បច្ចុប្បន្ននេះ ទីក្រុងហូជីមិញតែងតែរក្សាយ៉ាងរឹងមាំនូវតួនាទីជាក្បាលរថភ្លើងសេដ្ឋកិច្ចរបស់ប្រទេសជាតិ។ ក្នុងដំណាក់កាល ២០១៦-២០២០ ផលិតផលសរុប (GRDP) នៅទីក្រុងហូជីមិញ បានកើនឡើងជាមធ្យម ៦,៤១% ខ្ពស់ជាងកម្រិតមធ្យម ៦% នៃប្រទេសទាំងមូល។ ទីក្រុងរួមវិភាគទាន ២២,២% នៃសេដ្ឋកិច្ចរបស់ប្រទេសទាំងមូល ប្រាក់ចំណូលថវិការបស់ទីក្រុងតែងតែមានសមាមាត្រធំបំផុតនៅក្នុងប្រទេស។ ទីក្រុងក៏ជាមជ្ឈមណ្ឌលឧស្សាហកម្ម និងសេវាកម្មដ៏ធំបំផុតនៅក្នុងប្រទេស ដែលស្រូបយក ១៥% នៃឧស្សាហកម្ម និង ៣៣% នៃសេវាកម្មនៅក្នុងប្រទេស។
ទីក្រុងហូជីមិញបាននិងកំពុងរៀបចំរចនាសម្ព័ន្ធសេដ្ឋកិច្ចឡើងវិញ ដោយផ្សាភ្ជាប់នឹងការផ្លាស់ប្ដូរថ្មីគំរូកំណើនដោយផ្អែកលើសេដ្ឋកិច្ចចំណេះដឹង ការអនុវត្តវិទ្យាសាស្ត្រ - បច្ចេកវិទ្យា នវានុវត្តន៍ និងផលិតភាពពលកម្មខ្ពស់។ ទីក្រុងមានគោលបំណងក្លាយជាមជ្ឈមណ្ឌលសេវាកម្មដ៏ធំរបស់ប្រទេស និងតំបន់ ជាមួយនឹងសេវាកម្មលំដាប់ខ្ពស់ ទំនើប អភិវឌ្ឍន៍ឧស្សាហកម្មតាមទិសដៅស៊ីជម្រៅ ដោយផ្តល់អាទិភាពដល់វិស័យ និងផលិតផលដែលអនុវត្តន៍បច្ចេកវិទ្យាទំនើប មានមេត្រីភាពបរិស្ថាន; ទាក់ទាញការវិនិយោគពីបរទេសតាមទិសដៅផ្តល់អាទិភាពដល់គម្រោងបច្ចេកវិទ្យាខ្ពស់ អភិបាលកិច្ចទំនើប ហើយមានសមត្ថភាពរីកសាយភាយ តភ្ជាប់យ៉ាងជិតស្និទ្ធជាមួយសេដ្ឋកិច្ចក្នុងប្រទេស។ លេខាគណៈកម្មាធិការបក្សទីក្រុងហូជីមិញ លោក Nguyen Van Nen បានសង្កត់ធ្ងន់លើការកសាងរបៀបរបបនិងគោលនយោបាយបើកចំហដើម្បីអភិវឌ្ឍន៍ទីក្រុង៖
“ទីក្រុងហូជីមិញមិនគួរទុកឲ្យប្រជាជន សហគ្រាសត្រូវរង់ចាំបទប្បញ្ញត្តិនេះ បទប្បញ្ញត្តិនោះទេ។ យើងត្រូវដោះស្រាយសម្រាប់គេ។ ក្នុងការប្រតិបត្តិ ត្រូវតែមានភាពស្វាហាប់ ហ៊ានគិត ហ៊ានធ្វើ។ ដោយសារតែស្ថានភាពមានការប្រែប្រួល ជីវភាពតែងតែប្រែប្រួល ដូច្នេះប្រតិបត្តិករក៏ត្រូវមានភាពស្វាហាប់ដើម្បីសម្របខ្លួនផងដែរ ប៉ុន្តែត្រូវតែប្រកាន់ខ្ជាប់នូវគោលមាគ៌ា និងគោលនយោបាយ ដើម្បីកុំឱ្យដើរខុសផ្លូវនោះឡើយ”។
ឆ្នាំនេះ ទីក្រុងហូជីមិញប្តេជ្ញាចិត្តបង្កើតជំហានលោតផ្លោះផ្នែកហេដ្ឋារចនាសម្ព័ន្ធ ដោយខិតខំប្រឹងប្រែងដាក់ឱ្យប្រើប្រាស់នូវគម្រោងធំៗដូចជា៖ គម្រោង Metro លេខ ១; គម្រោងប្រឆាំងការជន់លិចទឹកជំនោរនៅក្នុងទីក្រុងដោយគិតគូរពីការប្រែប្រួលអាកាសធាតុ ដំណាក់កាលទី១; បើកការសាងសង់គម្រោងផ្លូវក្រវ៉ាត់ទី៣ នៃទីក្រុងនៅខែមិថុនា; ប្រញាប់ប្រញាល់អនុវត្តន៍
គម្រោង Metroលេខ២ គម្រោងផ្លូវល្បឿនលឿនទីក្រុងហូជីមិញ - Moc Bai (ខេត្ត Tay Ninh) ជាដើម។ ការដោះស្រាយចំណុចរាំងស្ទះខាងហេដ្ឋារចនាសម្ព័ន្ធ ដែលដំបូងបង្អស់គឺការធ្វើចរាចរណ៍ នឹងបង្កើតលក្ខខណ្ឌសម្រាប់សហគ្រាសនិងប្រជាជនអភិវឌ្ឍន៍សេដ្ឋកិច្ច។ លោកបណ្ឌិត Nguyen Xuan Thanh គ្រូបង្រៀននៅសាកលវិទ្យាល័យ Fulbright បានលើកមតិថា៖
