បំពង់បង្ហូរឧស្ម័ន Nord Stream ១ នៅ Lubmin ប្រទេសអាឡឺម៉ង់។ (រូបថត៖ AFP/TTXVN) |
នៅក្រោមកិច្ចព្រមព្រៀងនេះ ប្រទេសនានានឹងកាត់បន្ថយតម្រូវការឧស្ម័នដោយស្ម័គ្រចិត្តពីខែសីហា ឆ្នាំ ២០២២ ដល់ខែមីនា ឆ្នាំ ២០២៣ បើប្រៀបធៀបទៅនឹងការប្រើប្រាស់ជាមធ្យមក្នុងដំណាក់កាល ២០១៧-២០២១។ គោលដៅកាត់បន្ថយនេះអាចក្លាយជាការចាប់បង្ខំក្នុងករណីបន្ទាន់អំពីការផ្គត់ផ្គង់។
មតិបញ្ច្រាសគ្នា
អ្នកជំនាញចាត់ទុកថា រដូវរងាឆ្នាំ ២០២២-២០២៣ នឹងជួបការលំបាកជាច្រើន ជាពិសេសប្រសិន បើសីតុណ្ហភាពធ្លាក់ចុះយ៉ាងខ្លាំង។ គោលដៅកាត់បន្ថយការប្រើប្រាស់ឧស្ម័ន ១៥% គឺដើម្បីជួយ EU ឆ្លងកាត់រដូវរងានេះ។ យោងតាមការប៉ាន់ស្មានរបស់គណៈកម្មការអឺរ៉ុប ប្រសិនបើសហភាពអឺរ៉ុប (EU) កាត់បន្ថយការប្រើប្រាស់ឧស្ម័ន ១៥% ប្រទេសជាសមាជិកសហភាពអឺរ៉ុបអាចសន្សំបាន ៤៥ ពាន់លានម៉ែត្រគីប។
ផែនការកាត់បន្ថយឧស្ម័ន ដើមឡើយគ្រោងនឹងអូសបន្លាយក្នុងរយៈពេលពីរឆ្នាំប៉ុន្តែរដ្ឋាភិបាលសមាជិកសហភាពអឺរ៉ុបបានកាត់បន្ថយពេលវេលាមកត្រឹមមួយឆ្នាំប៉ុណ្ណោះ។ បន្ទាប់ពីរដូវរងាឆ្នាំនេះ គេនឹងពិភាក្សាអំពីផែនការឧស្ម័នជាបន្ទាន់សម្រាប់រដូវរងាឆ្នាំ ២០២៣-២០២៤។
រដ្ឋមន្ត្រីថាមពល ព័រទុយហ្គាល់ លោក Joao Galamba។ (រូបថត៖ EPA) |
នៅមុនកិច្ចប្រជុំកាលពីថ្ងៃទី ២៦ ខែកក្កដា មជ្ឈដ្ឋានមន្ត្រីសហភាពអឺរ៉ុបបានទទួលស្គាល់ថា ប្រទេសយ៉ាងហោចណាស់ ១២ ក្នុងចំណោមប្រទេសសមាជិកទាំង ២៧ បានលើកឡើងពីការព្រួយបារម្ភចំពោះសំណើកាត់បន្ថយការប្រើប្រាស់ឧស្ម័ន។ កាលពីថ្ងៃទី ២១ ខែកក្កដា រដ្ឋមន្ត្រីថាមពល ព័រទុយហ្គាល់ លោក Joao Galamba បានសង្កត់ធ្ងន់ថា ទីក្រុង Lisbon "ប្រឆាំងជំទាស់" ទៅនឹងផែនការរបស់ EU ដោយសារតែ "សំណើនេះមិនគិតពីភាពខុសគ្នារវាងប្រទេសនានា" ឡើយ។ រដ្ឋមន្ត្រីថាមពលក្រិក លោក Kostas Skrekas បានប្រកាសថា ប្រទេសនេះជំទាស់នឹងការចាប់បង្ខំអនុវត្តន៍គោលដៅកាត់បន្ថយឧស្ម័ន ហើយមិនយល់ស្របនឹងដែនកំណត់នៃការប្រើប្រាស់ឧស្ម័នដែលបានប្រកាសដោយ EU ឡើយ។ រដ្ឋមន្ត្រីក្រសួងអាកាសធាតុប៉ូឡូញ លោក Anna Moskwa បានលើកច្បាស់ថា "មិនអាចទទួលយកការសម្រេចចិត្តណាមួយដែលដាក់លើប្រទេសនានាបានឡើយ។ សន្តិសុខថាមពលគឺជាសិទ្ធិផ្ដាច់មុខរបស់ប្រទេសជាតិ"។ ចំណែកឯហុងគ្រី ដែលជាប្រទេសតែមួយគត់ដែលបានបោះឆ្នោតប្រឆាំងនឹងកិច្ចព្រមព្រៀងនោះ បានប្រកាសថា ឯកសារនេះ "មិនសមហេតុផល គ្មានប្រយោជន៍ មិនអាចអនុវត្តន៍បាន ហើយបង្កគ្រោះថ្នាក់"។
