វត្តឃ្លាំង- កេរ្កិ៍ដំណែលស្ថាបត្យកម្ម និងសិល្បៈជាតិនៅខេត្ត Soc Trang |
បើប្រៀបធៀបនឹងវត្តអារាមផ្សេងទៀតនៅខេត្ត Soc Trang វត្តឃ្លាំងមិនសូវត្រូវបានជួសជុលកែលម្អ ពោលគឺមានស្ថានភាពដដែល សាងសង់តាមស្ថាបត្យកម្មខ្មែរប្រពៃណី ។ វត្តស្ថិតក្នុងបរិវេណធំទូលាយពោរពេញទៅដោយម្លប់ដើមឈើចំណាស់ ដែលភាគច្រើនជាដើមត្នោត និងផ្កាចំប៉ី។ ក្នុងវត្តឃ្លាំងក៏មានសាលាវប្បធម៌បាលីកម្រិតមធ្យមសិក្សាណាមបូ។ ព្រះតេជគុណ Tăng Nô ព្រះចៅអធិការវត្តឃ្លាំង ប្រធានក្រុមប្រឹក្សាភិបាល សមាគមពុទ្ធសានាវៀតណាមខេត្ត Soc Trang មានពុទ្ធដីកាថា៖
“វត្តមានផ្ទៃដីប្រមាណ ៣ ហិកតា។ សាលាវប្បធម៌បាលីកម្រិតមធ្យមសិក្សាណាមបូមានទំហំ ១ ហិកតា ហើយវត្តមានទំហំ ២ ហិកតា។ វត្តត្រូវបានសាងសង់នាឆ្នាំ ១៥៣២។ កាលពីមុន វត្តមិនរឹងមាំ ស្រស់ស្អាតដូច្នេះឡើយ ពោលគឺវត្តត្រូវបានប្រក់ក្បឿង ហើយមិនធំទូលាយឡើយ។ ក្រោយមកវត្តត្រូវបានជួសជុលកែលម្អឡើងវិញ និងសាងសង់ឡើងដោយឥដ្ឋ និងក្បឿង។ ស្ថាបត្យកម្មរបស់វត្តគឺមានលក្ខណៈប្រពៃណីរបស់ជនជាតិខ្មែរផងដែរ”។
ប្រព័ន្ធស្ថាបត្យកម្មរបស់វត្តរួមមាន៖ ព្រះវិហារ សាលាឆទាន ដែលត្រូវបានរៀបដាក់យ៉ាងសុខុមរមនា នងសមស្រប។ ចំណុចដ៏វិសេសវិសាលគឺ សំណង់ភាគច្រើនក្នុងវត្តឃ្លាំងគឺសុទ្ធតែត្រូវបានសាងសង់តាមបែបផ្ទះឈើផុតពីដីបែបប្រពៃណីរបស់ជនជាតិខ្មែរណាមបូ។ សំណង់នីមួយៗសុទ្ធតែត្រូវបានឆ្លាក់លំនាំក្បូរក្បាច់ដ៏ប្រណិត។
ព្រះវិហារស្ថិតនៅចំកណ្ដាល ត្រូវបានចែកជាខឿនគ្រឹះបីកាំ ហើយព័ទ្ធជុំវិញដោយរបងចម្រុះពណ៌។ គែមដំបូលមានរូបសំណាកនាគ។ នៅលើដើមសសរតាមច្រករបៀងជុំវិញព្រះវិហារសុទ្ធតែមានរូបសំណាកគ្រុឌដែលលាតដៃទ្រទ្រង់។ គ្រុឌគឺជាសត្វពិសិដ្ឋ ដែលមិនមាននៅក្នុងពិភពធម្មជាតិឡើយ ប៉ុន្តែមានវត្តមានយ៉ាងច្រើននៅតាមរឿងទេវកថា និងក្នុងសំណង់ស្ថាប្យកម្មសាសនា។ តាំងពីយូរយារណាស់មកហើយ រូបភាពគ្រុឌបានផ្សារភ្ជាប់យ៉ាងជិតស្និទ្ធក្នុងជីវភាពខាងវិញ្ញាណ និងជីវភាពខាងសោភ័ណ របស់ប្រជាជនខ្មែរណាមបូ។ លោក Trần Ron សមាជិកគណៈគ្រប់គ្រងវត្តឃ្លាំងបានឲ្យដឹងថា៖ “ព្រះវិហារវត្តមានលក្ខណៈដ៏វិសេសវិសាល រូបរាង ការរចនា និងលំនាំក្បូរក្បាច់គឺស្អាតជាងវត្តដទៃ។ ដំបូលមានឆ្លាក់រូបនាគជាច្រើន ទេវតាឈរទាំងសងខាងដើម្បីការពារព្រះពុទ្ធ។ ព្រះវិហារធ្វើសក្ការបូជាព្រះពុទ្ធសក្យមុនី។ ព្រះវិហារ សាលាឆទានបានរៀបចំឲ្យពុទ្ធបរិស័ទធ្វើពិធីប្រគេនបាយ និងជួយប្រជាជនក្រីក្រផងដែរ”។
