Vinh Hy – Binh Lap៖ ខ្សែផ្លូវដ៏ពោរពេញទៅដោយចំណាប់អារម្មណ៍

Chia sẻ

(VOVWORLD) - Ninh Thuan (ដែលបានរួមបញ្ចូលទៅក្នុងខេត្ត Khanh Hoa) ជាទឹកដីដែលនៅតែរក្សាបាននូវលក្ខណៈរហោស្ថាននិងសាមញ្ញនៃតំបន់ឆ្នេរប៉ែកខាងត្បូងភូមិភាគកណ្ដាលនោះ មិនត្រឹមតែល្បីល្បាញដោយវាលអំបិល ចម្ការទំពាំងបាយជូរ ឬប្រាសាទចាមដ៏បុរមបុរាណប៉ុណ្ណោះទេ កន្លែងនេះថែមទាំងមាន “កំណប់ទ្រព្យ” មួយដែលអ្នកចូលចិត្តធ្វើដំណើរកំសាន្តណាម្នាក់ ក៏ចង់មកម្តងដែរ នោះគឺខ្សែផ្លូវតាមឆ្នេរសមុទ្រ DT៧០២ ឬក៏ត្រូវបានគេហៅថា ខ្សែផ្លូវ Vinh Hy – Binh Lap។ 

Vinh Hy – Binh Lap៖ ខ្សែផ្លូវដ៏ពោរពេញទៅដោយចំណាប់អារម្មណ៍ - ảnh 1ខ្សែផ្លូវនេះឆ្លងកាត់គោលដៅទេសចរណ៍ល្បីៗជាច្រើនដូចជា៖ ចម្ការទំពាំងបាយជូរ Thai An ដ៏ធំបំផុតនៅខេត្ត Ninh Thuan; រូងភ្នំ Rai ឈូងសមុទ្រ Vinh Hy ឆ្នេរសមុទ្រ Ninh Chu...។ (រូបថត៖Anh Duc/laodong.vn)

ត្រូវបានគេស្គាល់ថា ជាផ្លូវមួយក្នុងចំណោមផ្លូវដ៏ស្រស់ស្អាតបំផុតនៅក្នុងប្រទេសវៀតណាមនោះ ផ្លូវ DT៧០២ គឺជាការធ្វើដំណើរដ៏គួរឱ្យចាប់អារម្មណ៍មួយ ដែលពន្លឺព្រះអាទិត្យ ខ្យល់ និងសមុទ្របានលាយបញ្ចូលគ្នាបង្កើតជាផ្ទាំងគំនូរទេសភាពដ៏អស្ចារ្យ។

ដោយមានប្រវែងប្រហែល ៦០ គីឡូម៉ែត្រ ផ្លូវ DT៧០២ ផ្អែកខ្នងមកលើឧទ្យានជាតិ Nui Chua បែរមុខទៅសមុទ្រខាងកើត។ ខ្សែផ្លូវនេះឆ្លងកាត់គោលដៅទេសចរណ៍ល្បីៗជាច្រើនដូចជា៖ ចម្ការទំពាំងបាយជូរ Thai An ដ៏ធំបំផុតនៅខេត្ត Ninh Thuan; រូងភ្នំ Rai ឈូងសមុទ្រ Vinh Hy ឆ្នេរសមុទ្រ Ninh Chu... មានទីបង្អង់ដំណើរជាច្រើននៅតាមបណ្តោយផ្លូវនេះ ដើម្បីភ្ញៀវទេសចរអាចគយគន់ទេសភាពធម្មជាតិដ៏អស្ចារ្យនៃទឹកដីនេះ។

