ថៃគាំទ្រគំនិតផ្តួចផ្តើមរបស់វៀតណាមដើម្បីការអភិវឌ្ឍប្រកបដោយចីរភាពរបស់ អាស៊ាន

NGUYEN YEN VOV
Chia sẻ
(VOVWORLD) - វេទិកាអនាគតអាស៊ានឆ្នាំ ២០២៤ ក្រោមប្រធានបទ " កសាងសហគមន៍អាស៊ានអអភិវឌ្ឍន៍យ៉ាងឆាប់រហ័ស ប្រកបដោយនិរន្តរភាព និងយកប្រជាជនជាមជ្ឈភាព" ត្រូវបានរៀបចំឡើងជាលើកដំបូងនៅទីក្រុងហាណូយតាមគំនិតផ្តួចផ្តើមរបស់នាយករដ្ឋមន្ត្រីវៀតណាមលោកPham Minh Chinh គឺជាសក្ខីភាពមួយក្នុងចំណោមសក្ខីភាពសម្រាប់ការសន្យា ការប្តេជ្ញាចិត្ត និងការរួមវិភាគទាំនរបស់វៀតណាម ដល់កិច្ចខិតខំប្រឹងប្រែងរួមក្នុងការកសាងសហគមន៍អាស៊ាន។ ក្នុងឱកាសនេះ អ្នកយកព័ត៌មាននៃវិទ្យុសម្លេងវៀតណាមបានជួបសម្ភាសន៍ជាមួយលោក Vijavat Isarabhakdi ប្រធានគណៈប្រតិភូថៃ អតីតឧបការីរដ្ឋមន្ត្រីក្រសួងការបរទេសថៃ ហើយបច្ចុប្បន្នជាទីប្រឹក្សាក្រសួងការបរទេសថៃ ស្ដីពីតួនាទី ការរួមវិភាគទាំនរបស់វៀតណាម ក៏ដូចជាថៃក្នុងវេទិកានេះ។
ថៃគាំទ្រគំនិតផ្តួចផ្តើមរបស់វៀតណាមដើម្បីការអភិវឌ្ឍប្រកបដោយចីរភាពរបស់ អាស៊ាន - ảnh 1អ្នកយកព័ត៌មាននៃវិទ្យុសម្លេងវៀតណាមបានជួបសម្ភាសន៍ជាមួយលោក Vijavat Isarabhakdi ប្រធានគណៈប្រតិភូថៃ អតីតឧបការីរដ្ឋមន្ត្រីក្រសួងការបរទេសថៃ ហើយបច្ចុប្បន្នជាទីប្រឹក្សាក្រសួងការបរទេសថៃ

យោងតាមការចែករំលែករបស់លោក Vijavat Isarabhakdi បានឲ្យដឹងថាគណៈប្រតិភូថៃដែលចូលរួមវេទិកានេះបានបង្ហាញពីការគាំទ្រចំពោះគំនិតផ្តួចផ្តើមរបស់វៀតណាមដើម្បីការអភិវឌ្ឍរួម និងប្រកបដោយនិរន្តរភាពរបស់អាស៊ាន៖

“គោលដៅដំបូងនៅពេលចូលរួមវេទិកានេះគឺដោយសារវៀតណាមជាមិត្តរបស់ថៃ វៀតណាមជាសមាជិករបស់អាស៊ាន។ វៀតណាមបានរៀបចំវេទិកាដ៏សំខាន់ ដូច្នេះយើងខ្ញុំមានបំណងចង់មកទីនេះដើម្បីគាំទ្រគំនិតផ្តួចផ្តើមរបស់វៀតណាម។ លើសពីនេះ ការផ្លាស់ប្តូរគំនិតក៏មានសារៈសំខាន់ខ្លាំងណាស់។ ព្រោះថាយើងនឹងត្រិះរិះថា តើអាស៊ាននឹងអភិវឌ្ឍបន្តយ៉ាងដូចម្ដេចហើយកសាងសេចក្តីព្រាងចក្ខុវិស័យ
អាស៊ានដល់ឆ្នាំ ២០៤៥។ ដូច្នេះ វេទិកានេះនឹងមានផលប្រយោជន៍ខ្លាំងណាស់ ដើម្បីផ្ទៀងស្តាប់យោបល់ និងគំនិតផ្តួចផ្តើមរបស់ប្រទេសដែលវៀតណាមបានអញ្ជើញ”។

