មកចូលរួមពិធីបុណ្យផ្កាដាឡាត ភ្ញៀវទេសចរនឹងបានគយគន់ស្នាដៃសិល្បៈដ៏វិសេសវិសាល (រូបថត៖ baolamdong.vn) |
ដាឡាតមិនត្រឹមតែល្បីល្បាញអាស្រ័យដោយអាកាសធាតុខ្យល់ត្រជាក់ បរិសុទ្ធប៉ុណ្ណោះទេ ថែមទាំងត្រូវបានធម្មជាតិប្រទានអោយមានរមណីយដ្ឋានដ៏ ស្រស់បំព្រងជាច្រើនទៀតផងដូចជាបឹងទន្លេខៀវស្រងាត់ ព្រៃស្រល់ ជ្រលងភ្នំ និងកន្លែងទេសចរណ៍អេកូឡូស៊ីគួរអោយទាក់ទាញ ជាដើម។ កម្រមានកន្លែង ណាមួយដែលភ្ញៀវទេសចរអាចឆ្លងកាត់រដូវទាំង៤ក្នុងថ្ងៃតែមួយ ដូចនៅដាឡាតនោះឡើយ។ ពេលព្រឹក អាកាសធាតុត្រជាក់ស្រាល ដូចនឹង និទាឃរដូវ ពេលថ្ងៃត្រង់មានពន្លឺព្រះអាទិត្យចែងចាំងយ៉ាងត្រចះត្រចង់ដូចនឹង រដូវក្ដៅ ពេលល្ងាចគឺបរិយាកាសត្រជាក់ស្រួលនៃសរទរដូវ ហើយពេលយប់គឺ ភាពត្រជាក់ខ្លាំងនៃសិសិររដូវ។
ដាឡាតមានពិធីបុណ្យជាច្រើន ប៉ុន្តែល្បីល្បាញបំផុតគឺជាពិធីបុណ្យផ្កា។ ពិធីបុណ្យផ្កាដាឡាតឆ្នាំនេះនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២០ដល់ថ្ងៃទី២៤ខែធ្នូនៅ ទីក្រុងដាឡាត ទីក្រុងបាវឡុក និងតំបន់មួយចំនួនផ្សេងទៀតនៃខេត្ត Lam Dong។ លោក Ton Thien San ប្រធានគណៈកម្មាធិការប្រជាជនទីក្រុងដាឡាត និងជាប្រធាន គណៈចាត់តាំងពិធីបុណ្យផ្កាដាឡាតឆ្នាំ២០១៩បានអោយដឹងថា៖
“មិនត្រឹមតែនាំមកនូវតម្លៃសេដ្ឋកិច្ចប៉ុណ្ណោះទេ ពិធីបុណ្យផ្កាដាឡាតថែម ទាំងនាំមកនូវតម្លៃផ្សេងៗជាច្រើនទៀតដូចជា ផ្សព្វផ្សាយទេសចរណ៍ លើកតម្កើង អ្នកដាំផ្កា និងលើកទឹកចិត្តរបរដាំផ្កា ជាដើម។ ក្នុងឱកាសនេះដែរ យើងខ្ញុំក៏មានកម្ម វិធីសម្ដែងព្រែសូត្រដ៏វិសេសវិសាលដែលបានរៀបចំឡើងនៅទីក្រុងដាឡាតនិងទីក្រុងបាវឡុក”។
តាមគណៈចាត់តាំងបានអោយដឹងថា ពិធីបុណ្យផ្កាដាឡាតឆ្នាំ២០១៩ មាន កម្មវិធីពិសេសធំៗចំនួន១២ដូចជា៖ ពិធីសម្ភោធនៅទីលាន Lam Vien លំហផ្កា នៅជុំវិញបឹង Xuan Huong វិថីមណ្ឌលមួយចំនួននិងភូមិផ្កាទាំង៥នៃទីក្រុង ពិព័រណ៍តាំងបង្ហាញផ្កា ដើមឈើលំអអន្តរជាតិឆ្នាំ២០១៩ ដោយមានការចូលរួម របស់សហគ្រាស អង្គភាពបុគ្គលនិងសិប្បករនានាមកពីកូរ៉េខាងត្បូង ជប៉ុន ថៃ ចិន ជាដើម។ នៅក្នុងក្របខ័ណ្ឌពិធីបុណ្យផ្កាលើកនេះ ខេត្ត Lam Dong ក៏នឹងរៀបចំ សប្ដាហ៍វប្បធម៌តែ-ព្រែសូត្រ Lam Dong នៅទីក្រុង Bao Loc ទៀតផង។
