ពិធីសែនគងឃ្មោះដ៏វិសេសវិសាលរបស់ជនជាតិ K'Ho នៅខេត្ត Lam Dong

Chia sẻ

(VOVWORLD) - សម្រាប់ជនជាតិភាគតិចនៅតំបន់ Tay Nguyen គងឃ្មោះគឺជាឧបករណ៍ភ្លេងដ៏ ពិសិដ្ឋ ដែលមានព្រះវិញ្ញាណគង់នៅ។ គងឃ្មោះជាធម្មតា ត្រូវបានផ្សាភ្ជាប់ជាមួយនឹងពិធីការ និងពិធីបុណ្យរបស់សហគមន៍។ សម្រាប់ជនជាតិ K'Ho នៅខេត្ត Lam Dong ក៏មានពិធីដាច់ដោយឡែកមួយ ដើម្បីថ្លែងអំណរគុណដល់ព្រះគងទៀតផង ដែលជា ពិធីសែនគង។

ពិធីសែនគងឃ្មោះដ៏វិសេសវិសាលរបស់ជនជាតិ K'Ho នៅខេត្ត Lam Dong - ảnh 1ពិធីសែនគងរបស់ជនជាតិ K'Ho ដើម្បីសុំព្រះឱ្យទម្លាក់គងមកប្រើប្រាស់។ (រូបថត៖ VOV)
មិនត្រឹមតែជនជាតិ K'Ho ប៉ុណ្ណោះទេ ថែមទាំងជនជាតិ Ma ជនជាតិ Churu និងជនជាតិ M'Nong... ក៏ជឿថា នៅក្នុងគងនីមួយៗសុទ្ធតែមានព្រះ។ គងមានអាយុ កាលកាន់តែយូរ អំណាចរបស់ព្រះកាន់តែខ្លាំង។ សូរសំឡេងគងត្រូវបានគេចាត់ទុកជាភាសាដ៏វេទមន្ត ដែលជួយមនុស្សអាចប្រាស្រ័យទាក់ទងជាមួយព្រះអាទិទេព។ ព្រះគងអាចការពារ និងប្រទានពរជ័យមនុស្សឱ្យមានទ្រព្យសម្បត្តិស្ដុកស្ដម្ភ និងសេចក្ដីសុខ... ប៉ុន្តែ ព្រះក៏អាចខឹងនិងដាក់ទោសមនុស្សដែរ នៅពេលពួកគេប្រមាថព្រះគង។ អាស្រ័យហេតុនេះ ប្រជាពលរដ្ឋគ្រប់ជនជាតិនៅតំបន់ Tay Nguyen នៅពេលរៀបចំ ពិធីបុណ្យមិនថាតូច ឬធំទេ បើចង់មានសំឡេងគង ឬមានព្រះមកចូលរួមនោះ ត្រូវតែ ធ្វើពិធីសែនគង មុននឹងបើកពិធីបុណ្យ។
ពិធីសែនគងប្រពៃណីរបស់ជនជាតិ K'Ho នៅទីរួមស្រុក Dinh Van ស្រុក Lam Ha ខេត្ត Lam Dong រួមមាន៖ ផ្នែកពិធីការនិងផ្នែកពិធីបុណ្យ ដឹកនាំដោយព្រឹទ្ធាចារ្យភូមិ K'The នៅភូមិ Bo Lieng ដោយមានគងចំនួន ៦ ឈុត និងក្រុមអ្នកគាំទ្រ។ បន្ទាប់ពីពិធីបន់ស្រន់រួច ព្រឹទ្ធាចារ្យភូមិបានធ្វើពិធីបូជាដោយមាន់ឈ្មោលមួយក្បាល រួមជាមួយគ្រឿងសំណែនដូចជា ត្រីងៀត អំបិល អង្ករ បាយដំណើប និងផ្លែឈើ។ ពិធីនេះមានអត្ថន័យសុំបញ្ចុះគងមកសម្រាប់ប្រើប្រាស់ ហើយបួងសួងសុំឲ្យមនុស្សដែល ចូលរួមក្នុងពិធីនេះ ជួបតែសេចក្ដីសុខ និងសំណាងល្អ។ បន្ទាប់មកទៀត គឺពិធីទម្លាក់គងចុះហើយប្រគល់ឲ្យយុវបុរសទាំង៦នាក់ ដើម្បីចាប់ផ្តើមប្រគុំបទគង “Gungme Gungma” ដែលមានន័យថា “ស្វាគមន៍ភ្ញៀវ”។ បន្ទាប់ពីពិធីទម្លាក់គងចប់ សូរសំឡេងគងលាន់លឺឡើង បើកពិធីបុណ្យ។ ព្រឹទ្ធាចារ្យភូមិ K’The បានឲ្យដឹងថា៖
