សមាជិកគ្រប់គ្នាក្នុងក្រុមគ្រួសារជួបជុំគ្នាយ៉ាងកក់ក្ដៅនៅពេលបាយចុងឆ្នាំ។ (រូបថត៖ VOV) |
ឆ្នាំណាក៏ដូចអញ្ចឹងដែរ នៅព្រឹកព្រលឹមថ្ងៃទី៣០តេត គ្រួសារលោកស្រី La Thi Hong តែងតែត្រៀមរៀបចំស្ពកបាយសែនចុងឆ្នាំយ៉ាងញ៉ាប់ដៃញ៉ាប់ជើង ក្នុងបំណងជូនឆ្នាំ ចាស់ ទទួលអំណរឆ្នាំថ្មី ហើយអញ្ជើញវិញ្ញាណក្ខ័ន្ធជីដូនជីតាមកផ្ទះទទួលអំណរបុណ្យ តេតជាមួយក្រុមគ្រួសារ។ តាំងពីព្រឹកព្រលឹម កូនប្រុសពៅរបស់លោកស្រី Hong រួមជាមួយកំលោះក្នុងភូមិ ធ្វើដំណើរចូលព្រៃ ស្វែងរកដើមឬស្សីមួយ ដើមមានរាងត្រង់ ស្អាត និងមានស្លឹកដុះស៊ុបទ្រុឌហើយយកមកផ្ទះធ្វើជាដើម neu។ គេបោស សម្អាតផ្ទះយ៉ាងស្អាតបាត ហើយលើកដើម neu នៅខាងមុខទីធ្លាផ្ទះ។ ចំណែកប្ដីប្រពន្ធ កូនប្រុសច្បងគឺសម្អាត លាងតុ កៅអី។ ក្រដាសពណ៌ក្រហមស្រស់ ជាច្រើនសន្លឹកត្រូវបានបិទលើអាសនៈដូនតា ខ្លោងទ្វារ ដើមឈើ និងឧបករណ៍ ធ្វើស្រែចម្ការនានា ដែលធ្វើឲ្យផ្ទះហាក់ដូចជាស្លៀកពាក់អាវថ្មីមួយឈុតអញ្ចឹង។
លោកស្រី La Thi Hong បានឲ្យដឹងថា ស្ពកបាយសែនថ្ងៃទី៣០តេតរបស់ គ្រួសារលោកស្រី មិនអាចខ្វះនំអន្សមជ្រុងបានឡើយ។ ចាប់ពីថ្ងៃទី២៥ ទី២៦តេត គ្រួសារទាំងមូលរួមគ្នាលាងស្លឹក ដើម្បីវេចនំធ្វើពីអង្ករដំណើប សាច់ជ្រូក។ ក្រៅ ពីនំអន្សមជ្រុងវែង គឺ“នំឪពុក” និង “នំម្ដាយ” ស្នូលពងមាន់ ស្នូលត្រី ធ្វើដោយ មនុស្សពេញវ័យដោយមានបទពិសោធន៍ដើម្បីដាក់លើអាសនៈដូនតាក្នុងថ្ងៃបុណ្យតេតផងដែរ។ លោកស្រី La Thi Hong បានចែករំលែកថា៖ “ដល់ថ្ងៃទី៣០តេត ខ្ញុំទិញសាច់ជ្រូក ជ្រើសរើសចំណែកសាច់ឆ្ងាញ់បំផុត។ ដាក់ស្ពកនៅចំកណ្ដាលផ្ទះ ហើយចាក់ស្រាអញ្ជើញវិញ្ញាណក្ខ័ន្ធជីដូនជីតាមកពិសារ។ នំអន្សមជ្រុងដាក់លើតុ រួមជាមួយមាន់មួយក្បាល និងសាច់ជ្រូកមួយបន្ទះ។ កូនចៅ សុទ្ធតែ វិលមកផ្ទះវិញ ហេតុដូច្នេះ ខ្ញុំសប្បាយរីករាយយ៉ាងក្រៃលែង”។
នៅព្រឹកថ្ងៃដំបូងនៃឆ្នាំថ្មី គ្រួសាររួមគ្នាទៅយកទឹក។ (រូបថត៖ VOV) |
