ពិធីប្រកាសនិងប្រគល់ពានរង្វាន់ផលិតផលបច្ចេកវិទ្យាឌីជីថល Make in Vietnam ឆ្នាំ ២០២១ (រូបថត៖ TTXVN) |
នេះគឺជាពានរង្វាន់ថ្នាក់ជាតិសម្រាប់ផលិតផលបច្ចេកវិទ្យាឌីជីថល ដែលមានទ្រង់ទ្រាយធំទូទាំងប្រទេស ដោយប្រមូលផ្តុំបុគ្គល អង្គការ និងអាជីវកម្មទាំងអស់នៅក្នុងឧស្សាហកម្មបច្ចេកវិទ្យាព័ត៌មាន និងទំនាក់ទំនងក្នុងប្រទេស។
ថ្វីត្បិតតែទើបបានប្រព្រឹត្តទៅចាប់ពីឆ្នាំ ២០២០ ក៏ដោយ ក៏ពានរង្វាន់ផលិតផលបច្ចេកវិទ្យាឌីជីថល Make in Vietnam បានរីកសាយភាយយ៉ាងទូលំទូលាយផងដែរ។ ផលិតផលជាច្រើនដែលទទួលបានពានរង្វាន់ បានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការផ្លាស់ប្តូរឌីជីថលរបស់ទីភ្នាក់ងាររដ្ឋាភិបាល អាជីវកម្ម និងប្រជាជន។ អនុរដ្ឋមន្ត្រីក្រសួងព័ត៌មាន និងទូរគមនាគមន៍ លោក Phan Tam បានឲ្យដឹងថា៖ “នេះគឺជាសកម្មភាពជាក់ស្តែង ដើម្បីអនុវត្តន៍សេចក្តីណែនាំលេខ ០១ ឆ្នាំ ២០២០ របស់នាយករដ្ឋមន្ត្រីស្តីពីការសម្រុញការអភិវឌ្ឍសហគ្រាសបច្ចេកវិទ្យាឌីជីថលនៅវៀតណាម។ ពានរង្វាន់នេះមានគោលបំណងផ្តល់កិត្តិយសដល់សហគ្រាសបច្ចេកវិជ្ជាឌីជីថលឆ្នើមវៀតណាម ដែលបានអនុវត្តន៍យុទ្ធសាស្ត្រ Make in Vietnam បានយ៉ាងល្អ ទន្ទឹមនឹងនោះ គាំទ្រការជម្រុញការវិនិយោគ ការលើកកម្ពស់ពាណិជ្ជកម្ម ការប្រើប្រាស់ក្នុងប្រទេស និងការគាំទ្រការនាំចេញផលិតផល សេវាកម្ម ដំណោះស្រាយ និងគំរូអាជីវកម្មរបស់សហគ្រាសឌីជីថល។ តាមរយៈការអនុវត្តរបស់ខ្លួន ពានរង្វាន់ផលិតផលបច្ចេកវិទ្យាឌីជីថល Make in Vietnam បានរីកសាយភាយយ៉ាងទូលំទូលាយ ជម្រុញការអភិវឌ្ឍឧស្សាហកម្មបច្ចេកវិទ្យាឌីជីថលរបស់វៀតណាម។ ផលិតផលជាច្រើនដែលដណ្តើមបានពានរង្វាន់ បានជួយដោយផ្ទាល់ដល់ទីភ្នាក់ងារ រដ្ឋាភិបាល អាជីវកម្ម និងប្រជាជនក្នុងការអនុវត្តការផ្លាស់ប្តូរឌីជីថល”។
ក្នុងរយៈពេលកន្លងមក សហគ្រាសបច្ចេកវិទ្យាឌីជីថលរបស់វៀតណាមបានប្រើប្រាស់យ៉ាងសកម្ម និងអនុវត្តបច្ចេកវិទ្យាឌីជីថលថ្មីប្រកបដោយប្រសិទ្ធភាព ដោយហេតុនេះធ្វើជាម្ចាស់នៃបច្ចេកវិទ្យាសំខាន់ៗនៃបដិវត្តន៍ឧស្សាហកម្មលើកទី ៤ និងដោះស្រាយបញ្ហានានា ជាពិសេសការអនុវត្តបច្ចេកវិទ្យាដែលកំពុងលេចចេញដូចជា បញ្ញាសិប្បនិមិត្ត (AI) ការវិភាគទិន្នន័យធំៗ (ទិន្នន័យធំ), IoT, ស្វ័យប្រវត្តិកម្មដំណើរការមនុស្សយន្តជាដើម។