ចំណុចថ្មីនៅពិធីបុណ្យផ្កាដាឡាតឆ្នាំ២០១៩នោះ គឺលំហតាំងបង្ហាញ ប្រភេទផ្កានានាដែលជាប្រៀបខ្លាំងនៃទីក្រុងតាមប្រធានបទជាប្រចាំថ្ងៃនៅលើផ្ទៃបឹង Xuan Huong និងតំបន់ជុំវិញបឹង។ ផ្កាស្រស់ៗនិងខុសប្លែកគ្នាជាច្រើនប្រភេទ ដែលមានតម្លៃសេដ្ឋកិច្ចខ្ពស់និងសក្ដានុពលអភិវឌ្ឍជាច្រើន ត្រូវបានសមាគមន៍ ផ្កាដាឡាតយកមកដាក់តាំងបង្ហាញនៅលំហផ្កាសិល្បៈជុំវិញបឹង Xuan Huong។ លំហផ្កាសិល្បៈនេះថែមទាំងត្រូវបានបើកទូលាយដល់បណ្ដាកន្លែងទេសចរណ៍ សួនឧទ្យាន ហើយនៅតាមដងវិថី និងទីប្រជុំជនក្នុងទីក្រុងទៀតផង។ នេះជា ឱកាសដើម្បីអោយភ្ញៀវទេស ចរមកទស្សនាហើយអ្នកធ្វើអាជីវកម្មផ្កាជួបប្រា ស្រ័យគ្នា ចែករំលែកបទពិសោធន៍ទៅវិញទៅមកផងដែរ។ លោក Nguyen Van Duong ម្ចាស់សហគ្រាសដាំផ្កាមួយនៅទីក្រុងដាឡាតបានអោយដឹងថា៖
“ត្រូវតែផ្ទៀងស្ដាប់ហើយទទួលមតិរបស់ភ្ញៀវទេសចរជានិច្ច។ ដោយសារ ភ្ញៀវទេសចរក៏ដូចជាសហគ្រាសទេសចរនឹងផ្ដល់ជូនបទពិសោធន៍ដើម្បីជួយអោយយើងបន្តកែលម្អខ្លួនឯងអោយកាន់តែប្រសើរឡើងថែមទៀត។ ការធ្វើអាជីវកម្ម ទេសចរណ៍ត្រូវតែផ្លាស់ប្ដូរថ្មីដោយឥតឈប់ឈរដើម្បីឆ្លើយតបនឹងតម្រូវការរបស់ភ្ញៀវទេសចរ”។
ពិធីបុណ្យផ្កាដាឡាតត្រូវបានរៀបចំឡើងជាលើកដំបូងកាលពីឆ្នាំ២០០៥។ ចាប់តាំងពីពេលនោះមក ព្រឹត្តិការណ៍នេះមិនត្រឹមតែលើកតម្កើងភាពស្រស់ស្អាត របស់ផ្កាប៉ុណ្ណោះទេ ថែមទាំងជំរុញការអភិវឌ្ឍនៃវិស័យទេសចរណ៍នៅតំបន់ ដាឡាត-ឡឹមដុង ហើយនាំមកនូវប្រសិទ្ធភាពសេដ្ឋកិច្ចគួរអោយកត់សម្គាល់ទៀត ផង។ លោក Ton Thien San ប្រធានគណៈកម្មាធិការប្រជាជនទីក្រុង ដាឡាត បានអះអាងថា៖
“ក្នុងប៉ុន្មានឆ្នាំកន្លងទៅ ទីក្រុងដាឡាតសម្រេចបានល្បឿនកំណើនខ្ពស់ ណាស់ គឺជាង១០%ក្នុងមួយឆ្នាំ។ ទីពីរគឺ ពិធីបុណ្យផ្កាបានរួមចំណែកទាក់ទាញ ភ្ញៀវទេសចរមកដល់ទីក្រុងដាឡាតកាន់តែច្រើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ។ ក្នុង ឆ្នាំ២០១៨បរិមាណភ្ញៀវទេសចរសម្រេចបាន៦លាននាក់ ខណៈដែលចំនួន ប្រជាជនដាឡាតត្រឹមតែពី២៥ដល់៣០ពាន់នាក់ប៉ុណ្ណោះ អញ្ចឹងហើយប្រការនេះបាន បង្កើតកម្លាំងចលករសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៃទីក្រុង”។
កាលពីឆ្នាំ២០១២ ទីក្រុងដាឡាតត្រូវបាននាយករដ្ឋមន្រ្តីរដ្ឋាភិបាលទទួល ស្គាល់ជា “ទីក្រុង Festival ផ្កាវៀតណាម”។ ហើយនាពេលខាងមុខ ពិធីបុណ្យផ្កា ដាឡាតនឹងបន្តរួមចំណែកជំរុញខ្លាំងការផ្សព្វផ្សាយពាណិជ្ជកម្មទេសចរណ៍ ដាឡាត ព្រមទាំងពង្រីករាល់តម្លៃដ៏វិសេសវិសាលនៃទីក្រុងដ៏ស្រស់ស្អាតនេះ ផងដែរ៕