំពុងពង្រីកដើម្បីទទួលភ្ញៀវទេសចរ។ កាលពីមុន homestay របស់ខ្ញុំទទួលបានភ្ញៀវត្រឹមតែ១០នាក់ប៉ុណ្ណោះ ប៉ុន្តែឥឡូវខ្ញុំបានសាងសង់ និងពង្រីក homestay ដើម្បីទទួលភ្ញៀវចំនួន ៥០ នាក់។ ភូមបានបើកសេវាកម្មជិះឆ័ត្រយោង ក្នុងតម្លៃ ១,២ លានដុង ហោះហើររយៈពេល ២០ នាទី។ ភ្ញៀវទេសចរមកទស្សនាច្រើនកុះករចាប់ពីខែទី៣ ដល់ពេលចូលឆ្នាំថ្មី តាមប្រតិទិនច័ន្ទគតិ ហើយភ្ញៀវទេសចរបរទេសភាគច្រើនជាជនជាតិអង់គ្លេស និងកូរ៉េខាងត្បូងផងដែរ”។

ភ្ញៀវទេសចរមានចំណាប់អារម្មណ៍នៅពេលមកទីនេះជាលើកដំបូងគឺបរិយាកាសស្ងប់ស្ងាត់ ទេសភាពបៃតង ស្អាតជាមួយផ្កាកុលាប ផ្កាអ័រគីដេ ដើមឈើហូបផ្លែជាច្រើនប្រភេទដូចជា ផ្លែប៉ែស ផ្លែព្រូន ផ្លែពែរ ដែលបានដាំនៅសងខាងផ្លូវ ក្នុងសួនច្បារ និងនៅលើខ្នងភ្នំ។ ផ្លូវចូលភូមិត្រូវបានក្រាលថ្ម ហើយទាំងសង្ខាងផ្លូវមានជញ្ជាំងថ្ម កន្លែងខ្លះក៏ធ្វើរូបចម្លាក់មនុស្ស និងសត្វដូចជា មាន់ ជ្រូក ទា និងចាប មើលទៅរស់រវើក និងសប្បាយរីរាយណាស់។ ក្រុមគ្រួសារនានាបានរួមគ្នាសាងសង់លំហរស់នៅរួម ដូចជាខ្ទមទស្សនាទេសភាព បង់ថ្មនៅកណ្ដាលវាល សម្រាប់ភ្ញៀវទេសចរគយគន់ទេសភាព និងថតរូបអនុស្សាវរីយ៍។ អ្នកស្រី Nguyen Hue Chi ភ្ញៀវទេសចរណ៍ម្នាក់មកពីទីក្រុងហាណូយបានសម្តែងថា៖ “នាងខ្ញុំឃើញថា ភូមិទេសចរណ៍ Si Thau Chai មានទេសភាពស្រស់បំព្រងណាស់ ប្រជាជនរួសរាយរាក់ទាក់ ហើយម្ហូបប្រចាំតំបន់ពិតជាឆ្ងាញ់ពិសារណាស់។ នាងខ្ញុំចាប់អារម្មណ៍ចំពោះ homestay នៅទីនេះព្រោះថាវាមានរបៀបរៀបរយ ស្អាត ហើយសេវាកម្មក៏ល្អផងដែរ។ នាងខ្ញុំពិតជាពេញចិត្តខ្លាំងណាស់ ហើយបើមានឱកាសនាងខ្ញុំនឹងវិលត្រឡប់មកទស្សនាម្ដងទៀតផងដែរ”។