ផលិតផលគួរឱ្យកត់សម្គាល់ដូចជា Akabot របស់ក្រុមហ៊ុន FPT Group (កម្មវិធីនៃដំណើរការស្វ័យប្រវត្តិកម្មមនុស្សយន្តដើម្បីជួយធនាគារ និងអ្នកលក់រាយជាច្រើនដោះស្រាយបញ្ហាចំណាយ បង្កើនប្រសិទ្ធភាព និងការប្រកួតប្រជែង); ផលិតផលជំនួយការគ្រូពេទ្យ AI របស់ក្រុមហ៊ុន VinGroup ត្រូវបានដាក់ពង្រាយនៅតាមមន្ទីរពេទ្យជាច្រើនក្នុងទីក្រុងធំៗ; ផលិតផល Seashell - ផ្សារពាណិជ្ជកម្មអេឡិចត្រូនិករបស់ Viettelpot ជួយឧបត្ថម្ភកសិករប្រើប្រាស់ផលិតផលដោយដាក់ផលិតផលនៅលើផ្សារពាណិជ្ជកម្មអេឡិចត្រូនិក; ឬផលិតផល VNEdu - ប្រព័ន្ធអេកូអប់រំឆ្លាតវៃរបស់ VNPT ដែលត្រូវបានអនុវត្តន៍យ៉ាងទូលំទូលាយនៅក្នុងប្រព័ន្ធអប់រំវៀតណាមទទួលបានការកោតសរសើរយ៉ាងខ្លាំងពីសំណាក់គ្រូបង្រៀននិងអាណាព្យាបាល។ អតិថិជនដែលជាគ្រូបង្រៀនម្នាក់បានចែករំលែកថា៖ “៤.០ គឺជាការតភ្ជាប់។ ពោលគឺ ទាំងអស់ត្រូវបានតភ្ជាប់ ហើយយើងអាចគ្រប់គ្រងសកម្មភាពសិស្សបានយ៉ាងពេញលេញ។ យើងអាចគ្រប់គ្រងទិន្នន័យទាំងអស់របស់សិស្សនៅលើម៉ាស៊ីនមេរបស់ប្រព័ន្ធ ហើយនេះគឺជាមូលដ្ឋានសម្រាប់ការវិភាគ និងការគ្រប់គ្រងប្រកបដោយប្រសិទ្ធភាព ដូចជាការប្រឹក្សា និងការណែនាំអំពីអាជីពសម្រាប់ពួកគេនៅពេលអនាគត”។
វៀតណាមជាប្រទេសត្រួសត្រាយផ្លូវមួយក្នុងពិភពលោកនៅលើការផ្សព្វផ្សាយកម្មវិធីនិងយុទ្ធសាស្ត្រផ្លាស់ប្តូរឌីជីថលជាតិ។ សហគ្រាសក៏ទទួលបានការយកចិត្តទុកដាក់ជាពិសេសលើការអភិវឌ្ឍនៅពេលដែលពួកគេទទួលបានការគាំទ្រផ្នែកហិរញ្ញវត្ថុសម្រាប់ការផ្លាស់ប្តូរឌីជីថលពីប្រភពថវិការដ្ឋ។ ប្រការនេះបានធ្វើឲ្យវៀតណាមក្លាយជាប្រទេសមួយដែលមានការយល់ដឹងខ្ពស់អំពីការផ្លាស់ប្តូរឌីជីថល។ ទន្ទឹមនឹងនោះ យុទ្ធសាស្ត្រនេះ បានបង្កើតឱកាសសម្រាប់អាជីវកម្មជាច្រើនក្នុងការស្តារនិងបង្កើតចំណុចលោតផ្លោះដោយសារការគាំទ្រពីបដិវត្តន៍បច្ចេកវិទ្យា។ កម្មវិធីផ្លាស់ប្តូរឌីជីថលជាតិរបស់វៀតណាមមានគោលបំណងបង្កើនឋានៈរបស់ខ្លួនលើចំណាត់ថ្នាក់រដ្ឋាភិបាលអេឡិចត្រូនិក របស់អង្គការសហប្រជាជាតិឡើងដល់ Top ៧០ នៅឆ្នាំ ២០២៥ និង Top ៥០ នៅឆ្នាំ ២០៣០ (បច្ចុប្បន្ន វៀតណាមស្ថិតនៅចំណាត់ថ្នាក់ទី ៨៦/១៩៣ ប្រទេស និងតំបន់ដែនដី)។ ទន្ទឹមនឹងនោះ សេដ្ឋកិច្ចឌីជីថលនឹងរួមចំណែក ៣០% នៃផលិតផលក្នុងស្រុកសរុបរបស់ប្រទេសជាតិ ហើយផលិតភាពការងារប្រចាំឆ្នាំនឹងកើនឡើងក្នុងអត្រាលើសពី ៨% ផងដែរ។
