បុណ្យតេតប៊ុនពីម៉ៃដ៏វិសេសវិសាលនៅចំកណ្តាលទីក្រុងហាណូយ

Thanh Nam/VOV5
Chia sẻ

(VOVWORLD) - រៀងរាល់ខែមេសា ប្រជាជនឡាវនៅគ្រប់ទិសទីតែងតែប្រញាប់ប្រញាល់រៀបចំស្វាគមន៍ឆ្នាំថ្មីយ៉ាងអធិកអធមនិងយ៉ាងសប្បាយរីករាយជាមួយ នឹងពិធីប្រពៃណីពិសេសៗ។ សម្រាប់ជនជាតិឡាវដែលនៅឆ្ងាយពីប្រទេស មិនថានៅទីណាក៏តែងតែសម្លឹងមើលទៅកាន់ប្រទេសរបស់ខ្លួនក្នុងថ្ងៃពិសេសនេះ។ ចំណែកកម្មាភិបាលនិងនិស្សិតឡាវ ដែលកំពុងសិក្សារៀនសូត្រនៅប្រទេស វៀតណាម ទោះបីពួកគេនៅឆ្ងាយពីស្រុកកំណើត ក្រុមគ្រួសារ និងញាតិមិត្តក៏ដោយ ក៏ពួកគេតែងតែទទួលបានការឧបត្ថម្ភពីសាកលវិទ្យាល័យ រដ្ឋាភិបាល ក៏ដូចជាប្រជាជនវៀតណាម និងជាពិសេសនៅពេលប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ (ប៊ុនពីម៉ៃ) ក្នុងបរិយាកាសរីករាយ និងកក់ក្តៅ ក្បែរលោកគ្រូ អ្នកគ្រូ និងមិត្តភក្តិវៀតណាម។

បុណ្យតេតប៊ុនពីម៉ៃដ៏វិសេសវិសាលនៅចំកណ្តាលទីក្រុងហាណូយ - ảnh 1
 
 
 

នៅថ្ងៃជិតពាក់កណ្តាលខែមេសា ជាមួយនឹងអាកាសធាតុត្រជាក់ស្រួលនៃទីក្រុងហាណូយ បរិយាកាសទទួលបុណ្យតេតប៊ុនពីម៉ៃ នៅមជ្ឈមណ្ឌលបណ្តុះបណ្តាលអន្តរជាតិក្រោមនាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ ក្រសួងអប់រំនិងបណ្តុះបណ្តាលវៀតណាមកាន់តែមានភាពសប្បាយរីករាយប្រកបដោយផាសុកភាព។ មក ដល់មជ្ឈមណ្ឌលនៅថ្ងៃជិតចូលឆ្នាំឡាវ យើងនឹងឃើញរូបភាពផ្ទះជាជួរៗ ដែលតុបតែងយ៉ាងប្រណិតដោយប៉េងប៉ោងចម្រុះពណ៌ ពាក្យស្លោក.. ឆាកដ៏ឧឡារិក ហើយនៅចំកណ្តាលគឺជាថាសពិធីប្រពៃណី តុបតែងតាមប្រពៃណីនៃពិធីបុណ្យ Xu Khoan ដ៏វិសេសវិសាលរបស់ឡាវ។

បន្ទាប់ពីរដ្ឋាភិបាលវៀតណាមបានដាក់ចេញនូវវិធានការជាច្រើនក្នុងការទប់ស្កាត់ការរីករាលដាល នៃជំងឺ កូវីដ ១៩ ជាពិសេសវិធានការនៃការគ្របដណ្តប់ចាក់វ៉ាក់សាំងប្រកបដោយប្រសិទ្ធភាព ការរីករាលដាលនៃកូវីដ ១៩ ត្រូវបានគ្រប់គ្រងជាមូលដ្ឋាន ប្រទេសទាំងមូលបានវិលមករកភាពប្រក្រតីថ្មី។ ក្នុងស្មារតីនោះ បុគ្គលិកនៃមជ្ឈមណ្ឌលឧបត្ថម្ភបណ្តុះបណ្តាលអន្តរជាតិ បានខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្នុងការរៀបចំពិធីស្វាគមន៍បុណ្យតេតប៊ុនពីម៉ៃយ៉ាងពិសេសសម្រាប់និស្សិតឡាវ ដើម្បីជួយពួកគេស្វាគមន៍បុណ្យចូលឆ្នាំថ្មីឡាវប្រកបដោយភាពសប្បាយរីករាយ។

