ស្រុកកោះ Ly Son |
តាមនោះ កំណត់ផែនការកសាងស្រុកកោះ Ly Son ខេត្ត Quang Ngai ឲ្យក្លាយទៅជាមជ្ឈមណ្ឌលទេសចរណ៍កោះសមុទ្រ។ ក្រោយរយៈពេល ៣០ ចាប់តាំងពីពេលបង្កើត (១ មករា ឆ្នាំ ១៩៩៣ - ១ មករា ឆ្នាំ ២០២៣) ជាមួយនឹងមុខមាត់ថ្មី រួមទាំងសក្ដានុពល និងគុណសម្បត្តិរបស់តំបន់នោះ បក្សភាគ រដ្ឋអំណាច កងទ័ព និងប្រជាជនស្រុកកោះ Ly Son បានរួមកម្លាំងកាយចិត្ត ស្រុះចិត្តគំនិតគ្នាកសាងស្រុកកោះឲ្យក្លាយទៅជានគរសមុទ្រអរិយធម៌ ទំនើប និងផ្សារភ្ជាប់ជាមួយកិច្ចការពារអធិបតេយ្យភាពស្រុកកោះយ៉ាងរឹងមាំ ។
ក្រោយរយៈពេល ៣០ ឆ្នាំនៃការកសាង និងអភិវឌ្ឍន៍មក ល្បឿនកំណើនសេដ្ឋកិច្ចជាមធ្យមរបស់ស្រុក Ly Son បានកើនពី ១០% ទៅ ១២% ក្នុងមួយឆ្នាំ។ ក្នុងឆ្នាំ ២០២២ ទំហំវិស័យសេដ្ឋកិច្ចសម្រេចបានជិត ៣ ៨៥០ ពាន់លានដុង (ជាង ១៦៤,២ លានដុល្លារអាមេរិក) ច្រើនជាង ៤៥ ដងបើប្រៀបធៀបនឹងឆ្នាំ ១៩៩៣ ។ នាបច្ចុប្បន្ននេះ ប្រាក់ចំណូលជាមធ្យមរបស់មនុស្សម្នាក់ៗនៅស្រុក Ly Son គឺជាង ៣៧ លានដុងក្នុងមួយឆ្នាំ កើន ១៩២ ដងបើប្រៀបធៀបនឹងរយៈពេល ៣០ ឆ្នាំមុន។ លោក Mai Giang នៅឃុំ An Hai ស្រុក Ly Son មានមោទនភាពចំពោះការផ្លាស់ប្ដូរថ្មីរបស់ស្រុកកំណើតពីមួយថ្ងៃទៅមួយថ្ងៃ៖
“ក្រោយពេលបង្កើតស្រុកមក រដ្ឋបានវិនិយោគហេដ្ឋារចនាសម្ព័ន្ធយ៉ាងពេញលេញសម្រាប់ប្រជាជននៅស្រុកកោះ Ly Son ដូចជាផ្លូវថ្នល់ សាលារៀន និងមន្ទីរពេទ្យ។ កុមារទទួលបានការសិក្សារៀនសូត្រ និងសេវាកម្មនានាយ៉ាងគ្រប់គ្រាន់ ជាពិសេសគឺភ្លើងបំភ្លឺជូនប្រជាពលរដ្ឋ។ បងប្អូនប្រជាជននៅកោះ Ly Son សប្បាយរីយរាយយ៉ាងក្រៃលេង”។
នាខែកញ្ញា ឆ្នាំ ២០១៤ កោះ Ly Son ត្រូវបានតភ្ជាប់ជាមួយបណ្ដាញអគ្គិសនីជាតិ ហើយតាមនោះ ហេដ្ឋារចនាសម្ព័ន្ធផ្លូវគមានគមន៍ និងទេសចរណ៍ត្រូវបានបណ្តាក់ទុនដោយព្រមៗគ្នាជាជំហានៗ។ នាបច្ចុប្បន្ន កោះ Ly Son មានគ្រឹះស្ថានស្នាក់នៅចំនួន ១៣៣ ជាមួយបន្ទប់ជាង ១០០០ ហើយគុណភាពសេវាកម្មកាន់តែខ្ពស់ពីមួយថ្ងៃទៅមួយថ្ងៃ។ ការអភិវឌ្ឍវិស័យទេសចរណ៍បានបង្កើតការងារធ្វើ និងប្រាក់ចំណូលស្ថិរភាពសម្រាប់ពលករជាង ៧ ០០០ នាក់នៅលើកោះនេះ។ បច្ចុប្បន្ននេះ បរិមាណភ្ញៀវទេសចរមកទស្សនាកោះមានចំនួន ២៦៥ ០០០ នាក់ជារៀងរាល់ឆ្នាំ។ លោកស្រី Phan Thi Thanh ប្រជាអាណិកជនវៀតណាមម្នាក់នៅអាមេរិក មានចំណាប់អារម្មណ៍នឹងទេសភាព មនុស្ស និងម្ហូបអាហារលើកោះ Ly Son បានឲ្យដឹងថា៖
“គោលដៅទេសចរណ៍នានានៅកោះ Ly Son ពិតជាស្រស់បំព្រងណាស់។ នាងខ្ញុំពិតជាមានមោទនភាពយ៉ាងខ្លាំងចំពោះកោះ Ly Son របស់ប្រទេសជាតិណាស់”។
ពិធីសម្ពោធគម្រោងផ្គត់ផ្គង់អគ្គិសនីពីប្រព័ន្ធថាមពលជាតិ |
|