អនុរដ្ឋមន្ត្រីក្រសួងព័ត៌មាន និងទូរគមនាគមន៍ Phan Tam (រូបថត៖ TTXVN) |
ដូច្នេះ ការលើកទឹកចិត្តឱ្យធុរកិច្ចវៀតណាមពង្រីកប្រៀបខ្លាំងរបស់ខ្លួន ដើម្បីដោះស្រាយបញ្ហាប្រឈមរបស់វៀតណាមឲ្យបានល្អបំផុត ដោយហេតុនេះ ការចាប់យកទីផ្សារផ្លាស់ប្តូរឌីជីថលក្នុងស្រុកត្រូវបានចាត់ទុកថាជាបេសកកម្មរបស់ក្រសួងព័ត៌មាន និងទូរគមនាគម។ នោះគឺការយល់ដឹងពីទីផ្សារក្នុងប្រទេស ការយល់ដឹងពីតម្រូវការរបស់អតិថិជន វប្បធម៌ក្នុងមូលដ្ឋាន មានភាពច្នៃប្រឌិត ការរចនា ការផ្លាស់ប្តូរផលិតផល សេវាកម្ម និងដំណោះស្រាយទៅតាមតម្រូវការដោយឡែករបស់អតិថិជន។ លោក Nguyen Huy Dung អនុរដ្ឋមន្ត្រីក្រសួងព័ត៌មាន និងទូរគមនាគមន៍បានអះអាងថា៖ “ដំណោះស្រាយដែលក្រសួងព័ត៌មាននិងទូរគមនាគមន៍ ស្វែងរកវិធីអនុវត្តន៍គឺត្រូវខិតខំដោះស្រាយបញ្ហាប្រឈមនានា ហើយស្វែងរកបញ្ហាប្រឈមនាពេលបច្ចុប្បន្នរបស់សង្គមវៀតណាម ដើម្បីកំណត់ទិសដៅ និងទាក់ទាញការចូលរួមរបស់អង្គភាពអាជីវកម្ម ដើម្បីរួមគ្នាដោះស្រាយបញ្ហា និងបញ្ហាប្រឈមនានា។ អ្វីដែលអាជីវកម្មត្រូវការបំផុតគឺទីផ្សារ។ នៅពេលដែលមានទីផ្សារ នឹងមានបច្ចេកវិទ្យា នឹងមានអាជីវកម្ម ហើយនឹងមានផលិតផលល្អៗ”។
ការអភិវឌ្ឍផលិតផលបច្ចេកវិទ្យាឌីជីថល Make in Vietnam គឺជាមធ្យោបាយសម្រាប់សហគ្រាសឌីជីថល វៀតណាមដើម្បីធ្វើជាម្ចាស់លើទាំងបច្ចេកវិទ្យា និងផលិតផល រួមជាមួយនឹងមហាអំណាចពិភពលោកក្នុងការស្រាវជ្រាវ ការអភិវឌ្ឍ និងការអនុវត្តបច្ចេកវិទ្យាឌីជីថលថ្មី។ ការលើកតម្កើងផលិតផលបច្ចេក វិទ្យាឌីជីថល Make in Vietnam គឺជាកម្លាំងចលករសម្រាប់អាជីវកម្មឌីជីថលរបស់វៀតណាម ដើម្បីបង្ហាញពីភាពប៉ិនប្រសប់ផ្នែកបច្ចេកវិទ្យារបស់ពួកគេ ធ្វើឱ្យវៀតណាមឆាប់ក្លាយជាប្រទេសខ្លួនទីពឹងខ្លួន ហើយនេះក៏ជាគន្លឹះសម្រាប់វៀតណាមក្នុងការបោះជំហានទៅរកឋានៈខ្ពស់នៅក្នុងខ្សែសង្វាក់តម្លៃ ចាប់យកប្រទេសអភិវឌ្ឍ និងរួមចំណែកដល់បច្ចេកវិទ្យារបស់ពិភពលោក៕