VOVWORLD_កំពែងបុរាណ Quang Tri ស្ថិតនៅក្បែរទន្លេ Thach Han ដែល
ធ្លាប់ជាទីប្រយុទ្ធដ៏កាចសាហាវក្នុងសង្គ្រាមការពារប្រទេសនៃជនជាតិវៀត
ណាម។ទីនេះប្រៀបដូចជាផ្នូររួមនៃបណ្តាយុទ្ធជនដែលបានពលីជីវិតដើម្បី
សន្តិភាពនិងឯករាជ្យនៃប្រទេសជាតិ។នាបច្ចុប្បន្នកំពែងបុរាណ Quang Tri
បានក្លាយទៅជាតំបន់ទេសចរណ៍ទាក់ទាញទឹកចិត្តភ្ញៀវយ៉ាងខ្លាំង។
កំពែងបុរាណ Quang Tri ត្រូវបានកសាងឡើងក្រោមរាជកាលស្តេច Gia
Long នាឆ្នាំ១៨០៩។ នាគ្រាដំបូងកំពែងបានសាងសង់ឡើងពីដី។ ដល់ឆ្នាំ
១៨៣៧ស្តេចMinh Mang បញ្ជាឲ្យកសាងរឹងមាំជាងដោយមានជញ្ជាំងខ្ពស់
និងបឹងទឹកជ្រៅព័ទ្ធជុំវិញដែលមានបរិមាត្ររង្វង់ជាង២០០០ម៉ែត្រនិងផ្ទៃ
២០ហិកតា។ នៅសម័យសក្តិភូមិកំពែង Quang Tri ជាមូលដ្ឋានសឹកនិង
មជ្ឈមណ្ឌូលរដ្ឋបាលនយោបាយសេដ្ឋកិច្ច។ ឆ្លងកាត់ការប្រែប្រួលយ៉ាង
ស្មុគស្មាញនៃប្រវតិ្តសាស្រ្តជាពិសេសគឺក្រោយពីការចុះកិច្ចព្រមព្រៀង
ក្រុង Geneve កាលពីឆ្នាំ១៩៥៤មកខ្សែស្របរយៈទទឹង១៧ដែលជាប់នឹង
ទន្លេ Ben Hai នោះបានក្លាយទៅជាព្រំដែនយោធាជាបណ្តោះអាសន្ន
ដោយអារកាត់ប្រទេសវៀតណាមជាពីរភាគជើងនិងត្បូង។ទីរួមខេត្ត
Quang Tri រាប់ទាំងកំពែងបុរាណQuang Tri ផងបានក្លាយទៅជា
មជ្ឈមណ្ឌូលនយោបាយសេដ្ឋកិច្ចនិងយោធារបស់ខេត្តមួយជាប់ភូមិភាគ
ខាងត្បូង។
“ដោយមានទីតាំងនៅកណ្តាលទីរួមខេត្តរួមជាមួយការផ្លាស់ប្តូរគោល
ដៅប្រើប្រាស់ក្រោមរបបវៀតណាមប្រជាធិបតេយ្យបានជាតួនាទីនៃកំពែង
បុរាណ Quang Tri មានសារៈសំខាន់ណាស់។ នាពេលសភាពការនៅ
សមរភូមិមានការប្រែប្រួលនិងការតស៊ូនយោបាយយោធារវាងភាគីទាំងពី
កាន់តែកាចសាហាវឡើងៗនោះគឺកំពែងបុរាណQuang Triនេះឯងជាកន្លែង
កើតមានព្រឹត្តិការទាំងឡាយចាប់ពីឆ្នាំ១៩៥៤រហូតដល់ឆ្នាំ១៩៧២។នេះជា
មូលហេតុកំពែងបុរាណ Quang Tri ជាទីប្រយុទ្ធកន្លោងអស់រយៈពេល៨១
ថ្ងៃនាដូវក្តៅឆ្នាំ១៩៧២”។
ក្នុងរយៈ៨១ថ្ងៃយប់នោះអាមេរិកនិងរដ្ឋអំណាចវៀតណាម
ប្រជាធិបតេយ្យបានប្រើកំលាំងទ័ពជាមួយបរិមាណគ្រាប់បែកដ៏ធំ
សម្បើមដើម្បីវាយយកទីតាំងយុទ្ធសាស្រ្តនេះ។ ដោយសារត្រូវរងការបំផ្លិច
បំផ្លាញយ៉ាងធ្ងន់ធ្ងរនៃគ្រាប់បែកនិងសព្វាវុធគ្រប់ប្រភេទបានជាក្រោយពី
មានសន្តិភាពឡើងវិញកំពែងបុរាណនៅសល់តែស្លាកស្នាមនៃកំណាត់
ជញ្ជាំងមួយចំនួនតែប៉ុណ្ណោះ។ ចាប់ពីឆ្នាំ១៩៩៣ដល់ឆ្នាំ១៩៩៥រដ្ឋអំណាច
ខេត្ត Quang Tri បានជួសជុលប្រព័ន្ធបឹងស្ពានលូទឹកជញ្ជាំងនិងគោបុរៈទី
១នៃកំពែង។ ជាពិសេសវិមានអនុស្សាវរីយ៍ធំមួយកន្លែងត្រូវបានកសាង
ឡើងនៅចំកណ្តាលកំពែងបុរាណដោយបង្កើតជារូបរាងក្លោងទ្វារទាំង
