ជនជាតិ Co Tu នៅ​តំបន់ព្រៃ​ភ្នំ​នៃ​ខេត្ត Quang Nam ដាំ​​ចេកសៀម​ដើម្បី​រួច​ផុត​ពី​ភាព​ក្រីក្រ

Chia sẻ
(VOVWORLD) - នៅខេត្ត Quang Nam គ្រួសារជនជាតិ Co Tu ជាច្រើនគ្រួបានដាំដើមចេកសៀម ដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ចគ្រួសារ។ នេះគឺដំណាំដែលងាយស្រួលដាំដុះ នាំមកនូវប្រាក់ចំណូលស្នូល ជួយប្រជាជនរួចផុតពីភាពក្រីក្រ ស្ថិរភាពជីវភាពរស់នៅ។
ជនជាតិ Co Tu នៅ​តំបន់ព្រៃ​ភ្នំ​នៃ​ខេត្ត Quang Nam ដាំ​​ចេកសៀម​ដើម្បី​រួច​ផុត​ពី​ភាព​ក្រីក្រ - ảnh 1គ្រួសារលោក A Lang Hoi រួចផុតពីភាពក្រីក្រដោយដាំចេក។ រូបថត៖ VOV

ចេកសៀមគឺជាដាំណាំដាំដុះដ៏ពេញនិយមនៅវៀតណាម។ ដំណាំនេះមិនខ្លាចគ្រោះរាំងស្ងួតនៅរដូវប្រាំង មិនបារម្ភពីទឹកជំនន់ក្នុងរដូវវស្សា ហើយអាចដាំបានពេញមួយឆ្នាំ។

នៅខេត្ត Quang Nam បច្ចុប្បន្នមានគ្រួសារជនជាតិ Co Tu រាប់ពាន់គ្រួបានដាំដើមចេកសៀម ហើយប្រមូលផ្ដុំភាគច្រើននៅតាមស្រុកព្រៃភ្នំដូចជា៖ Dong Giang, Nam Giang និង Tay Giang។ កាលពីមុន បងប្អូនប្រជាជនបានដាំចេកតាមលក្ខណៈគ្រួសារ ប៉ុន្តែនាប៉ុន្មានឆ្នាំថ្មីៗនេះ ដោយត្រូវបានអាជ្ញាធរតំបន់ជួយណែនាំ និងពិគ្រោះយោបល់អំពីរបៀបដាំ ប្រជាជនជាច្រើនបានប្តូរមកដាំដើមចេកច្រើនជាង។ លោក Do Huu Tung អនុប្រធានគណៈកម្មាធិការប្រជាជនស្រុក Dong Giang បានឲ្យដឹងថា៖

“នាបច្ចុប្បន្ន ស្រុក Dong Giang កំពុងអភិវឌ្ឍន៍គំរូដាំចេកនៅឃុំ JoNgay ឃុំ Song Con ឃុំ Ma Cooih ឃុំ Ba និងឃុំ Tu។ បងប្អូនប្រជាជនសកម្មអភិវឌ្ឍន៍គំរូដាំចេកណាស់។ ស្រុកបានយកចិត្តទុកដាក់តាមរយៈកម្មវិធីជាច្រើន  ជាពិសេសគឺកម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ចសួនច្បារ សេដ្ឋកិច្ចកសិដ្ឋាន និងជួយឧបត្ថម្ភដល់ប្រជាជន ដើម្បីកែលម្អផលិតផល និងលើកកម្ពស់ឋានៈថែមទៀត។ ផ្សារទំនើបជាច្រើន ក៏ដូចជាផ្សារនៅខេត្ត Quang Nam និងទីក្រុង Da Nang បានលក់ចេក Dong Giang ច្រើនណាស់។ ចេកជាផលិតផលប្រចាំតំបន់ ដូច្នេះនៅពេលអញ្ជើញមកទស្សនា ភ្ញៀវទេសចរស្ទើរតែទាំងអស់បានទិញចេក។ ស្រុក Dong Giang នឹងបន្តកែលម្អខ្សែសង្វាក់តភ្ជាប់ លើកកំពស់តម្លៃលើគំរូសេដ្ឋកិច្ច”។

ក្នុងពេលនោះ សមាគមកសិករខេត្ត Quang Nam បានជួយឧបត្ថម្ភបងប្អូនប្រជាជនខ្ចីទុន ផ្ដល់ដើមពូជ តភ្ជាប់ជាមួយអង្គភាព និងអង្គភាពអាជីវកម្មផ្សព្វផ្សាយផលិតផលដល់អតិថិជន។ លោក Nguyen Ut អនុប្រធានសមាគមកសិករខេត្ត Quang Nam បានឲ្យដឹងថា៖

