ការឆ្លើយសំណួររបស់មិត្តអ្នកស្ដាប់ក្នុងសប្ដាហ៍កន្លងទៅ

Chia sẻ
(VOVWORLD) - ក្នុងសប្ដាហ៍កន្លងទៅ គណៈកម្មការផ្សាយជាភាសារបរទេសនៃវិទ្យុសម្លេងវៀតណាមទទួលបានសំបុត្រនិងអ៊ីម៉ែលចំនួន ៤១៧ ដែលក្នុងនោះកម្មវិធីផ្សាយជាភាសាខ្មែរទទួលបានសំបុត្រចំនួន ១១។ យើងក៏ទទួលបានរបាយការណ៍របស់មិត្តអ្នកស្តាប់ដែលឆ្លុះបញ្ចាំងពីគុណភាពរលកវិទ្យុល្អ ការរំខានតិចតួច។ តាងនាមកម្មវិធី យើងខ្ញុំសូមថ្លែងអំណរគុណចំពោះមិត្តអ្នកស្តាប់ទាំងអស់ ដែលបានបញ្ចេញមតិ និងចែករំលែកអារម្មណ៍ចំពោះព័ត៌មាននិងព្រឹត្តិការណ៍អំពីប្រទេសជាតិនិងប្រជាជនវៀតណាម។

ក្នុងសប្តាហ៍កន្លងទៅ យើងបានទទួលសំបុត្រពីអ្នកស្តាប់ជាច្រើន ដែលចែករំលែកអំពីបទពិសោធន៍របស់ពួកគេ នៅពេលទស្សនាការតាំពិព័រណ៍ឧទ្ទេសនាមផលិតផលភូមិសិប្បកម្ម ក្នុងក្របខ័ណ្ឌនៃពិធីបុណ្យភូមិសិប្បកម្មវៀតណាមឆ្នាំ ២០២៣ ដែលបានប្រព្រឹត្តទៅនៅឯបរមរាជវាំង Thang Long ទីក្រុងហាណូយ។ មិត្តអ្នកស្តាប់ រស់ ចន្ត្រា ដែលបច្ចុប្បន្នកំពុងធ្វើការនៅទីក្រុងហាណូយ បានចែករំលែកថា៖ “ខ្ញុំចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះបរិយាកាសនៃការតាំងពិព័រណ៍។ នៅទីនេះ មិនត្រឹមតែអាចទស្សនាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងទទួលបានបទពិសោធន៍នូវរបរសិប្បកម្មប្រពៃណីដ៏វិសេសវិសាលរបស់វៀតណាមទៀតផង”។

ការឆ្លើយសំណួររបស់មិត្តអ្នកស្ដាប់ក្នុងសប្ដាហ៍កន្លងទៅ - ảnh 1ពិព័រណ៍អន្តរជាតិឧទ្ទេសនាមផលិតផលភូមិសិប្បកម្មនិងផលិតផល OCOP បានប្រព្រឹត្តទៅចាប់ពីថ្ងៃទី ៩ ដល់ថ្ងៃទី ១១ ខែវិច្ឆិកា នៅបរមរាជវាំង Thang Long ទីក្រុងហាណូយ។

មិត្ត ចន្ត្រានិងប្រិយមិត្តជាទីមេត្រី!  ពិធីបុណ្យអភិរក្សនិងអភិវឌ្ឍន៍ភូមិសិប្បកម្មវៀតណាមឆ្នាំ ២០២៣ បានប្រព្រឹត្តទៅចាប់ពីខែតុលាដល់ខែវិច្ឆិកានៅទីតាំងជាច្រើនក្នុងទីក្រុងហាណូយ ក្នុងនោះពិព័រណ៍អន្តរជាតិឧទ្ទេសនាមផលិតផលភូមិសិប្បកម្មនិងផលិតផល OCOP បានប្រព្រឹត្តទៅចាប់ពីថ្ងៃទី ៩ ដល់ថ្ងៃទី ១១ ខែវិច្ឆិកា ដោយមានស្តង់ទំនិញចំនួន៣០០ សម្រាប់ផ្សព្វផ្សាយ ឧទ្ទេសនាម និងលក់ផលិតផលពិសេសរបស់ភូមិសិប្បកម្មវៀតណាម។ ក្រៅពីស្តង់ចំនួន ៣០០ មកពីខេត្ត ក្រុងចំនួន ៤២ នៅទូទាំងប្រទេស ក៏មានស្តង់អន្តរជាតិមួយចំនួនទៀតមកពីប្រទេសឡាវ ឥណ្ឌូនេស៊ី ថៃ និងរុស្សីផងដែរ។ ដើម្បីបង្កលក្ខណៈងាយស្រួលសម្រាប់អ្នកទស្សនា ពិព័រណ៍នេះត្រូវបានបែងចែកទៅជាកន្លែងតាំងបង្ហាញដាច់ដោយឡែកពីគ្នា ជាមួយនឹងការរចនាបែបប្រពៃណី។ ក្រៅពីការតាំងបង្ហាញនិងឧទ្ទេសនាមផលិតផល កន្លែងតាំងបង្ហាញក៏រៀបចំការសម្ដែងវប្បធម៌ និងសិល្បៈប្រពៃណីដ៏វិសេសវិសាលពីតំបន់ទូទាំងនានាប្រទេស។