បួន។នៅក្បែរនោះគឺរូបចំលាក់៨១ផ្ទាំងជានិមិត្តរូបនៃការប្រយុទ្ធរយៈ៨១
ថ្ងៃយប់ដែលចាប់ផ្តើមនាថ្ងៃទី២៨មិថុនានិងបញ្ចប់នាថ្ងៃទី១៦កញ្ញាឆ្នាំ
១៩៧២។ អ្នកស្រីCap Thi Thien Trang ប្រធានគណៈកម្មការគ្រប់គ្រង
កេរ៌្តតំណែលកំពែងបុរាណQuang Triបានឲ្យដឹងថា
“ដោយមានការយកចិត្តទុកដាក់របស់បក្សនិងរដ្ឋកេរ៌្តតំណែលកំពែង
បុរាណQuang Triត្រូវបានជួសជុលនិងកែលំអរឲ្យក្លាយទៅជាមណ្ឌល
រំលឹកវិញ្ញាណក្ខន្ធយុទ្ធជនពលី។ខុសពីឈាបនដ្ឋានយុទ្ធជនពលី Truong
Son និងឈាបនដ្ឋានផ្លូវលេខ៩ដែលនៅទីនោះយុទ្ធជនពលីម្នាក់ៗបាន
កបក្នុងផ្នូរមួយទោះបីជាមានឈ្មោះឬអត់ក៏ដោយតែកេរ៌្តតំណែលកំពែង
បុរាណQuang Triត្រូវបានប្រៀបដូចជាឈាបនដ្ឋានមួយកន្លែងដែលមាន
ផ្នូររួមមួយតែប៉ណ្ណោះ។ ហើយវិមានអនុស្សាវរីយ៍នេះជាផ្នូររួមសំរាប់
យុទ្ធជនរាប់ពាន់នាក់ដែលបានពលីជីវិតក្នុងការប្រយុទ្ធ៨១ថ្ងៃយប់
ការពារ Quang Tri”។
ជារៀងរាល់ឆ្នាំមានអតីតយុទ្ធជនជាច្រើននាក់បានវិលមកទស្សនា
កំពែងបុរាណQuang Tri។ ឧត្តមសេនីយ៍ត្រី Vu Quoc Hung អតីត
អនុប្រធានវិទ្យាស្ថានយុទ្ធសាស្រ្តក្រសួងការពារប្រទេសវៀតណាមបាន
សំណោះសំណាលថា
“ខ្ញុំបានវិលត្រឡបមកទស្សនាកន្លែងនេះជាច្រើនលើកច្រើនសារ
ហើយ។ មកទស្សនាកន្លែងដែលខ្លួនធ្លាប់គៀកស្មាប្រយុទ្ធជាមួយយុទ្ធមិត្តគឺ
ខ្ញុំរំជួលចិត្តយ៉ាងខ្លាំងដោយសារខ្ញុំជាអ្នកមានសំណាងដែលនៅរស់រានមាន
ជីវិតតែយុទ្ធមិត្តជាច្រើនរបស់ខ្ញុំបានពលីជីវិតយ៉ាងអង់អាចក្លាហាននៅលើ
ទឹកដី Quang Tri នេះ”។
មកទស្សនាកំពែងបុរាណ Quang Tri ក្រៅពីក្រុមអតីតយុទ្ធជនក៏ឃើញ
មានប្រជាជនទាំងចាស់ទាំងក្មេងផងដែរ។ អ្នកស្រី Le Thi Tam ជា
មគ្គុទេសទេសចរណ៍កេរ៌្តតំណែលកំពែងបុរាណQuang Triឲ្យដឹងថា
“ភ្ញៀវមកច្រើនបំផុតគឺចាប់ពីដើមខែមិនាដល់ចុងខែកញ្ញាពិសេសគឺ
ក្នុងឱកាសទិវារំដោះភាគខាងត្បូងនិងទិវាយុទ្ធជនពិកាយុទ្ធជនពលី២៧
ខែកក្កដា។ នាងខ្ញុំមានការចាប់អារម្មណ៍ខុសគ្នាពេលឧទេ្ទសនាមជាមួយ
ភ្ញៀវអំពីកេរ៌្តតំណែលនេះ។ ពេលណែនាំក្រុមអតីតយុទ្ធជននាងខ្ញុំមាន
មោទនភាពយ៉ាងខ្លាំងដោយសារអ៊ុំៗជាអ្នករំដោះជាតិ។ រីឯចំពោះភ្ញៀវ
អាយុវ័យក្មេងនាងខ្ញុំខិតខំអត្ថាធិប្បាយឲ្យគេយល់ច្បាស់ថែមទៀតអំពី
ប្រវតិ្តសាស្រ្តត្រចះត្រចង់ពីជំនាន់ដូនតា”។
នាឆ្នាំ២០១៤កំពែងបុរាណ Quang Tri ត្រូវបានទទួលស្គាល់ជា
កេរ៌្តតំណេលជាតិពិសេស។ មកទស្សនាកន្លែងនេះភ្ញៀវនឹងមានចំណាប់
អារម្មណ៍អំពីសង្គ្រាមនិងសន្តិភាពព្រមទាំងស្រឡាញ់ជីវិតក្នុងសន្តិភាព
ដែលបុគ្គលម្នាក់ៗកំពុងបានរស់នេះថែមទៀត៕