មុននោះ ប្រទេសជាសមាជិកសហភាពអឺរ៉ុប ក៏បានច្រានចោលយ៉ាងត្រង់ៗ នូវសំណើរបស់គណៈកម្មាធិការអឺរ៉ុប (EC) ក្នុងការផ្តល់អំណាចដល់ទីក្រុងព្រុចសែល ឲ្យកំណត់ការកាត់បន្ថយការប្រើប្រាស់ឧស្ម័នក្នុងករណីបន្ទាន់។ គេចង់ឲ្យប្រទេសសមាជិកទាំង ២៧ ខ្លួនឯង មិនមែនស្ថាប័នប្រតិបត្តិ EU ដែលមានទីស្នាក់ការនៅទីក្រុងប្រ៊ុចសែល សម្រេចលើពេលវេលា និងរបៀបអនុវត្តន៍គោលដៅចាប់បង្ខំនោះទេ។
ការផ្ទុកថាមពល
អ្នកខ្លះបារម្ភថា ការកាត់បន្ថយ ១៥% នៃតម្រូវការឧស្ម័ន នឹងនៅតែមិនគ្រប់គ្រាន់ដើម្បីទប់ស្កាត់ការខ្វះខាតឧស្ម័ននៅអឺរ៉ុបក្នុងរដូវរងានេះ។ កម្រិតបម្រុងនាបច្ចុប្បន្ន មានភាពខុសប្លែកគ្នាយ៉ាងខ្លាំងរវាងប្រទេសនានា រហូតមកដល់ពេលនេះ EU ទាំងមូលទើបកាត់បន្ថយការប្រើប្រាស់ឧស្ម័នត្រឹមតែ ៥% ប៉ុណ្ណោះ បើទោះបីជាតម្លៃឧស្ម័នបានហក់ឡើងយ៉ាងខ្លាំងក្នុងរយៈពេលប៉ុន្មានខែកន្លងមកនេះ ខណៈដែលការផ្គត់ផ្គង់ពីប្រទេសរុស្ស៊ីកាន់តែរឹតត្បិតពីមួយថ្ងៃទៅមួយថ្ងៃ។
ជាទូទៅ សហភាពអឺរ៉ុប (EU) មានផែនការបំពេញប្រហែល ៨០% នៃឃ្លាំងស្តុកឥន្ធនៈត្រឹមថ្ងៃទី ១ ខែវិច្ឆិកា សំដៅអាចធានាការផ្គត់ផ្គង់សម្រាប់ខែកំពូលក្នុងរដូវរងា។ប្រទេសអាឡឺម៉ង់មានគោលដៅកាន់តែខ្ពស់ដោយបំពេញរហូតដល់ ៩៥% នៅខែវិច្ឆិកា។
ទិន្នន័យពីហេដ្ឋារចនាសម្ព័ន្ធឧស្ម័នអឺរ៉ុបបង្ហាញថា រហូតមកដល់ពេលនេះ ការបម្រុងឧស្ម័នរបស់អឺរ៉ុបជាមធ្យម កំពុងស្ថិតនៅកម្រិត ៦៦%។ ចំណែកប្រទេសអាឡឺម៉ង់វិញ គិតត្រឹមថ្ងៃទី ២៣ ខែកក្កដា ការបម្រុងឧស្ម័នសរុបរបស់ប្រទេសនេះបានកើនឡើងដល់ ៦៥,៩១%។
លោកស្រី Kateryna Filippenko អ្នកវិភាគជាន់ខ្ពស់នៅក្រុមហ៊ុនប្រឹក្សា Wood Mackenzie បានឲ្យដឹងថា អឺរ៉ុបអាចឆ្លងកាត់រដូវរងាដោយមានឧស្ម័នក្នុងឃ្លាំងស្ដុកនៅសល់តែ ២០% ប៉ុណ្ណោះ នៅចុងខែមីនា ឆ្នាំ ២០២៣ ដែលជាកម្រិតទាបបំផុត។
យោងតាមអ្នកវិភាគ ប្រព័ន្ធថាមពលរបស់អឺរ៉ុបកំពុងប្រឈមនឹងវិបត្តិមួយ។ ការគំរាមកំហែងដល់សន្តិសុខថាមពលគឺពិតប្រាកដ។ ដូច្នេះ បណ្តាប្រទេសនៅអឺរ៉ុបចាំបាច់ត្រូវធ្វើការជាមួយគ្នា ប្រសិនបើគេចង់ឆ្លងកាត់រដូវរងាដោយមិនទទួលរងការខូចខាតធ្ងន់ធ្ងរ។ ប៉ុន្តែ ទោះបីជាប្រទេស EU ធ្វើយ៉ាងដូច្នេះក៏ដោយ ក៏តម្លៃថាមពលក្នុងរដូវរងាបន្ទាប់ (២០២៣-២០២៤) ទំនងជានៅតែស្ថិតនៅកម្រិតខ្ពស់ក្នុងរយៈពេលច្រើនខែ៕