ក្នុងសប្ដាហ៍កន្លងទៅ នៅរដ្ឋធានីហាណូយបានប្រព្រឹត្តិទៅរាត្រីតន្ត្រី “Kenny G Live in Vietnam” ដោយមានការសម្តែង របស់តារា Saxophone ពិភពលោក Kenny G។  នៅក្នុងសំបុត្រផ្ញើទៅកាន់កម្មវិធី មិត្តអ្នកស្តាប់ សភ័ណ្ឌ អ្នកទេសចរមកពីខេត្តសៀមរាប ប្រទេសកម្ពុជាបានចែករំលែកថា៖ "រាត្រីតន្ត្រីបាននាំមកនូវចំណាប់អារម្មណ៍មិនអាចបំភ្លេចបានឡើយ។ ខ្ញុំពិតជាសំណាងល្អណាស់ ដែលខ្ញុំអាចស្តាប់ដោយផ្ទាល់នូវបទចម្រៀងដែលខ្ញុំពេញចិត្ត តាមរយៈការសម្តែងរបស់អ្នកនិពន្ធ តន្ត្រីករ Kenny G"។

ការឆ្លើយសំណួររបស់មិត្តអ្នកស្ដាប់ក្នុងសប្ដាហ៍កន្លងទៅ - ảnh 2តន្ត្រីករ Kenny G តារា Saxophone ពិភពលោក។

មិត្តអ្នកស្ដាប់ សភ័ណ្ឌ និងប្រិយមិត្តជាទីមេត្រី! កម្មវិធី Kenny G Live in Vietnam បានប្រព្រឹត្តទៅនៅវេលាម៉ោង ៨ យប់ ថ្ងៃទី ១៤ ខែវិច្ឆិកា នៅមជ្ឈមណ្ឌលសន្និសីទជាតិ My Dinh (ហាណូយ) បានទទួលការចាប់អារម្មណ៍ពីទស្សនិកជនវៀតណាមយ៉ាងច្រើនកុះករ។ នេះមិនមែនគ្រាន់តែជាកម្មវិធីតន្ត្រីពាណិជ្ជកម្មធម្មតានោះទេ ប៉ុន្តែជាកម្មវិធីសប្បុរសធម៌មួយ ការលក់សំបុត្រទាំងអស់នឹងត្រូវបានបរិច្ចាគដល់គ្រួសារ បុគ្គល និងកុមារដែលជួបការលំបាក់។ ជាពិសេស ក្នុងកម្មវិធីនេះ Kenny G បានប្រគល់ជូនគណរៀបចំកម្មវិធី នូវSaxophone របស់ខ្លួន។ បន្ទាប់នោះ ត្រែនេះនឹងត្រូវដាក់លក់ដេញថ្លៃដើម្បីបរិច្ចាគដល់គម្រោងសប្បុរសធម៌ Good Morning Vietnam ដើម្បីជួយឧបត្ថម្ភប្រជាជនក្នុងស្ថានភាពលំបាក ជាពិសេសកុមារ។

ក្នុងអំឡុងពេលចុងឆ្នាំ២០២៣នេះ នឹងមានសិល្បករអន្តរជាតិជាច្រើនមកសម្តែងនៅវៀតណាម ដូចជាក្រុម Westlife ដែលនឹងសម្តែងនៅទីក្រុងហូជីមិញ នៅថ្ងៃទី ២១ និង ២២ ខែវិច្ឆិកា ឬក្រុម Maroon5 សម្តែងនៅឆាក 8 Wonder ក្នុងទីក្រុង Phu Quoc នៅថ្ងៃទី ១៦ ខែធ្នូ។

