កសិដ្ឋានចិញ្ចឹមសេះ Ba Van៖ កន្លែងសុខសាន្តនៅលើវាលស្មៅបៃតង

Chia sẻ

(VOVWORLD) - កសិដ្ឋានសេះ Ba Van គឺជាគោលដៅទេសចរណ៍ដ៏គួរឱ្យចាប់អារម្មណ៍មួយនៅពេលធ្វើដំណើរកំសាន្តនៅខេត្ត Thai Nguyen ជាខេត្តរួមបញ្ចូលពីខេត្ត Bac Kan និង Thai Nguyen។ ដោយមានចម្ងាយប្រហែល ១២ គីឡូម៉ែត្រពីមជ្ឈមណ្ឌលខេត្ត Thai Nguyen នោះ កសិដ្ឋានសេះ Ba Van គឺជាកន្លែងស្រាវជ្រាវ អភិវឌ្ឍន៍និងបង្កាត់ពូជសេះដ៏ធំបំផុតនៅក្នុងប្រទេសវៀតណាម។

មជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍ការចិញ្ចឹមសត្វតំបន់ភ្នំ (ឬត្រូវបានគេហៅថា កសិដ្ឋានសេះ Ba Van) នៅឃុំ Binh Son ទីក្រុង Song Cong មើលទៅដូចជាវាលស្មៅខ្នាតតូចមួយអញ្ចឹង។

ផ្លូវពីខ្លោងទ្វារចូលទៅមជ្ឈមណ្ឌល មានរងផ្កាពីរជួរនៅសង្ខាងរីកស្គុះស្គាយបង្អួតសម្រស់។ ទិដ្ឋភាពនៃវាលស្មៅដ៏ធំល្វឹងល្វើយនៅតាមមាត់ទន្លេ Cong ដែលមានហ្វូងសេះកំពុងស៊ីស្មៅ ឬរត់ដេញគ្នាដោយសេរី ធ្វើឱ្យអ្នកទស្សនាមានអារម្មណ៍ថាដូចជាពួកគេកំពុងឈរនៅកណ្តាលវាលស្មៅម៉ុងហ្គោលីអញ្ចឹង។

កសិដ្ឋានចិញ្ចឹមសេះ Ba Van៖ កន្លែងសុខសាន្តនៅលើវាលស្មៅបៃតង - ảnh 1កសិដ្ឋានចិញ្ចឹមសេះ Ba Van ជាកន្លែងស្រាវជ្រាវ អភិរក្ស បង្កាត់ពូជសេះជាច្រើន។ រូបថត៖ thaiinguyentourism.vn

កសិដ្ឋានសេះត្រូវបានបែងចែកទៅជាតំបន់ដាច់ដោយឡែកពីគ្នាជាច្រើន។ តំបន់នីមួយៗមានពូជសេះខុសៗគ្នា។ ក្នុងចំណោមនោះ សត្វសេះដែលមានតម្លៃបំផុតគឺសេះប្រណាំង និងសេះស។ ក្រៅពីនោះ ក៏មានពូជសេះកាត់ផ្សេងទៀតផងដែរ។

សេះរបស់មជ្ឈមណ្ឌលភាគច្រើនត្រូវបានលក់ជូនកងទ័ព និងប្រជាជននៃបណ្ដាខេត្តភ្នំភាគខាងជើង ធ្វើជាមធ្យោបាយល្បាត ដឹកទំនិញ និងបម្រើការប្រណាំងសេះក្នុងពិធីបុណ្យជាច្រើនរបស់ប្រជាជនបណ្ដាជនជាតិក្នុងខេត្ត៖ Ha Giang, Cao Bang និង Lao Cai ចាស់។

ចំណុចដ៏គួរឱ្យចាប់អារម្មណ៍បំផុតនៅកសិដ្ឋានសេះ Ba Van គឺហ្វូងសេះដែលត្រូវបានប្រលែងដោយសេរីនៅលើវាលស្មៅដ៏ធំល្វឹងល្វើយ ជាពិសេសចាប់ពីម៉ោង ១០ ព្រឹកដល់ម៉ោង ១៥ រសៀលជារៀងរាល់ថ្ងៃ។ សូរសំឡេងសេះរត់ លាន់លឺរំពងលើវាលស្មៅដ៏ខៀវស្រងាត់ ដែលបង្កើតឡើងទិដ្ឋភាពដ៏គួរឲ្យចាប់អារម្មណ៍យ៉ាងខ្លាំង។

ក្រៅពីភារកិច្ចចម្បងនោះគឺការស្រាវជ្រាវ អភិវឌ្ឍពូជ និងបសុសត្វនោះ ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ មជ្ឈមណ្ឌលក៏កំពុងប្រែក្លាយកន្លែងនេះទៅជាគោលដៅទេសចរណ៍ដ៏ទាក់ទាញផងដែរ។ ភ្ញៀវទេសចរ អាចទស្សនា និងជិះលើខ្នងសេះដ៏មាំមួន។ លោកស្រី Nguyen Thi Lan ប្រធាន មជ្ឈមណ្ឌលស្រាវជ្រាវនិងអភិវឌ្ឍន៍ការចិញ្ចឹមសត្វតំបន់ភ្នំ បានឲ្យដឹងថា៖

