ឃុំ Dai Tam ខេត្ត Soc Trang ឆ្ពោះទៅសម្រេចគោលដៅជនបទថ្មីបែបគំរូ |
ឃុំ Dai Tam មានប្រជាជនជាង ២ ម៉ឺននាក់ ជាមួយនឹងគ្រួសារចំនួន ៤ ៧០០ គ្រួ ក្នុងនោះជនជាតិខ្មែរស្រូបយកប្រមាណ ៨៦% ជនជាតិ Hoa ស្រូបយក ១% ហើយនៅសល់ជាជនជាតិ Kinh។ អ្នកឃុំភាគច្រើនប្រកបរបរកសិកម្ម ដាំដំណាំស្រូវ និងចិញ្ចឹមសត្វ។
ក្រោយពីសម្រេចបានស្តង់ដារជនបទថ្មីនាឆ្នាំ ២០១៥ ចាប់ពីឆ្នាំ ២០១៦ ដល់ឆ្នាំ ២០២២ ឃុំ Dai Tam បានវិនិយោគទឹកប្រាក់ជិត ១៨៧ ពាន់លានដុង (ជិត ៨ លានដុល្លារអាមេរិក) ក្នុងនោះប្រជាជនបានរួមចំណែកជាទឹកប្រាក់ជាង ៤៦ ពាន់លានដុង (ជិត ២ លានដុល្លារអាមេរិក) ដើម្បីអនុវត្តន៍ស្តង់ដារជនបទថ្មីកម្រិតខ្ពស់។ ក្រោយពេលសម្រេចបានស្តង់ដារជនបទថ្មីកម្រិតខ្ពស់នាចុងឆ្នាំ ២០២២ មក ខេត្តបានចាប់ផ្តើមកសាងជនបទថ្មីបែបគំរូ។ លោក Truong Tan Lam អនុប្រធានគណៈកម្មាធិការប្រជាជនឃុំ Dai Tam បានឲ្យដឹងថា៖
“ក្នុងស្តង់ដារជនបទថ្មីបែបគំរូ ខេត្ត Soc Trang បានកំណត់ថា ត្រូវមានស្តង់ដារចាប់បង្ខំចំនួន ៤។ ទីមួយ គឺត្រូវមានស្តង់ដារជនបតថ្មីកម្រិតខ្ពស់ ហើយយើងខ្ញុំសម្រេចបានស្តង់ដារនេះហើយ។ ស្តង់ដារទី២ គឺប្រាក់ចំណូលជាមធ្យមសម្រាប់មនុស្សម្នាក់គឺ ៧៥ លានដុង (៣ ១៦០ ដុល្លារអាមេរិក)/ម្នាក់/ឆ្នាំ ខណៈដែលនាបច្ចុប្បន្នយើងខ្ញុំទទួលបាន៦៤,៧៦ លានដុង/ម្នាក់/ឆ្នាំ។ ស្តង់ដារទី៣ គឺត្រូមានភូមិឆ្លាតវៃមួយ។ យើងខ្ញុំបានជ្រើសរើសភូមិ Dai Tri ព្រោះថាភូមិនេះសម្រេចបានស្តង់ដារចំនួន ៩ នៃភូមិឆ្លាតវៃហើយ ឧទាហរណ៍ថា អ្នកភូមិទាំង ១០០% បានប្រើប្រាស់អ៊ីនធឺណិត មានគណនីផ្ទេរប្រាក់មិនប្រើសាច់ប្រាក់ ហើយមានកាមេរ៉ានៅក្នុងភូមិជាដើម។ ទី៤ គឺត្រូវមានស្តង់ដារវប្បធម៌ជនបទថ្មីសម្រាប់ភូមិទាំង ១០០% ក្នុងឃុំ ហើយឃុំ Đại Tâm មានភូមិវប្បធម៌ចំនួន ៤ ក្នុងចំណោមភូមិទាំង ៨ ហើយយើងខ្ញុំកំពុងបំពេញបែបទដើម្បីទទួលស្គាល់ភូមិចំនួន ៤ នៅសល់នាខែវិច្ឆិកា និងខែធ្នូឆ្នាំនេះ។ នាពេលថ្មីៗនេះ មន្ទីរកសិកម្ម និងអភិវឌ្ឍន៍ជនបទខេត្ត Soc Trang បានចុះមកធ្វើការអង្កេត ហើយលទ្ធផលបានបង្ហាញថា ឃុំ Dai Tam ត្រឹមតែត្រូវការការវិនិយោគបន្ថែមបន្តិចបន្តួចប៉ុណ្ណោះ គឺសម្រេចបានជនបទថ្មីបែបគំរូហើយ”។
ឃុំ Dai Tam បានផ្ដោតសំខាន់លើការអភិវឌ្ឍកសិកម្មប្រើប្រាស់វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា តួរយ៉ាងគឺគំរូដាំបន្លែគ្មានជាតិគីមីនៅភូមិ Dai An និងភូមិ Dai Nghia Thang បានប្រើប្រាស់ប្រព័ន្ធធារាសាស្រ្តដោយស្វ័យប្រវត្តិ កាត់បន្ថយពេលវេលា និងកម្លាំងពលកម្ម ព្រមទាំងសន្សំសំចៃទឹកទៀតផង។ ឃុំបានជំរុញខ្លាំងការដាំដុះដំណាំស្រូវ ជាពិសេសឃុំមានផ្ទៃដី៩០០ ហិកតា ដើម្បីដាំស្រូវ ST ២៥ (ពូជស្រូវដែលត្រូវបានលោកវិស្វករ Ho Quang Cua និងសហការីបង្កាត់ ជ្រើសរើសពីពូជស្រូវក្រអូបល្បីឈ្មោះប្រចាំខេត្ត Soc Trang ហើយទទួលបានកិត្តិនាមជាអង្ករឆ្ងាញ់ពិសារបំផុតនៅលើពិភពលោកឆ្នាំ ២០១៩)។ លោក Lam Minh Ha កសិករម្នាក់នៅឃុំ Dai Tam បានឲ្យដឹងថា៖
