ការបំផ្ទុះចំនួន​២​នៅរដ្ឋធានីគៀវ។ អាមេរិក និង EU បង្កើនជំនួយដល់អ៊ុយក្រែន

Chia sẻ
(VOVWORLD) - កាលពីថ្ងៃទី ១៦ ខែមិថុនា មានការបំផ្ទុះចំនួនពីរបានកើតឡើងនៅចំកណ្តាលរដ្ឋធានីគៀវរបស់អ៊ុយក្រែន ខណៈដែលគណៈប្រតិភូនៃមេដឹកនាំអាហ្វ្រិកកំពុងបំពេញទស្សនកិច្ចនៅអ៊ុយក្រែន ចាប់ផ្តើមបេសកកម្មសន្តិភាពដោយសង្ឃឹមថា នឹងផ្សះផ្សារវាងអ៊ុយក្រែននិងរុស្ស៊ី។ អភិបាលទីក្រុងគៀវ លោក Vitali Klitschko បានឲ្យដឹងថា ការបំផ្ទុះបានកើតឡើងនៅក្នុងសង្កាត់ Podil ចំកណ្តាលនៃរដ្ឋធានី។
ការបំផ្ទុះចំនួន​២​នៅរដ្ឋធានីគៀវ។ អាមេរិក និង EU បង្កើនជំនួយដល់អ៊ុយក្រែន - ảnh 1ផ្សែងហុយចេញពីការបំផ្ទុះក្នុងរដ្ឋធានីគៀវ ប្រទេសអ៊ុយក្រែន។ រូបថតរ៖ ការិយាល័យប្រធានាធិបតីអ៊ុយក្រែន/VNA

ក្នុងពេលជាមួយគ្នានោះ ក្នុងសេចក្តីប្រកាសនៅលើ Twitter វិមានប្រធានាធិបតីអាហ្វ្រិកខាងត្បូងបានលើកច្បាស់ថា "ប្រធានាធិបតីអាហ្វ្រិកខាងត្បូង លោក Cyril Ramaphosa និងប្រមុខរដ្ឋអាហ្វ្រិកមួយចំនួនទៀតកំពុងចូលរួមបេសកកម្មសន្តិភាពរបស់មេដឹកនាំអាហ្វ្រិកនៅព្រះវិហារ House St Andrew's ក្នុងទីក្រុង Bucha" នៅក្បែររដ្ឋធានីគៀវ។ គណៈប្រតិភូរួមមានមេដឹកនាំអាហ្វ្រិកខាងត្បូង សេណេហ្គាល់ កូម៉ូរ៉ូ និងអេហ្ស៊ីប គ្រោងនឹងជួបជាមួយប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky មុនពេលជួបពិភាក្សាជាមួយប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin នៅទីក្រុង St Petersburg ថ្ងៃនេះ។

នៅក្នុងការវិវឌ្ឍពាក់ព័ន្ធកាលពីថ្ងៃទី ១៦ មិថុនា វិមានក្រឹមឡាំងបានបញ្ជាក់ថា លោកប្រធានាធិបតី Putin នៅតែត្រៀមខ្លួនជាស្រេច ទទួលរាល់ការទាក់ទងដើម្បីពិភាក្សាអំពីដំណោះស្រាយសម្រាប់ជម្លោះនៅអ៊ុយក្រែន។

នាថ្ងៃដដែលនោះ សហរដ្ឋអាមេរិកបានប្រកាសកញ្ចប់ជំនួយមនុស្សធម៌បន្ថែមដែលមានតម្លៃ ២០៥ លានដុល្លារសម្រាប់អ៊ុយក្រែន។ កញ្ចប់ជំនួយថ្មីនេះរួមមានអាហារ ទឹក ការអប់រំ ជំនួយផ្នែកតុលាការ និងការថែទាំសុខភាព។ ចាប់តាំងពីខែកុម្ភៈឆ្នាំ២០២២មក សហរដ្ឋអាមេរិកបានផ្តល់ជំនួយមនុស្សធម៌ដល់អ៊ុយក្រែនសរុបចំនួនជាង ២,១ ពាន់លានដុល្លារអាមេរិក។

រីឯខ្លួនវិញ គណៈកម្មការអឺរ៉ុប (EC) នាថ្ងៃទី១៦ មិថុនា បានស្នើការផ្លាស់ប្តូរថវិការយៈពេលវែងរបស់សហភាពអឺរ៉ុប (EU) ដើម្បីជួយឧបត្ថម្ភដល់អ៊ុយក្រែន។ ថ្លែងមតិនៅក្នុងសន្និសីទសារព័ត៌មាន អនុប្រធាន EC លោក Valdis Dombrovskis បានឲ្យដឹងថា ឆ្នាំនេះ EU បានផ្តល់ប្រាក់ជំនួយប្រមាណ ១៨ ពាន់លានអឺរ៉ូដល់អ៊ុយក្រែន។ សហភាពអឺរ៉ុបក៏បានត្រៀមខ្លួនជាស្រេច ផ្តល់ជំនួយផ្នែកហិរញ្ញវត្ថុប្រកបដោយនិរន្តរភាពដល់អ៊ុយក្រែនក្រោយពីឆ្នាំនេះ ដើម្បីរក្សាស្ថិរភាពម៉ាក្រូហិរញ្ញវត្ថុ និងជួយឧបត្ថម្ភការកសាងប្រទេសឡើងវិញ។ មន្ត្រីសហភាពអឺរ៉ុបប៉ាន់ស្មានថា ទំហំថវិកាសម្រាប់អ៊ុយក្រែនអាចមានចំនួនប្រហែល ២០ពាន់លានអឺរ៉ូក្នុងមួយឆ្នាំ ចាប់ពីឆ្នាំ២០២៤ដល់ឆ្នាំ ២០២៧៕

ប្រតិកម្មទៅវិញ