វៀតណាមត្រៀមខ្លួនជាស្រេចរួមដៃគ្នាដោះស្រាយបញ្ហាអន្តរជាតិ

Chia sẻ
(VOVWORLD) - ក្រុមការងារ ដែលមានសមាជិកចំនួន ១០០ នាក់ រួមមានកម្មាភិបាល យុទ្ធជន កងទ័ព និងនគរបាលវៀតណាមកំពុងចូលរួមសកម្មភាពជួយសង្គ្រោះ ជាមួយបណ្ដាកងកម្លាំងអន្តរជាតិនៅតាមតំបន់ដែលរងផលប៉ះពាល់ដោយគ្រោះរញ្ជួយដីកម្រិត ៧,៨ រិចទ័រនៅទួរគី។ 
វៀតណាមត្រៀមខ្លួនជាស្រេចរួមដៃគ្នាដោះស្រាយបញ្ហាអន្តរជាតិ - ảnh 1រដ្ឋមន្ត្រីក្រសួងនគរបាលវៀតណាមលោក To Lam

នេះគឺជាលើកដំបូងហើយ ដែលវៀតណាមបានចាត់បញ្ជូនកងកម្លាំងចូលរួមស្វែងរក ជួយសង្គ្រោះក្នុងគ្រោះមហន្តរាយអន្តរជាតិ។ ក្នុងឱកាសនេះ រដ្ឋាភិបាលវៀតណាមក៏បានសម្រេចផ្តល់ជំនួយជាបន្ទាន់ដល់ទួរគី និងស៊ីរីទឹកប្រាក់ចំនួន ១០ ម៉ឺនដុល្លារអាមេរិកសម្រាប់ប្រទេសនីមួយៗ។ ទង្វើសប្បុរសរបស់វៀតណាមបានសរឲ្យឃើញពីគោលនយោបាយកិច្ចការបរទេសដ៏ឈ្លាសវៃ ការទទួលខុសត្រូវខ្ពស់ចំពោះសហគមន៍អន្តរជាតិ ព្រមទាំងអះអាងពីសមត្ថភាពរបស់វៀតណាមក្នុងការត្រៀមខ្លួនជាស្រេចរួមដៃគ្នាដោះស្រាយរាល់បញ្ហាអន្តរជាតិផងដែរ។

ទំនួលខុសត្រូវក្នុងការដោះស្រាយបញ្ហាអន្តរជាតិ

កងកម្លាំងរបស់កងទ័ពវៀតណាមដែលបានចូលរួមការជួយសង្គ្រោះនៅទួរគីរួមមានសមាជិកចំនួន ៧៦ នាក់។ ទន្ទឹមនឹងនេះ វៀតណាមក៏បានបញ្ជូនឧបករណ៍ចំនួន ៤២ តោន ដើម្បីជួយសម្រួល់ដល់ការងារសង្គ្រោះ។ ក្រសួងការពារប្រទេសវៀតណាមក៏បានជួយឧបត្ថម្ភប្រជាជនទួរគីអាហារក្រៀមចំនួន ១០ តោន។ ក្នុងពេលនោះ ក្រុមការងាររបស់ក្រសួងនគរបាលវៀតណាម ដែលមានសមាជិកចំនួន ២៤ នាក់ គឺជាយុទ្ធជនបង្ការ ពន្លត់អគ្គីភ័យ ជួយសង្គ្រោះ និងបុគ្គលិកសុខាភិបាល។ រដ្ឋមន្ត្រីក្រសួងនគរបាលវៀតណាមលោក To Lam បានឲ្យដឹងថា៖ “ផ្តើមចេញពីទំនាក់ទំនងដ៏ល្អប្រសើររវាងវៀតណាម និងទួរគីនិយាយរួម និងទំនាក់ទំនងរវាងក្រសួងនគរបាលវៀតណាមជាមួយ ស្ថាប័ននីតិប្រតិបត្តិរបស់ទួរគីនិយាយដោយឡែក ដើម្បីរួមចំណែកចែករំលែកការលំបាកដែលទួរគីកំពុងជួបប្រទះ នោះ ក្រសួងបានចាត់បញ្ជូនក្រុមការងារទៅកាន់ទួរគី ជាមួយគោលបំណងជួយសង្គ្រោះ ជួយស្វែងរក និងផ្ដល់ជំនួយមនុស្សធម៌ឲ្យបានឆាប់រហ័សបំផុត និងសកម្មបំផុត”។

បន្ទាប់ពីមកដល់ទួរគី ជំនះពុះពារលើអាកាសធាតុដ៏មិនអំណោយផល កងកម្លាំងជួយសង្គ្រោះរបស់វៀតណាមបានចាប់ផ្ដើមប្រតិបត្តិការជួយសង្គ្រោះភ្លាមៗជាមួយនឹងបុគ្គលិកជួយសង្គ្រោះអន្តរជាតិជាង ៨ ០០០ នាក់។ ភូមិសាស្ត្រប្រតិបត្តិការរបស់កងកម្លាំងជួយសង្គ្រោះវៀតណាមបច្ចុប្បន្នគឺនៅ ទីតាំងមួយចំនួននៅទីក្រុង Adiyaman ឃុំ Haci Omer Alpagot ស្រុក Antakya ខេត្ត Hatay ដែលជាខេត្តមួយ ក្នុងចំណោមខេត្តដែលរងផលប៉ះពាល់ដីធ្ងន់ធ្ងរបំផុតដោយការរញ្ជួយដី។ លោកវរសេនីយ៍ឯកបំរុង Phan Tran Trung អនុប្រធានដេប៉ាតឺម៉ង់របួស និងកែសម្ភស្សមន្ទីរពេទ្យយោធា ៣៥៤ បានចែករំលែក៖ “គណៈប្រតិភូត្រូវបានប្រគល់ភារកិច្ចទទួល ប្រមូល និងព្យាបាលអ្នករបួសទាំងអស់ក្នុង គ្រោះរញ្ជួយដីនៅទួរគី។ យើងខ្ញុំបានជ្រួតជ្រាបគ្នាថា ត្រូវសម្រេចឲ្យបានភារកិច្ចយ៉ាងដាច់ខាតផងដែរ”។

