ពិព័រណ៍ “គ្រាប់ពូជក្រហម” ឧទ្ទេសនាមយុទ្ធជន​កុម្មុយនិស្ត​ជំនាន់​ដំបូងនៃបដិវត្តន៍វៀតណាម

Chia sẻ
(VOVWORLD) - សំដៅលើកតម្កើងនិងចងចាំនូវគុណូបការៈរបស់ជនកុម្មុយនិស្តជំនាន់ដំបូងនៃបដិវត្តន៍វៀតណាម សារមន្ទីរប្រវត្តិសាស្ត្រជាតិសហការជាមួយបណ្ណសារដ្ឋាន នៃការិយាល័យមជ្ឈឹមបក្ស បានរៀបចំការតាំងពិព័រណ៍ក្រោមប្រធានបទ “គ្រាប់ពូជក្រហម”។ ការតាំងពិព័រណ៍នេះ បានប្រព្រឹត្តទៅនៅសារមន្ទីរប្រវត្តិសាស្ត្រជាតិ លេខ ២៥ Tong Dan ខណ្ឌ Hoan Kiem ទីក្រុងហាណូយ។

ការចាប់បដិសន្ធិរបស់បក្សកុម្មុយនិស្តវៀតណាមផ្សាភ្ជាប់ជាមួយតួនាទីនិងបុព្វហេតុបដិវត្តន៍របស់អគ្គមគ្គុទេសក៍ Nguyen Ai Quoc (លោកប្រធានហូជីមិញ) ស្ថាបនិក និងជាអ្នកបណ្តុះបណ្តាលបក្សកុម្មុយនិស្តវៀតណាម។ អ្នកដែលបានជ្រើសរើស ដាំដុះ "គ្រាប់ពូជក្រហម" ជាជនកុម្មុយនិស្តជំនាន់ដំបូងសម្រាប់បដិវត្តន៍វៀតណាម បង្កើតបុព្វបទសម្រាប់ការចាប់បដិសន្ធិរបស់បក្សកុម្មុយនិស្តវៀតណាម (ថ្ងៃទី ៣ ខែកុម្ភៈ ឆ្នាំ ១៩៣០)។

ពិព័រណ៍ “គ្រាប់ពូជក្រហម” ឧទ្ទេសនាមយុទ្ធជន​កុម្មុយនិស្ត​ជំនាន់​ដំបូងនៃបដិវត្តន៍វៀតណាម - ảnh 1គណៈប្រតិភូទស្សនាការតាំងពិព័រណ៍។ រូបថត៖ qdnd.vn

ពិព័រណ៍ “គ្រាប់ពូជពណ៌ក្រហម” បានឧទ្ទេសនាមឯកសារ វត្ថុបុរាណ រូបភាព និងឯកសារដ៏មានតម្លៃជាង១០០ ដែលត្រូវបានរក្សាទុកនៅសារមន្ទីរប្រវត្តិសាស្ត្រជាតិ បណ្ណសារដ្ឋាន នៃការិយាល័យមជ្ឈឹមបក្ស និងសារមន្ទីរយុទ្ធជនបដិវត្តន៍ដែលត្រូវសត្រូវចាប់ឃុំខ្លួន។ លោកស្រី Nguyen Thi Thu Hoan នាយករងសារមន្ទីរប្រវត្តិសាស្ត្រជាតិវៀតណាមបានឲ្យដឹងថា៖ “ក្នុងពិព័រណ៍នេះ យើងបានឧទ្ទេសនាមប្រធានបទសំខាន់ៗចំនួន ២ ទីមួយគឺការដាំដុះគ្រាប់ពូជក្រហម យុទ្ធជនកុម្មុយនិស្តជំនាន់ដំបូងដែលរួមចំណែកដល់ការបង្កើតបក្សកុម្មុយនិស្តវៀតណាម ដឹកនាំបក្សនិងប្រជាជនដណ្ដើមបានឯករាជ្យនាឆ្នាំ ១៩៤៥ ។ ប្រធានបទទី ២ គឺជាភាពក្លាហានរបស់ជនកុម្មុយនិស្ត ដែលសង្កត់ធ្ងន់លើគំរូយុទ្ធជនកុម្មុយនិស្តឆ្នើមនៅជំនាន់ដំបូង។ ជាមួយគ្នានោះ គឺជាឯកសារនានាស្តីពីសកម្មភាពរបស់យុទ្ធជនកុម្មុយនិស្តនៅដំណាក់កាលដំបូង និងវត្ថុអនុស្សាវរីយ៍របស់គ្រាប់ពូជក្រហមទាំងនោះ។ ក្នុងអំឡុងឆ្នាំ ១៩៣០-១៩៤៥ គឺវត្ថុបែបនេះពិតជាកម្រណាស់”។