“សំខាន់បំផុតគឺត្រូវដាក់ផលប្រយោជន៍ចរាចរណ៍នៅចម្បង។ បង្កើតលក្ខណៈដើម្បីធ្វើចរាចរណ៍បានរលូន កាត់បន្ថយការចំណាយ ពេលវេលា និងចំណាយប្រតិបត្តិការ។ ដូច្នេះហើយ ផ្លូវក្រវ៉ាត់ ត្រូវខិតខំធ្វើឱ្យផ្នែកភាគច្រើន ជាផ្លូវល្បឿនលឿន ហើយត្រូវតែមានផ្លូវប៉ារ៉ាឡែល ដើម្បីធានាថាគោលដៅចម្បងគឺផលប្រយោជន៍ផ្ទាល់ពីការធ្វើចរាចរណ៍”។
ទន្ទឹមនឹងការដោះស្រាយចំណុចរាំងស្ទះខាងហេដ្ឋារចនាសម្ព័ន្ធ ទីក្រុងហូជីមិញនឹងផ្តោតសំខាន់លើការជួយទ្រទ្រង់សហគ្រាសបន្ថែមទៀត។ ថ្នាក់ដឹកនាំទីក្រុងនឹងបង្កើនការជួបប្រាស្រ័យ ផ្ទៀងស្តាប់មតិការដោះស្រាយការលំបាក ការជំពាក់ជំពិនសម្រាប់សហគ្រាស ដើម្បីជួយសហគ្រាសនឹងនរចិត្តធ្វើផលិតកម្ម និងអាជីវកម្ម រួមចំណែកជាច្រើនបន្ថែមទៀតដល់សង្គម។ លោក Pham Phu Lu នាយករងមជ្ឈមណ្ឌលពន្លឿនពាណិជ្ជកម្មនិងការវិនិយោគទីក្រុងហូជីមិញ បានឲ្យដឹងថា៖
“ក្នុងសកម្មភាពជំរុញពាណិជ្ជកម្ម និងវិនិយោគឆ្នាំនេះ យើងផ្តោតលើសកម្មភាពតតភ្ជាប់ពាណិជ្ជកម្ម។ ម្ចាស់ការសម្របសម្រួលជាមួយសមាគមធុរកិច្ចនៃប្រទេសផ្សេងៗ ទទួលគណៈប្រតិភូធុរកិច្ចបរទេសមកស្វែងយល់អំពីបរិយាកាសវិនិយោគអាជីវកម្មនៅទីក្រុងហូជីមិញ។ តាមនោះ តភ្ជាប់សហគ្រាសក្នុងស្រុកនិងបរទេស ផ្តោតសំខាន់លើវិស័យ និងផលិតផលមុខព្រួញរបស់ទីក្រុងហូជីមិញទៅកាន់ទីផ្សារនានា”។
សេចក្តីសម្រេចចិត្តនៃមហាសន្និបាតបក្សភាគទីក្រុងលើកទី១១ បានកំណត់របត់សំខាន់ចំនួន៣។ នៅឆ្នាំ ២០២៥ ទីក្រុងនឹងក្លាយជាទីក្រុងឆ្លាតវៃ ទីក្រុងឧស្សាហកម្ម និងសេវាកម្មតាមទិសទំនើប រក្សារឹងមាំនូវតួនាទីជាក្បាលរថភ្លើងសេដ្ឋកិច្ច ជាកម្លាំងចលករកំណើននៃតំបន់សេដ្ឋកិច្ចសំខាន់ភាគខាងត្បូង និងប្រទេសទាំងមូល ឈានមុខគេក្នុងនវានុវត្តន៍ មានគុណភាពជីវិតល្អ អរិយធម៌ ទំនើប និងមេត្តាធម៌។ GRDP មធ្យមក្នុងមនុស្សម្នាក់គឺប្រហែល ៨៥០០ ដុល្លារអាមេរិក។ នៅឆ្នាំ ២០៣០ ជាទីក្រុងឧស្សាហកម្ម សេវាកម្មទំនើប ជាទីក្រុងវប្បធម៌ ជាក្បាលរថភ្លើងផ្នែកសេដ្ឋកិច្ចឌីជីថល សង្គមឌីជីថល ជាមួយនឹង GRDP មធ្យមក្នុងមនុស្សម្នាក់ប្រហែល ១៣.០០០ ដុល្លារ ជាមជ្ឈមណ្ឌលសេដ្ឋកិច្ច ហិរញ្ញវត្ថុ ពាណិជ្ជកម្ម វិទ្យាសាស្ត្រ-បច្ចេកវិទ្យា និងវប្បធម៌នៃតំបន់អាស៊ីអាគ្នេយ៍។ ចក្ខុវិស័យដល់ឆ្នាំ ២០៤៥៖ ក្លាយជាមជ្ឈមណ្ឌលសេដ្ឋកិច្ច ហិរញ្ញវត្ថុរបស់អាស៊ី ជាមួយនឹងការអភិវឌ្ឍប្រកបដោយចីរភាព គុណភាពជីវិតខ្ពស់ GRDP មធ្យមក្នុងមនុស្សម្នាក់ៗប្រហែល ៣៧.០០០ ដុល្លារ ជាគោលដៅសកលដ៏ទាក់ទាញសម្រាប់ភ្ញៀវទេសចរនិងវិនិយោគិនអន្តរជាតិ៕