កសិករខេត្ត Hai Duong ជំរុញខ្លាំងការផ្លាស់ប្តូរឌីជីថល

Chia sẻ
(VOVWORLD) - នារយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ ផ្លែគូលេនគឺជាផលិតផលស្នូលមួយនៃវិស័យកសិកម្មខេត្ត Hai Duong។ ប្រជាកសិករខេត្ត Hai Duong បានអនុវត្តន៍វឌ្ឍនភាពខាងវិទ្យាសាស្ត្រ និងបច្ចេកទេសទៅក្នុងការដាំដុះ អនុវត្តន៍គំរូដាំដុះតាមស្តង់ដារ Vietgap និង Global Gap ដោយផ្ដល់ផលិតភាព និងគុណភាពកាន់តែខ្ពស់ពីមួយថ្ងៃទៅមួយថ្ងៃ។
 
កសិករខេត្ត Hai Duong ជំរុញខ្លាំងការផ្លាស់ប្តូរឌីជីថល - ảnh 1 Hai Duong មានផ្ទៃដីដាំផ្លែល្ហុងជាង ៩ ពាន់ហិកតា

នេះគឺជាប្រការសម្រេច ដើម្បីបញ្ចេញលក់ផ្លែគូលេននៅតាមផ្សារពាណិជ្ជកម្មអេឡិចត្រូនិក ហើយពង្រីកការនាំចេញទៅកាន់ទីផ្សារដែលតម្រូវឲ្យមានលក្ខខ័ណ្ឌខ្ពស់ដូចជាជប៉ុន និងអឺរ៉ុប។ ការផ្លាស់ប្តូរឌីជីថលលើវិស័យកសិកម្មកំពុងជាទិសដៅដ៏ខ្លាំងក្លារបស់ខេត្ត Hai Duong ដើម្បីលើកកម្ពស់តម្លៃកសិផលផងដែរ។

ក្នុងឆ្នាំនេះ ស្រុក Thanh Ha ខេត្ត Hai Duong បានអនុវត្តន៍ទម្រង់ដាក់លេខកូដ QR សម្រាប់ចំការគូលេន ដោយធានាដំណើរការថែទាំតាមស្តង់ដារ Global Gap ។ ប្រជាកសិករចំនួន ៧៧ គ្រួសារនៅក្រុមផលិតកម្មលេខ ១០ ដឹកនាំដោយលោក Pham Van Giang ។ នៅពេលដែលប្រជាកសិករមិនទាន់ស្គាល់ពីរបៀបដាំដុះថ្មីនោះ លោក Pham Van Giang បានចុះចំការនីមួយៗ ដើម្បីណែនាំដល់ប្រជាកសិករឱ្យអនុវត្តន៍តាមបទប្បញ្ញត្តិថែទាំ ជាពិសេសគឺការប្រើប្រាស់ថ្នាំសម្លាប់សត្វល្អិតចង្រៃឲ្យបានត្រឹមត្រូវតាមកម្រិត និងពេលវេលាកំណត់។ “ប្រជាកសិករខ្លះគ្មានស្មាតហ្វូនឡើយ ហើយពួកគេសុទ្ធតែជាមនុស្សវ័យចាស់។ យើងខ្ញុំសង្ឃឹមថានឹងទទួលបានការបណ្តុះបណ្តាល និងការណែនាំឲ្យបានច្រើនថែមទៀត។ ឆ្នាំនេះមានត្រឹមតែក្រុមទី ១០ ត្រូវបានដាក់លេខកូដ QR ប៉ុណ្ណោះ ប៉ុន្តែគោលការណ៍របស់ក្រសួង និងខេត្ត Hai Duong គឺនាឆ្នាំខាងមុខ គ្រួសារដាំគូលេនតាមទម្រង់ Global Gap ទាំងអស់ត្រូវបានដាក់លេខកូដ QR ដើម្បីអាចតាមដានប្រភព ហើយបាននាំចេញទៅកាន់បរទេសផងដែរ”។