"ដើម្បីអាចប្រាស្រ័យទាក់ទង និងចេះជិះសេះបាន អ្នកត្រូវតែរៀនយ៉ាងល្អិតល្អន់។ ភ្ញៀវទេសចរជាច្រើនមកទីនេះដើម្បីកក់កម្មវិធីរៀន ហ្វឹកហាត់ ហើយបានចេះជិះសេះ។ ចំណាយពេលត្រឹមតែ ២ ខែប៉ុណ្ណោះ អ្នកអាចជិះបានយ៉ាងល្អហើយ។ សេះនៅទីនេះត្រូវបានផ្សាំងហើយ ដូច្នេះភ្ញៀវទេសចរត្រូរការពេលត្រឹមតែ ១៥ នាទីគឺអាចជិះបាន"។

កសិដ្ឋានចិញ្ចឹមសេះ Ba Van៖ កន្លែងសុខសាន្តនៅលើវាលស្មៅបៃតង - ảnh 2ភ្ញៀវទេសចរជិះសេះក្រោមការណែនាំរបស់បុគ្គលិកកសិដ្ឋាន។ រូបថត៖ thaiinguyentourism.vn

កសិដ្ឋានសេះ Ba Van ក៏ជាកន្លែងសម្រាប់អ្នកស្រាវជ្រាវ និងនិស្សិតមកពិសោធន៍ សិក្សារៀនសូត្រនិងធ្វើលំហាត់ផងដែរ។ លោក Ta Van Can នាយករងមជ្ឈមណ្ឌលស្រាវជ្រាវនិងអភិវឌ្ឍន៍ការចិញ្ចឹមសត្វតំបន់ភ្នំ បានចែករំលែកថា៖

"នៅឆ្នាំ ២០១៩ មជ្ឈមណ្ឌលត្រូវបានប្រគល់ភារកិច្ចបន្ថែមក្នុងការកសាង និងអប់រំគំរូពិសោធន៍សម្រាប់សិស្ស និស្សិតនៅទាំងក្នុងនិងក្រៅប្រទេស។ នេះជាកសិដ្ឋានសេះដ៏ធំបំផុត និងជាកសិដ្ឋានចិញ្ចឹមសេះប្រមូលផ្តុំនៅវៀតណាម ក៏ដូចជានៅអាស៊ីអាគ្នេយ៍។ នៅទីនេះ យើងមានវាលស្មៅសម្រាប់បម្រើហ្វូងសេះ ដូច្នេះភ្ញៀវទេសចរដែលមកទីនេះ អាចទទួលបានបទពិសោធន៍ដូចជាការធ្វើដំណើរនៅលើវាលស្មៅម៉ុងហ្គោលីអញ្ចឹង។"

ដើម្បីផ្សព្វផ្សាយ កសាង និងអភិវឌ្ឍន៍ដំណើរទេសចរណ៍ដែលផ្សារភ្ជាប់នឹងគោលដៅទេសចរណ៍ដ៏គួរអោយចាប់អារម្មណ៍ដូចជាកសិដ្ឋានសេះ Ba Van នៅ Thai Nguyen នាពេលខាងមុខ លោក Nguyen Thanh Luan នាយកមជ្ឈមណ្ឌលព័ត៌មានផ្សព្វផ្សាយទេសចរណ៍ខេត្ត Thai Nguyen បានឲ្យដឹងថា៖

“យើងអភិវឌ្ឍន៍ដំណើរទេសចរណ៍ ទីកន្លែងថ្មីៗ ជាពិសេសគឺផលិតផលទេសចរណ៍ ដើម្បីអភិវឌ្ឍន៍ទេសចរណ៍ Thai Nguyen ឲ្យទាក់ទាញភ្ញៀវទេសចរមកដល់ Thai Nguyen ដើម្បីបង្កើតផលិតផលថ្មី និងគួរអោយចាប់អារម្មណ៍សម្រាប់ទេសចរណ៍ Thai Nguyen”។

កសិដ្ឋានសេះ Ba Van មិនត្រឹមតែជាកន្លែងអភិរក្ស និងអភិវឌ្ឍន៍ពូជសេះដ៏មានតម្លៃប៉ុណ្ណោះទេ ថែមទាំងជាគោលដៅដ៏ល្អឥតខ្ចោះសម្រាប់អ្នកដែលចង់រកមកនឹងធម្មជាតិវិញ ទទួលបទពិសោធន៍ជីវភាពនៅជនបទ និងផ្សារភ្ជាប់ជាមួយសហគមន៍៕

ប្រតិកម្មទៅវិញ