វៀតណាមជម្រុញផលិតកម្មកសិកម្ម ដើម្បីឆ្លើយតបនឹងតម្រូវការក្នុងប្រទេសនិងការនាំចេញនៅចំពោះមុខការផ្ទុះជំងឺរាតត្បាត COVID-19

Chia sẻ
(VOVWORLD) - មិនត្រឹមតែទទួលការរងផលប៉ះពាល់ពីអាកាសធាតុអាក្រក់ៗដោយសារការប្រែប្រួលអាកាសធាតុ ដូចជាភ្លៀងទឹកកក គ្រោះរាំងស្ងួត ការជ្រាបចូលនៃទឹកប្រៃ រួមទាំងជម្ងឺឆ្លងផ្សេងៗទៀតលើសត្វពាហនៈនិងបសុបក្សីប៉ុណ្ណោះទេ ហើយថែមទាំងវិស័យកសិកម្មក៏កំពុង រងផលប៉ះពាល់ដោយជំងឺរាតត្បាត COVID-19 ទៀតផង។ ប៉ុន្តែជាមួយ នឹងកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួន កសិកម្មនៅតែធានាបាននូវស្បៀងអាហារនិងចំណីអាហារដ៏រឹងមាំសម្រាប់ការប្រើប្រាស់ក្នុងប្រទេសនិងនាំចេញទៅទីផ្សារផ្សេងៗទៀតផងដែរ។
វៀតណាមជម្រុញផលិតកម្មកសិកម្ម ដើម្បីឆ្លើយតបនឹងតម្រូវការក្នុងប្រទេសនិងការនាំចេញនៅចំពោះមុខការផ្ទុះជំងឺរាតត្បាត COVID-19 - ảnh 1 វៀតណាមនឹងមិនខ្វះខាតសាច់ក្នុងស្រុកដោយសារទិន្នផលសាច់សរុបក្នុងវិស័យចិញ្ចឹមសត្វ នឹងសម្រេចបានប្រមាណ ៥,៨ លានតោនដែលកើនឡើង ១៦ % (រូបថត៖ bienphong.com.vn)

 ក្នុងកិច្ចប្រជុំតាមអ៊ិនធឺរណែតស្តីពីការជម្រុញផលិតកម្មកសិកម្មបានប្រព្រឹត្តទៅ នាពេលថ្មីៗនេះនៅទីក្រុងហាណូយក្នុងបរិបទជំងឺរាតត្បាត Covid-19 នោះ អង្គប្រជុំបានចាត់ទុកថា ចាំបាច់ត្រូវកាត់បន្ថយផលប៉ះពាល់នៃជំងឺឆ្លង Covid 19 ដែលកំពុងឆ្លងរីករាលដាលយ៉ាងស្មុគស្មាញ ដោយមិនទាន់បានព្យាករណ៍ដានៅពេលណាត្រូវបញ្ចប់នោះទេ រួមទាំងកំពុងជះឥទ្ធិពលដោយផ្ទាល់ដល់ផលិតកម្មនិងការនាំចេញ-នាំចូល ក៏ដូចជា ការលក់ចេញកសិផលនិងទំនិញកសិកម្មរបស់វៀតណាមផងដែរ។ ទន្ទឹមនឹងនេះគប្បីរៀបចំរចនាសម្ព័ន្ធផលិតកម្មកសិកម្មឡើងវិញទៅតាមទិសដៅបន្សាំនឹងការប្រែប្រួលអាកាសធាតុ ព្រមទាំងលើកកម្ពស់ឧត្តមភាពក្នុងតំបន់ ដោយផ្អែកលើការបង្កើនសមាមាត្រនៃការចិញ្ចឹមជលផលនិងដើមឈើហូបផ្លែផងដែរ។ ទាក់ទងនឹងការដាំដុះ ចាំបាច់ត្រូវប្រើប្រាស់ផ្ទៃដីដាំដុះស្រូវប្រកបដោយភាពបត់បែន ដើម្បីធានាសន្តិសុខស្បៀងអាហារ និងលើកស្ទួយប្រសិទ្ធភាពនៃការប្រើប្រាស់ដីធ្លី ក៏ដូចជាបង្កើនប្រាក់ចំណូលសម្រាប់កសិករទៀតផង។ ចំណែកវិស័យចិញ្ចឹមសត្វវិញ កសិកម្មនៅតែបន្តចាត់វិធានការគ្រប់គ្រងជំងឺរាតត្បាត ជាពិសេសជំងឺប៉េសជ្រូកអាហ្វ្រិក ព្រមទាំងសហការជាមួយក្រសួងឧស្សាហ-ពាណិជ្ជកម្មនិងក្រសួងហិរញ្ញវត្ថុវៀតណាមក្នុងការគ្រប់គ្រងតម្លៃទូទៅ និងតម្លៃលក់ផលិតផល ដើម្បីកាត់បន្ថយការដំឡើងថ្លៃសាច់ជ្រូក និងពូជជ្រូកនៅលើទីផ្សារនាបច្ចុប្បន្ននេះផងដែរ។

