ស៊ុយអែតនឹងធ្វើ​ការ​ចរចាជាមួយហុងគ្រី​ស្តី​ពីការចូលជាសមាជិកណាតូ

Chia sẻ
(VOVWORLD) - រដ្ឋាភិបាលស៊ុយអែត នាថ្ងៃទី ២៥ ខែមករា បានឲ្យដឹងថា នាយករដ្ឋមន្រ្តីនៃប្រទេសនេះ លោក Ulf Kristersson បានលើកសំណើរជួបសន្តនាជាមួយសមភាគីហុងគ្រី លោក Viktor Orban នៅទីក្រុងប្រ៊ុចសែល (បែលហ្សិក) នៅថ្ងៃទី ១ ខែកុម្ភៈ ដោយសង្ឃឹមថា នឹងលុបបំបាត់សឧបសគ្គដែលនៅសេសសល់ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ទីក្រុង Stockholm ដើម្បីចូលជាសមាជិកអង្គការណាតូ ដែលកំពុងរងការអាក់ខាន។ 

នាយករដ្ឋមន្ត្រីស៊ុយអែតបានឲ្យដឹងថា កិច្ចសន្ទនាកាន់តែស៊ីជម្រៅនឹងនាំមកនូវអត្ថប្រយោជន៍ដល់ភាគីទាំងសងខាង។

ស៊ុយអែតនឹងធ្វើ​ការ​ចរចាជាមួយហុងគ្រី​ស្តី​ពីការចូលជាសមាជិកណាតូ - ảnh 1នាយករដ្ឋមន្ត្រីស៊ុយអែត លោក Ulf Kristersson ។ រូបថត៖ AFP/TTXVN

មុននោះ កាលពីថ្ងៃទី២៤ ខែមករា នាយករដ្ឋមន្ត្រីហុងគ្រី លោក Viktor Orban បានបញ្ជាក់ជាថ្មីនូវការគាំទ្ររបស់ខ្លួនចំពោះការបញ្ចូលស៊ុយអែតជាសមាជិកអង្គការណាតូ។ មេដឹកនាំហុងគ្រីបានចេញសារនេះនៅលើបណ្តាញសង្គម X បន្ទាប់ពីកិច្ចសន្ទនាតាមទូរស័ព្ទជាមួយអគ្គលេខាធិការអង្គការណាតូលោក Jens Stoltenberg ។ លោក Orban បានសង្កត់ធ្ងន់ថា លោកនឹងបន្តអំពាវនាវឱ្យរដ្ឋសភាហុងគ្រីបោះឆ្នោត អនុម័តលើសមាជិកភាពអង្គការណាតូរបស់ស៊ុយអែត និងផ្តល់សច្ចាប័នក្នុងការពិចារណាដំបូង។

ស៊ុយអែតនិងហ្វាំងឡង់បានដាក់ពាក្យសុំចូលអង្គការណាតូកាលពីឆ្នាំ ២០២២។ ហ្វាំងឡង់បានក្លាយជាសមាជិកទី៣១នៃសម្ព័ន្ធភាពយោធានេះនៅខែមេសា ឆ្នាំ២០២៣។ នៅថ្ងៃទី ២៣ មករា ២០២៤ សភាទួរគីបានអនុម័តលើការបញ្ចូលស៊ុយអែតជាសមាជិកអង្គការណាតូ ហើយប្រធានាធិបតី Tayyip Erdogan គ្រោងនឹងចុះហត្ថលេខាផ្តល់សច្ចាប័ននាប៉ុន្មានថ្ងៃខាងមុខនេះ៕

ប្រតិកម្មទៅវិញ