តាមបទពិសោធន៍របស់អ្នកដែលចូលចិត្តធ្វើដំណើរកំសាន្ត ពេលវេលាដ៏ល្អបំផុតដើម្បីទៅទស្សនាខ្សែផ្លូវនេះគឺចាប់ពីខែមីនាដល់ខែកញ្ញា។ ពីមជ្ឈមណ្ឌលទីក្រុង Phan Rang - Thap Cham ឆ្ពោះទៅសមុទ្រ គោលដៅដំបូងនៅលើខ្សែផ្លូវនេះ គឺឆ្នេរសមុទ្រ Ninh Chu។

កន្លែងនេះត្រូវបានគេស្គាល់ថា ជាឆ្នេរមួយក្នុងចំណោមឆ្នេរដ៏ស្រស់ស្អាតបំផុតទាំង ៩ នៅប្រទេសវៀតណាម ដោយមានទឹកសមុទ្រពណ៌ខៀវស្រងាត់ ឆ្នេរខ្សាច់ម៉ត់ខែ និងជាកន្លែង
ឈប់សម្រាកដ៏ល្អឥតខ្ចោះសម្រាប់សកម្មភាពទេសចរណ៍សមុទ្រដូចជា៖ ហែលទឹក ជិះស្គី ស្ទូចត្រី ជិះទូក... អ្នកស្រី Tran Ngoc Chau ភ្ញៀវទេសចរមកពីទីក្រុងហាណូយ ចែករំលែកថា៖

“នៅតាមមាត់សមុទ្រមានឆ្នេរចំនួន ៣ រួមមាន៖ ឆ្នេរ Ninh Chu ឆ្នេរ Phan Rang និងឆ្នេរ Binh Son។ ក្នុងនោះ ឆ្នេរ Ninh Chu គឺស្អាតជាងគេ។ ពេលព្រឹកនៅទីនេះ យើងអាចគយគន់ថ្ងៃរះ ដែលពិតជាស្អាត ស្រស់ស្រាយ និងសុខសាន្តមែនទ៉ែន។ សមុទ្រនៅ Ninh Chu ក៏គួរឱ្យចាប់អារម្មណ៍ខ្លាំងដែរ នោះគឺមានផ្លូវភ្នំនាំទៅសមុទ្រ ដូច្នេះខ្ញុំអាចគយគន់សមុទ្រដ៏ធំល្វឹងល្វើយផង និងទេសភាពព្រះអាទិត្យរះពីលើភ្នំផង។ តាំងពីព្រឹកព្រលឹម ខ្ញុំបានឃើញប្រជាពលរដ្ឋដើរថ្មើជើង លំហាត់ប្រាណ និងហាត់យូហ្គានៅលើឆ្នេរ។ ទិដ្ឋភាពបែបនេះធ្វើឱ្យខ្ញុំមានអារម្មណ៍សម្របខ្លួនទៅក្នុងធម្មជាតិយ៉ាងពិតប្រាកដ។ ប្រជាពលរដ្ឋនៅទីនេះក៏រួសរាយរាក់ទាក់ណាស់”។

Vinh Hy – Binh Lap៖ ខ្សែផ្លូវដ៏ពោរពេញទៅដោយចំណាប់អារម្មណ៍ - ảnh 2មានទីបង្អង់ដំណើរជាច្រើននៅតាមបណ្តោយផ្លូវនេះ ដើម្បីភ្ញៀវទេសចរអាចគយគន់ទេសភាពធម្មជាតិដ៏អស្ចារ្យនៃទឹកដីនេះ។ (រូបថត៖ Anh Duc/laodong.vn)