រីឯវិស័យផលិតកម្មនិងកែច្នៃនាំចេញកសិផលវិញ អង្គប្រជុំក៏បានលើកឡើងថាត្រូវធ្វើពិពិធកម្មនូវផ្សារនាំចេញកសិ-រុក្ខ-ជលផល ដើម្បីកាត់បន្ថយបន្តិចម្តងៗនូវការពឹងផ្អែកលើទីផ្សារតែមួយគត់ ហើយឆ្លើយតបនឹងស្តង់ដារនៃទំនិញគុណភាពខ្ពស់ដែលមានប្រភពដើម និងម៉ាក់សម្គាល់ភូមិសាស្ត្រនៃទំនិញផងដែរ។ លោក Duong Thanh Tung ប្រធានមន្ទីរកសិកម្មនិងអភិវឌ្ឍន៍ជនបទខេត្ត Bac Giang បានឲ្យដឹងថា៖

« នៅចំពោះមុខស្ថានភាពនៃជំងឺរាតត្បាត COVID-19 នោះ ខេត្ត Bac Giang បាននិងកំពុងផ្តោតសំខាន់ទៅលើការដឹកនាំយ៉ាងប្តូរផ្តាច់ក្នុងផលិតកម្មដោយមិនធ្វើឲ្យជាប់គាំង រួមទាំងការពារហ្វូងសត្វចិញ្ចឹមផង និងធានាការផ្គត់ផ្គង់ស្បៀងអាហារទាំងក្នុងនិងក្រៅខេត្តផង។ ម្យ៉ាងវិញទៀតយើងខ្ញុំក៏ស្នើឱ្យក្រសួងកសិកម្មយកចិត្តទុកដាក់ក្នុងការជួយឧបត្ថម្ភនិងណែនាំដល់សហគ្រាសផលិតកម្មខ្នាតធំឲ្យមកវិនិយោគលើវិស័យផលិតកម្ម ជាពិសេសផលិតពិសេសផលប្រចាំតំបន់ ដែលខេត្ត Bac Giang មានប្រៀបខ្លាំងដូចជា សាច់ជ្រូក សាច់មាន់ ផ្លែឈើ និងការវិនិយោគកសិកម្មបច្ចេកវិទ្យាខ្ពស់ផងដែរ»។

នាឆ្នាំនេះ ទិន្នផលអង្កររំពឹងថានឹងសម្រេចបានប្រមាណ ២៨ លានតោន ដែលធានាគ្រប់គ្រាន់នូវការប្រើប្រាស់ក្នុងស្រុកនិងនាំចេញប្រមាណ ៦.៥-៧ លានតោន ។ លើសពីនេះទៀត បន្លែគ្រប់ប្រភេទមានផ្ទៃដីជិត ១ លានហិកតា នឹងផ្គត់ផ្គង់បានប្រមាណ ១៨,២ លានតោន ដែលកើនឡើង ៥% បើប្រៀបធៀបនឹងឆ្នាំ ២០១៩។ រីឯទិន្នផលសាច់សរុបក្នុងវិស័យចិញ្ចឹមសត្វ នឹងសម្រេចបានប្រមាណ ៥,៨ លានតោនដែលកើនឡើង ១៦ %។ ហេតុដូច្នេះ វៀតណាមនឹងមិនខ្វះខាតសាច់ក្នុងស្រុកនោះឡើយ។

វៀតណាមជម្រុញផលិតកម្មកសិកម្ម ដើម្បីឆ្លើយតបនឹងតម្រូវការក្នុងប្រទេសនិងការនាំចេញនៅចំពោះមុខការផ្ទុះជំងឺរាតត្បាត COVID-19 - ảnh 2 រដ្ឋមន្ត្រីក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទវៀតណាម លោក Nguyen Xuan Cuong

