សមភាពភេទត្រូវបានអះអាងថា ជាការដែលបុរសនិងនារីមានឋានៈនិងតួនាទីស្មើរគ្នាត្រូវបានផ្ដល់លក្ខណៈនិងកាលានុវត្តភាពដើម្បីពង្រីកសមត្ថភាពរបស់ខ្លួនសម្រាប់ការអភិវឌ្ឍសហគមន៍ ហើយទទួលបានសមិទ្ធផលពីការអភិវឌ្ឍទាំងនោះប្រកបដោយស្មើរភាពផងដែរ។ វៀតណាមត្រូវបានអង្គការអន្តរជាតិនានាវាយតម្លៃថា ជាប្រទេសដែលបានបង្រួញគម្លាតភេទយ៉ាងឆាប់រហ័សបំផុតក្នុងរយៈពេល២០ឆ្នាំកន្លងទៅ។
ការរីកចម្រើនគួរអោយកត់សម្គាល់
ការកសាងនិងសុក្រិតក្របខ័ណ្ឌគតិយុត្ត គោលនយោបាយស្ដីពីសមភាពភេទ ជាអាទិភាពមួយក្នុងចំណោមអាទិភាពចម្បងរបស់បក្សនិងរដ្ឋវៀតណាម សំដៅបង្កលក្ខណៈងាយស្រួលសម្រាប់នារីមានកាលានុវត្តភាពទាក់ទងនិងចូលរួមយ៉ាងច្រើនថែមទៀតក្នុងគ្រប់វិស័យនៃជីវភាពសង្គម។ គម្លាតភេទក្នុងវិស័យទាំង៨នៃជីវភាពនយោបាយ សេដ្ឋកិច្ច វប្បធម៌ សង្គម ត្រូវបានបង្រួញគួរអោយកត់សម្គាល់នៅក្នុងច្បាប់សមភាពភេទ។ សន្ទស្សន៍ជាច្រើននៃយុទ្ធសាស្ត្រជាតិស្ដីពីសមភាព ភេទដំណាក់កាល២០១១-២០២០ ជាពិសេសគឺសន្ទស្សន៍ស្ដីពីសេដ្ឋកិច្ច ពលករនិងការងារធ្វើ ត្រូវបានសម្រេចរួចរាល់តាមផែនការ។
អនុរដ្ឋមន្រ្តីក្រសួងការងារ យុទ្ធជនពិការនិងសង្គមកិច្ចវៀតណាមលោកស្រី Nguyen Thi Ha ថ្លែងនៅសិក្ខាសាលាស្ដីពីសមភាពភេទនៅទីក្រុងហាណូយ (រូបថត៖ molisa.org.vn) |
វៀតណាមជានិច្ចកាលមានសកម្មភាពយ៉ាងសកម្មក្នុងការអនុវត្តគោលនយោបាយ ច្បាប់ស្ដីពីសមភាពភេទ ដែលក្នុងនោះផ្ដោតទៅលើការកសាងប្រព័ន្ធសន្តិសុខសង្គមយ៉ាងទូលំទូលាយនិងសម្បូរបែប។ រដ្ឋាភិបាលវៀតណាមបាននិងកំពុងផ្ដោតទៅលើការអភិវឌ្ឍប្រព័ន្ធសន្តិសុខសង្គមអោយបាន សមស្របទៅនឹងប្រទេសដែលមានចំណូលមធ្យម ក៏ដូចជាទៅនឹងស្តង់ដារអន្តរជាតិនានា ដើម្បីធានាសិទ្ធិមនុស្សជាសារវ័ន្ត រួមទាំងសិទ្ធិរបស់នារីនិងកុមារ អោយកាន់តែល្អពីមួយថ្ងៃទៅមួយថ្ងៃផង ដែរ។ ជារៀងរាល់ឆ្នាំ រដ្ឋាភិបាលបានលៃទុកថវិកាប្រមាណ២,៦%នៃ GDP សរុប សម្រាប់គោលនយោបាយ កម្មវិធីស្ដីពីការផ្ដល់ជំនួយសង្គម ក្នុងនោះមាននារីនិងកុមារី។ អនុរដ្ឋមន្រ្តីក្រសួងការងារ យុទ្ធជនពិការនិងសង្គមកិច្ចវៀតណាមលោកស្រី Nguyen Thi Ha បានអោយដឹងថា៖