ឆ្លងកាត់សមុទ្រ Ninh Chu ខ្សែផ្លូវឆ្នេរ DT៧០២ ចាប់ផ្តើមបង្ហាញពីភាពស្រស់ស្អាតដ៏អស្ចារ្យរបស់វា ដែលកំពូលគឺកំណាត់ពីឈូងសមុទ្រ Vinh Hy ទៅកាន់ Binh Tien។ នេះត្រូវបានគេចាត់ទុកថាជា "បេះដូង" នៃខ្សែផ្លូវ ដែលបង្កើតចំណាប់អារម្មណ៍ខ្លាំងបំផុតសម្រាប់អ្នកដែលធ្លាប់ធ្វើដំណើរឆ្លងកាត់។ ផ្លូវនេះប្រៀបប្រដូចជាខ្សែសូត្រទន់ល្មើយមួយ ស្ថិតនៅចន្លោះសមុទ្រដ៏ធំល្វឹងល្វយនៅផ្នែកម្ខាង និងច្រាំងថ្មកំបោរដ៏ខ្ពស់ត្រដែតនៅម្ខាងទៀត។ គោលដៅដែលមិនគួររំលងនៅលើខ្សែផ្លូវនេះគឺ ឈូងសមុទ្រ Vinh Hy។ ឈូងសមុទ្រត្រូវបានហ៊ុំព័ទ្ធដោយជួរភ្នំថ្មកំបោរដ៏សម្បើម ខាងក្រោមគឺជាផ្ទៃទឹកពណ៌ខៀវស្រងាត់ដែលអ្នកអាចមើលឃើញជួរផ្កាថ្មចម្រុះពណ៌ បង្កើតបានជាទេសភាពធម្មជាតិដ៏គួរឱ្យចាប់អារម្មណ៍។ ភ្ញៀវទេសចរ ពេលមកទីនេះអាចចូលរួមក្នុងសកម្មភាពដ៏ទាក់ទាញជាច្រើនដូចជា៖ មុជទឹកគយគន់ផ្កាថ្ម ជិះទូកកញ្ចក់ ស្ទូចត្រី ឬសម្រាកលំហែកាយនៅលើឆ្នេរខ្សាច់រលោងពណ៌ស។ ឆ្នេរសមុទ្រ Vinh Hy នៅតែរក្សាបាននូវសភាពដើម ដែលរងផលប៉ះពាល់តិចតួចពីមនុស្ស ដូច្នេះនាំមកនូវបរិយាកាសដ៏ស្ងប់ស្ងាត់ និងស្រស់ស្រាយ។ អ្នកស្រី Nguyen Anh Dao ភ្ញៀវទេសចរមកពីទីក្រុង Da Nang បានឲ្យដឹងថា៖

“នៅទីនេះផ្ទៃមេឃខៀវ ទឹកថ្លា ទេសភាពស្អាតណាស់។ មកទីនេះ ភ្ញៀវទេសចរអាចគេចចេញពីភាពអ៊ូអរមមាញឹកក្នុងទីក្រុង ឬទីតាំងទេសចរណ៍ដែលមានមនុស្សច្រើនពេក។ មកទីនេះដើម្បីទទួលយកបទពិសោធន៍ដ៏ស្ងប់ស្ងាត់នៃសមុទ្រ Vinh Hy”។

ផ្លូវតាមឆ្នេរ Ninh Thuan មិនត្រឹមតែមានទេសភាពធម្មជាតិដ៏ស្រស់បំព្រងប៉ុណ្ណោះទេ ថែមទាំងនាំភ្ញៀវទេសចរខិតមកជិតជីវភាព វប្បធម៌ និងមុខម្ហូបដ៏ពិសេសនៃទឹកដីនេះទៀតផង។ Ninh Thuan ត្រូវបានគេស្គាល់ថាជា "ទឹកដីនៃទំពាំងបាយជូ" ហើយចំការទំពាំងបាយជូរ Thai An គឺជាចំការមួយក្នុងចំណោមចំការទំពាំងបាយជូរដ៏ធំបំផុតនៅក្នុងតំបន់។ នៅទីនេះ ភ្ញៀវទេសចរអាចចូលទស្សនាសួនចំការ ជាមួយនឹងដើមទំពាំងបាយជូរពណ៌ខៀវស្រងាត់ ហើយបេះកណ្ដុំទំពាំងបាយជូទុំៗ ដោយខ្លួនឯង ក៏ដូចជាភ្លក់រសជាតិផលិតផល ដូចជា៖ ស្រាទំពាំងបាយជូរ ទឹកឃ្មុំទំពាំងបាយជូ ទឹកស៊ីរ៉ូទំពាំងបាយជូរ ឬទំពាំងបាយជូរស្រស់នៅហ្នឹងចំការ។ សម្រាប់ភ្ញៀវទេសចរជាច្រើន នេះគឺជាបទពិសោធន៍ដ៏គួរឱ្យចាប់អារម្មណ៍មួយ។

“នេះជាលើកទីមួយហើយដែលខ្ញុំបានទៅចំការទំពាំងបាយជូរដ៏ធំបែបនេះ។ ខ្ញុំអាចបេះផ្លែទំពាំងបាយជូរទុំដោយផ្ទាល់ ហើយទទួលទានតែម្ដង”។

“ខ្ញុំមានការចាប់អារម្មណ៍ខ្លាំងនៅពេលមកទីនេះ។ ចំការធំណាស់ មានទំពាំងបាយជូរច្រើន ហើយផ្លែស្រស់ៗ ឆ្ងាញ់ណាស់ តម្លៃក៏សមរម្យដែរ។ ជាពិសេសនោះគឺមានទេសភាពស្រស់ស្អាតមែនទែនសម្រាប់ការថតរូប”។

ក្រៅពីទីបង្អង់ដំណើរល្បីៗដូចបានរៀបរាប់ខាងលើ ក្នុងការធ្វើដំណើរពី Vinh Hy ទៅ Binh Lap ភ្ញៀវទេសចរក៏អាចទៅទស្សនាកន្លែងដ៏ទាក់ទាញផ្សេងទៀតដូចជា៖ រូងភ្នំ Rai ដែលល្បីល្បាញដោយដុំថ្មបុរាណដាក់តម្រៀបតម្រួតលើគ្នា បង្កើតជារូងភ្នំតូចៗ; ឆ្នេរសមុទ្រដូចជា៖ ឆ្នេរ Chuoi ឆ្នេរ Kinh ឆ្នេរ Nuoc Ngot...;វាលស្មៅចិញ្ចឹមគោនិងចៀមនៅភូមិ Binh Tien; ទីទួលខ្សាច់ Son Hai ឬវាលស្រែអំបិលពណ៌ស ជាដើម។ ទីតាំងចុងក្រោយនៃខ្សែផ្លូវនេះ គឺឧបទ្វីប Binh Lap ដែលត្រូវបានគេប្រៀបប្រដូចជា ម៉ាល់ឌីវ នៃប្រទេសវៀតណាមអញ្ចឹង ជាមួយនឹងឆ្នេរខ្សាច់ពណ៌ស ទឹកសមុទ្រពណ៌ត្បូងមរតក និងជួរផ្កាថ្មដ៏ទាក់ទាញ។

ផ្លូវតាមឆ្នេរ Ninh Thuan មិនត្រឹមតែជាខ្សែផ្លូវចរាចរណ៍សុទ្ធសាធប៉ុណ្ណោះទេ ថែមទាំងសម្រាប់ភ្ញៀវទេសចរជាច្រើន វាក៏ជាស្នាដៃសិល្បៈ ដែលត្រូវថែរក្សាដោយធម្មជាតិនិងមនុស្សទៀតផង។ នោះគឺជាការរួមបញ្ចូលគ្នាដ៏ល្អឥតខ្ចោះនៃភាពស្រស់ស្អាតដ៏អស្ចារ្យនៃភ្នំ ភាពទាក់ទាញនៃមហាសមុទ្រ ភាពសម្បូរបែបនៃវប្បធម៌មូលដ្ឋាន និងភាពរួសរាយរាក់ទាក់របស់អ្នកស្រុក៕

ប្រតិកម្មទៅវិញ