ជាបន្ដតាមកម្មវិធី សូមអញ្ជើញលោកអ្នកនាងនិងប្រិយមិត្តទៅទស្សនាល្បាក់ទឹក Thac Rong នៅ Trung Leng Ho ដែលជាទេសភាពដ៏ស្រស់ស្អាត និងល្បីល្បាញនៅក្នុងខេត្ត Lao Cai ។ នេះក៏ជាកន្លែងដែលអ្នកស្តាប់ ស៊ូ ស្រីនាង មកពីរាជធានីភ្នំពេញ ចង់ឲ្យកម្មវិធីឧទ្ទេសនាមផងដែរ។

ការឆ្លើយសំណួររបស់មិត្តអ្នកស្ដាប់ក្នុងសប្ដាហ៍កន្លងទៅ - ảnh 3ល្បាក់ទឹក Thac Rong ក្នុងស្រុក Bat Xat ខេត្ត Lao Cai។

មិត្ត ស៊ូ ស្រីនាង និងប្រិយមិត្តជាទីមេត្រី។ ល្បាក់ទឹក Thac Rong គឺជាកន្លែងទេសចរណ៍ថ្មី និងស្អាតមួយនៅក្នុងស្រុក Bat Xat ខេត្ត Lao Cai ។ នេះជាគោលដៅដ៏ល្អសម្រាប់ភ្ញៀវទេសចរដែលស្រឡាញ់សម្រស់ព្រៃភ្នំនិងព្រៃឈើ។  នៅថ្ងៃដែលមានពន្លឺថ្ងៃ ល្បាក់ទឹកលេចធ្លោក្នុងរូបភាពធម្មជាតិដ៏សម្បើមអស្ចារ្យ ជាមួយនឹងរូបរាងដូចសត្វនាគ។ ល្បាក់ទឹក Thac Rong ក៏មានឈ្មោះថា Bach Long ព្រោះថានៅពេលមើលពីចម្ងាយ ល្បាក់ទឹកនេះមើលទៅដូចជាសត្វនាគពណ៌សមួយក្បាលនៅកណ្តាលព្រៃភ្នំធម្មជាតិ។ នៅជើងល្បាក់ទឹកគឺជាបឹងធំមួយ ដែលមានទឹកពណ៌ខៀវថ្លាត្រជាក់ ពិជាល្អសម្រាប់ភ្ញៀវទេសចរជិះទូក ឬងូតទឹកនៅទីនេះ។ សកម្មភាពកម្សាន្តនៅល្បាក់ទឹកមិនទាន់មានការអភិវឌ្ឍន៍ច្រើនទេ ភ្ញៀវទេសចរណ៍មកលេង Thac Rong  ភាគច្រើនមកសម្រាកលំហែកាយ និងរីករាយជាមួយទេសភាពធម្មជាតិនៅទីនេះ។ អ្នកអាចអង្គុយលើបែ ដើម្បីគយគន់ទេសភាពនៅបឹង ឬអាចសម្រាកដោយការស្ទូចត្រី និងជជែកលេងជាមួយមិត្តភ័ក្តិ ខណៈពេលរង់ចាំត្រីខាំ។

មិត្តអ្នកស្តាប់ជាទីមេត្រី! រាល់សំបុត្រ មតិ ឬសំណួររបស់អស់លោកអ្នក សូមផ្ញើមកកាន់អាស័យដ្ឋាន៖ កម្មវិធីផ្សាយជាភាសាខ្មែរ វិទ្យុសម្លេងវៀតណាម លេខ ៤៥ វិថី Ba Trieu រដ្ឋធានីហាណូយ ឬ Email៖vov5khmer@gmail.com ។ លោកអ្នកនាងអាចទាក់ទងជាមួយយើងខ្ញុំតាមរយៈទំព័រវែបសាយ Www.vovworld.vn ផងដែរ។ នាទីប្រអប់ សំបុត្រមិត្តអ្នកស្ដាប់សូមបញ្ចប់នៅត្រឹមនេះ។ សូមជួបអស់លោក អ្នកនាងនាសប្ដាហ៍ខាងមុខ។ សូមជំរាបលា៕
 

ប្រតិកម្មទៅវិញ