ស្រុកកោះ Ly Son បានកំណត់ការនេសាទ និងវារីវប្បកម្មគឺជាផ្នែកសេដ្ឋកិច្ចដ៏សំខាន់ ដែលត្រូវបានផ្សារភ្ជាប់ជាមួយនឹងកិច្ចការពារអធិបតេយ្យភាពកោះសមុទ្រ ។ នាបច្ចុប្បន្ននេះ ស្រុកកោះ Ly Son មាននាវាចំនួនជាង ៥០០ គ្រឿង ដែលមានអនុភាពខ្លាំង។ លោក Duong Minh Thanh ម្ចាស់នាវានេសាទត្រីម្នាក់មានមោទនភាពជាជំនាន់កូនចៅនៃក្រុមវីរជន Hoang Sa នៅលើកោះ Ly Son៖
“ប្រជានេសាទនៅស្រុកកោះ Ly Son យើងខ្ញុំមិនអាចរស់នៅដោយគ្មានសមុទ្របានឡើយ។ ប្រជានេសាទតែងតែកំណត់ថាការច្បាមជាប់សមុទ្រ ដើម្បីធ្វើសេដ្ឋកិច្ចសមុទ្រ និងការពារអធិបតេយ្យភាពកោះសមុទ្ររបស់មាតុភូមិផងដែរ”។
ជាមួយនឹងរមណីយដ្ឋាន និងប្រពៃណីវប្បធម៌ ប្រវត្តិសាស្ត្រដ៏យូរអង្វែង ស្រុកកោះ Ly Son កំពុងផ្តោតលើការទាញយកអត្ថប្រយោជន៍ ដើម្បីអភិវឌ្ឍន៍ទេសចរណ៍ឲ្យក្លាយទៅជាផ្នែកសេដ្ឋកិច្ចមុខព្រួញ។ លោកស្រី Pham Thi Huong ប្រធានគណៈកម្មាធិការប្រជាជនស្រុក Ly Son បានឲ្យដឹងថា សេចក្តីសម្រេចចិត្តនៃមហាសន្និបាតបក្សភាគខេត្ត Quang Ngai លើកទី២០ និងសេចក្តីសម្រេចចិត្តនៃមហាសន្និបាតបក្សភាគស្រុកបានកំណត់នាំស្រុក Ly Sonឲ្យក្លាយទៅជាកត្តាស្នូលជំរុញការអភិវឌ្ឍទេសចរណ៍របស់ខេត្ត។ ជាក់ស្ដែង ក្នុងឆ្នាំ ២០២៣ ស្រុកខិតខំប្រឹងប្រែងនាំតម្លៃផលិតកម្មសរុបនៃផ្នែកសេដ្ឋកិច្ចកើនពី ១២% ទៅ ១៣% និងទទួលភ្ញៀវពី ២ ម៉ឺន ទៅ ២ម៉ឺន ៥ ពាន់នាក់៖
“យើងខ្ញុំបានកំណត់សេដ្ឋកិច្ចទេសចរណ៍ជាស្នូល។ ដោយផ្អែកលើផែនការស្តារសេដ្ឋកិច្ចសង្គមឡើងវិញរបស់ខេត្ត យើងខ្ញុំក៏បានប្រគល់ភារកិច្ចជាក់លាក់ដល់ផ្នែកនីមួយៗ។ យើងខ្ញុំបានផ្តោតលើការធ្វើកំណែទម្រង់រដ្ឋបាល ដឹកនាំការសម្របសម្រួល ដើម្បីបំពេញចិត្តរបស់ប្រជាជន និងសហគមន៍សង្គម”។
សេចក្តីសម្រេចចិត្តចុះខែវិច្ឆិកា ឆ្នាំ២០២២ របស់ការិយាល័យនយោបាយស្តីពី“ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងការធានាការពារជាតិ និងសន្តិសុខនៅតំបន់ភូមិភាគកណ្ដាលប៉ែកខាងជើង និងតំបន់ឆ្នេរសមុទ្រភូមិភាគកណ្ដាលដល់ឆ្នាំ ២០៣០ ចក្ខុវិស័យដល់ឆ្នាំ ២០៤៥” បានកំណត់ផែនការកសាងស្រុក Ly Son ខេត្ត Quang Ngai ឲ្យក្លាយទៅជាមជ្ឈមណ្ឌលទេសចរណ៍កោះសមុទ្រ។ ដោយផ្នែកលើមូលដ្ឋានសមិទ្ធិផលដែលសម្រេចបានក្នុងរយៈពេល ៣០ ឆ្នាំកន្លងទៅ ខេត្ត Quang Ngai ចំណាយប្រភពធនធានដ៏ធំធេងដើម្បីបន្តពង្រីក សក្តានុពលរបស់ស្រុកកោះ Ly Son តាមការតម្រង់ទិសដៅ។តំបន់បានប្ដេជ្ញាអនុវត្តន៍ឱ្យបានឆាប់រហ័សឲ្យសក្តិសមជាសក្តានុពល និងទីតាំងដ៏សំខាន់របស់ស្រុក Ly Son ជាពិសេសគឺទីតាំងការពារជាតិ សន្តិសុខ ក៏ដូចជាកោះសមុទ្រ របស់ប្រទេសជាតិទាំងមូលផងដែរ៕