“ចំពោះស្រុកព្រៃភ្នំ បងប្អូនប្រជាជនបានប្រើប្រាស់ទុនកម្ចី ដើម្បីវិនិយោគគំរូមួយចំនួនដែលនាំមកនូវប្រសិទ្ធភាពសេដ្ឋកិច្ចខ្ពស់ និងកែលម្អជីវភាពរស់នៅ។ គំរូទាំងនេះបានបង្កើតផលិតផល OCOP ជាច្រើន (កម្មវិធីជាតិមួយឃុំមួយផលិតផលមួយ) សម្រាប់ខេត្ត Quang Nam ។ យើងខ្ញុំបានណែនាំអំពីដំណើរការ  និងបច្ចេកទេសធ្វើវប្បកម្មដោយផ្ទាល់។ ជាពិសេស ចំពោះស្រុកព្រៃភ្នំ យើងខ្ញុំបានធ្វើការប្រកបដោយប្រសិទ្ធភាព បង្កើតទម្លាប់ឱ្យបងប្អូនប្រជាជនផ្តោតសំខាន់លើការផលិតទំនិញ ផលិតប្រកបដោយសុវត្ថិភាព និងផលិតស្អាត។ យើងខ្ញុំមានសកម្មភាពជំរុញពាណិជ្ជកម្ម និងរៀបចំពិព័រណ៍ផ្សព្វផ្សាយផលិតផលកសិកម្មជាច្រើនដល់ប្រជាកសិករនៅតាម ខេត្តផ្សេងៗ ដើម្បីនាំផលិតផលរបស់ប្រជាកសិករតាំងបង្ហាញនៅទីតាំងនានា ជួយប្រជាកសិករតភ្ជាប់ការផ្គត់ផ្គង់ និងតម្រូវការជាមួយទីផ្សារក្រៅខេត្តផងដែរ”។

ជនជាតិ Co Tu នៅ​តំបន់ព្រៃ​ភ្នំ​នៃ​ខេត្ត Quang Nam ដាំ​​ចេកសៀម​ដើម្បី​រួច​ផុត​ពី​ភាព​ក្រីក្រ - ảnh 2ចំការចេករបស់លោក A Lang Hoi។ រូបថត៖ VOV

នាឆ្នាំនេះចេកឡើងថ្លៃផង និងមានរដូវអំណោយផលផង ដូច្នេះហើយប្រជាកសិករមានប្រាក់ចំណូលបន្ថែម ដើម្បីកែលម្អសេដ្ឋកិច្ចគ្រួសារ។ នៅស្រុក Dong Giang ផលិតភាពដាំចេកសៀមសម្រេចបានពី ២៥ តោន ទៅ ៣០ តោនក្នុងមួយហិកតា ប្រាក់ចំណូលជាមធ្យមសម្រេចបានពី ៥០ លានដុងទៅ ៦០ លានដុងក្នុងមួយហិកតា (ជាង ២២០០ ដុល្លារអាមេរិក ដល់ ២៤៧០ ដុល្លារអាមេរិកក្នុងមួយហិកតា)។ លោក A Lang Hoi ជនជាតិ Co Tu ម្នាក់នៅឃុំ Ma Cooih ស្រុក Dong Giang បានដាំចេកសៀម និងចេកអំបូងលើផ្ទៃដីជាង ៣ ហិកតា។ ចំការចេករបស់លោក Hoi ស្ថិតនៅលើភ្នំនៅឃុំ Ma Cooih ដែលមានដើមចេកចំនួន ៤ ០០០ ដើម។ ជាមធ្យម ចេកមួយស្ទងលក់បានតម្លៃ ៨ ម៉ឺនដុង (ជាង ៣ ដុល្លារអាមេរិក) ទៅ ១៥ ម៉ឺនដុង (ជាង ៦ ដុល្លារអាមេរិក)។ នាថ្ងៃពេញបូណ៌មី ថ្ងៃទី ១ កើត បុណ្យទាន និងបុណ្យតេត ចេកឡើងតម្លៃពី ២០ ម៉ឺនដុង (ជិត ១០ដុល្លារអាមេរិក) ទៅ ៥០ ម៉ឺនដុង (ជាង ២២ ដុល្លារអាមេរិក) ចំពោះចេកមួយស្ទង។ លោក A Lang Hoi បាននិយាយថា ដោយអាស្រ័យលើការដាំចេក គ្រួសារលោក Hoi បានរួចផុតពីភាពក្រីក្រ ហើយមានលុយសាងសង់ផ្ទះ៖

“ដាំចេកមានប្រសិទ្ធភាពខ្ពស់ ហើយជីវភាពរស់នៅមានស្ថេរភាព។ ពីមុន ខ្ញុំប្រមូលទិញចេកដើម្បីលក់ត ហើយមានចំណេញ ទើបខ្ញុំបានវិនិយោគដាំចេក។ ប្រាក់ចំណូលប្រចាំខែជាមធ្យមគឺជាង ១០ លានដុង (ជាង ៤១០ ដុល្លារអាមេរិក)។ ខ្ញុំមានប្រាក់ចំណូលប្រចាំខែហើយ ដូច្នេះជីវភាពរស់នៅកាន់តែល្អប្រសើរឡើង។ ខ្ញុំមានគោលបំណងថា អាជ្ញាធរមូលដ្ឋាននឹងសាងសង់ផ្លូវក្រាលកៅស៊ូដើម្បីដឹកជញ្ជូនចេកបានយ៉ាងងាយស្រួលផងដែរ”។

នៅតាមស្រុកព្រៃភ្នំខេត្ត Quang Nam គំរូសេដ្ឋកិច្ចប្រកបដោយប្រសិទ្ធភាពខ្ពស់កាន់តែកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ ក្នុងនោះមានគំរូដាំចេកសៀម។ បងប្អូនប្រជាជនក្នុងតំបន់បានផ្ដោតសំខាន់លើការផលិត និងជួយគ្នាជំនះពុះពារលើការលំបាក ដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ចគ្រួសារនិយាយដោយឡែក និង អភិវឌ្ឍន៍សេដ្ឋកិច្ចតំបន់និយាយរួមផងដែរ៕

ប្រតិកម្មទៅវិញ