Muong Va ជាមួយមុខម្ហូបអង្ករដំណើបប្រចាំតំបន់

Chia sẻ
(VOVWORLD) - Muong Va គឺជាឃុំបានដាំដំណាំស្រូវដំណើបធំបំផុតនៅស្រុក Sop Cop ខេត្ត Son La ជាមួយផ្ទៃដីដាំដុះជាង ២០០ ហិកតា។ គ្រាប់អង្ករដំណើប Muong Va មានទំហំធំ មូល ពណ៌សស្គុះ ហើយនៅពេលចម្អិនគឺទន់ល្មើយ ក្លិនក្រអូបឈ្ងុយឆ្ងាញ់ពិសារណាស់។ តាំងពីរយូរណាស់មកហើយ ពូជស្រូវដំណើបនេះបានក្លាយទៅជាពូជស្រូវដ៏ល្បីឈ្មោះប្រចាំស្រុក Sop Cop ផងដែរ។

 

Muong Va ជាមួយមុខម្ហូបអង្ករដំណើបប្រចាំតំបន់ - ảnh 1អង្ករដំណើបប្រចាំតំបន់ Muong Va 

ឃុំ Muong Va គឺជាទីកន្លែងរស់នៅរបស់បងប្អូនជនជាតិ Thai។ តំបន់នេះ ត្រូវបានធម្មជាតិប្រទានឲ្យដីធ្លីសម្បូរជីជាតិ ប្រភពទឹកសម្បូរពីទឹកជ្រោះ Nam Ca  និង Nam Su ដែលមានប្រភពចេញពីព្រៃ។ អាកាសធាតុ អំណោយផល ពេញមួយឆ្នាំបានជួយ បង្កើតឡើងគ្រាប់អង្ករ ដំណើប ប្រកបដោយគុណភាពខ្ពស់ដ៏វិសេសវិសាល។

ព្រឹទ្ធាចារ្យជាច្រើននាក់នៅភូមិ Muong Va ឃុំ Muong Va បានឲ្យដឹងថា៖ អ្នកភូមិតែងតែហៅអង្ករដំណើបនេះតាមគ្រាមភាសាថា khau tan nhe។ គ្មាននរណាដឹងច្បាស់លាស់ថា តើអង្ករដំណើប Muong Va មានវត្តមានតាំងពីពេលណាមកឡើយ ហើយតាំងពីជំនាន់ដូនតាគឺមានស្រាប់ហើយ ដោយបន្តមរតកដល់ជំនាន់ក្រោយៗទៀត។

ជាមួយនឹងផ្ទៃដីដាំដុះជាង ២០០ ហិកតា ទិន្នផលស្រូវដំណើបរបស់ឃុំ Muong Va សម្រេចបានជាង ៩០០ តោន / ឆ្នាំ។ បងប្អូនជនជាតិ Thai នៅឃុំ Muong Va តែងតែទទួលទានបាយដំណើប ប្រចាំថ្ងៃ ដូច្នេះហើយ បាយដំណើបមិនអាចខ្វះបានក្នុងគ្រួសារនីមួយៗបានឡើយ។ អង្ករដំណើបមិនត្រឹមតែបានចម្អិនជាម្ហូបប្រចាំថ្ងៃប៉ុណ្ណោះទេ ថែមទាំងសម្រាប់ធ្វើនំ គ្រឿងសំណែន និងកាដូទៀតផង។ ជារៀងរាល់ឆ្នាំប្រជាកសិករបានចាប់ផ្តើមសាបព្រួសសំណាបចាប់ពីចុងខែមេសា ហើយស្ទូងនៅខែមិថុនា និងខែកក្កដា ក្រោយមកប្រមូលផលចាប់ពីពាក់កណ្តាលខែតុលាដល់ខែវិច្ឆិកា។ ដំណើរការដាំដុះស្រូវ ទាមទារឱ្យមានការភ្ជួររាស់យ៉ាងហ្មត់ចត់បន្ទាប់ពីរយៈពេល ១ ទៅ ២ ខែ ទើបសាបព្រួសបាន។ នៅក្នុងរដូវកាលដាំដុះ វាលស្រែ Muong Va ទាំងមូល ពោរពេញទៅដោយក្លិនក្រអូបដ៏វិសេសវិសាលនៃប្រភេទស្រូវដំណើប ដែលហាក់ដូចជាកំពុងអញ្ជើញភ្ញៀវទេសចរពីគ្រប់ទិសទីមកកាន់ទីនេះអញ្ចឹងដែរ។ លោក Lo Van Diem មេភូមិ Muong Va ឃុំ Muong Va បានឲ្យដឹងថា៖ “គណៈគ្រប់គ្រងភូមិបានធ្វើការឃោសនាដល់ប្រជាកសិករឱ្យបន្តដាំដុះ ព្រោះថាពូជស្រូវនេះបានផ្សារភ្ជាប់ជាមួយជនជាតិ Lao នៅទឹកដី Muong Va។ ជាពិសេសក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីនោះ គឺអ្នកភូមបានធ្វើនំអន្សមពីអង្ករដំណើបនេះ ហើយក្នុងឱកាសបុណ្យតេត Lao វិញ គឺអ្នកភូមិបានដាំបាយដំណើបនេះដែរ”។