“ជាមួយការខិតខំប្រឹងប្រែងនិងការប្ដេជ្ញាចិត្តយ៉ាងដូច្នេះ ក៏ដូចជាការជួយឧបត្ថម្ភនិងចូលរួមរបស់អង្គការអន្តរជាតិនិងសហគមន៍ទាំងមូល វៀតណាមបន្តស្ថិតនៅក្នុងចំណោមប្រទេសដែលមានការរីកចម្រើនជាច្រើនក្នុងការអនុវត្តគោលនយោបាយសមភាពភេទ ហើយសម្រេចយ៉ាងឆាប់ៗនូវគោលដៅសហសវត្សស្ដីពីការបង្កើនសមភាពភេទនិងលើកកំពស់ឋានៈរបស់នារី។ ក្នុងឆ្នាំ២០១៨ អត្រានារីជានិយោជក់របស់វៀតណាមបានស្រូបយក៣១,៣% ហើយឈរលំដាប់ទី៦លើចំណោមប្រទេសត្រូវបានរៀបចំណាត់ថ្នាក់ទាំង៥៧។ វៀតណាមកំពុងជាប្រទេសតែមួយគត់នៃទ្វីបអាស៊ីដែលមានវត្តមានក្នុងចំណោម top ១០ ប្រទេសទូទាំងពិភពលោកអំពីសន្ទស្សន៍នេះ។ វៀតណាមក៏ជាប្រទេសមួយក្នុងចំណោមប្រទេសចំនួន១០ដែលអនុវត្តន៍យ៉ាងល្អនូវគោលដៅអភិវឌ្ឍប្រកបដោយចីរភាពលេខ៥របស់អង្គការសហប្រជាជាតិស្ដីពីការជំរុញសមភាពភេទនិងការប្រគល់សិទ្ធិសម្រាប់នារីនិងកុមារីផងដែរ”។
បន្តកែតម្រូវគោលនយោបាយសន្តិសុខសង្គមដើម្បីសមភាពភេទ
ក្នុងកាលៈទេសៈនៃការធ្វើសមាហរណកម្មអន្តរជាតិក៏ដូចជាបដិវត្តន៍ឧស្សាហកម្ម៤.០ វៀតណាមចាំបាច់ត្រូវអនុវត្តន៍ភារកិច្ច បង្រួញគម្លាតភេទ អោយបានល្អប្រពៃថែមទៀត ដើម្បីនាំខឿនសេដ្ឋកិច្ចបោះជំហានទៅមុខ។ អនុរដ្ឋមន្រ្តី លោកស្រី Nguyen Thi Ha បានអោយដឹងថែមទៀតថា៖
“ខ្លឹមសារមួយក្នុងចំណោមខ្លឹមសារសំខាន់ៗនៃសន្តិសុខសង្គមនោះ គឺការជំរុញការងារធ្វើប្រកបដោយចីរភាពនិងអភិវឌ្ឍន៍ទីផ្សារពលករ។ ដោយហេតុនេះ យើងនឹងខិតខំប្រឹងប្រែងបង្កើតបន្ថែមការងារធ្វើដែលមានចំណូលខ្ពស់និងប្រកបដោយចីរភាព តាមរយៈការបណ្ដុះបណ្ដាលវិជ្ជាជីវៈ ការផ្ដល់កម្ចីទុនដើម្បីបង្កើតការងារធ្វើ ព្រមទាំងលើកកំពស់គុណភាពសេវាកម្មសាធារណៈសម្រាប់ពលការិនីផងដែរ។ នោះគឺជាដំណោះស្រាយដើម្បីកាត់បន្ថយភាពក្រីក្រ ហើយធានាការងារធ្វើប្រកបដោយប្រសិទ្ធភាពនិងចីរភាព”។
ទន្ទឹមនឹងនោះ វៀតណាមកំពុងពន្លឿនការធ្វើវិសោធនកម្មនូវច្បាប់ពលករនាបច្ចុប្បន្នដើម្បីដាក់ជូនរដ្ឋសភានាខែឧសភាឆ្នាំ២០១៩។ នេះនឹងជាកាលានុវត្តភាពដើម្បីអោយវៀតណាមបំពេញបន្ថែមយន្តការ គោលនយោបាយជំរុញសមភាពភេទអោយបានសមស្របទៅនឹងស្ថានភាពថ្មី។
ក្នុងដំណើរការអភិវឌ្ឍប្រទេសជាតិ ក្រៅពីការធានាល្បឿនកំណើនសេដ្ឋកិច្ច គឺការយល់ដឹងយ៉ាងច្បាស់អំពីសំណូមពរជំរុញភាពជឿនលឿន សមភាពសង្គម ដែលក្នុងនោះយកចិត្តទុកដាក់យ៉ាងខ្លាំងដល់នារីនិងកុមារី គឺជាកត្តាដែលរួមចំណែកធានាសិទ្ធិមនុស្ស ក៏ដូចជាលើកកំពស់គុណភាពកំណើនរបស់វៀតណាម៕