ទាក់ទងនឹងទីផ្សារនាំចេញវិញ ក្រសួងកសិកម្ម បានបន្តសម្របសម្រួលជាមួយក្រសួងឧស្សាហ-ពាណិជ្ជកម្ម និងស្ថានទូតវៀតណាមប្រចាំនៅតាមបណ្តាប្រទេស អនុវត្តឱ្យបានទូលំទូលាយនិងមានប្រសិទ្ធភាពខ្ពស់បំផុតក្នុងការជម្រុញ និងអភិវឌ្ឍន៍ទីផ្សារនៅតាមមូលដ្ឋានសំខាន់ៗ និងមានសក្តានុភាពផងដែរ។ រដ្ឋមន្ត្រីក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទវៀតណាម លោក Nguyen Xuan Cuong បានសង្កត់ធ្ងន់ថា៖

«ត្រូវតែជម្រុញផលិតកម្ម ជំនះពុះពាររាល់ការលំបាក និងបញ្ហាអវិជ្ជមាននៃការប្រែប្រួលអាកាសធាតុ ដើម្បីឲ្យមានស្បៀងអាហារនិងគ្រឿងឧបភោគបរិភោគគ្រប់គ្រាន់ក្នុងការផ្គត់ផ្គង់ដ៏រឹងមាំនៅគ្រប់កាលៈទេសៈចំពោះតម្រូវការក្នុងស្រុក។ ម្យ៉ាងវិញទៀត ត្រូវផ្តោតលើការចាត់វិធានការ ដើម្បីគ្រប់គ្រងជំងឺឆ្លងដោយកុំឲ្យ វាកើតមានឡើង ដែលក្នុងនោះមានទាំងជំងឺប៉េសជ្រូកអាហ្រ្វិក ព្រមទាំងមិនធ្វើឲ្យចំណីអាហារ“ ឡើងថ្លៃខ្ពស់” ដើម្បីប្រឆាំងនឹងការកេងប្រវ័ញនោះឡើយ។  ទន្ទឹមនឹងនេះដែរ ត្រូវត្រៀមខ្លួនជាស្រេចក្នុងការរៀបចំលក្ខខណ្ឌល្អបំផុតដើម្បីមានសន្ទុះជំរុញផលិតកម្មនិងការនាំចេញព្រមទាំងធានាគោលដៅកំណើននាំចេញនៅពេលដែលស្ថានភាពជម្ងឺរាតត្បាតត្រូវបានទប់ស្កាត់ផងដែរ។»

ដើម្បីការកាត់បន្ថយផលប៉ះពាល់នៃជម្ងឺរាតត្បាត Covid 19 ដែលកំពុងវិវត្តន៍ដ៏ស្មុគស្មាញ និងជះឥទ្ធិពលដោយផ្ទាល់ដល់ផលិតកម្ម ការនាំចេញ និងការលក់ចេញ   កសិផល និងទំនិញរបស់វៀតណាមនោះ វិស័យកសិកម្ម នឹងខិតខំប្រឹងប្រែងធ្វើកំណែទម្រង់ឡើងវិញនូវរចនាសម្ព័ន្ធផលិតកម្ម កសិកម្មតាមទិសបន្សាំនឹងការប្រែប្រួលអាកាសធាតុ និងពង្រីកឧត្តមភាពក្នុងតំបន់ ដោយឈរលើមូលដ្ឋានបង្កើនសមាមាត្រជលផល និងដើមឈើហូបផ្លែផងដែរ។ លើសពីនេះទៀត ការផលិត និងកែច្នៃនាំចេញកសិផលក៏នឹងផ្លាស់ប្តូរផងដែរ ហើយការធ្វើពិពិធកម្មទីផ្សារនាំចេញសម្រាប់វិស័យកសិ-រុក្ខា-ជលផល នឹងត្រូវបានជម្រុញយ៉ាងខ្លាំង ដើម្បីឆ្លើយតបទៅនឹងស្តង់ដារនៃទំនិញគុណភាពខ្ពស់ស្តីពីប្រភពដើមនិងការណែនាំភូមិសាស្ត្រ ក៏ដូចជា បង្កើតយន្តការទាក់ទាញការវិនិយោគរបស់សហគ្រាសក្នុងវិស័យកសិកម្មបច្ចេកវិទ្យាខ្ពស់ផងដែរ៕

ប្រតិកម្មទៅវិញ