ឃ្លាំងឯកសារបណ្ណសារជាតិស្ដីពីយុទ្ធនាការ Dien Bien Phu

Chia sẻ
(VOVWORLD) - ក្នុងឱកាសរំលឹកខួបលើកទី ៧០ នៃជ័យជំនះ Dien Bien Phu (៧ ឧសភា ១៩៥៤ - ៧ ឧសភា ២០២៤) និងខួបលើកទី ៧០ នៃទិវាចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ (២០ កក្កដា ១៩៥៤ - ២០ កក្កដា ២០២៤) នាពេលថ្មីៗនេះ នៅទីក្រុងហាណូយ មជ្ឈមណ្ឌលបណ្ណសារជាតិ ៣ នៃនាយកដ្ឋានបណ្ណសារជាតិ (ក្រសួងមហាផ្ទៃ) បានឧទ្ទេសនាមឯកសារបណ្ណសារជាតិស្តីពីយុទ្ធនាការ Dien Bien Phu និងសន្និសីទទីក្រុងហ្សឺណែវឆ្នាំ ១៩៥៤។ នេះគឺជាលើកដំបូងហើយ ដែលឃ្លាំងឯកសារបណ្ណសារស្ដីពីយុទ្ធនាការ Dien Bien Phu ត្រូវបានតាំងបង្ហាញដល់ សាធារណៈជន។
ឃ្លាំងឯកសារបណ្ណសារជាតិស្ដីពីយុទ្ធនាការ Dien Bien Phu - ảnh 1សៀវភៅអំពីយុទ្ធនាការ Dien Bien Phu

ឯកសារបណ្ណសារដើមជិត ២០០ ស្ដីពីយុទ្ធនាការ Dien Bien Phu និងសន្និសីទទីក្រុងហ្សឺណែវ ដែលត្រូវបានមជ្ឈមណ្ឌលបណ្ណសារជាតិ ៣ ឧទ្ទេសនាមលើកនេះបានបង្ហាញឡើងវិញពីកាលៈទេសៈប្រវត្តិសាស្ត្រ ការវិវឌ្ឍ លទ្ធផល និងអត្ថន័យនៃព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដ៏សំខាន់ៗទាំងពីរនេះ។ ឯកសារបណ្ណសារស្តីពីយុទ្ធនាការ Dien Bien Phu រួមមានកាលៈទេសៈប្រវត្តិសាស្ត្រ ដំណើរការដឹកនាំ និងការត្រៀមរៀបចំយុទ្ធនាការ ការវិវឌ្ឍ និងលទ្ធផល អត្ថន័យនៃយុទ្ធនាការ ដំណើរការកងទ័ព និងប្រជាជននៅទូទាំងប្រទេសសហការជាមួយសមរភូមិ Dien Bien Phu តួនាទីរបស់លោកឧត្តមសេនីយ៍ឯក Vo Nguyen Giap - អគ្គមេបញ្ជាការនៃយុទ្ធនាការ; មតិសាធារណៈ និងមនោសញ្ចេតនារបស់មិត្តភក្តិអន្តរជាតិអំពីយុទ្ធនាការ; គោលនយោបាយរបស់រដ្ឋាភិបាលវៀតណាមសាធារណរដ្ឋប្រជាធិបតេយ្យចំពោះយុទ្ធជនពិការ យុទ្ធជនមានជំងឺ។ លោកស្រី Tran Viet Hoa នាយិការមជ្ឈមណ្ឌលបណ្ណសារជាតិ ៣ បានមានប្រសាសន៍ថា៖

“យើងខ្ញុំបានឧទ្ទេសនាមរាល់ឯកសារចាប់ពីការបើកយុទ្ធនាការ Dien Bien Phu ក្នុងនោះមានឯកសារបណ្ណសាររបស់វៀតណាម ក៏ដូចជាឯកសារបណ្ណាសាររបស់បរទេស។ យើងអាចឃើញឯកសារដឹកនាំរបស់បក្ស រដ្ឋាភិបាល លោកប្រធានហូជីមិញ និងការវិវត្តនៃយុទ្ធនាការ Dien Bien Phu។ រាល់សំណុំឯកសារដែលបានតម្កល់ទុកនៅមជ្ឈមណ្ឌលបណ្ណសារជាតិ ៣ ត្រូវបានប្រមូលពីរដ្ឋាភិបាល ក្រសួង ស្ថាប័នរដ្ឋ សារព័ត៌មាន ជាពិសេសគឺសាក្សីប្រវត្តិសាស្ត្រ ក៏ដូចជាបណ្ណសារបរទេសដូចជាបារាំង និងរុស្ស៊ីផងដែរ”។

ទន្ទឹមនឹងនោះ មានឯកសារអំពីស្មារតីសុទិដ្ឋិនិយមក្នុងការប្រយុទ្ធ និងបម្រើការប្រយុទ្ធរបស់កងទ័ព និងប្រជាជនវៀតណាមក្នុងយុទ្ធនាការ Dien Bien Phu; អំពីការដឹកនាំដ៏ប៉ិនប្រសប់ ការសម្រេចកំណត់ និងយុទ្ធសាស្ត្រដ៏មុតស្រួចរបស់បក្ស រដ្ឋាភិបាល និងកងទ័ពប្រជាជនវៀតណាម អំពីកម្លាំងសាមគ្គីភាព និងការស្រុះចិត្តគំនិតគ្នារបស់ប្រជាជនទាំងមូល កងទ័ពទាំងមូលប្តេជ្ញាចិត្តដណ្ដើមបានជ័យជំនះក្នុងការតស៊ូការពារឯករាជ្យជាតិ។ លោកវរសេនីយ៍ឯក Nguyen Boi Giong អតីតអ្នកជំនាញជាន់ខ្ពស់នៃគណៈបូកសរុបប្រវត្តិសាស្ត្រសង្គ្រាម (អគ្គសេនាធិការ) ជំនួយការរបស់លោកឧត្តមសេនីយ៍ឯក Vo Nguyen Giap បានមានប្រសាសន៍ថា៖