ក្នុងពិធីបុណ្យប៊ុនពីម៉ៃលើកនេះ ក្រៅពីមានការចូលរួមពីបុគ្គលិកមជ្ឈមណ្ឌល និស្សិតឡាវ កម្ពុជា និងវៀតណាម ក៏មានការចូលរួមពីលោកស្រី Phonevilay Sipaseurt ទទួលបន្ទុកនាយកដ្ឋានវប្បធម៌និងអប់រំ នៃស្ថានទូតឡាវនិងលោកស្រី Dao Thi Ha Ninh នាយករង នៃមជ្ឈមណ្ឌលឧបត្ថម្ភបណ្តុះបណ្តាលអន្តរជាតិផងដែរ។ ដូចទៅនឹងសាកលវិទ្យាល័យ និងស្ថាប័នអប់រំជាច្រើនផ្សេងទៀតនៅក្នុងខេត្តនិងទីក្រុងនៃប្រទេសវៀតណាម ការរៀបចំពិធីបុណ្យចូលឆ្នាំថ្មីរបស់ឡាវសម្រាប់និស្សិតឡាវដែលកំពុងសិក្សានៅសាកលវិទ្យាល័យត្រូវបានចាត់ទុកថាជាសកម្មភាពប្រចាំឆ្នាំ។ លោក Nguyen Thai Toai អ្នកគ្រប់គ្រងនិស្សិតបរទេសនៃមជ្ឈមណ្ឌលបានមានប្រសាសន៍ថា៖ “កាលពីពីរឆ្នាំមុន ដោយសារឥទ្ធិពលនៃការរាតត្បាតរបស់ជំងឺកូវីដ ១៩ យើងមិនអាចរៀបចំសកម្មភាពបុណ្យតេតប៊ុនពីម៉ៃសម្រាប់និស្សិតឡាវបានទេ។ ឆ្នាំនេះ បន្ទាប់ពីជំងឺរាតត្បាតត្រូវបានគ្រប់គ្រងជាមូលដ្ឋាន មួយផ្នែកទៀតគឺដើម្បីបំពេញសេចក្តីប្រាថ្នារបស់និស្សិតឡាវ មជ្ឈមណ្ឌលបានសហការជាមួយគណៈប្រតិភូនិស្សិតឡាវរៀបចំពិធីបុណ្យចូលឆ្នាំប្រពៃណី ប៊ុនពីម៉ៃ សម្រាប់និស្សិតនៅទីក្រុងហាណូយ។ ក្នុងគោលបំណងជួយនិស្សិតឡាវដែលនៅឆ្ងាយពីផ្ទះទទួលបុណ្យតេតដោយភាពកក់ក្ដៅ និងរីករាយបំផុត”។

ក្រៅពីការធ្វើពិធីបុណ្យប្រពៃណី ចំណុចពិសេសរបស់ ឆ្នាំនេះ មិនដូចប៉ុន្មានឆ្នាំមុន គឺមជ្ឈមណ្ឌលបានរៀបចំការប្រកួតបាល់ទាត់ និងបាល់ទះរវាងនិស្សិតឡាវជាមួយនិស្សិតវៀតណាម និងកម្ពុជាក្នុងគោលបំណងបង្កើតឱកាសដល់សិស្សទាំង៣សិក្សាស្វែងយល់ និងភ្ជាប់ទំនាក់ទំនងគ្នាទៅវិញទៅមក ជួយបង្កើនការយល់ដឹង និងសាមគ្គីភាពរបស់យុវជននៃប្រទេសទាំង៣។ កែវ សាវង្ស និស្សិតខ្មែរ បច្ចុប្បន្នជានិស្សិតឆ្នាំទី៣ នៃសកលវិទ្យាល័យពហុបច្ចេកទេស បាននិយាយថា៖ “ខ្ញុំមានអារម្មណ៍រីករាយណាស់ដែលបានចូលរួមក្នុងសកម្មភាពផ្លាស់ប្តូរជាមួយនិស្សិតឡាវនិងវៀតណាម។ នៅទីនេះ ខ្ញុំបានស្គាល់សិស្សវៀតណាមនិងឡាវជាច្រើន។ ខ្ញុំគិតថានេះជាឱកាសសម្រាប់និស្សិតមកពីប្រទេសទាំងបីក្នុងការបង្កើតមិត្តភាពនិងបង្កើនការយោគយល់គ្នាទៅវិញទៅមក”។