គ្រាប់ពូជក្រហមជំនាន់ដំបូងនៃបដិវត្តន៍វៀតណាមត្រូវបានដាំដុះដោយ លោក Nguyen Ai Quoc ។ ការតាំងពិព័រណ៍នេះក៏បានឧទ្ទេសនាមស្នាដៃ និងឯកសារដ៏មានតម្លៃដែលផ្សាភ្ជាប់ជាមួយ អគ្គមគ្គុទេសក៍ Nguyen Ai Quoc ក៏ដូចជាព្រឹត្តិការណ៍បង្កើតបក្សកុម្មុយនិស្តវៀតណាម ដូចជាស្នាដៃ “Đường Kách mệnh - មាគ៌ាបដិវត្តន៍” (រតនវត្ថុជាតិ)” “Nhat ky trong tu - ទិនានុលេខន៍ក្នុងពន្ធនាគារ” និង “កម្មវិធីនយោបាយ” របស់បក្សកុម្មុយនិស្តឥណ្ឌូចិន ដែលបានតាក់តែងឡើងដោយលោក Tran Phu ត្រូវបានអនុម័តនៅសន្និសីទមជ្ឈឹមបក្សលើកទី១ នាខែតុលាឆ្នាំ១៩៣០។ រំភើបចិត្តនៅពេលមើលឃើញរូបភាពទាំងនេះ លោក Nguyen Tien Mu អនុប្រធានសារមន្ទីរយុទ្ធជនបដិវត្តន៍ដែលត្រូវសត្រូវចាប់ឃុំខ្លួន នៅស្រុក Phu Xuyen ទីក្រុងហាណូយ ចែករំលែកថា៖ “យើងខ្ញុំគឺជាយុទ្ធជនបដិវត្តន៍ដែលត្រូវសត្រូវចាប់ឃុំខ្លួន នៅសារមន្ទីរ Phu Xuyen។ នៅពេលក្រឡេកមើលរូបភាពទាំងនេះខ្ញុំរំជួលចិត្តខ្លាំងណាស់។ ពិព័រណ៍នេះបាននិទានប្រាប់ជំនាន់ក្រោយឲ្យដឹងពីអំឡុងឆ្នាំប្រយុទ្ធដ៏អង់អាចក្លាហានរបស់ប្រជាជាតិទាំងមូល ហើយដឹងថាជំនាន់មុនត្រូវលះបង់សាច់ស្រស់ឈាមស្រស់ដើម្បីទទួលបានឯករាជ្យដូចសព្វថ្ងៃនេះ”។

ពិព័រណ៍ “គ្រាប់ពូជក្រហម” ឧទ្ទេសនាមយុទ្ធជន​កុម្មុយនិស្ត​ជំនាន់​ដំបូងនៃបដិវត្តន៍វៀតណាម - ảnh 2ស្នាដៃ “Đường Kách mệnh - មាគ៌ាបដិវត្តន៍”  របស់ អគ្គមគ្គុទេសក៍ Nguyen Ai Quoc ។ រូបថត៖ qdnd.vn