“នៅពេលនិយាយអំពីយុទ្ធនាការ Dien Bien Phu គឺត្រូវនិយាយដល់សេចក្ដីសម្រេចចិត្តមជ្ឈឹមលេខ ២។ នេះគឺជាសេចក្ដីសម្រេចចិត្តដ៏ពិសេស ព្រោះថា នេះជាលើកដំបូងហើយដែលចែងយ៉ាងច្បាស់លាស់ថា យើងប្ដេជ្ញាចិត្តប្រើប្រាស់វិធានការយោធា ដើម្បីដណ្តើមឯករាជ្យជាតិ។ ត្រូវមានសេចក្ដីសម្រេចចិត្តនេះ ទើបមានយុទ្ធនាការ Dien Bien Phu ។ ចាំបាច់ត្រូវផ្សព្វផ្សាយយុទ្ធនាការ Dien Bien Phu និងរំលឹកព្រឹត្តិការណ៍ស្នូលនៃយុទ្ធនាការដល់ប្រជាជនផងដែរ”។

ឃ្លាំងឯកសារបណ្ណសារជាតិស្ដីពីយុទ្ធនាការ Dien Bien Phu - ảnh 2រូបថតលោកនាយឧត្តមសេនីយ៍ Vo Nguyen Giap អគ្គមេបញ្ជាការនៃយុទ្ធនាការ Dien Bien Phu

រូបថតនិងឯកសាររបស់ភាគីវៀតណាម បារាំង និងរុស្ស៊ីបាននាំមកនូវរូបភាពពិតៗដល់មនុស្សជំនាន់បច្ចុប្បន្នស្ដីពីព្រឹត្តិការណ៍ប្រវត្តិសាស្ត្រកាលពី ៧០ ឆ្នាំមុន។ អញ្ជើញទស្សនាឯកសារនៅមជ្ឈមណ្ឌលបណ្ណសារជាតិ ៣ លោក Nguyen Ha Tiep ពលរដ្ឋម្នាក់នៅហាណូយបានសម្តែងថា៖      

“ឯកសារដើមត្រូវបានប្រកាសគឺជាប្រការដ៏សំខាន់មិនថាចំពោះនរណាម្នាក់ដែលចង់ស្វែងយល់ប្រវត្តិសាស្ត្រឡើយ។ នោះគឺជាឯកសារជាមូលដ្ឋានបំផុត ដែលឆ្លុះបញ្ចាំងពីការពិតនៃសម័យកាលប្រវត្តិសាស្ត្រនោះ។ តាមនោះ យើងអាចឃើញថា ការងារថែរក្សាឯកសាររបស់វៀតណាមគឺល្អប្រសើរណាស់”។    ឯកសារស្តីពីព្រឹត្តិការណ៍នានាត្រូវបានបង្កើតឡើងក្នុងដំណើរប្រតិបត្តិការរបស់ស្ថាប័ន អង្គការរដ្ឋចំណុះ៖ វិមាននាយករដ្ឋមន្ត្រី រដ្ឋសភា ក្រសួងការងារ ក្រសួងមហាផ្ទៃ គណៈកម្មាធិការតស៊ូរដ្ឋបាលអន្តរតំបន់ ៣ គណៈកម្មាធិការរដ្ឋបាលតំបន់ស្វយ័តភាគពាយ័ព្យ គណៈកម្មាធិការតស៊ូរដ្ឋបាលតំបន់ Tả Ngạn ឯកសាររូបថតសម័យតស៊ូប្រឆាំងអាណានិគមន៍បារាំង (១៩៤៦ - ១៩៥៤) ឯកសាររូបថតរបស់ក្រសួងការបរទេស ឯកសារ សៀវភៅ និងកាសែតដែលមានប្រភពដើមពីបុគ្គល។

ក្នុងឃ្លាំងឯកសារបណ្ណសារនៃយុទ្ធនាការ Dien Bien Phu និងសន្និសីទទីក្រុងហ្សឺណែវឆ្នាំ ១៩៥៤ ឯកសារនានាត្រូវបានកែសម្រួល រៀបដាក់តាមបែបវិទ្យាសាស្ត្រ និងរក្សាទុកប្រកបដោយសុវត្ថិភាព បម្រើតម្រូវការរបស់សាធារណជនយ៉ាងច្រើនកុះករ។ ឃ្លាំងបណ្ណសារគឺជាសក្ខីភាពដ៏សំខាន់ រួមចំណែកបម្រើការសិក្សាវិទ្យាសាស្ត្រអំពីព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ យោធា ការទូត  ព្រមទាំងមានអត្ថន័យអប់រំទំនៀមទម្លាប់ស្នេហាជាតិ សាមគ្គីភាពឯករាជ្យរបស់ប្រជាជាតិវៀតណាម៕


ប្រតិកម្មទៅវិញ