អញ្ជើញមកទស្សនាភូមិ Si Thau Chai លោកអ្នកមានឱកាសទស្សនា និងស្វែងយល់អំពីបេតិកភណ្ឌវប្បធម៌រូបី ដូចជាផ្ទះធ្វើពីដ៏ប្រពៃណីរបស់ជនជាតិ Dao ហើយបានសម្របខ្លួនក្នុងពិធីបុណ្យនានាដូចជាពិធីឡើងស័គ្គ ពិធីលោតភ្លើង ឬចូលរួមសកម្មភាពត្បាញចរបាប់ ឬជាងដែក។ ចំពោះភ្ញៀវទេសចរដែលចូលចិត្តផ្សងព្រេងនឹងអាចឃើញ និងជិះមូតូកង់ ៤ ឡើងភ្នំ ជិះឆ័ត្រយោង គយគន់ទេសភាពដ៏ស្រស់ត្រកាលនៃជ្រលងភ្នំ Tam Duong ។ លោក Lu Van Pao ម្ចាស់ homestay ម្នាក់នៅភូមិ Si Thau Chai បាននិយាយថា៖ “នៅពេលអញ្ជើញមកទស្សនាភូមិ ភ្ញៀវទេសចរបានស្វែងយល់អំពីវប្បធម៌ ម្ហូបអាហារ ទៅធ្វើការ និងរស់នៅដូចជាបងប្អូនជនជាតិ។ ភ្ញៀវទេសចរណ៍ចូលចិត្តទិញទឹកឃ្មុំនៅទីនេះណាស់។ ក្រុមសិល្បៈបានត្រៀមខ្លួនជាស្រេចដើម្បីសម្តែងច្រៀង រាំ និងដុតភ្លើងបោះជំរុំជូនភ្ញៀវទេសចរ។ ភ្ញៀវទេសចរ និងបងប្អូនអ្នកភូមិបានរាំជុំវិញភ្លើងជំរុំ បង្កើតសាមគ្គីភាព និងមេត្រីភាព”។

អញ្ជើញទៅទស្សនាភូមិទេសចរណ៍សហគមន៍ Si Thau Chai - ảnh 2ផ្ទះរបស់ជនជាតិ Dao នៅភូមិ Si Thau Chai (រូបថត៖ Thanh Ngan)

ចាប់តាំងពីឆ្នាំ ២០១៥ មក ស្រុក Tam Duong បានវិនិយោគពង្រីក កែលម្អ និងក្រាលកៅស៊ូលើផ្លូវលំចាស់ទៅកាន់ភូមិ Si Thau Chai ជួយសម្រួលការធ្វើដំណើរយ៉ាងងាយស្រួល ហើយភ្ញៀវទេសចរអញ្ជើញមកភូមិកាន់តែច្រើនពីមួយថ្ងៃទៅមួយថ្ងៃ។ អាជ្ញាធរមូលដ្ឋានយកចិត្តទុកដាក់ជាពិសេស ហើយលើកទឹកចិត្តដល់អ្នកភូមិអភិវឌ្ឍន៍ទេសចរណ៍។ អ្នកស្រី Tan Thi Nhan អនុប្រធានគណៈកម្មាធិការប្រជាជនឃុំ Ho Thau បានមានប្រសាសន៍ថា៖ “ក្នុងសកម្មភាពទេសចរណ៍ យើងខ្ញុំបានចាត់តាំងអ្នកភូមិសម្របសម្រួលគ្នា។ ឃុំជួយឧបត្ថម្ភធ្វើ homestay ក្នុងទឹកប្រាក់ចំនួន ១៥ លានដុង / គ្រួសារ ហើយស្រុកជួយឧបត្ថម្ភ homestay នីមួយៗ ក្នុងទឹកប្រាក់ចំនួន ៥០ លានដុង។លើសពីនេះទៅទៀត យើងខ្ញុំបានជួយឧបត្ថម្ភអ្នកភូមពូជដាំណាំ និងជី ដើម្បីដាំដើមឈើហូបផ្លែ។ ដូច្នេះហើយ នាប៉ុន្មានឆ្នាំថ្មីៗនេះ ជីវភាពរស់នៅរបស់ប្រជាជនត្រូវបានកែលម្អផងដែរ”។

បច្ចុប្បន្ននេះ ស្រុក Tam Duong កំពុងបង្កើនការតភ្ជាប់ជាមួយក្លឹបលោតឆ័ត្រយោង ដើម្បីរៀបចំពានរង្វាន់លោតឆ័ត្រយោងអន្តរជាតិនៅភូមិ Si Thau Chai ក្នុងឱកាសពិធីបុណ្យនៅស្រុក។ អាស្រ័យហេតុនេះ ជួយរូបភាពអំពីមនុស្ស ទេសភាព និងអត្តសញ្ញាណវប្បធម៌ប្រពៃណីរបស់បងប្អូនជនជាតិ Dao នៅភូមិ Si Thau Chai។ ភូមិ Si Thau Chai ជាគោលដៅទេសចរណ៍សហគមន៍ គួបផ្សំនឹងទេសចរណ៍អេកូឡូស៊ីដែលទាក់ទាញភ្ញៀវទេសចរណ៍ទាំងជិត ទាំងឆ្ងាយកាន់តែច្រើនពីមួយថ្ងៃទៅមួយថ្ងៃកាន់តែផងដែរ៕

ប្រតិកម្មទៅវិញ