ជ្រុងមួយនៃទីក្រុង Lai Chau ដែលមើលពីខាងលើ (រូបថត៖ Ngoc Anh/VOV ៥) |
ជនជាតិនីមួយៗក្នុងខេត្ត Lai Chau មានអត្តសញ្ញាណវប្បធម៌ដោយឡែករបស់ខ្លួន។ តម្លៃវប្បធម៌ប្រពៃណីរបស់ជនជាតិ គឺជាប្រភពធនធានដ៏សំខាន់សម្រាប់ខេត្តក្នុងការអភិវឌ្ឍទេសចរណ៍។ គណៈកម្មាធិការប្រជាជនខេត្ត Lai Chau បានចេញគម្រោង “អភិរក្ស និងលើកកំពស់អត្តសញ្ញាណវប្បធម៌ដ៏ល្អប្រសើររបស់បណ្តាជនជាតិ ដោយផ្សារភ្ជាប់នឹងការអភិវឌ្ឍទេសចរណ៍ ដំណាក់កាល ២០២១ - ២០២៥ ទិសដៅដល់ឆ្នាំ ២០៣០”។ តាមនោះ ខេត្តបានកៀរគររាល់ធនធានទាំងអស់ដើម្បីវិនិយោគ ធ្វើអាជីវកម្ម និងលើកកំពស់តម្លៃវប្បធម៌ប្រពៃណី រួមចំណែកជំរុញសេដ្ឋកិច្ចនិងសង្គម។ លោក Tran Quang Khang អនុប្រធានមន្ទីរវប្បធម៌ កីឡា និងទេសចរណ៍ខេត្ត Lai Chau បានឲ្យដឹងថា៖ “ក្នុងដំណាក់កាល ២០២១ - ២០២៥ ខេត្ត Lai Chau ខិតខំឱ្យមានភូមិទេសចរណ៍សហគមន៍គំរូចំនួន ៥ ដែលត្រូវបានផ្សារភ្ជាប់ជាមួយនឹងបទពិសោធន៍វប្បធម៌របស់ជនជាតិចំនួន ៥។ ជាពិសេស ភូមិ Vang Pheo នៃស្រុក Phong Tho អភិវឌ្ឍន៍ទេសចរណ៍សហគមន៍ដែលផ្សាភ្ជាប់ជាមួយម្ហូបប្រចាំតំបន់ និងវប្បធម៌ប្រពៃណី របស់ជនជាតិ Thai។ ភូមិ Sin Suoi Ho នៃស្រុក Phong Tho ទទួលបានបទពិសោធន៍ពីធម្មជាតិដែលផ្សាភ្ជាប់នឹងវប្បធម៌របស់ជនជាតិ Mong។ ភូមិ Si Thau Chai ស្រុក Tam Duong ទទួលបទពិសោធន៍វប្បធម៌របស់ជនជាតិ Dao។ ភូមិ Hon នៃស្រុក Tam Duong ទទួលបទពិសោធន៍វប្បធម៌របស់ជនជាតិ Lu។ ហើយយើងខិតខំថានៅឆ្នាំ ២០២៥ ភូមិ Sin Suoi Ho នឹងក្លាយជាភូមិទេសចរណ៍សហគមន៍គំរូរបស់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន)”។
ខេត្ត Lai Chau បច្ចុប្បន្នមានបេតិកភណ្ឌវប្បធម៌អរូបីជាតិចំនួន ៥ រួមមាន៖ សិល្បៈរបាំ Xoe, ល្បែងទាញព្រ័ត្ររបស់ជនជាតិ Thai, ពិធី Tu Cai របស់ជនជាតិ Dao, ពិធីបុណ្យ Gau Tao របស់ជនជាតិ Mong និងការតម្បាញចារបាប់របស់ក្រុមជនជាតិ Lu។ ជាពិសេស ចម្រៀង Then របស់ជនជាតិ Thai ត្រូវបានអង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌របស់អង្គការសហប្រជាជាតិ (UNESCO) ទទួលស្គាល់ជាបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ។ ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីអភិរក្សវប្បធម៌ប្រពៃណី ប៉ុន្មានឆ្នាំកន្លងមកនេះ ខេត្ត Lai Chau បានរៀបចំថ្នាក់បង្រៀនវប្បធម៌អរូបីរបស់ជនជាតិ; ស្តារ និងអភិរក្សពិធីបុណ្យប្រចាំរបស់ជនជាតិភាគតិច ចំនួន ១៦។ លោកស្រី Mai Thi Hong Sim អនុប្រធានគណៈកម្មាធិការប្រជាជនស្រុក Phong Tho បានឲ្យដឹងថា៖ “នៅឃុំ Muong So តែងតែមានពិធីបុណ្យនាង Han ប្រចាំឆ្នាំ។ នាង Han គឺជាមេទ័ពស្ត្រីរបស់ជនជាតិ Thai។ នៅទីនេះមានទីសក្ការៈនាង Han ហើយពិធីបុណ្យនាង Han ត្រូវបានប្រារព្ធឡើងនៅថ្ងៃទី ១៥ នៃខែទី ២ តាមប្រតិទិនច័ន្ទគតិ។ ពិធីបុណ្យនេះលើកតម្កើងមេទ័ពស្ត្រី Han និងត្រូវបានផ្សារភ្ជាប់ជាមួយនឹងល្បែងប្រជាប្រិយ ទាក់ទាញភ្ញៀវទេសចរជាច្រើន។ រៀងរាល់ឆ្នាំនៅថ្ងៃទី១០ នៃខែទី៣ មានបុណ្យប្រពៃណីរបស់ជនជាតិ Thai។ នោះគឺជាពិធីបុណ្យ Then Kin Pang ដែលគេស្គាល់ថាជាពិធីបុណ្យជះទឹក។ ពិធីបុណ្យនេះមានល្បែងប្រជាប្រិយ ការសម្តែងវប្បធម៌ និងល្បែងវង់សាមគ្គី។ ទាំងនេះគឺជាគំរូអភិរក្សដែលលើកកម្ពស់អត្តសញ្ញាណវប្បធម៌ដែលផ្សាភ្ជាប់នឹងការអភិវឌ្ឍទេសចរណ៍”។
ទិដ្ឋភាពសប្បាយរីករាយរបស់អ្នកស្រុក និងអ្នកទេសចរនៅភូមិ Vang Pheo (រូបថត៖ Ngoc Anh/VOV ៥) |
សិប្បកម្មប្រពៃណីដូចជា៖ តម្បាញ ប៉ាក់ ... នៅតាមភូមិនានារបស់ខេត្ត Lai Chau បង្កើតឡើងផលិតផលសិប្បកម្មទំនើបៗ ដែលភ្ញៀវទេសចរនិយមចូលចិត្ត។ ម្ហូបអាហារក៏ជាប្រៀបខ្លាំងរបស់ខេត្ត Lai Chau ផងដែរ។ អង្គការកំណត់ត្រាវៀតណាមបានទទួលស្គាល់មុខម្ហូបដូចជាកប់ត្រីផេះ បាយដំណើបពណ៌ស្វាយ Lai Chau ត្រូវបានជ្រើសរើសនៅក្នុងកំពូលមុខម្ហូបពិសេសរបស់វៀតណាមទាំង ១០០ (២០២១ - ២០២២); ការទទួលស្គាល់ឯកទេស៖ ផ្លែ oc cho sin ho និងស្រាពោត Sung Phai ត្រូវបានជ្រើសរើសធ្វើការដូរ វៀតណាមកំពូលទាំង ១០០ (២០២១ - ២០២២)។ អ្នកស្រី Lo Thi Nhung ម្ចាស់ផ្ទះ Tam Nhung Homestay នៅភូមិ Vang Pheo ឃុំ Muong So ស្រុក