រដ្ឋសភាវៀតណាមបិទសម័យប្រជុំលើកទី២ នីតិកាលទី ១៥ ដោយបានអនុម័តលើសេចក្តីសម្រេចចិត្តសំខាន់ៗជាច្រើន

Chia sẻ
(VOVWORLD) - ក្រោយរយៈពេល ១៦ ថ្ងៃធ្វើការប្រកបដោយប្រជាធិបតេយ្យនិងការទទួលខុសត្រូវខ្ពស់ សម័យប្រជុំលើកទី២ រដ្ឋសភានីតិកាលទី ១៥ បានបិទបញ្ចប់នៅព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា។ 
រដ្ឋសភាវៀតណាមបិទសម័យប្រជុំលើកទី២ នីតិកាលទី ១៥ ដោយបានអនុម័តលើសេចក្តីសម្រេចចិត្តសំខាន់ៗជាច្រើន - ảnh 1រដ្ឋសភានីតិកាលទី១៥ បិទសម័យប្រជុំលើកទី២ (ប្រភព៖ quochoi.vn)

អញ្ជើញចូលរួមសម័យបិទមានអគ្គលេខាគណៈកម្មាធិការប្រតិបត្តិមជ្ឈិម បក្សកុម្មុយនិស្តវៀត ណាម លោក Nguyen Phu Trong, ប្រធានរដ្ឋលោក Nguyen Xuan Phuc, នាយករដ្ឋមន្ត្រី លោក Pham Minh Chinh, ប្រធានរដ្ឋសភាលោក Vuong Dinh Hue និងសមាជិកសមាជិការរដ្ឋសភា។

យោងតាមប្រធានរដ្ឋសភា លោក Vuong Dinh Hue បរិយាកាសធ្វើការរបស់រដ្ឋសភាមានភាពរស់រវើក ហើយសមាជិកសមាជិការសភាបានលើកកំពស់ស្មារតីទទួលខុសត្រូវ ដោយរួមវិភាគទានមតិជាច្រើនប្រកបដោយស្មារតីស្វាហាប់ ប្រាជ្ញាឈ្លាសវៃទៅក្នុងបណ្តាកម្មវិធីនៃកិច្ចប្រជុំ។សមាជិក សភា ជិត ៣,៥០០ នាក់បានផ្តល់មតិនៅក្នុងកិច្ចពិភាក្សាតាមក្រុម និងកិច្ចប្រជុំពេញអង្គនៅក្នុងសាលប្រជុំ។

រដ្ឋសភាក៏បានចំណាយពេលជាច្រើនសម្រាប់ពិភាក្សាអំពីបញ្ហាសំខាន់ៗរបស់ប្រទេសជាតិ  ក្នុងនោះមានផែនការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ថវិការដ្ឋឆ្នាំ២០២១និង ការងារបង្ការ ប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩។ រដ្ឋសភាបានឯកភាពខ្ពស់ នៅពេលបានអនុម័តលើសេចក្តីសម្រេចចិត្តស្តីពី៖ ផែនការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមឆ្នាំ ២០២២; ផែនការរៀបចំរចនាសម្ព័ន្ធសេដ្ឋកិច្ចដំណាក់កាល ២០២១-២០២៥ និងខ្លឹមសារសំខាន់ៗជាច្រើនបានដាក់បញ្ចូលក្នុងសេចក្តីសម្រេចចិត្តរួមនៃសម័យប្រជុំលើកទី២នេះ។ ជាលើកដំបូង រដ្ឋសភាបានចំណាយពេលវេលាគ្រប់គ្រាន់ដើម្បីពិភាក្សា ពិចារណា និងផ្តល់យោបល់លើរបាយការណ៍របស់រដ្ឋាភិបាលស្តីពី៖ ស្ថានភាពនៃការអនុវត្តគោលនយោបាយធានារ៉ាប់រងសង្គម ការគ្រប់គ្រងនិងការប្រើប្រាស់មូលនិធិធានារ៉ាប់រងសង្គមក្នុងឆ្នាំ ២០២០ រួមទាំងការការគ្រប់គ្រងនិងប្រើប្រាស់មូលនិធិធានារ៉ាប់រងសុខភាពឆ្នាំ ២០២០។ ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានឲ្យដឹងថា៖ “តាមរយៈការពិភាក្សា រដ្ឋសភាបានស្នើឱ្យរដ្ឋាភិបាល ស្ថាប័នគ្រប់លំដាប់ថ្នាក់ និងគ្រប់វិស័យ ផ្តោតលើការអនុវត្តប្រកបដោយប្រសិទ្ធភាពនូវគោលដៅ ទាំងការបង្ការនិងទប់ស្កាត់ជំងឺរាតត្បាតកូវីដ-១៩ ការសម្របខ្លួនប្រកបដោយសុវត្ថិភាព និងមានភាពបត់ បែន និងស្តារអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម។ ទន្ទឹមជាមួយគ្នានោះ អភិវឌ្ឍនិងរៀបចំឱ្យបានឆាប់រហ័សនៃការអនុវត្តកម្មវិធីស្តារឡើងវិញ អភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម ជាមួយនឹងដំណោះស្រាយ និងយន្តការលោតផ្លោះ ព្រមទាំងរៀបចំកញ្ចប់គោលនយោបាយសារពើពន្ធនិងរូបិយវត្ថុ ដើម្បីជួយឧបត្ថម្ភដល់កម្មវិធីស្តារនិងអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម ហើយដាក់ជូនរដ្ឋសភាពិនិត្យនិងសម្រេចក្នុងពេលឆាប់ៗនេះ”។

