ឆ្នាំទេសចរណ៍ជាតិ ២០២១៖ ខេត្ត Ninh Binh គោលដៅ គួរឲ្យទាក់ទាញ សម្រាប់ ភ្ញៀវទេសចរ

Chia sẻ
(VOVWORLD) - Ninh Binh គឺជាខេត្តមួយដែលមានរមណីយដ្ឋាន កេរ្កិ៍ដំណែលប្រវត្តិសាស្ត្រ និងវប្បធម៌ ដ៏ល្បីល្បាញជាច្រើន។ ក្រៅពីនោះ នៅ មានប្រភពធនធាន ធម្មជាតិ សំបូរបែប ជាមួយប្រព័ន្ធភ្នំថ្មកំបោរដ៏ធំមហិមា គុហាគួរឱ្យចាប់អារម្មណ៍ និង ព្រៃស្រោង Cuc Phuong តំបន់អភិរក្សធម្មជាតិដ៏ដសើម Van Long គួរឲ្យទាក់ទាញសម្រាប់ភ្ញៀវទេសចរទាំងជាតិ និងអន្តរជាតិផងដែរ។
ឆ្នាំទេសចរណ៍ជាតិ ២០២១៖ ខេត្ត Ninh Binh គោលដៅ គួរឲ្យទាក់ទាញ សម្រាប់ ភ្ញៀវទេសចរ - ảnh 1វត្តអារ៉ាមនៅខេត្ត Ninh Binh 

ដោយមានចំងាយប្រមាណ ៩០ គីឡូម៉ែត្រពីទីក្រុងហាណូយ តាមទិសខាងត្បូងនោះ ភ្ញៀវទេសចរអាចទៅកាន់ខេត្ត Ninh Binh ដោយរថភ្លើង ឬឡានក្រុង។ គោលដៅដំបូង ដែលភ្ញៀវទេសចរតែងតែមកទស្សនានៅខេត្ត Ninh Binh គឺរាជធានីបុរាណ Hoa Lu ។ ដោយស្ថិតនៅក្នុងឃុំ Truong Yen ស្រុក Hoa Lu នោះ រាជធានីបុរាណ Hoa Lu  គឺជាកន្លែង ដែលត្រូវបានស្ដេច Dinh Bo Linh ជ្រើសរើសជារាជធានី ក្រោយពេលបង្ក្រាបកងទ័ពចំនួន ១២ ក្រុម ដើម្បីឡើងសោយរាជសម្បត្តិ (នៅឆ្នាំ ៩៦៩) បង្កើតរាជ្ជកាល Dinh ហើយដាក់ឈ្មោះរដ្ឋថា Dai Co Viet។ រាជធានីនេះ គងវង្សបាន ៤១ ឆ្នាំ។ ទោះបី គងវង្សបាន ត្រឹមតែ ៤១ ឆ្នាំក៏ដោយ ប៉ុន្តែកន្លែងនេះ គឺប្រព័ន្ធស្ថាបត្យកម្ម ហើយសំណង់នីមួយៗមានលក្ខណៈវិសេសដោយឡែកពីគ្នា។ សំណង់ទាំងនេះបានបង្កើតឡើងលក្ខណៈបុរមបុរាណ និងវីរភាពនៃកេរ្កិ៍ដំណែលប្រវត្តិសាស្ត្រកាលពីបុរាណកាល។

