សហរដ្ឋអាមេរិកប្រកាសផ្តល់ជំនួយយោធាចំនួន ២ ពាន់លានដុល្លារដល់អ៊ុយក្រែន

Chia sẻ
(VOVWORLD) - លោក Blinken បានលើកច្បាស់ថា គោលដៅនៃកញ្ចប់ជំនួយនេះគឺផ្ដល់អាវុធ ក៏ដូចជាវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធនៅអ៊ុយក្រែន និងជួយប្រទេសនេះទិញសម្ភារៈយោធាពីប្រទេសផ្សេងៗ។
សហរដ្ឋអាមេរិកប្រកាសផ្តល់ជំនួយយោធាចំនួន ២ ពាន់លានដុល្លារដល់អ៊ុយក្រែន - ảnh 1រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken (ឆ្វេង) និងសមភាគីអ៊ុយក្រែន លោក Dmytro Kuleba។ រូបថត៖ រ៉យទ័រ

នាថ្ងៃទី ១៥ ខែឧសភា រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បានប្រកាសថា សហរដ្ឋអាមេរិកបន្តផ្តល់ជំនួយផ្នែកយោធាចំនួន ២ ពាន់លានដុល្លារអាមេរិកសម្រាប់កងកម្លាំងអ៊ុយក្រែន។ រដ្ឋមន្ត្រីការបរទេសលោក Blinken បានប្រកាសកញ្ចប់ជំនួយនេះក្នុងសន្និសីទសារព័ត៌មានរួមជាមួយសមភាគីអ៊ុយក្រែនលោក Dmytro Kuleba នៅរដ្ឋធានី Kiev ក្នុងឱកាសនៃដំណើរទស្សនកិច្ចរបស់ប្រមុខការទូតអាមេរិកទៅកាន់អ៊ុយក្រែន។ នេះគឺជាផ្នែកមួយក្នុងកញ្ចប់ជំនួយចំនួន ៦១ ពាន់លានដុល្លារអាមេរិក ដែលទីក្រុងវ៉ាស៊ីនតោនបានអនុម័តកាលពីប៉ុន្មានសប្តាហ៍មុន។ លោក Blinken បានលើកច្បាស់ថា គោលដៅនៃកញ្ចប់ជំនួយនេះគឺផ្ដល់អាវុធ ក៏ដូចជាវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធនៅអ៊ុយក្រែន និងជួយប្រទេសនេះទិញសម្ភារៈយោធាពីប្រទេសផ្សេងៗ។ ក្រៅពីនោះ រដ្ឋមន្ត្រីការបរទេសលោក Blinken បានឲ្យដឹងថា ប្រធានាធិបតីអាមេរិកលោក Joe Biden អាចនឹងជួបជាមួយសមភាគីអ៊ុយក្រែន លោក Volodymyr Zelensky នាប៉ុន្មានសប្តាហ៍ខាងមុខ ព្រមទាំងបានអះអាងថា ទីក្រុងវ៉ាស៊ីនតោន គាំទ្រយ៉ាងខ្លាំងក្លាចំពោះកិច្ចប្រជុំសន្តិភាពអ៊ុយក្រែន ដែលគ្រោងនឹងប្រព្រឹត្តិទៅនាខែមិថុនានៅស្វីស។ យោងតាមរដ្ឋមន្ត្រីការបរទេស Blinken បានឲ្យដឹងថា សហរដ្ឋអាមេរិក និងអ៊ុយក្រែនអាចនឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិសុខទ្វេភាគីក្នុងរយៈពេលប៉ុន្មានសប្តាហ៍ខាងមុខ បន្ទាប់ពីការបោះជំហានវិជ្ជមានជំរុញកិច្ចព្រមព្រៀងនេះ៕

ប្រតិកម្មទៅវិញ