នៅរសៀលថ្ងៃទី៣០តេត គ្រួសារជនជាតិ Tay សឹងតែទាំងអស់នៅភូមិ Chang Na ឃុំ Tinh Huc ស្រុក Binh Lieu សុទ្ធតែប្រមូលផ្ដុំគ្នានៅជុំវិញស្ពកបាយ ចុងឆ្នាំ។ បន្ទាប់ពីពេលបាយ លោក Le Thiem Phu ជាមួយចៅៗអង្គុយនៅ ជុំវិញចង្ក្រានភ្លើង ហើយដំណាលរឿងបណ្ដើរ ត្រៀមរៀបចំឲ្យពិធីយកទឹកថ្ងៃ ស្អែកបណ្ដើរ។ ពិធីយកទឹកនៅថ្ងៃទី១បុណ្យតេត គឺជាពិធីសំខាន់បំផុតរបស់ជន ជាតិ Tay។ ពួកគេតែងតែជ្រើសរើសទីកន្លែងដូចជាពីប្រភពទឹកជ្រោះដោយសារនៅទី នោះមានទឹកថ្លា។ ក្នុងពេលជា មួយគ្នានោះ កូនប្រុសនិងកូនក្រមុំនឹង យកសំបកដើមមន ចងលើដុំថ្មតូចៗ ដែលតំណាងឲ្យគោក្របី ដើម្បីនាំមកផ្ទះ វិញ ដាក់ចូលក្នុងទ្រុងបសុសត្វ។ លោក Le Thiem Phu បានឲ្យដឹងថា៖ “យកទឹកមកផ្ទះវិញភាគច្រើនដើម្បីលាងមុខឲ្យស្អាត ដើម្បីចូលឆ្នាំថ្មីមានសុខភាព ល្អ។ ហើយប្រាប់កូន ចៅដុតធូប យកបាយទៅដឹក “គោក្របី” មក។ នៅពេលដឹក មកផ្ទះវិញ សួរថា៖ លោកតាលោកយាយ អើយ ប៉ាម៉ាកអើយ តើផ្ទះយើងយកគោ ក្របីទ្រព្យសម្បត្តិដែរឬទេ? ហើយលោកតាលោកយាយនឹងឆ្លើយយ៉ាងដូច្នេះថា៖ ចៅដឹកមកផ្ទះទៅ មានមាន់ទារ គោក្របីប៉ុន្មាន នាំមកផ្ទះវិញប៉ុណ្ណោះ ដើម្បីគ្រួសារ មានសុខភាពល្អ និងជួបតែសេចក្ដីចម្រុងចម្រើន”។
ស្ពកបាយសែនក្នុងថ្ងៃដំបូងនៃឆ្នាំថ្មី ត្រូវបានទុកដោយឡែកជូនឪពុក ម្ដាយ របស់ម្ចាស់ផ្ទះ។ ក្នុងថ្ងៃដំបូងនៃឆ្នាំថ្មី ជនជាតិ Tay កាន់ត្រណមមិនដើរលេងនៅ ផ្ទះអ្នកដទៃ មិនសម្លាប់សត្វ ជៀសវាងសម្លេងយំ និងចាក់ទឹកពីខាងលើចុះក្រោម។
ថ្ងៃទី២បុណ្យតេត ជាថ្ងៃសម្រាប់ទៅសាកសួរសុខទុក្ខគ្រួសារខាងម្ដាយវិញ។ អ្នកស្រី La Thi Lanh កូនក្រមុំថ្មីក្នុងផ្ទះលោក Le Thiem Phu បានសំណេះ សំណាលថា៖ “ក្នុងថ្ងៃទី២បុណ្យតេត ខ្ញុំតែងតែត្រៀមរៀបចំមាន់ឈ្មោល នំអន្សមជ្រុងធ្វើដោយ គ្រួសារផ្ទាល់ខ្លួន អាំងប៉ាវ និងផ្លែឈើ ដើម្បីទៅសាកសួរសុខទុក្ខឪពុកម្ដាយ បង្កើត និងទៅលេងផ្ទះរបស់បងប្អូនញាតិសន្ដាន។ យើងខ្ញុំមានទស្សនៈទានថា បុណ្យតេតជាឱកាសដើម្បីសងគុណឪពុកម្ដាយ ហើយជាឱកាសដើម្បីបងប្អូន កាន់តែជិតស្និទ្ធថែមទៀត។ អ្នកណាៗក៏សប្បាយរីករាយយ៉ាងក្រែលែងដោយ បានជួបជុំគ្នានៅដើមឆ្នាំថ្មី”។
នៅពេលដែលបុណ្យតេតមកដល់ម្ដងៗ ក្នុងផ្ទះគ្រួសារលោក Le Thiem Phu លោកស្រី La Thi Hong និងគ្រួសារជនជាតិ Tay ផ្សេងៗទៀត តែងតែពោរ ពេញទៅដោយបរិយាកាសដ៏កក់ក្ដៅជាមួយនឹងសេចក្ដីជូនពរគ្នាទៅវិញទៅមក ឲ្យជួបតែសេចក្ដីសុខចម្រុងចម្រើនក្នុងឆ្នាំថ្មី៕