ដូចទៅនឹងវត្តខ្មែរណាមបូដទៃទៀត វត្តឃ្លាំងគឺជាកន្លែងបង្រៀនកុមារក្នុងឱកាសវិស្សមកាល។ ក្រៅពីការបង្រៀនភាសានិយាយ អក្សរ វត្តក៏បានអប់រំអំពីបុគ្គលិកលក្ខណៈរស់នៅ កតញ្ញូ និងអាកប្បកិរិយា។ តាមនោះ ជួយកុមារឱ្យធំដឹងក្ដី នៅពេលក្រោយ។ លោក Huỳnh Sa Wath សមាជិកគណៈគ្រប់គ្រងវត្តឃ្លាំងបានឲ្យដឹងថា ៖ “កុមារមកសិក្សារៀនសូត្រអក្សរខ្មែរចាប់ពីថ្នាក់ទី ១ ដល់ថ្នាក់ទី ៥ នៅទីនេះ។ នៅពេលសម្រាក់វិស្សមកាល សិស្សានុសិស្សត្រូវបានឪពុកម្តាយនាំទៅវត្តដើម្បីសិក្សារៀនសូត្រដោយឥតគិតថ្លៃ។ ព្រះសង្ឃក្នុងវត្តបានបង្រៀន។ នាបច្ចុប្បន្ន វត្តមានថ្នាក់រៀនចំនួន ៣ ជាមួយសិស្សានុសិស្សសរុបចំនួន ៣០ នាក់ផងដែរ”។
វត្តឃ្លាំង- កេរ្កិ៍ដំណែលស្ថាបត្យកម្ម និងសិល្បៈជាតិនៅខេត្ត Soc Trang |
វត្តឃ្លាំងក៏ជាគោលដៅទេសចរណ៍ដ៏ល្បីល្បាញនៅខេត្ត Soc Trang ផងដែរ។ ជារៀងរាល់ថ្ងៃ មានភ្ញៀវទេសចរមកទស្សនាវត្តយ៉ាងច្រើនកុះករ។ លោក Nguyễn Văn Thương ភ្ញៀវទេសចរណ៍ម្នាក់មកពីខេត្ត Bac Giang មានចំណាប់អារម្មណ៍ថា៖ “នេះគឺជាលើកដំបូងហើយ ដែលខ្ញុំបានមកខេត្ត Soc Trang។ នៅពេលទស្សនាវត្តឃ្លាំង ចំណាប់អារម្មណ៍ដើមដំបូងរបស់ខ្ញុំគឺកន្លែងនេះមានលក្ខណៈវប្បធម៌ដ៏វិសេសវិសាលរបស់ជនជាតិខ្មែរ។ ខ្ញុំឃើញថា បរិវេណនៅទីនេះធំទូលាយ និងស្រស់ស្អាតណាស់។ ប្រសិនបើខ្ញុំមានឱកាសមកខេ្ត Soc Trang សារជាថ្មី ខ្ញុំនឹងទៅទស្សនាវត្តឃ្លាំងម្ដងទៀតផងដែរ”។
ក្រៅពីមុខងារបម្រើខាងជំនឿវិញ្ញាណ វត្តឃ្លាំងក៏ជាទីកន្លែងរៀបចំពិធីបុណ្យប្រពៃណីរបស់ជនជាតិខ្មែរទៀតផង ក្នុងនោះមានពិធីបុណ្យចូលឆ្នាំថ្មី ពិធីបុណ្យសែនដូនតា ពិធីបុណ្យអកអំបុក។ ជាមួយនឹងសម្រស់បុរមបុរាណ តម្លៃលិល្បៈខ្ពស់ និងស្ថាបត្យកម្មដ៏វិសេសវិសាលរបស់ជនជាតិខ្មែរ វត្តឃ្លាំងគឺជាគំរូសម្រាប់វត្តអារាមផ្សេងៗទៀតនៅខេត្ត Soc Trang សិក្សាស្រាវជ្រាវស្ថាបត្យកម្មសំណង់ផងដែរ៕