នៅពេលអញ្ជើញមកទស្សនា រាជធានីបុរាណ Hoa Lu  ភ្ញៀវទេសចរនឹងបានទស្សនាកេរ្កិ៍ដំណែលប្រវត្តិសាស្ត្រផ្សេងៗជាច្រើននៅក្នុងតំបន់កេរ្កិ៍ដំណែល
ប្រវត្តិសាស្ត្រ Hoa Lu  ដូចជា ប្រាសាទស្ដេច Dinh Tien Hoang ប្រាសាទស្ដេច Le Dai Hanh វិមានតំកល់ព្រះសព Dinh និង វិមានតំកល់ព្រះសព Le ប្រាសាទព្រះរាជបុត្រី Phan Kim វត្ត Nhat Tru វិមាន Vuon Thien វត្ត Kim Ngan ជាដើម។  ជារៀងរាល់ឆ្នាំ រាជធានីបុរាណ Hoa Lu  បានរៀបចំពិធីបុណ្យទានជាច្រើន សំដៅរំលឹកវិញ្ញាណក្ខ័ន្ធដល់បណ្ដាស្ដេច ដែលមានគុណូបការៈកសាង និងការពារប្រទេសជាតិ ជាពិសេសគឺស្ដេច Dinh Tien Hoang និងស្ដេច Le Dai Hanh។ លោកស្រី Le Thu Hang ភ្ញៀវទេសចរមួយរូប មកពីទីក្រុងហាណូយបានចែករំលែកថា៖ “ខេត្ត Ninh Binh ស្ថិតនៅជិត ទីក្រុងហាណូយ ហើយផ្លូវធ្វើដំណើរគឺងាយ ស្រួលណាស់ ដូច្នេះក្រុមគ្រួសារ និងមិត្តភក្តិខ្ញុំបានជ្រើសរើសកន្លែងនេះ ដើម្បីមកទស្សនាក្នុងឱកាសនិទាឃរដូវ។ ខ្ញុំក៏បានមកដល់ខេត្ត Ninh Binh ជាច្រើនដងហើយ រាល់ពេលដែលខ្ញុំមកទីនេះគឺសុទ្ធតែមានអារម្មណ៍ប្លែកៗ។ ទោះបីជាកេរ្កិ៍ដំណែលមួយចំនួនត្រូវរងការខូចខាតដោយសារគ្រោះមហន្តរាយធម្មជាតិ និងសង្គ្រាមក៏ដោយ ប៉ុន្តែកេរ្កិ៍ដំណែលផ្សេងទៀត ត្រូវបានប្រជាជននៅទីនេះការពារ និងជួសជុលផ្លូវធ្វើដំណើរឡើងវិញ ដើម្បីជួយសម្រួលដល់ភ្ញៀវទេសចរផងដែរ”។

ខេត្ត Ninh Binh ត្រូវបានគេស្គាល់ដល់យ៉ាងទូលំទូលាយថែមទៀត នៅពេលដែល ខេត្តនេះគឺជាកន្លែងថតខ្សែភាពយន្តក្រោមចំណងជើងថា Kong – Islandដែលជាវណ្ណកម្មដ៏ល្បីល្បាញរបស់ Hollywood ។ ទេសភាពរបស់ខេត្ត Ninh Binh ត្រូវបានបង្ហាញនៅលើខ្សែភាពយន្តដ៏ស្រស់ស្អាតជាមួយនឹងគោលដៅទស្សនាដ៏ស្រស់បំព្រងចំនួន ៣ គឺ Trang An  Tam Coc Bich Dong  និងត្រពាំង Van Long។

ឆ្នាំទេសចរណ៍ជាតិ ២០២១៖ ខេត្ត Ninh Binh គោលដៅ គួរឲ្យទាក់ទាញ សម្រាប់ ភ្ញៀវទេសចរ - ảnh 2គោលដៅទេសចរណ៍នៅខេត្ត Ninh Binh

ដោយមានវត្តមានក្នុងខ្សែភាពយន្ត Kong គឺមិនអាចមិនរំលឹកដល់ត្រពាំង Van Long ជាមួយឈុតឆាកប្រយុទ្ធគ្នាយ៉ាងខ្លាំងរវាង King Kong និង ស្ដេចសត្វល្មូនដ៏គួរឱ្យខ្លាច។ ត្រពាំង Van Long គឺជាតំបន់ដីសើមដ៏ធំល្វឹងល្វើយ ហើយមានកោះថ្ម ល្អាងភ្នំដ៏ស្រស់ស្អាត រួមទាំងប្រព័ន្ធអេកូឡូស៊ីសម្បូរបែប និងវិសេសវិសាល។  នេះគឺជាតំបន់អភិរក្សធម្មជាតិដីសើមបំផុតនៅតំបន់ដីសណ្ត Bac Bo ហើយជាជម្រករបស់រុក្ខជាតិ និងសត្វកម្រជាច្រើន។ លោកស្រី Thanh Mai ភ្ញៀវទេសចរមួយរូបមកពីទីក្រុងហូជីមិញបានឲ្យដឹងថា៖ “ដោយបានធ្វើដំណើរតាមទូកឫស្សី ឆ្លងកាត់ចន្លោះភ្នំ និងទស្សនាល្អាងភ្នំគឺជាបទពិសោធន៍គួរឲ្យចងចាំ និងចាប់អារម្មណ៍ចំពោះខ្ញុំ។ ទេសភាពនៅទីនេះពិតជាស្រស់បំព្រង ខ្យល់អាកាសបរិសុទ្ធ និងត្រជាក់ស្រួល។ ភ្នំថ្មកំបោរនៅទីនេះក៏ស្រស់ស្អាតណាស់។ ខ្ញុំពិតជាមានចំណាប់អារម្មណ៍ចំពោះទេសចភាពនៅទីនេះណាស់”។