Muong Va ជាមួយមុខម្ហូបអង្ករដំណើបប្រចាំតំបន់ - ảnh 2នំអន្សមប្រចាំតំបន់ Muong Va 

ក្នុងឱកាសទទួលអំណរឆ្នាំថ្មីម្ដងៗនោះ គ្រួសារជនជាតិ Thai និង Lao នៅឃុំ Muong Va តែងតែផ្ទុកបម្រុងអង្ករដំណើបនេះ ដើម្បីវេចនំអន្សម សម្រាប់សែនដូនតា និងទទួលទាន។ អង្ករដំណើប Muong Va ផ្សំជាមួយសាច់ជ្រូកបីជាន់ សណ្តែកដី និងស្លឹក dong នឹងបង្កើតជានំអន្សមទន់ឈ្ងុយឆ្ងាញ់ពិសារ ដែលមាននៅឃុំ Muong Va តែប៉ុណ្ណោះ។ អ្នកស្រី Le Kim Ngan ភ្ញៀវទេសចរម្នាក់មកពីទីក្រុងហាណូយបានសំណេះសំណាលថា៖ “នំអន្សមនៅទីនេះមានរសជាតិឆ្ងាញ់ពិសារណាស់។ អ្នកភូមិបានវេចនំអន្សមពីអង្ករដំណើបនៅទឹកដី Muong Va ហើយថែមទាំងមានសាច់ជ្រូក សណ្ដែកខៀវ ស្លឹក dong ដូច្នេះហើយរសជាតិពិតជាឆ្ងាញ់ពិសារណាស់”។

យោងតាមលោកស្រី Tong Thi Kien អនុប្រធានគណៈកម្មាធិការប្រជាជនស្រុក Sop Cop ខេត្ត Son La បានឲ្យដឹងថា នាបច្ចុប្បន្ននេះ ស្រុកមានគោលការណ៍ជួយគាំទ្រប្រជាជនឱ្យវិនិយោគលើផលិតកម្មស្រូវដំណើបនេះ។ ទន្ទឹនឹងនេះ ពង្រីកការតភ្ជាប់ ជួយឧបត្ថម្ភប្រជាកសិករសំភារៈ បច្ចេកទេសផលិតកម្ម រហូតដល់ការបម្រូលទិញ ដោយរួមចំណែកលើកកម្ពស់តម្លៃផលិតផលអង្ករ ហើយថែមទាំងនាំពាណិជ្ជសញ្ញាអង្ករដំណើប Muong Va ឆ្ពោះទៅមុខផងដែរ។ លោកស្រីបានឲ្យដឹងថា៖ “ដើម្បីធានាអង្ករដំណើបមានរសជាតិឆ្ងាញ់ពិសារនោះ យើងខ្ញុំបានរៀបចំ តំបន់បង្កបង្កើនផលស្រូវដាច់ដោយឡែក ដោយមិនឲ្យលាយឡំជាមួយប្រភេទស្រូវដំណើបដទៃទៀត ហើយថែមទាំងមានពាណិជ្ជសញ្ញាដោយឡែក នៃអង្ករដំណើប Sop Cop។ អង្ករដំណើបនេះមិនត្រឹមតែបានប្រមូលលក់នៅក្នុងទីផ្សារប៉ុណ្ណោះទេ ថែមទាំងជាកាដូប្រកបដោយអត្ថន័យសម្រាប់ភ្ញៀវទេសចរមកពីគ្រប់ទិសទីទៀតផង”។ 

នៅឆ្នាំ ២០១៨ អង្ករដំណើប Muong Va ត្រូវបាននាយកដ្ឋានកម្មសិទ្ធិបញ្ញាប្រគល់វិញ្ញាបនបត្រពាណិជ្ជសញ្ញាគាំពារ។ ផលិតផលអង្ករដំណើប Muong Va ត្រូវបានជ្រើសរើសយកជាផលិតផលមួយក្នុងចំណោមផលិតផលOCOP ចំនួន ២០ របស់ខេត្ត Son La ទៀតផង។  ប្រការនេះមិនត្រឹមតែជាក្ដីសប្បាយរីយរាយប៉ុណ្ណោះទេ ថែមទាំងជាទំនួលខុសត្រូវរបស់អជ្ញាធរ និងប្រជាជននៅទីនេះ បន្តថែរក្សា ពង្រីក ក៏ដូចជានាំផលិតផលអង្គដំណើប Muong Va ឆ្ពោះទៅមុខថែមទៀតផងដែរ៕

ប្រតិកម្មទៅវិញ