Phong Tho បាននិយាយថា៖ “ម្ហូបអាហារជនជាតិថៃសម្បូរណាស់ ដូចជា៖ ត្រីកប់ក្នុងផេះ ស្លែថ្ម ដង្កូវនាង ត្រីអាំងតាមស្ទីលប៉ា pining top - ត្រីអាំងដ៏ល្បីល្បាញនៅភាគពាយ័ព្យ។ មកដល់ភូមិ ភ្ញៀវទេសចរអាចរីករាយជាមួយម្ហូបជនជាតិថៃ បទពិសោធន៍វប្បធម៌ប្លែកៗ ដូចជារាំ Xoa និងរាំតាមតូបជាដើម។ យើងផ្តល់ឱ្យអ្នកទស្សនានូវបទពិសោធន៍នៃការកក់សក់ជនជាតិ Thai។ ប្រជាជន Thai នៅថ្ងៃទី ៣០នៃបុណ្យតេត តែងធ្វើពិធីកក់សក់ដើម្បីបួងសួងសុំសំណាងល្អ និងសុខភាព។ ក្នុងនាមជាកូនអ្នកភូមិ Vang Pheo ខ្ញុំចង់រក្សាចំណេះដឹងអំពីរឿងព្រេងនិទាន និងម្ហូបអាហារជនជាតិ Thai”។
បាយដំណើបពណ៌ស្វាយ Lai Chau ត្រូវបានជ្រើសរើសក្នុងបញ្ជីមុខម្ហូបពិសេសរបស់វៀតណាមទាំង ១០០ (ឆ្នាំ ២០២១ - ២០២២) (រូបថត៖ poliva.vn) |
ខេត្ត Lai Chau កំពុងផ្សព្វផ្សាយផលិតផលទេសចរណ៍ ដោយភ្ជាប់ជាមួយខ្សែសង្វាក់ផលិតផលទេសចរណ៍ នៅតំបន់ភាគពាយ័ព្យ និងទូទាំងប្រទេស។ ខេត្តផ្តោតលើការធ្វើឱ្យប្រសើរឡើងនូវបរិក្ខារ ការបើកដំណើរទេសចរណ៍ និងផ្លូវទេសចរណ៍បន្ថែមទៀត។ ទន្ទឹមនឹងនោះ មានគោលនយោបាយអនុគ្រោះដើម្បីទាក់ទាញអ្នកវិនិយោគ អាជីវកម្ម និងភ្នាក់ងារទេសចរណ៍។ លោក Tong Thanh Hai អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការប្រជាជនខេត្ត Lai Chau បានឲ្យដឹងថា៖ “ខេត្ត Lai Chau បានដាក់ជូនរដ្ឋាភិបាលនូវគោលនយោបាយសាងសង់អាកាសយានដ្ឋាន Lai Chau។ បច្ចុប្បន្ននេះ យើងបានអនុម័តគម្រោងសួន Eden ស្រុក Tam Duong ដែលមានផ្នែករងចំនួន ៦ លើផ្ទៃដីជាង ១០០ ហិកតា ដែលចំណុចលេចធ្លោគឺកន្លែងជិះស្គីខាងក្រៅ។ យើងក៏មានគម្រោងល្បាក់ទឹកធ្លាក់ Tac Tinh គម្រោងទឹកក្តៅ Phieng Phat ស្រុក Tan Uyen គម្រោងប្រណាំងសេះ ទីលានវាយកូនហ្គោល ការអភិវឌ្ឍន៍យិនស៊ិន Lai Chau ជាដើម”។។
ខេត្ត Lai Chau បង្កើតផលិតផលទេសចរណ៍វិសេសវិសាល និងទាក់ទាញភ្ញៀវទេសចរ តភ្ជាប់ទេសចរណ៍ជាមួយវប្បធម៌ និងផ្សព្វផ្សាយអត្តសញ្ញាណវប្បធម៌ដល់ភ្ញៀវទេសចរណ៍។ នាពេលខាងមុខ Lai Chau នឹងក្លាយជាចំណុចភ្លឺនៅលើផែនទីទេសចរណ៍វៀតណាមជាពុំខាន៕