ប្រធានាធិបតីរុស្ស៊ីបានតែងតាំងលោក Belousov ជារដ្ឋមន្ត្រីក្រសួងការពារជាតិ សម្រាប់អាណត្តិថ្មី

Chia sẻ
(VOVWORLD) - ក្រុមប្រឹក្សាសហព័ន្ធរុស្ស៊ីកាលពីថ្ងៃទី ១២ ខែឧសភា បានទទួលបេក្ខជនដែលបានស្នើឡើងដោយប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin សម្រាប់តំណែងជាប្រមុខក្រសួងនិងសាខាសហព័ន្ធមួយចំនួន។

តាមនោះ លោកប្រធានាធិបតី Putin បានតែងតាំងលោក Andrey Belousov ឧបនាយករដ្ឋមន្ត្រីទី១ ជារដ្ឋមន្ត្រីក្រសួងការពារជាតិ ជំនួសលោក Sergei Shoigu។ លោកប្រធានាធិបតី Putin ក៏បានតែងតាំងរដ្ឋមន្ត្រីការពារជាតិលោក Sergei Shoigu ជាលេខាធិការក្រុមប្រឹក្សាសន្តិសុខសហព័ន្ធរុស្ស៊ីផងដែរ។

យោងតាមសេចក្តីប្រកាសរបស់លោក Dmitry Peskov លេខាធិការសារព័ត៌មានរបស់ប្រធានាធិបតីរុស្ស៊ី ការតែងតាំងលោក Belousov ឱ្យកាន់តំណែងជារដ្ឋមន្ត្រីក្រសួងការពារជាតិ គឺដោយសារតែក្រសួងនេះ ត្រូវបើកចំហទាំងស្រុងចំពោះការច្នៃប្រឌិត ដោយអនុវត្តរាល់គំនិតជឿនលឿន និងបង្កលក្ខខណ្ឌសម្រាប់ការប្រកួតប្រជែងសេដ្ឋកិច្ច។ ការរួមបញ្ចូលសេដ្ឋកិច្ចរបស់កងកម្លាំងប្រដាប់អាវុធទៅក្នុងសេដ្ឋកិច្ចជាតិមានសារៈសំខាន់ខ្លាំងណាស់ ស្របតាមតម្រូវការនៃស្ថានភាពបច្ចុប្បន្នរបស់រុស្ស៊ី។

បើតាមលោក Peskov ក្នុងឋានៈជាលេខាធិការក្រុមប្រឹក្សាសន្តិសុខសហព័ន្ធរុស្ស៊ី លោក Sergei Shoigu ក៏នឹងក្លាយជាអនុប្រធានគណៈកម្មាធិការឧស្សាហកម្មការពារជាតិរបស់ប្រធានាធិបតីផងដែរ។ លើសពីនេះ លោក Shoigu នឹងត្រួតពិនិត្យសកម្មភាពរបស់ទីភ្នាក់ងារសហព័ន្ធសម្រាប់កិច្ចសហប្រតិបត្តិការបច្ចេកទេសយោធា៕

ប្រតិកម្មទៅវិញ