ការបិតតែម ស្លាកសញ្ញាតាមដានប្រភពតាមរយៈលេខកូដ QR គឺជាបច្ចេកវិទ្យាថ្មីបំផុតដែលត្រូវបានអនុវត្តន៍ចំពោះចំការគូលេន។ ប្រការនេះជួយសម្រួលផ្លែគូលេន Thanh Ha ខេត្ត Hai Duong បញ្ចេញលក់ប្រកបដោយប្រសិទ្ធភាពជាងតាមផ្សារពាណិជ្ជកម្មអេឡិចត្រូនិក Alibaba.com, Voso.vn, Sendo.vn និង Lazada.vn ជាពិសេសក្នុងអំឡុងពេលជំងឺរាតត្បាតកូវីដ-១៩ មានការវិវឌ្ឍយ៉ាងស្មុគស្មាញ។ ក្រៅពីការណែនាំរបស់កម្មាភិបាលជំរុញកសិកម្ម បណ្ដាក្រុមហ៊ុនប្រមូលទិញ និងកែច្នៃកសិផលនាំចេញ ក៏បានវិនិយោគលើឧបករណ៍ឆ្លាតវៃ ដើម្បីឃ្លាំមើលដំណើរការថែទាំនៅតំបន់វត្ថុធាតុដើមផងដែរ។ លោកស្រី Ngo Thi Thu Hong អគ្គនាយិកាក្រុមហ៊ុនភាគហ៊ុនរួម Amei Vietnam បានឲ្យដឹងថា៖ “យើងខ្ញុំមានកម្មវិធីផ្ទាល់ ដើម្បីគ្រប់គ្រងតំបន់វត្ថុធាតុដើម ក្នុងនោះកំណត់ទីតាំងចំការគូលេន ធ្វើបច្ចុប្បន្នភាពដំណើរដាំដុះ ថែទាំ ដាក់ជី និងបាញ់ថ្នាំ។ លើសពីនេះទៅទៀត Amei ក៏មានកម្មវិធីផ្ទាល់អំពីការតាមដានប្រភព។ យើងខ្ញុំត្រូវអនុវត្តន៍បច្ចេកវិទ្យាព័ត៌មានជាច្រើន ដើម្បីភ្ជាប់ទំនាក់ទំនងជាមួយប្រជាជន ហើយរួមជាមួយអាជ្ញាធរមូលដ្ឋានគ្រប់គ្រងតំបន់វត្ថុធាតុដើម ធានា ស្តង់ដារនាំចេញទៅកាន់ទីផ្សារលំដាប់ខ្ពស់ផងដែរ”។

កសិករខេត្ត Hai Duong ជំរុញខ្លាំងការផ្លាស់ប្តូរឌីជីថល - ảnh 2គូលេខ ស្រុកThanh Ha  Hai Duong ឆ្នាំនេះមានគុណភាពល្អ និងតម្លៃល្អ

