ទំនិញវៀតណាមអះអាង​ពីឧត្តមភាពនៅទីផ្សារក្នុងស្រុក

Huyen, Toan
Chia sẻ
(VOVWORLD) - អាស្រាយដោយសមាហរណកម្មសេដ្ឋកិច្ចអន្តរជាតិ ទំនិញបរទេសជាមួយពាណិជ្ជសញ្ញាល្បីៗលែងចំឡែកសម្រាប់អ្នកប្រើប្រាស់វៀតណាមទៀតហើយ។ ទោះជាយ៉ាងណាក៏ដោយ ទំនិញពីសហគ្រាសផលិតកម្មក្នុងស្រុកក៏មានឧត្តមភាពកាន់តែខ្លាំងឡើងលើទីផ្សារ ដោយសារគុណភាពល្អ ការរចនាស្អាត តម្លៃសមរម្យ។ ការពិតនេះបានអះអាងពីឋានៈដ៏រឹងមាំរបស់ទំនិញវៀតណាមនៅទីផ្សារក្នុងស្រុក។

ក្នុងអំឡុងពេលបុណ្យតេតប្រពៃណី ឆ្នាំរោង ឆស័ក ២០២៤ ជំនួសឱ្យការជ្រើសរើសនំនិងស្ករគ្រាប់ដែលត្រូវបាននាំចូល អ្នកប្រើប្រាស់ជាច្រើនបានផ្តល់អាទិភាពក្នុងការជ្រើសរើសមុខម្ហូបពិសេសក្នុងស្រុក។ ក្រៅពីគុណភាពល្អ ការរចនាស្រស់ស្អាត និងតម្លៃសមរម្យ អាជីវកម្មផលិតនិងជួញដូរទំនិញវៀតណាមបានទាញយកកត្តាវប្បធម៌ជាតិ ផលិតផលពិសេសប្រចាំតំបន់ដើម្បីឈានដល់អ្នកប្រើប្រាស់ក្នុងស្រុក និងអន្តរជាតិ។               

ទំនិញវៀតណាមអះអាង​ពីឧត្តមភាពនៅទីផ្សារក្នុងស្រុក - ảnh 1ក្នុងអំឡុងពេលបុណ្យតេតប្រពៃណីឆ្នាំ២០២៤ ជំនួសឱ្យការជ្រើសរើសនំនិងស្ករគ្រាប់ដែលនាំចូល អ្នកប្រើប្រាស់ជាច្រើនផ្តល់អាទិភាពក្នុងការជ្រើសរើសមុខម្ហូបពិសេសក្នុងស្រុកវិញ។ រូបថត៖ VOV

“គុណភាពផលិតផលវៀតណាមមានភាពប្រសើរឡើងជាច្រើន មានភាពចម្រុះក្នុងការរចនា ហើយតម្លៃក៏សមរម្យដែរ។ រូបខ្ញុំផ្ទាល់ តែងតែផ្តល់អាទិភាពលើការប្រើប្រាស់ផលិតផលវៀតណាម ដែលសមស្របទៅនឹងតម្រូវការបច្ចុប្បន្ន ហើយតម្លៃក៏សមរម្យសម្រាប់ប្រជាជនវៀតណាមផងដែរ”។

“រូបខ្ញុំផ្ទាល់មានទំនោរប្រើប្រាស់ផលិតផលក្នុងស្រុកច្រើនជាងមុន។ ដោយសារតែខ្ញុំមានអារម្មណ៍ថា ផលិតផលវៀតណាមសព្វថ្ងៃនេះ មានគុណសម្បត្តិដ៏អស្ចារ្យ។ ផលិតផលជាច្រើនមានគុណភាពដូចនឹងទំនិញនាំចូលដែលមានតម្លៃថ្លៃដែរ”។