លោក Vijavat Isarabhakdi បានវាយតម្លៃខ្ពស់ចំពោះគំនិតផ្តួចផ្តើមជ្រើសរើសប្រធានបទ "កសាងសហគមន៍អាស៊ានអភិវឌ្ឍន៍យ៉ាងឆាប់រហ័ស ប្រកបដោយនិរន្តរភាព និងយកប្រជាជនជាមជ្ឈភាព" ដែលកំពុងត្រូវបានយកចិត្តទុកដាក់យ៉ាងខ្លាំង នាពេលបច្ចុប្បន្ននេះ ក្នុងបរិបទដែលពិភពលោកកំពុងប្រឈមនឹងបញ្ហាសាកល្បងជាច្រើន ក្នុងនោះមានប្រទេសជាសមាជិកអាស៊ាននានាផងដែរ។ វៀតណាមបានបង្ហាញពីតួនាទីដឹកនាំ និងឈានមុខនៅពេលជ្រើសរើសប្រធានបទដែលកំពុងត្រូវបានចាប់អារម្មណ៍ខ្លាំងនាពេលបច្ចុប្បន្ននេះ។

“ខ្ញុំគិតថាវៀតណាមបានជ្រើសរើសប្រធានបទវេទិកាថ្ងៃនេះគឺល្អ និងសមស្របណាស់ ព្រោះថាទិដ្ឋភាពនីមួយៗនៃប្រធានបទគឺមានសារៈសំខាន់ខ្លាំងណាស់ចំពោះអាស៊ានក៏ដូចជាប្រទេសសមាជិកនីមួយៗ។ យើងបានរួមគ្នាពិភាក្សា ហើយចាំបាច់ត្រូវធ្វើ ដើម្បីអភិវឌ្ឍន៍ប្រកបដោយចីរភាព។ លើសពីនេះ វៀតណាមក៏បានផ្តោតសំខាន់ដល់បញ្ហាយកប្រជាជនជាមជ្ឈភាព។ ប្រការនេះក៏ជាចំណុចស្នូលដែល អាស៊ានតែងតែយកចិត្តទុកដាក់អនុវត្តន៍ផងដែរ។ យើងធ្វើអ្វីៗគ្រប់បែបយ៉ាងគឺដើម្បីប្រជាជន និងផលប្រយោជន៍ប្រជាជន។ ដូច្នេះហើយ ខ្ញុំសូមស្វាគមន៍ចំពោះប្រធានបទ ក៏ដូចជាតួនាទីរបស់វៀតណាមក្នុងការបំផុសគំនិតផ្តួចផ្តើមនេះ ដែលមិនធ្លាប់មានក្នុងវេទិកាធំៗស្តីពីបញ្ហានេះតាំងពីមុនមកឡើយ។ ខ្ញុំសង្ឃឹមថានេះគឺជាចំណុចចាប់ផ្តើមសម្រាប់ការពិភាក្សាបន្តទៀតផងដែរ”។

ថៃគាំទ្រគំនិតផ្តួចផ្តើមរបស់វៀតណាមដើម្បីការអភិវឌ្ឍប្រកបដោយចីរភាពរបស់ អាស៊ាន - ảnh 2វេទិកាអនាគតអាស៊ានឆ្នាំ ២០២៤ ក្រោមប្រធានបទ " កសាងសហគមន៍អាស៊ានអអភិវឌ្ឍន៍យ៉ាងឆាប់រហ័ស ប្រកបដោយនិរន្តរភាព និងយកប្រជាជនជាមជ្ឈភាព" ត្រូវបានរៀបចំឡើងជាលើកដំបូងនៅទីក្រុងហាណូយ