“គ្រួសារខ្ញុំមានផ្ទៃដី ៧ ២០០ ម៉ែត្រការ៉េសម្រាប់ដាំពូជស្រូវ ST25 ហើយត្រូវបានគេប្រមូលទិញគ្រាប់ពូជ។ នៅទីនេះ មានរដូវប្រមូលផលស្រូវចំនួន ២ ដង ក្នុង ១ ឆ្នាំ។ ក្នុងរដូវប្រមូលផលនីមួយៗ ផ្ទៃដី ១ ម៉េត្រការ៉េគឺទទួលបានប្រាក់ចំណេញប្រមាណ ២,៥លានដុង (១០៥ដុល្លារអាមេរិក) ក្នុងមួយរដូវប្រមូលផល ពោលគឺទទួលបានប្រាក់ចំណេញប្រមាណ ៥ លានដុងក្នុងមួយឆ្នាំ។ អ្នកឃុំ Dai Tam ភាគច្រើនបានដាំដើមគូឆាយ និងដើមខ្ទឹមហ្រហម ហើយផ្ទៃដី ១ ០០០ ម៉ែត្រការ៉េគឺទទួលបានប្រាក់ចំណេញប្រមាណ ៥០ លានដុងក្នុងមួយឆ្នាំផងដែរ”។
ឃុំ Dai Tam ខេត្ត Soc Trang ឆ្ពោះទៅសម្រេចគោលដៅជនបទថ្មីបែបគំរូ |
ដើម្បីជំរុញការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាព ឃុំ Dai Tam មានគោលការណ៍ជួយឧបត្ថម្ភប្រាក់កម្ចីជាមួយអត្រាការប្រាក់អនុគ្រោះសម្រាប់សហគ្រាសធុនតូច និងមធ្យម។ លោក Truong Tan Lam អនុប្រធានគណៈកម្មាធិការប្រជាជនឃុំ Dai Tam បានឲ្យដឹងថា៖
“ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងទៅ ធនាគារគោលនយោបាយសង្គមខេត្ត Soc Trang បានជួយឧបត្ថម្ភដល់ប្រជាជនខ្ចីប្រាក់កម្ចីអនុគ្រោះប្រមាណ ៤០ ពាន់លានដុង (ជិត ១,៧ លានដុល្លារអាមេរិក)។ ឃុំបានទាញយកប្រភពកម្លាំងជួយឧបត្ថម្ភរបស់ខេត្ត ដើម្បីជួយឧបត្ថម្ភសហគ្រាសធុនតូច និងមធ្យម។ ឃុំបានបង្កលក្ខណៈងាយស្រួលដល់សហគ្រាសជួលដី ទិញដី និងដាំស្មៅចិញ្ចឹមគោ។ ទន្ទឹមនឹងនោះ ឃុំបានរៀបចំវគ្គហ្វឹកហាត់បច្ចេកទេសដាំស្រូវ និងចិញ្ចឹមគោ។ ការកាត់បន្ថយភាពក្រីក្រក៏អាស្រ័យលើហ្វូងគោយកទឹកដោះផងដែរ។ ដូច្នេះហើយនាបច្ចុប្បន្ន បរិមាណគ្រួសារក្រីក្រ និងនៅខ្សែបន្ទាត់ក្រីក្រមានត្រឹមតែ២,៥%ប៉ុណ្ណោះ”។
ឃុំ Dai Tam ក៏បានយកចិត្តទុកដាក់ពិសេសដល់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវគមនាគមន៍។ នាបច្ចុប្បន្ន ឃុំមានផ្លូវលំជនបទប្រវែង ៥,៦ គីឡូម៉ែត្រ ដែលត្រូវបានក្រាលកៅស៊ូដោយសម្រេចបានអត្រាខ្ពស់បង្គួរបើប្រៀបធៀបនឹងឃុំដទៃទៀតនៅភូមិសាស្ត្រខេត្ត Sóc Trăng។ ដោយម្ចាស់ការច្នៃប្រឌិតក្នុងការកសាងជនបទថ្មី ឃុំ Dai Tam កំពុងខិតខំប្រឹងប្រែងសម្រេចឲ្យបានរាល់ស្តង់ដារជនបទថ្មីបែបគំរូក្នុងឆ្នាំនេះ។ ប្រសិនបើសម្រេចបានគំរូជនបទថ្មីបែបគំរូក្នុងឆ្នាំនេះ ឃុំ Dai Tam នឹងក្លាយទៅជាឃុំដើមដំបូងនៅស្រុក My Xuyen សម្រេចបានស្តង់ដារជនបទថ្មីបែបគំរូផងដែរ៕