ចំការតែ Moc Chau (រូបថតៈ baosonla.org.vn ) |
កំពូលភ្នំ Pha Luong ដ៏អស្ចារ្យសម្បើម ល្បាក់ទឹក Yem ដ៏ល្វិតល្វន់ឬចំការតែបៃតងធំល្វឹងល្វើយ រួមជាមួយខ្យល់អាកាសបរិសុទ្ធនិងភាពកក់ក្តៅរួសរាយរាក់ទាក់របស់ប្រជាជនបណ្តាជនជាតិនៅ Moc Chau ពិតជានាំមកនូវបទពិសោធន៍ថ្មី និងគួរឱ្យចាប់អារម្មណ៍ ដល់អ្នកទេសចររគ្រប់រូប សូម្បីតែអ្នកដែលធ្លាប់ទៅលេងទីនោះច្រើនដងក៏ដោយ។ អ្នកទេសចរ Tran Phong Hoang មកពីទីក្រុងហូជីមិញបានឲ្យដឹងថា៖ “ខ្ញុំឃើញ ថា បងប្អូនជនជាតិនៅទីនេះរួសរាយរាក់ទាក់ណាស់។ ហើយសម្លៀកបំពាក់របស់ពួកគេមានភាពចម្រុះពណ៌និងសម្បូរបែប ដែលបានរួមចំណែកលើកស្ទួយនូវសម្រស់ពិសេស របស់ក្រុមជនជាតិនៅភាគពាយព្យនៃប្រទេសវៀតណាម”។
នាប៉ុន្មានឆ្នាំថ្មីៗនេះ ផ្លែស្ត្របឺរី Moc Chau បានបញ្ជាក់ពីម៉ាកយីហោផ្លែឈើស្អាតសម្រាប់អ្នកប្រើប្រាស់។ គំរូកសិដ្ឋានដាំស្ត្រប៊េរី ដែលរួមបញ្ចូលទាំងដំណើរទស្សនានិងទិញផ្លែស្ត្របឺរីស្រស់ៗនៅក្នុងចំការតែម្តង គឺជាប្រភេទទេសចរណ៍គួរឲ្យទាក់ទាញសម្រាប់ភ្ញៀវទេសចរ។
នៅចំការស្ត្រប៊ឺរី Chimi – Farm Moc Chau, ក្នុងកំឡុងពេលឈប់ទទួលភ្ញៀវដើម្បីអនុវត្តន៍ការរក្សាគម្លាតសង្គម ដោយសារជំងឺរាតត្បាត Covid-19 កម្មករបានផ្តោតការយកចិត្តទុកដាក់លើការថែរក្សាចំការស្ត្រប៊ឺរី ដោយធានាបាននូវគុណភាពល្អបំផុត។ ហេតុដូច្នេះហើយ បន្ទាប់ពីបានបើកឲ្យដំណើរការធម្មតាឡើងវិញ នាខែកក្កដានិងសីហាចំការស្ត្រប៊ឺរីមានភ្ញៀវទេសចរមកទស្សនានិងទទួលបទពិសោធន៍ជាច្រើនដែរ។ អ្នកស្រី Phan Thi Yen ភ្ញៀវទេសចរមកពីខេត្ត Bac Ninh បានឲ្យដឹងថា៖ “នេះជាលើកទីមួយហើយដែលខ្ញុំបានទៅទស្សនាចំការស្ត្រប៊ឺរី ហើយពេលមកទីនេះខ្ញុំមានអារម្មណ៍ប្លែកបន្តិច ពីព្រោះជាធម្មតាខ្ញុំគិតថាផ្លែស្ត្របឺរីត្រូវបានដាំនៅផ្ទាល់ដី ប៉ុន្តែនៅទីនេះ ស្ត្របឺរីត្រូវបានដាំក្នុងធុងដូច្នេះ។ នេះគឺជាបទពិសោធន៍ថ្មីសម្រាប់អ្នក ស្រុកកំណើតគ្មានដាំស្ត្រប៊េរីឬសម្រាប់អ្នកដែលមិនធ្លាប់បានទស្សនាចំការស្ត្រប៊ឺរី។ នេះជាទិសដៅដ៏អស្ចារ្យ ហើយប្រសិនបើខ្ញុំអាចត្រឡប់មកវិញខ្ញុំនៅតែអាចមកទីនេះជាពុំខាន”។
ដោយមានអាកាសធាតុត្រជាក់ពេញមួយឆ្នាំ ដែលត្រូវបានប្រដូចជា “ម៉ាស៊ីនត្រជាក់ធំសម្បើម” ដែលមាតាធម្មជាតិអំណោយផល Moc Chau ក្លាយជាទិសដៅដ៏ល្អរៀងរាល់រដូវក្តៅ។ ហេតុដូច្នេះ ថ្វីត្បិតតែកន្លែងស្នាក់នៅ សណ្ឋាគារនិងផ្ទះសំណាក់ជាច្រើននៅ Moc Chau ត្រូវបានបើកដំណើរការជាថ្មីក៏ដោយ ប៉ុន្តែមានភ្ញៀវច្រើនមកទស្សនាជាពិសេសគឺនៅចុងសប្តាហ៍។ លោក Trang A Chu ម្ចាស់ Homstay A Chu នៅស្រុក Van Ho ខេត្ត Son La បានឲ្យដឹងថា៖ “មកកំសាន្តនៅទីនេះ ភ្ញៀវតែងតែមានគ្នាពី ៥ ទៅ ៦ នាក់ក្នុងមួយគ្រួសារ។ គ្រួសារនីមួយៗតែងតែជួលកន្លែងមួយ។ រាល់ឱកាសបែបនេះ Homstay របស់យើងមានប្រហែល ១៥ ដល់ ២០ នាក់”។