“ក្នុងកុលសម្ព័ន្ធណាមួយ ដែលព្រឹទ្ធាចារ្យភូមិ ឬនៅក្នុងភូមិ មានគងមួយឈុត គឺដួងព្រលឹងរបស់ព្រះគង នឹងស្ថិតនៅក្នុងភូមិនោះ។ ពិធីទម្លាក់គង គឺដើម្បីសុំព្រះមក ចូលរួម និងអំណរបុណ្យជាមួយអ្នកភូមិ ក្នុងឱកាសនានា ដូចជា ពេលចាប់ផ្តើមច្រូត កាត់ស្រូវ ចាប់ផ្ដើមសាងសង់ផ្ទះ ឬពិធីរៀបអាពាហ៍ពិពាហ៍សម្រាប់កូន... បទភ្លេង គងទាំងអស់ លុះត្រាតែព្រះអនុញ្ញាតទើបយើងអាចលេងគងបាន”។
ឈុតសម្តែងដ៏ទាក់ទាញបំផុតមួយនៅក្នុងពិធីសែនគងនោះ គឺការប្រកួតវាយគង (Ching Yo)។ បន្ទាប់ពីផឹកស្រាពាងរួមគ្នា បុរសនឹងប្រកួតវាយគងជាមួយគ្នា ដោយ ប្រើបច្ចេកទេសវាយគងរបស់ខ្លួន ដើម្បីបង្ខំឱ្យគូប្រជែងមិនអាចវាយគងបានឡើយ។ លោក Kra Jan K'Rong នៅភូមិ Bo Lieng ទីរួមស្រុក Dinh Van ស្រុក Lam Ha បានឲ្យដឹងថា គងឃ្មោះនិងពិធីបុណ្យគឺជាមុខម្ហូបខាងស្មារតីដែលមិនអាចខ្វះបានក្នុង ជីវភាពរស់នៅរបស់ជនជាតិ K'Ho៖
“ការយកចិត្តទុកដាក់របស់បក្ស និងរដ្ឋបានជំរុញប្រជាជនយើងឱ្យបន្តថែរក្សា ទំនៀមទំលាប់ប្រពៃណីតាមរបបមាតាធិបតេយ្យ។ នោះគឺជាតម្លៃបេតិកភណ្ឌអរូបី និងជាម្ហូបអាហារខាងស្មារតីរបស់ប្រជាជនយើង”។
ពិធីសែនគងឃ្មោះដ៏វិសេសវិសាលរបស់ជនជាតិ K'Ho នៅខេត្ត Lam Dong - ảnh 2ពិធីប្រគល់គងឲ្យបុរសក្នុងភូមិ។ (រូបថត៖ VOV)
ដោយសារតែគងមានព្រះ ដូច្នេះជនជាតិ K'Ho មានការគោរពិសេស ថែរក្សា ហើយមិនប្រើប្រាស់គងតាមអំពើចិត្តឡើយ។ លោក K'El នៅទីរួមស្រុក Dinh Van ស្រុក Lam Ha ខេត្ត Lam Dong បានចែករំលែកថា គងឃ្មោះត្រូវបានផ្សារភ្ជាប់ជាមួយ នឹងពិធីកិច្ចដែលទាក់ទងនឹងឆាកជីវិតមនុស្ស និងពិធីបុណ្យសំខាន់ៗរបស់សហគមន៍។
“ជនជាតិ K'Ho មានគង ៦ គ្រឿង និងឃ្មោះ ៨ គ្រឿង។ សម្រាប់គងមួយឈុតនោះ យើងអាចលេងបានច្រើនបទ ដេលប្រើប្រាស់ក្នុងថ្ងៃបុណ្យធំៗ ឧទាហរណ៍ថ្ងៃប្រមូលផលស្រូវ ពិធីមង្គលការ និងពិធីសំខាន់ៗ គឺយើងខ្ញុំសុទ្ធតែប្រើប្រាស់គង។ គងគឺជាវត្ថុដ៏មានតម្លៃរបស់ជនជាតិ K'Ho”។
ក្នុងពិធីបុណ្យទានរបស់ជនជាតិ K’Ho ពិធីសែនគងគឺជាពិធីបើក ដើម្បីសុំព្រះ អនុញ្ញាតឲ្យបញ្ចុះគងសម្រាប់ប្រើប្រាស់។ នេះក៏ជាពិធីបើកសម្រាប់សកម្មភាពអំណរបុណ្យដ៏ពោរពេញទៅដោយសំឡេង និងចម្រុះពណ៌ពេលក្រោយមកផងដែរ។ ជីវភាពកាន់តែរីកចម្រើន ប៉ុន្តែប្រជាជននៅតែយកចិត្តទុកដាក់ បន្តថែរក្សា និងពង្រីក តម្លៃប្រពៃណី។ ក្នុងនោះ ពិធីសែនគង គឺជាចំណុចដ៏ពិសេសមួយដែលត្រូវបាន ជនជាតិ K'Ho ថែរក្សាក្នុងពិធីបុណ្យជាច្រើននាពេលបច្ចុប្បន្ន៕

ប្រតិកម្មទៅវិញ