ភូមិរបរប្រពៃណីនៅខេត្ត Ha Nam ក្នុងនិន្នាការសមាហរណកម្ម

Chia sẻ
(VOVWORLD) - មុខរបរប្រពៃណីនៅខេត្ត Ha Nam មានប្រវត្តិដ៏យូរលង់ណាស់មកហើយ ជាមួយនឹងផលិតផលល្បីឈ្មោះជាច្រើន ហើយមានជួរសិប្បករប៉ិនប្រសប់យ៉ាងច្រើនកុះករ។  
ភូមិរបរប្រពៃណីនៅខេត្ត Ha Nam ក្នុងនិន្នាការសមាហរណកម្ម - ảnh 1សម្រស់នៃភូមិត្បាញសូត្រ Nha Xa សង្កាត់ Moc Nam ក្រុង Duy Tien។ រូបថតឯកសារ៖ baohanam.com.vn

ការអភិវឌ្ឍសេដ្ឋកិច្ចភូមិរបរបានដើរតួនាទីដ៏សំខាន់ក្នុងរចនាសម្ព័នសេដ្ឋកិច្ចជនបទនៅខេត្ត Ha Nam ជាពិសេសគឺជួយបង្កើតការងារធ្វើ និងបង្កើនប្រាក់ចំណូលជូនពលករ ជំរុញដំណើរការធ្វើទំនើបកម្មជនបទ។ ក្នុងសម័យកាលសមាហរណកម្ម ភូមិរបរប្រពៃណីនានាក៏កំពុងផ្លាស់ប្ដូរមុខមាត់ថ្មី ស្របតាមនិន្នាការយុគសម័យ ដើម្បីបន្តអភិវឌ្ឍន៍ប្រកបដោយចីរភាពផងដែរ។

ខេត្ត Ha Nam មានភូមិរបរល្បីឈ្មោះជាច្រើនដូចជា៖ ភូមិរបរប៉ាក់ An Hoa; ភូមិរបរត្បាញសូត្រ Nha Xa; ភូមិរបរតម្បាញផ្តៅ Ngoc Dong; ភូមិរបរស្គរ Doi Tam ។ ក្រៅពីនេះ ក៏មានភូមិរបរជាច្រើនផ្សេងៗទៀត ដែលមានផលិតផលភ្ជាប់ជាមួយវិស័យកសិកម្ម ដូចជា ភូមិរបរបាញត្រាងណែម Cheu ; ភូមិរបរស្រា Voc; នំអន្សមភូមិ Dam, ត្រីខ Nhan Hau ជាដើម។

ក្នុងជីវភាពរស់នៅបែបទំនើប ភូមិរបរកំពុងប្រឈមនឹងការលំបាកដ៏ធំធេង ខណៈពេលដែលម៉ាស៊ីនទំនើបៗបានផលិតចេញទំនិញប្រើប្រាស់ ដែលមានគុណភាពកាន់តែច្រើនពីមួយថ្ងៃទៅមួយថ្ងៃ ហើយមានប្រៀបជាងទំនិញសិប្បកម្ម។ ដើម្បីថែរក្សា និងអភិវឌ្ឍន៍របរប្រពៃណី ភូមិរបរនានាកំពុងស្វែងរកទិសដៅថ្មីសំដៅ ថែរក្សារបរប្រពៃណីផង និងធានាប្រាក់ចំណូលផង។ លោក  Nguyen Hung ម្ចាស់សិប្បកម្មមួយនៅឃុំ Tien Son បានឲ្យដឹងថា៖ “ក្រៅពីការផលិតមុខទំនិញស្នូលគឺស្គរនោះ យើងខ្ញុំក៏បានប្រើប្រាស់បច្ចេកវិទ្យាអ៊ឺរ៉ុបក្នុងការផលិតធុងស្រាសម្រាប់ត្រាំស្រា។ លើសពីនេះទៅទៀតយើងខ្ញុំក៏បានផលិតអាងងូតទឹកគ្រប់ប្រភេទទៀតផង”។

នាបច្ចុប្បន្ន ខេត្ត Ha Nam មានភូមិរបរប្រពៃណីចំនួន ៣២ និងភូមិរបរចំនួន ២៥ ទៀត ត្រូវបានទទួលស្គាល់ជាផ្លូវការ។ ភូមិរបរទាំងនេះបានបង្កើតការងារធ្វើជូនពលករជាង ១៨ ពាន់នាក់។ ដើម្បីអភិវឌ្ឍន៍ផលិតកម្ម និងអាជីវកម្ម ភូមិរបរសិប្បកម្មបានកែលម្អ រចនា លើកកម្ពស់គុណភាពផលិតផល សិក្សាស្រាវជ្រាវ ច្នៃប្រឌិតចេញផលិផលថ្មីៗ។ តាមរយៈការសិក្សាពីតម្រូវការរបស់អតិថិជន ប្រជាពលរដ្ឋនៅភូមិរបរ Do Hai ដែលមានជំនាញផលិតថ្នាំលាបសិល្បៈបានផ្ទេរប្ដូរទៅផលិតចេញផលិតផលបម្រើជីវភាពរស់នៅដូចជាស្លាបព្រា សមជាដើម ដើម្បីនាំចេញទៅកាន់អឺរ៉ុប។ លោក Nguyen Van Cong ពលរដ្ឋម្នាក់នៅភូមិរបរបានចែករំលែកថា៖ “ផលិតផលរបស់យើងខ្ញុំត្រូវបានបង្កើតឡើងពីវត្ថុធាតុដើមពីដប សំបកខ្យងសមុទ្រ ហើយតាមរយៈបាតដៃដ៏ប៉ិនប្រសប់របស់យើងខ្ញុំ វាបានក្លាយទៅជាផលិតផលដ៏ស្រស់ស្អាត ហើយទទួលបានការនិយមចូលចិត្តពីអតិថិជន។ នាពេលខាងមុខ យើងខ្ញុំមានគោលបំណងសហប្រតិបត្តិការពង្រីកទីផ្សារ បង្កើតការងារធ្វើជូនពលករក្នុងស្រុកផងដែរ”។