យោងតាមស្ថិតិរបស់ក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្ម សមាមាត្រនៃទំនិញវៀតណាមដែលបានដាក់លក់នៅក្នុងផ្សារទំនើបនិងហាងលក់ទំនិញរបស់អាជីវកម្មក្នុងស្រុកមានចំនួនជាង ៩០% ហើយនៅក្នុងប្រព័ន្ធផ្សារទំនើបបរទេសមានប្រហែល ៦០% - ៦៩% ។ នៅក្នុងបណ្តាញលក់រាយប្រពៃណី សមាមាត្រនៃទំនិញវៀតណាមនៅតាមផ្សារនិងហាងលក់ទំនិញសារពើមានចំនួន ៦០% ឬច្រើនជាងនេះ។ លោកស្រី Nguyen Thi Thu Thuy អនុប្រធានអចិន្ត្រៃយ៍នៃសមាគមអភិវឌ្ឍន៍ទំនិញប្រើប្រាស់វៀតណាមបានមានប្រសាសន៍ថា៖ “ការអភិវឌ្ឍន៍យ៉ាងឆាប់រហ័សនៃវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា និងឥទ្ធិពលនៃបដិវត្តន៍ ៤.០ បានផ្លាស់ប្តូរទម្លាប់នៃការទិញទំនិញរបស់អ្នកប្រើប្រាស់។ អតិថិជនវៀតណាមចង់ទទួលបានបទពិសោធន៍ពហុបណ្តាញ ប្រជាជនវៀតណាមនឹងផ្តល់អាទិភាពប្រើប្រាស់ផលិតផលវៀតណាមដែលមានគុណភាពខ្ពស់ ដោយមានការជ្រើសរើស”។

យោងតាមគណៈកម្មាធិការដឹកនាំចលនា “ប្រជាជនវៀតណាមផ្តល់អាទិភាពលើការប្រើប្រាស់ផលិតផលវៀតណាម” បានឲ្យដឹងថា កម្លាំងទិញផលិតផលវៀតណាមកំពុងតែកើនឡើង ដោយអ្នកប្រើប្រាស់ជាង ៩០% បានបញ្ជាក់ពីអាទិភាពក្នុងការទិញផលិតផលវៀតណាមនៅពេលទិញទំនិញ; ៧៥% នៃអ្នកប្រើប្រាស់បានណែនាំដល់សាច់ញាត្តិនិងមិត្តភ័ក្តិ ឱ្យទិញផលិតផលវៀតណាម។ ចលនា "ប្រជាជនវៀតណាមផ្តល់អាទិភាពប្រើប្រាស់ផលិតផលវៀតណាម" បានផ្លាស់ប្តូរការត្រិះរិះរបស់អាជីវកម្មផ្គត់ផ្គង់ ក៏ដូចជាអ្នកប្រើប្រាស់អំពីប្រភពដើមនៃទំនិញក្នុងស្រុក ដែលនាំឱ្យមានការផ្លាស់ប្តូរគួរឱ្យកត់សម្គាល់ក្នុងនិន្នាការប្រើប្រាស់ទំនិញវៀតណាម។

ទំនិញវៀតណាមអះអាង​ពីឧត្តមភាពនៅទីផ្សារក្នុងស្រុក - ảnh 2លោកស្រី Nguyen Thi Thu Thuy អនុប្រធានអចិន្ត្រៃយ៍នៃសមាគមអភិវឌ្ឍន៍ទំនិញប្រើប្រាស់វៀតណាម។ រូបថត៖ VOV