វៀតណាមត្រៀមខ្លួនជាស្រេចរួមដៃគ្នាដោះស្រាយបញ្ហាអន្តរជាតិ - ảnh 2ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅទួរគី លោក Do Son Hai។ រូបថត៖  Anadolu

អន្តរជាតិវាយតម្លៃខ្ពស់ចំពោះជំនាញ និងភាពស្ថាហាប់របស់ក្រុមការងារជួយសង្គ្រោះវៀតណាម

ភាពស្វាហាប់ និងជំនាញរបស់ក្រុមការងារជួយសង្គ្រោះវៀតណាមត្រូវបានកងកម្លាំងជួយសង្គ្រោះទួរគី និងអន្តរជាតិវាយតម្លៃខ្ពស់។ ប្រជាជនជាច្រើននៅទួរគីដែលទើបតែជួបប្រទះគ្រោះរញ្ជួយដីដ៏សាហាវ បាន ថ្លែងអំណរគុណដល់ក្រុមការងារជួយសង្គ្រោះវៀតណាម ដែលមានវត្តមានក្នុងប៉ុន្មានថ្ងៃកន្លងទៅ ដើម្បីជួយកម្លាំង ស្វែងរកជនរងគ្រោះដែលត្រូវកប់ក្នុងគំនរបាក់បែក។ នៅពេលជួបជាមួយក្រុមការងារវៀតណាម ពួកគេតែងតែដាក់ដៃស្តាំលើទ្រូងខាងឆ្វេង ដើម្បីបង្ហាញពីការដឹងគុណ ចំពោះកងកម្លាំងជួយសង្គ្រោះវៀតណាម។ ពីក្រោយនោះគឺជាមនោសញ្ចេតនាដ៏ល្អប្រពៃសម្រាប់យុទ្ធជនមកពីវៀតណាម។ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅទួរគី លោក Do Son Hai បានឲ្យដឹងថា៖ “នៅពេលឃើញក្រុមការងារវៀតណាម ជាមួយនឹងឧបករណ៍ សម្ភារៈ និងទំនិញឧបត្ថម្ភនោះ ភាគីមិតរំភើបចិត្តណាស់។ ខ្ញុំក៏បញ្ជាក់ដែរថា នេះគឺជាលើកដំបូងហើយ ដែលមានក្រុមការងារជួយសង្គ្រោះអន្តរជាតិរបស់វៀតណាមបានធ្វើដំណើរពីឆ្ងាយដូច្នេះ ក្នុងស្ថានភាពអាកាសធាតុដ៏អាក្រក់បែបនេះ។ វៀតណាមបានជំនះពុះពារលើការលំបាកទាំងអស់ ដើម្បីចូលរួមសកម្មភាពនេះ។ ភាគីមិត្តបានវាយតម្លៃខ្ពស់ ហើយយើងខ្ញុំមានមោទនភាពណាស់អំពីសកម្មភាពរបស់វៀតណាមគ្រប់រូប”។

ចំណែកឯលោកឧត្តមសេនីយ៍ទោ To An Xo អ្នកនាំពាក្យក្រសួងនគរបាលវៀតណាមបានឲ្យដឹងថា៖ “ក្រុមការងារបានចេញដំណើរត្រឹមតែប៉ុន្មានម៉ោងប៉ុណ្ណោះបន្ទាប់ពីទទួលបានបទបញ្ជា ដោយបញ្ជាក់ពីវិន័យ និងជំនាញវិជ្ជាជីវៈរបស់កងកម្លាំងជួយសង្គ្រោះវៀតណាម។ តាមរយៈសកម្មភាពនេះ “ទូត” មនុស្សធម៌ និងទូតសន្តិភាពរបស់វៀតណាមនឹងបន្សល់ទុកនូវរូបភាពដ៏ស្រស់ស្អាតក្នុងដួងចិត្តប្រជាជនទួរគី ក៏ដូចជាក្នុងដួងចិត្តមិត្តភក្តិអន្តរជាតិផងដែរ”។

វៀតណាមបាននិងកំពុងចាត់បញ្ជូនធនធានមនុស្សទៅចូលរួមកម្លាំងថែរក្សាសន្តិភាពនៃអង្គការសហប្រជាជាតិ។ ហើយនាបច្ចុប្បន្ននេះ វៀតណាមបន្តចាត់បញ្ជូនកងកម្លាំងចូលរួមជួយសង្គ្រោះ ជួយឧបត្ថម្ភជនរងគ្រោះ ដោយគ្រោះរញ្ជួយដីនៅទួរគី។ រាល់ទង្វើសប្បុរសទាំងនេះបានពង្រីកប្រពៃណីជួយគ្នាទៅវិញទៅមកដ៏ល្អប្រពៃរបស់ប្រជាជាតិវៀតណាម បង្កើនទំនាក់ទំនងសាមគ្គីភាពអន្តរជាតិ ក៏ដូចជាចារឹកយ៉ាងច្បាស់លាស់រូបភាពវៀតណាមក្នុងការត្រៀមខ្លួនជាស្រេចរួមដៃគ្នាដោះស្រាយរាល់បញ្ហាអន្តរជាតិផងដែរ៕

ប្រតិកម្មទៅវិញ