រដ្ឋសភាវៀតណាមបិទសម័យប្រជុំលើកទី២ នីតិកាលទី ១៥ ដោយបានអនុម័តលើសេចក្តីសម្រេចចិត្តសំខាន់ៗជាច្រើន - ảnh 2ប្រធានរដ្ឋសភា លោក Vuong Dinh Hue ថ្លែងសុន្ទរកថាបិទ ( ប្រភព៖ quochoi.vn)

រដ្ឋសភាបានបោះឆ្នោតអនុម័តលើសេចក្តីព្រាងច្បាប់ចំនួន ០២ ផ្តល់យោបល់លើសេចក្តីព្រាងច្បាប់ចំនួន ០៥ និងចេញផ្សាយសេចក្តីសម្រេចចិត្តចំនួន១២ ដើម្បីដោះស្រាយបញ្ហាបន្ទាន់ ហើយទន្ទឹមនឹងនោះ សម្រេចលើបញ្ហាសំខាន់ៗជាយុទ្ធសាស្ត្ររយៈពេលវែង; ធានាការអនុវត្តការប្តេជ្ញាចិត្តអន្តរជាតិ និងភាពស្រដៀងគ្នានៃប្រព័ន្ធច្បាប់ជាមួយសន្ធិសញ្ញាអន្តរជាតិដែលវៀតណាមជាហត្ថលេខី។

អញ្ជើញវាយតម្លៃទូទៅអំពីសម័យប្រជុំលើកទី ២ រដ្ឋសភានីតិកាលទី ១៥ នេះ ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានអះអាងថា៖ “អាចនិយាយបានថា ជោគជ័យនៃសម័យប្រជុំនេះ បន្តបញ្ជាក់ពីជំហានសំខាន់ៗ ឆ្ពោះទៅមុខក្នុងការកសាងរដ្ឋសភា “ម្ចាស់ការ បញ្ញា សាមគ្គីភាព នវានុវត្តន៍ និងការទទួលខុសត្រូវ” ជារដ្ឋសភាដែលមានប្រជាប្រិយភាពកាន់តែខ្លាំង ប្រជាធិបតេយ្យ តម្លាភាព ស្និទ្ធស្នាលជាមួយប្រជាជន ហើយបង្ហាញពីការរួបរួមដ៏ធំធេងនៃធ្លុងមហាសាមគ្គីជនជាតិទាំងមូល”។

សូមគូសបញ្ជាក់ថា សម័យប្រជុំលើកទី ២ នៃរដ្ឋសភានីតិកាលទី ១៥ បានប្រព្រឹត្តទៅក្នុងឱកាសរំលឹកខួបលើកទី ៧៥ នៃការបង្កើតរដ្ឋធម្មនុញ្ញឆ្នាំ ១៩៤៦ ដែលជារដ្ឋធម្មនុញ្ញដើមដំបូងក្នុងប្រវត្តិសាស្ត្រវៀតណាម។ ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានអះអាងថា រដ្ឋសភានីតិកាលទី ១៥ នឹងប្តេជ្ញាផ្លាស់ប្តូរថ្មី ការងារនីតិប្បញ្ញត្តិ ត្រួតពិនិត្យ និងសម្រេចលើបញ្ហាសំខាន់ៗរបស់ប្រទេសជាតិ ហើយយកប្រជាជននិងធុរកិច្ចជាស្នូលក្នុងការសម្រេចចិត្តទាំងអស់ ដើម្បីការអភិវឌ្ឍន៍យ៉ាងឆាប់រហ័ស និងនិរន្តរភាពរបស់ប្រទេសជាតិ៕

ប្រតិកម្មទៅវិញ