ដើម្បីសម្រេចបាននូវលទ្ធផលនេះ ក្រៅពីកិច្ចខិតខំប្រឹងប្រែងរបស់អាជីវកម្មក្នុងស្រុកក្នុងការលើកកម្ពស់សមត្ថភាពប្រកួតប្រជែងនោះ ក៏មានតួនាទីត្រួសត្រាយផ្លូវនៃប្រព័ន្ធចែកចាយនិងលក់រាយផងដែរ។ លោក Le Van Liem នាយកតំបន់ភាគខាងជើងនៃសម្ព័ន្ធសហករណ៍ពាណិជ្ជកម្មទីក្រុងហូជីមិញបានចែករំលែកថា៖ “អង្គភាពលក់រាយបានចាត់វិធានការផ្លាស់ប្តូរឱ្យសមស្របបំផុត។ ទីមួយគឺជ្រើសរើសបណ្តាញលក់រាយសមរម្យ។ ទីពីរ គឺជាការលក់ពហុបណ្តាញ ដោយបម្រើអ្នកប្រើប្រាស់ជំនាន់ថ្មីជាមួយតម្រូវការថ្មី ដែលត្រូវតែផ្លាស់ប្តូរបានទាន់ពេលវេលា។ ទីបី អាជីវកម្មរក្សាតុល្យភាពផលប័ត្រផលិតផល។ យើងសម្របសម្រួលជាមួយអ្នកផលិត ដើម្បីរៀបចំ អនុវត្តការងាររក្សាស្ថេរភាព និងមានវិធានការផ្លាស់ប្តូរឱ្យបានសមសម្របទៅនឹងអ្នកប្រើប្រាស់”។

ដើម្បីជំរុញផលិតកម្មនិងការប្រើប្រាស់ទំនិញវៀតណាម ក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មបាននិងកំពុងសហការយ៉ាងសកម្មជាមួយក្រសួង ផ្នែក និងមូលដ្ឋាននានា ពង្រឹងការអនុវត្តយុទ្ធសាស្ត្រនិងដំណោះស្រាយជាច្រើន ដូចជាការផ្សព្វផ្សាយព័ត៌មាននិងឃោសនាអំពីចលនានេះ; ពិនិត្យ បំពេញបន្ថែម និងផ្សព្វផ្សាយយន្តការនិងគោលនយោបាយ ដើម្បីគាំទ្រដល់ការផលិត និងការប្រើប្រាស់ក្នុងស្រុក និងការពារអ្នកប្រើប្រាស់; ជួយសម្រួលអាជីវកម្មក្នុងសកម្មភាពផ្សព្វផ្សាយពាណិជ្ជកម្មនិងការពង្រីកទីផ្សារក្នុងស្រុក។ លោកស្រី Le Viet Nga អនុប្រធាននាយកដ្ឋានទីផ្សារក្នុងស្រុក ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម បានបញ្ជាក់ថា៖ “ទំហំទីផ្សារលក់រាយរបស់វៀតណាមបានលើសពី ១៨០ ពាន់លានដុល្លារអាមេរិកក្នុងឆ្នាំ ២០២៣ ហើយត្រូវបានព្យាករណ៍ថា នឹងបន្តកើនឡើងនៅឆ្នាំបន្ទាប់។ វៀតណាមបានក្លាយជាតំបន់ដីមានជីជាតិច្រើនសម្រាប់អ្នកលក់រាយ ហើយទន្ទឹមនឹងនេះក៏ជាឱកាសសម្រាប់អាជីវកម្មបង្កើតម៉ាកយីហោរ និងពង្រីកបណ្តាញចែកចាយក្នុងស្រុកសម្រាប់ទំនិញវៀតណាមដែលមានគុណភាពជាសាកល គុណភាពជាតិ និងម៉ាកសញ្ញាជាតិ ផលិតផលពិសេសប្រចាំតំបន់  ផលិតផលរបស់ភូមិសិប្បកម្មប្រពៃណី”។

ដោយមានការគ្របដណ្តប់យ៉ាងទូលំទូលាយរាល់របស់បណ្តាញចែកចាយ ចាប់ពីបណ្តាញចែកចាយប្រពៃណី រហូតដល់ប្រព័ន្ធចែកចាយទំនើប និងការព្យាករណ៍សុទិដ្ឋិនិយមលើកំណើនទំហំទីផ្សារ ទំនិញវៀតណាមបន្តបញ្ជាក់ពីឧត្តមភាពរបស់ខ្លួននៅលើទីផ្សារក្នុងស្រុកនាពេលខាងមុខ៕

ប្រតិកម្មទៅវិញ