ការផ្លាស់ប្តូរអំពីរបៀបចិញ្ចឹម រួមទាំងបែបផែនផ្សព្វផ្សាយ និងជំរុញជាច្រើនបានជួយសម្រួលដល់ផ្លែគូលេនវៀតណាមមានវត្តមាននៅតាមប្រទេស និងតំបន់ដែនដីចំនួន ៣០ នៅលើពិភពលោក។ ដោយឡែក ផ្លែគូលេននៅខេត្ត Hai Duong មានវត្តមាននៅតាមទីផ្សារដែលតម្រូវឲ្យមានស្តង់ដារខ្ពស់ដូចជា៖ ជប៉ុន អាមេរិក អូស្ត្រាលី សហភាពអឺរ៉ុប (EU) សិង្ហបុរី បណ្តាប្រទេសអាស៊ីអាគ្នេយ៍ ហើយទិន្នផលជិតពាក់កណ្ដាលបាននាំចេញទៅកាន់ទីផ្សារចិន។ គោលដៅរបស់ខេត្ត Hai Duong នាពេលខាងមុខគឺ នាំចេញផលិតផលទៅកាន់ទីផ្សារដែលមានស្តង់ដារខ្ពស់ ខិតខំប្រឹងប្រែងនាំផ្នែកកសិកម្មខេត្ត Hai Duong ឲ្យក្លាយទៅជាផ្នែកកសិកម្មទំនិញ ប្រើប្រាស់ បច្ចេកវិទ្យាខ្ពស់និងកសិកម្មសរីរាង្គ។ លោក Vu Viet Anh ប្រធានគណៈកម្មាធិការប្រជាជនស្រុក Thanh Ha បានឲ្យដឹងថា៖ “គោលដៅគឺត្រូវបំពេញស្តង់ដារគុណភាពសម្រាប់ផលិតផល។ ស្រុក Thanh Ha យល់ដឹងយ៉ាងច្បាស់លាស់អំពីប្រការនេះ ជាពិសេសគឺនាបច្ចុប្បន្ននេះគណៈកម្មាធិការប្រជាជនខេត្ត Hai Duong មានគម្រោងអភិវឌ្ឍន៍ផលិតកម្មកសិកម្ម បច្ចេកវិជ្ជាខ្ពស់-សរីរាង្គដំណាក់កាល ២០២១-២០២៥ និងទិសដៅដល់ឆ្នាំ ២០៣០ ក្នុងនោះដាក់ចេញយន្តការគោលនយោបាយជាច្រើន។ ក្រៅពីគោលការណ៍របស់ខេត្ត ស្រុក Thanh Ha ក៏បានខិតខំប្រឹងប្រែងបង្កើតយន្តការដើម្បីពង្រីកផ្ទៃដីដំណាំគូលេនប្រកបដោយគុណភាព ជាពិសេសគឺសម្រេចឲ្យបានស្តង់ដារនាំចេញផងដែរ”។

ក្នុងរដូវកាលផ្លែគូលេនឆ្នាំនេះ ខេត្ត Hai Duong ទាំងមូលទទួលបានទិន្នផលផ្លែជាង ៦១ ៥០០ តោន ក្នុងនោះ ទិន្នផលផ្លែចំនួន ១០% ត្រូវបាននាំចេញទៅកាន់ទីផ្សារស្តង់ដារខ្ពស់ដូចជាជប៉ុន និងអឺរ៉ុប។ ថ្វីត្បិតតែទិន្នផលនាំចេញនៅតែមានកម្រិតតិចតួចក៏ដោយ ប៉ុន្តែមានអត្ថន័យដ៏ធំធេង បង្កើតបុព្វបទដើម្បីអភិវឌ្ឍន៍ទីផ្សារសម្រាប់ផ្នែកកសិកម្មមូលដ្ឋាន។ ពិសេសជាងនេះទៅទៀត តម្លៃទាំងនេះបានបង្ហាញយ៉ាងច្បាស់លាស់ពីការផ្លាស់ប្តូរការត្រិះរិះ ការុល់ដឹងរបស់ប្រជាកសិករដាំដើមគូលេនពី "ការត្រិះរិះបែបផលិតកម្ម" ទៅជា "ការត្រិះរិះបែបសេដ្ឋកិច្ចកសិកម្ម" រួមបញ្ចូល "ពហុតម្លៃ" លើផ្ទៃដីធ្វើវប្បកម្មតែមួយ នៅពេលប្រើប្រាស់បច្ចេកវិទ្យាឌីជីថល។ នេះក៏ជារបៀបពង្រីកតម្លៃកសិផលនៅពេលដែលប្រជាកសិករផលិតចេញផលិតផលប្រកបដោយសុវត្ថិភាពនៅលើទឹកដីកំណើតរបស់ខ្លួនផងដែរ៕


ប្រតិកម្មទៅវិញ