សិប្បករជាមួយគ្រឿងកុលាលភាជន៍ (រូបថត៖ VOV) |
បងប្អូនជនជាតិចាមធ្លាប់បានរស់នៅប្រមូលផ្ដុំគ្នានៅតំបន់ឆ្នេរសមុទ្រភូមិភាគកណ្ដាលវៀតណាមតាំងពីយូរយាណាស់មកហើយ ដោយបានស្ថាបនាខឿនវប្បធម៌ដ៏សម្បូររុងរឿង។ ក្រៅពីមុខរបរប្រពៃណីដូចជាកសិកម្ម តម្បាញសិប្បកម្មនោះ របរធ្វើគ្រឿងកុលាលភាជន៍របស់ជនជាតិចាមនៅ ខេត្ត Binh Thuan គឺជារបរបុរាណមួយដែលនៅតែត្រូវបានអភិរក្សរហូតមកដល់សព្វថ្ងៃនេះ។ នាបច្ចុប្បន្ន នៅខេត្ត Binh Thuan មានភូមិជនជាតិចាម ចំនួន ២៦ ប៉ុន្តែមានត្រឹមតែជនជាតិចាមនៅភូមិ Duc Binh ឃុំ Phan Hiep ស្រុក Bac Binh គឺនៅតែប្រកបរបរធ្វើកុសាលភាជន៍ ដោយប្រើប្រាស់បច្ចេកទេស និងដំណើរការសិប្បកម្មប្រពៃណីរបស់ដូនតា។ យោងតាមសិប្បករជាច្រើននាក់បានប្រាប់ឲ្យដឹងថា៖ របរធ្វើកុសាលភាជន៍នៅភូមិ Binh Duc មានតាំងពីយូរណាស់មកហើយដោយត្រូវបានគ្រួសារជនជាតិចាមនៅទីនេះថែរក្សាជាច្រើនជំនាន់។ លោកស្រី Don Thi Hieu ពលរដ្ឋម្នាក់នៅភូមិរបរកុលាលភាជន៍ចាម Binh Duc បានប្រាប់ឲ្យដឹងថា៖ “ខ្ញុំបានប្រកបរបរនេះតាំងពីទើបមានអាយុត្រឹមតែ ៥ ឆ្នាំប៉ុណ្ណោះ ពោលគឺអ្នកជិតខាងបានបង្ហាត់បង្រៀនខ្ញុំ ដើម្បីប្រកបរបរចិញ្ចឹមជីវិតដោយខ្លួនឯង។ នៅពេលមានអាយុ ៤៤ ឆ្នាំ ខ្ញុំបានទៅសិក្សារបរនេះនៅជប៉ុនក្នុងរយៈពេល ២ ខែ។ នៅពេលបង្ហាញមុខរបរនេះ ភាគីជប៉ុនពិតជាជក់ចិត្តដិតអារម្មណ៍ ហើយវាយតម្លៃខ្ពស់ចំពោះផលិផលសិប្បកម្មរបស់វៀតណាមផងដែរ”។
ភូមិរបរធ្វើគ្រឿងកុលាលភាជន៍របស់ជនជាតិចាមនៅ Binh Duc នៅតែរក្សាបាននូវតម្លៃវប្បធម៌ប្រពៃណីជាច្រើន ដោយបានបង្ហាញតាមរយៈបច្ចេកទេសកែច្នៃគ្រឿងកុសាលភាជន៍។ នេះគឺជារបរសិប្បកម្មប្រពៃណីដ៏វិសេសវិសាល ដែលបានឆ្លុះបញ្ចាំងពីវប្បធម៌ចម្រុះ និងការច្នៃប្រឌិត ដែលមានលក្ខណៈគំរូ ដោយបានបង្ហាញពីអត្តសញ្ញាណវប្បធម៌របស់សហគមន៍ជនជាតិចាម។ ដូច្នេះ នៅឆ្នាំ ២០១២ ក្រសួងវប្បធម៌កីឡា និងទេសចរណ៍បានសំរេចដាក់បញ្ចូលរបរធ្វើគ្រឿងកុលាលភាជន៍របស់ជនជាតិចាម នៅខេត្ត Binh Thuan ទៅក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីជាតិដែលជាប្រភេទរបរសិប្បកម្មប្រពៃណីមួយ។ ទន្ទឹមនឹងនេះ ខេត្ត Binh Thuan បានកសាងឯកសារជូនអង្គការយូណេស្កូដើម្បីដាក់បញ្ចូលទៅក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីដែលត្រូវការពារ។ទោះយ៉ាងណាក៏ដោយ ដោយឆ្លងកាត់ពេលវេលា និងក្រោមសម្ពាធ នៃសេដ្ឋកិច្ចទីផ្សារជីវភាពរស់នៅបែបឧស្សាហកម្មនោះ ទ្រង់ទ្រាយផលិតកម្មរបស់ភូមិកុលាលភាជន៍ Binh Duc ត្រូវថមថយបន្តិចម្តង ៗ ពោលគឺ នាបច្ចុប្បន្ន ចំនួនគ្រួសារដែលប្រកបរបរនេះ ពី ១០០ គ្រូ គឺនៅសល់តែ ៦៤ គ្រួតែប៉ុណ្ណោះ។ នាបច្ចុប្បន្ននេះ ក្រៅពីមូលហេតុតម្លៃចោក ការប្រមូលលក់មិនបានល្អនោះ ប្រភពវត្ថុធាតុដើម ដូចជាដីឥដ្ឋនិងអុសក៏កំពុងខ្វះខាតដែរ។ លោកស្រី Nguyen Thi Minh សិប្បករម្នាក់បានប្រាប់ឲ្យដឹងថា៖ “បងប្អូនអ្នកភូមិមានគោលបំណងចង់បានដីឥដ្ឋ ដើម្បីធ្វើគ្រឿងកុសាលភាជន៍ ប៉ុន្តែនាបច្ចុប្បន្ន ប្រភពវត្ថុធាតុដើមកំពុងខ្វះខាត ហើយមានតម្លៃក៏ថ្លៃដែរ។ អាជ្ញាធរកំពុង រិះរកវិធី ដើម្បីស្វែងរកដីឥដ្ឋជូនបងប្អូនប្រជាជនបម្រើផលិកម្មផងដែរ”។
ដីឥដ្ឋវត្ថុធាតុដើមសម្រាប់ផលិតគ្រឿងកុលាលភាជន៍ (រូបថត៖ VOV) |
នៅចំពោះស្ថានភាពនេះ ចាប់ពីចុងឆ្នាំ ២០២០ ខេត្តបានធ្វើការសិក្សាស្រាវជ្រាវ និងបញ្ជាណែនាំដល់ស្ថាប័នមានសមត្ថកិច្ចដើម្បីស្វែងរកប្រភពវត្ថុធាតុដើម បម្រើផលិកម្មជូនប្រជាជន។ ទន្ទឹមនឹងនេះ ខេត្ត Binh Thuan ក៏បានរៀបចំផែនការស្វែងរកធាតុចេញសម្រាប់ផលិតផលគ្រឿងកុលាលភាជន៍។ លោក Vo Van Hoa ប្រធានមន្ទីរឧស្សាហកម្មនិងពាណិជ្ជកម្ម ខេត្ត Binh Thuan បានឲ្យដឹងថា៖ “យើងខ្ញុំកំពុងស្វែងរកវិនិយោគិនដែលមានចំណង់ចំណូលចិត្តអភិរក្ស និងអភិវឌ្ឍន៍ពាណិជ្ជសញ្ញាគ្រឿងកុលាលភាជន៍នាពេលខាងមុខ។ ទន្ទឹមនឹងនេះ អភិវឌ្ឍន៍ភូមិរបរធ្វើគ្រឿងកុសាលភាជន៍ផង និងបម្រើសេវាកម្មទេសចរណ៍ផង។ ធ្វើបានដូច្នេះ ទើបភូមិរបរមានឱកាសរីកចម្រើនទៅមុខផងដែរ”។
ជាក់ស្ដែង ក្រោយរយៈពេលរៀបចំផែនការមេ និងអភិវឌ្ឍន៍មក គឺ មានភូមិរបរមួយចំនួនបានផ្លាស់ប្ដូរមុខមាត់ ហើយកាន់តែរីកចម្រើន ដូចជាភូមិរបរកុលាលភាជន៍ចាម Bau Truc នៅខេត្ត Ninh Thuan ។ ដូច្នេះហើយ ទន្ទឹមនឹងការស្វែងរកប្រភពវត្ថុធាតុដើមផលិតកម្មនោះ ការខិតខំប្រឹងប្រែងស្វែងរកធាតុចេញ រៀបចំផែនការមេ សម្រាប់ភូមិសិប្បកម្ម ដែលផ្សារភ្ជាប់ជាមួយគំរូធ្វើទេសចរណ៍នោះ ភូមិកុលាលភាជន៍ចាម Binh Duc នឹងនៅតែបន្ត អភិវឌ្ឍន៍ ក៏ដូចជាថែរក្សាបានដួងព្រលឹង និងសម្រស់រហោស្ថាននៃគ្រឿងកុលាលភាជន៍បុរមរបុរាណកាលពីរាប់រកឆ្នាំមុនផងដែរ៕