ពិព័រណ៍ “គ្រាប់ពូជក្រហម” បានសរឲ្យឃើញថា បើទោះបីស្ថិតក្នុងលក្ខខណ្ឌឃុំឃាំង រងការទារុណកម្មយ៉ាងឃោរឃៅក៏ដោយ ប៉ុន្តែដោយពាក្យស្លោកថា “ប្រែក្លាយពន្ធនាគារទៅជាសាលាបដិវត្តន៍” បក្ខជននានាបានបង្កើតសាខាបក្សដោយសម្ងាត់ រួមគ្នាពូនជ្រុំ ចងក្រងឯកសារទ្រឹស្តីនយោបាយ រៀបចំថ្នាក់រៀនវប្បធម៌ ទ្រឹស្តី រួមចំណែកយ៉ាងសំខាន់ទៅក្នុងបុព្វហេតុនៃការតស៊ូដណ្តើមឯករាជ្យជាតិ។ មកទស្សនាការតាំងពិព័រណ៍ មិត្ត Nguyen Viet Trung និស្សិតនៃសាកលវិទ្យាល័យច្បាប់ហាណូយបានសម្តែងថា៖ “ខ្ញុំរំជួលចិត្តខ្លាំងណាស់។ រាល់រឿងរ៉ាវប្រវត្តិសាស្ត្រ វត្ថុបុរាណទាំងនេះ ទំនងជារូបខ្ញុំផ្ទាល់និងយុវជនជាច្រើនបានដឹងហើយ ប៉ុន្តែឥឡូវនេះតាមរយៈការតាំងពិព័រណ៍ ទើបខ្ញុំបានយល់ដឹងយ៉ាងស៊ីជំរៅអំពីការលះបង់ ហាត់ពត់លត់ដំខ្លួន និងបណ្តុះបណ្តាលសីលធម៌បដិវត្តន៍ ឧត្តមគតិបដិវត្តន៍របស់ថ្នាក់ដឹកនាំបក្សកុម្មុយនិស្តវៀតណាមជាច្រើនជំនាន់ ចាប់តាំងពីថ្ងៃបង្កើតរហូតមកដល់បច្ចុប្បន្ន។ ក្នុងនាមជាមនុស្សយុវវ័យម្នាក់ ខ្ញុំឃើញថាត្រូវខិតខំប្រឹងប្រែងថែមទៀតដើម្បីសក្តិសមនឹងការលះបង់របស់ដូនតាជំនាន់មុនៗ ដើម្បីប្រជាជាតិ និងប្រទេសវៀតណាមកាន់តែមានភាពសម្បូររុងរឿង និងអភិវឌ្ឍន៍ថែមទៀត”។

ជាមួយនឹងវត្ថុបុរាណ ឯកសារដើម និងរូបភាពដ៏មានតម្លៃដែលកំពុងត្រូវបានរក្សាទុកនៅសារមន្ទីរប្រវត្តិសាស្ត្រជាតិ និងបណ្ណសារដ្ឋាននៃការិយាល័យមជ្ឈិមបក្ស ការតាំងពិព័រណ៍ "គ្រាប់ពូជក្រហម" ជួយឱ្យសាធារណជនយល់ដឹងបន្ថែមអំពីប្រវត្តិសាស្ត្ររបស់ប្រទេសជាតិ និងបង្ហាញយ៉ាងច្បាស់ពីការលះបង់របស់យុវជនជាច្រើនជំនាន់ នាប៉ុន្មានឆ្នាំដំបូងនៃបដិវត្តនៅវៀតណាម។ តាមនោះ បំផុសស្មារតីស្នេហាជាតិ មោទនភាពចំពោះប្រវត្តិសាស្ត្រជាតិ របស់ប្រជាជន ជាពិសេសជំនាន់វ័យក្មេង ឲ្យបន្តមរតកដូនតាជំនាន់មុនៗ រួមចំណែកទាំងកម្លាំងកាយចិត្តក្នុងបុព្វហេតុការពារនិងកសាងប្រទេសជាតិ៕

ប្រតិកម្មទៅវិញ