 ឆ្នាំនេះ ខេត្ត Ninh Binh ត្រូវបានជ្រើសរើសជាកន្លែងរៀបចំឆ្នាំទេសចរណ៍ជាតិ ២០២១។ ក្នុងរយៈពេលប៉ុន្មានខែដើមឆ្នាំ ខេត្ត Ninh Binh បានទទួលស្វាគមន៍ភ្ញៀវទេសចររាប់រយ រាប់ពាន់នាក់ មកទស្សនានិងសម្រាកលំហែកាយ។ លោក Bui Van Manh ប្រធានមន្ទីរទេសចរណ៍ខេត្ត Ninh Binh បានអោយដឹងថា៖ “នៅឆ្នាំ ២០២១ ខេត្ត Ninh Binh មានកិត្តិយសទទួលរៀបចំឆ្នាំទេសចរណ៍ជាតិ និង បំផុសសកម្មភាព ដើម្បីស្ដារវិស័យទេសចរណ៍ឡើងវិញ។ យើងខ្ញុំបាន រួម សហការ ជាមួយសម្ព័ន្ធសមាគមន៍សហគ្រាសទេសចរណ៍ ក៏កំពុងត្រៀមរៀបចំ លក្ខខ័ណ្ឌអំពីមូលដ្ឋាន សំភារៈ ក៏ដូចជាធនធានមនុស្ស ផលិតផល សេវាកម្ម ដើម្បីឆ្លើយតបនឹងតម្រូវការរបស់ភ្ញៀវទេសចរ។ លើសពីនេះទៅទៀត យើងខ្ញុំបានឆ្លៀតពេលវេលាក្នុងឆ្នាំ ២០២១ ដើម្បីជំរុញខ្លាំងបម្លាស់ប្ដូរឌីជីថលក្នុងសកម្មភាពទេសចរ តាមរយៈប្រព័ន្ធឌីជីថល កម្មវិធីទេសចរណ៍ឆ្លាតវៃ ដើម្បី យើងបន្តទាក់ទងផ្ទាល់ជាមួយទីផ្សារភ្ញៀវទេសចរជាតិ ក៏ដូចជាត្រៀមខ្លួនជាស្រេច សំដៅទទួលស្វាគមន៍លំហូរភ្ញៀវទេសចរអន្តរជាតិនៅប៉ុន្មានឆ្នាំខាងមុខផងដែរ”។

ដោយមានទេសភាពស្រស់បំព្រងដ៏ល្បីល្បាញនោះ ខេត្ត Ninh Binh កំពុងទាក់ទាញភ្ញៀវទេសចរជាតិនិងអន្តរជាតិជាច្រើនកុះករមកទស្សនាពីមួយថ្ងៃទៅមួយថ្ងៃ។ ក្រៅពី រាជធានីបុរាណ Hoa Lu  Trang An  Tam Coc – Bich Dong នោះ ខេត្ត Ninh Binh នៅមានរមណីដ្ឋានគួរឲ្យទាក់ទាញជាច្រើនទៀតដូចជា វិហារថ្ម Phat Diem ព្រៃឈើជាតិ Cuc Phuong រួមទាំងម្ហូបអាហារដ៏វិសេសវិសាលជាច្រើន សម្រាប់ភ្ញៀវទេសចរណ៍នៅពេលមកដល់តំបន់ដីនេះម្ដងៗផងដែរ៕

ប្រតិកម្មទៅវិញ