បុណ្យតេតប៊ុនពីម៉ៃដ៏វិសេសវិសាលនៅចំកណ្តាលទីក្រុងហាណូយ - ảnh 2

បន្ទាប់ពីពិធីនិងភាពសប្បាយរីករាយនោះ ក៏ជាពេលដែលលោកគ្រូ អ្នកគ្រូ មិត្តភ័ក្តិឡាវ និងវៀតណាម ព្រមទាំងភ្ញៀវជួបជុំគ្នា ទទួលទានម្ហូបអាហារប្រពៃណីដូចជា៖ ល្ហុង ស៊ុប ។ល។  និងទស្សនាការសម្តែងវប្បធម៌ដ៏វិសេសវិសាលរបស់និស្សិតឡាវ ហើយជូនពរគ្នាទៅវិញទៅមកសម្រាប់ឆ្នាំថ្មី។ មិត្ត Phoutsavath និស្សិតសាកលវិទ្យាល័យសេដ្ឋកិច្ចជាតិ និងមិត្ត Khamnoy និស្សិតសាកលវិទ្យាល័យសំណង់ បាននិយាយយ៉ាងសប្បាយរីករាយថា៖

“ទោះបីជាខ្ញុំមិនអាចត្រឡប់ទៅប្រទេសឡាវបានក៏ដោយ ក៏ខ្ញុំនៅតែរីករាយនឹងពិធីបុណ្យប្រពៃណីប៊ុនពីម៉ៃដែលធ្វើឲ្យខ្ញុំមានអារម្មណ៍សប្បាយរីករាយនិងបន្ថូអារម្មណ៍នៃការនឹកស្រុកកំណើតនិងឪពុកម្តាយរបស់ខ្ញុំ។ ទោះបីជាមិនពេញលេញដូចនៅប្រទេសឡាវក៏ដោយ ក៏ពិធីនេះបាននាំមកនូវបរិយាកាសដ៏ឧឡារិក និងសប្បាយរីករាយដូចគ្នា។ ខ្ញុំសូមអរគុណសាលា លោកគ្រូ អ្នកគ្រូ និងមិត្តភ័ក្តិដែលបានរៀបចំពិធីបុណ្យតេតប៊ុនពីម៉ៃដ៏មានអត្ថន័យសម្រាប់សិស្សឡាវយើង”។

“ឆ្នាំនេះការប្រារព្ធបុណ្យតេតនៅវៀតណាមក៏មានចំណុចល្អរៀងៗខ្លួនដែរ ទោះបីជាយើងមិនអាចនៅជាមួយញាតិមិត្តក៏ដោយ ក៏នៅទីនេះយើងអាចប្រារព្ធបុណ្យតេតជាមួយលោកគ្រូ អ្នកគ្រូ និងមិត្តភក្តិ។ ទទួលបុណ្យតេតជាមួយមិត្តឡាវធ្វើឲ្យខ្ញុំមានអារម្មណ៍កាន់តែជិតស្និទ្ធជាមួយគ្នាជាងពេលនៅឆ្ងាយពីស្រុកកំណើត”។

ពិធីបុណ្យប្រពៃណីប៊ុនពីម៉ៃ ត្រូវបានប្រារព្ធឡើងក្នុងបរិយាកាសដ៏កក់ក្តៅ និងសប្បាយរីករាយ អ្នកទាំងអស់គ្នាបានចូលរួមពិធីទះទឹក រាំរបាំ Lam Vong និងរួមគ្នាទទួលទាននូវមុខម្ហូបប្រពៃណីរបស់ប្រទេសឡាវ។ អ្វីៗដំណើរការល្អ មិនត្រឹមតែនាំមកនូវភាពសប្បាយរីករាយ និងភាពរំភើបដល់សិស្សានុសិស្សនិងភ្ញៀវឡាវប៉ុណ្ណោះទេ ថែមទាំងបានរួមចំណែកយ៉ាងសំខាន់ក្នុងការបណ្តុះនូវទំនាក់ទំនងមិត្តភាពជាប្រពៃណី សាមគ្គីភាពពិសេស និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងវៀតណាមនិងឡាវ៕

ប្រតិកម្មទៅវិញ