ភូមិរបរប្រពៃណីនៅខេត្ត Ha Nam ក្នុងនិន្នាការសមាហរណកម្ម - ảnh 2សិប្បករនៃភូមិរបរ Do Hai ។ រូបថត៖ langngheviet.com.vn

រួមជាមួយខេត្ត ក្រុងជាច្រើននៅទូទាំងប្រទេស ខេត្ត Ha Nam តែងតែផ្តោតការយកចិត្តទុកដាក់លើការកសាងភូមិរបរ ជាពិសេសគឺជួយបង្កលក្ខណៈងាយស្រួលដល់សិប្បកម្ម ក្រុមគ្រួសារធ្វើអាជីវកម្ម សហករណ៍ និងក្រុមសហការណ៍បង្កើតផលិតផល OCOP (កម្មវិធីឃុំមួយ ផលិតផលមួយ) អភិវឌ្ឍន៍ផលិតកម្ម រួមចំណែកជំរុញឧស្សាហកម្ម-សិប្បកម្មនិយាយរួម និងភូមិរបរប្រពៃណីនិយាយដោយឡែក។ អាស្រ័យទៅលើគោលការណ៍ និងគោលនយោបាយទាំងនេះ ខេត្ត Ha Nam មានភូមិរបរល្បីឈ្មោះជាច្រើនដូចជា ភូមិរបរកុលាលភាជន៍ Quyet Thanh ភូមិតម្បាញផ្តៅ និងឬស្សី Ngoc Dong ឬស្រា Voc ជាដើម។

សកម្មភាពរបស់ភូមិរបរនានាបានរួមចំណែកថែរក្សា និងពង្រីកតម្លៃវប្បធម៌ប្រពៃណី ផលិតចេញផលិតផលជាច្រើន ដើម្បីបម្រើតម្រូវការប្រើប្រាស់ និងនាំចេញ។ លោកTran Van Tuong តំណាងសមាគមភូមិរបរខេត្ត Ha Nam បានអះអាងថា៖ “បច្ចុប្បន្ននេះ មានភូមិរបរ និងសម្ព័ន្ធសមាគមន៍ភូមិរបរជាច្រើន ជាមួយសកម្មភាពដ៏រស់រវើក ច្នៃប្រឌិត ព្រមទាំងស្វែងរក និងដាក់បញ្ជូលមុខរបរថ្មីទៅក្នុងភូមិរបររបស់ខ្លួន ដើម្បីផលិតកម្ម និងរក្សាប្រាក់ចំណូលស្ថិរភាពជូនអ្នកភូមិផងដែរ”។

ដើម្បីជួយឧបត្ថម្ភដល់ភូមិរបរនានាថែរក្សា និងអភិវឌ្ឍន៍ ខេត្ត Ha Nam បានផ្ដោតសំខាន់លើការជួយឧបត្ថម្ភដល់ភូមិរបរនានា ដែលមានសក្តានុពល និងប្រៀបខ្លាំង លើកទឹកចិត្តដល់ការពង្រីកទ្រង់ទ្រាយផលិតកម្មវិនិយោគកែលម្អបច្ចេកវិទ្យា ប្រើប្រាស់បច្ចេកវិទ្យាជឿនលឿនថ្មីក្នុងផលិតកម្ម ដើម្បីលើកកម្ពស់ផលិតភាព និងគុណភាពផលិតផល។ ទន្ទឹមនឹងនោះ ជំរុញពង្រីកទីផ្សារប្រើប្រាស់ផលិតផល តាមរយៈសកម្មភាពពន្លឿនពាណិជ្ជកម្ម ដែលត្រូវបានអនុវត្តជាប្រចាំ។ អាស្រ័យហេតុនេះ បើទោះបីត្រូវប្រឈមមុខនឹងការលំបាក និងបញ្ហាប្រឈមជាច្រើនក៏ដោយ ប៉ុន្តែផលិតផលរបស់ខេត្ត Ha Nam នៅតែអះអាងបានពាណិជ្ជសញ្ញា ក៏ដូចជាជួយដោះស្រាយបញ្ហាធាតុចេញ ហើយត្រូវបានទីផ្សារទាំងជាតិ និងអន្តរជាតិទទួលស្វាគមន៍ផងដែរ៕

ប្រតិកម្មទៅវិញ