ដើម្បីស្វែងរកទិសដៅដោះស្រាយបញ្ហាសាកល្បងដែលអាស៊ានកំពុងប្រឈម ក្នុងការរក្សាមជ្ឈភាព និងសម្របខ្លួនទៅនឹងការផ្លាស់ប្តូរក្នុងតំបន់ និងពិភពលោក? តើធ្វើយ៉ាងដូចម្ដេចដើម្បីអាស៊ានអាចសម្របខ្លួន ធ្វើឲ្យមានតុល្យភាព និងចុះសម្រុងគ្នាចំពោះរាល់ការយកចិត្តទុកដាក់របស់ប្រទេសជាសមាជិកនានា ក៏ដូចជារវាងអាស៊ាន និងប្រទេសដៃគូនានា? តើធ្វើដូចម្តេចដើម្បីមានតុល្យភាពរវាងដំណើការផ្លាស់ប្ដូរថ្មី ការអភិវឌ្ឍ និងអភិរក្សតម្លៃស្នូលរបស់អាស៊ាន? តើធ្វើយ៉ាងដូចម្ដេចដើម្បីអាស៊ានអភិវឌ្ឍន៍យ៉ាងឆាប់រហ័ស និងបង្កើតវិបុលភាពកាន់តែធំធេងផង ប៉ុន្តែត្រូវធានាការអភិវឌ្ឍប្រកបដោចីរភាព និងយកប្រជាជនជាមជ្ឈភាពក្នុងដំណើការនោះផង? យោងតាមលោក Vijavat Isarabhakdi ដើម្បីឆ្លើយសំណួរទាំងនោះ ដំបូងឡើយអាស៊ានចាំបាច់ត្រូវមានស្ថិរភាព ហើយបន្ទាប់មកកិច្ចសហប្រតិបត្តិការក្នុងចំណោមប្រទេសជាសមាជិក។

“យើងមិនអាចរស់នៅដោយឯកឯងបានឡើយ ពោលគឺត្រូវសហការជាមួយប្រទេស និងមហាអំណាចនានា ដើម្បីយល់ដឹងអំពីសារៈសំខាន់នៃតំបន់របស់យើង និងតួនាទីរបស់យើង។ ប្រការនេះក៏ជះឥទ្ធិពដល់ស្ថិរភាពរបស់អាស៊ានផងដែរ។ ដូច្នេះហើយ អាស៊ានចាំបាច់ត្រូវសាមគ្គីភាព ដើម្បីការពារ និងថែរក្សាតួនាទីរបស់យើងមិនទុកឱ្យខាងក្រៅជះឥទ្ធិពល និងកំណត់តួនាទីរបស់យើងឡើយ។ ដូច្នេះយើងត្រូវមានតុល្យភាព យើងគប្បីសង្កត់ធ្ងន់អំពីគោលការណ៍ពហុភាគី ដើម្បីអាចទប់ទល់ឥទ្ធិពលពីប្រទេសខាងក្រៅ។ ខ្ញុំគិតថា តម្លៃរបស់អាស៊ាន ការពិភាក្សារបស់យើងស្ដីពីការព្រួយបារម្ភ ស្ថិរភាពគឺមានសារៈសំខាន់ណាស់ដល់សកម្មភាពរបស់អាស៊ាន។ ព្រោះថា វាជួយធានាតួនាទីអព្យាក្រឹតរបស់អាស៊ានក្នុងតំបន់ផងដែរ”។

លើសពីនេះ លោក Vijavat Isarabhakdi ក៏បានសង្កត់ធ្ងន់លើការជំរុញសន្តិសុខយ៉ាងទូលំទូលាយក្នុងបរិបទនៃបញ្ហាប្រឈមសន្តិសុខពិភពលោក។ នោះគឺជាកិច្ចសហប្រតិបត្តិការពហុភាគី។ នេះគឺជាប្រការដ៏សំខាន់ដើម្បីធានាតួនាទីរបស់អាស៊ាន។ លោក Vijavat Isarabhakdi បានសង្កត់ធ្ងន់ថា ថៃតែងតែគាំទ្រគំនិតផ្តួចផ្តើមរបស់វៀតណាមសម្រាប់ការអភិវឌ្ឍរួមរបស់អាស៊ាន៕

ប្រតិកម្មទៅវិញ