Homestay របស់គ្រួសារលោក Trang A Chu (រូបថត៖ baodantoc.vn) |
ដើម្បីធ្វើឱ្យមានភាពខុសគ្នា កន្លែងស្នាក់នៅ សណ្ឋាគារ ឬ Homestay ក៏យកចិត្តទុកដាក់ក្នុងការថែរក្សានិងលើកកម្ពស់លក្ខណៈវប្បធម៌ប្រពៃណីរបស់ជនជាតិភាគតិចនិងផ្សព្វផ្សាយដល់ភ្ញៀវទេសចរផងដែរ។ Bui Thu Hien នៅរមណីយដ្ឋានអេកូឡូស៊ី Van Ho Ecologe ស្រុក Van Ho ខេត្ត Son La បានឲ្យដឹងថា៖ “ក្រៅពីរចនាបថទំនើប យើងតែងតែផ្តោតលើទំនៀមទំលាប់នៃវប្បធម៌ជនជាតិ។ ហេតុដូច្នេះ ក្នុងបន្ទប់យើងបានតុបតែងលំអ ដូចជាតាំងបង្ហាញកន្សែង pieu កាបូបចារបាប់ ដើម្បីឱ្យអ្នកទស្សនាមានអារម្មណ៍ស្និទ្ធស្នាលជាមួយជនរួមជាតិជាជនជាតិភាគតិចនៅទីនេះ។ ម្ហូបភាគច្រើនជាម្ហូបជនជាតិ Thai, Muong និង Mong តាមតម្រូវការរបស់ភ្ញៀវ ហើយយើងតែងស្លៀកសំលៀកបំពាក់ជនជាតិ ដើម្បីធ្វើអោយភ្ញៀវមានអារម្មណ៍សុខស្រួលនិងកាន់តែជិតស្និទ្ធជាង”។
នៅពេលថ្ងៃលិច គឺដល់ពេលដែលភ្ញៀវទេសចរត្រូវវិលត្រលប់មកកន្លែង ស្នាក់នៅហើយពិសារអាហារពេលល្ងាចដែលជាម្ហូបប្រចាំតំបន់ដោយប្រជាជនតាមតំបន់ចម្អិនតែម្តង។ ជាពិសេស នៅពេលយប់នេះ អ្នកទេសចរនឹងស្វែងយល់ផង រីករាយផងជាមួយនឹងសិល្បៈពិសេស ទស្សនារបាំបុរាណ ដែលសម្តែងដោយសិប្បករជនជាតិ Muong ។ របាំបុរាណរបស់ជនជាតិ Muong មានលក្ខណៈសាមញ្ញ ងាយស្រួលរៀន ប៉ុន្តែរស់រវើក ដែលជាស្ពានតភ្ជាប់រវាងក្រុមជនជាតិជាមួយភ្ញៀវទេសចរ។ លោក Le Xuan Bo ភ្ញៀវទេសចរមកពីទីក្រុងហាណូយបានចែករំលែកថា៖ “ខ្ញុំពិតជាសប្បាយណាស់ដែលបានចូលរួមរាត្រីពិធីបុណ្យដ៏ពិសេសនេះ។ ដោយហេតុនេះ ខ្ញុំយល់ថា ទេសចរណ៍ក្នុងតំបន់ក៏មានសក្តានុពលល្អសម្រាប់ការអភិវឌ្ឍន៍ដែរ។ ជាពិសេស Moc Chau មានក្រុមជនជាតិភាគតិចនៅតំបន់ភ្នំ។ សកម្មភាពនៅទីនេះគឺទាក់ទាញយើងខ្ញុំខ្លាំងណាស់”។
យោងតាមការធ្វើស្ថិតិ ក្រោយពេលបានអនុវត្តន៍វិធានការរក្សាគម្លាតសង្គម ដោយសារការរីករាលដាលនៃ Covid-19 រហូតមកដល់បច្ចុប្បន្ន តំបន់ទេសចរណ៍ជាតិ Moc Chau បានស្វាគមន៍ភ្ញៀវទេសចររាប់ពាន់នាក់ មកកម្សាន្ត ស្វែងយល់និងទទួលបទពិសោធន៍។ ប្រការនេះ បានបង្ហាញថា វិស័យទេសចរណ៍នៅ Son La កំពុងត្រូវបានរំពឹងទុកថា នឹងនាំមកនូវលទ្ធផលវិជ្ជមានជាច្រើន ក្នុងឆ្នាំដែលត្រូវបានវាយតម្លៃថា ជាឆ្នាំលំបាកសម្រាប់វិស័យសេដ្ឋកិច្ចជាច្រើនទៀតផងដែរ៕