តួនាទីរបស់សហគ្រាសខ្នាតធំក្នុងការចាប់អាជីព

Chia sẻ
(VOVWORLD) -នាប៉ុន្មានឆ្នាំថ្មីៗនេះ ការចាប់អាជីពបានរីកសុះសាយនៅប្រទេសជាច្រើន។ ចលនាចាប់អាជីពក៏បានអភិវឌ្ឍន៍យ៉ាងខ្លាំងក្លានៅប្រទេសវៀតណាម ហើយត្រូវបានរដ្ឋាភិបាលផ្តល់ការយកចិត្តទុកដាក់ពិសេសផងដែរ។ ទន្ទឹមនឹងការបង្កលក្ខណៈងាយស្រួលអំពីគោលនយោបាយរបស់រដ្ឋាភិបាលនោះ តួនាទីជួយឧបត្ថម្ភរបស់សហគ្រាសខ្នាតធំចំពោះសហគ្រាសចាប់អាជីពគឺមានសារៈសំខាន់ណាស់។ បណ្ដាសហគ្រាសខ្នាតធំជួយឧបត្ថម្ភសហគ្រាស់ចាប់អាជីពអំពីទុន បច្ចេកវិទ្យា ហើយក្រោយមកគឺតភ្ជាប់ចូលក្នុងខ្សែសង្វាក់ផលិតកម្ម ក៏ដូចជារួមគ្នាឆ្ពោះទៅរកទីផ្សារផងដែរ។
តួនាទីរបស់សហគ្រាសខ្នាតធំក្នុងការចាប់អាជីព - ảnh 1 ខ្សែសង្វាក់ផលិតកម្មទឹកដោះគោទំនើបនៅប្រទេសវៀតណាម (រូបថត៖ http://www.sggp.org.vn)

ទីក្រុងហូជីមិញបានកសាងមជ្ឈមណ្ឌលប្រើប្រាស់វិទ្យាសាស្ត្រ និងបច្ចេកវិទ្យាជឿនលឿន (SIHUB) ដែលជាអាស័យដ្ឋានសម្រាប់សហគ្រាសចាប់អាជីព និងជួបប្រាស្រ័យទាក់ទងគ្នា។ មានសហគ្រាសចាប់អាជីពជាច្រើនសម្រេចបាននូវជោគជ័យជាជំហានដំបូង ផលិតផលចាប់អាជីពបានលក់ចេញនៅទីផ្សារ ចូលរួមក្នុងខ្សែសង្វាក់ផលិតកម្មរបស់សហគ្រាសខ្នាតធំនានា ព្រមទាំងទាក់ទាញបានទុនវិនិយោគនៅក្នុង និងក្រៅប្រទេស។ ទោះជាយ៉ាងណាក៏ដោយ កត្តាជាច្រើនក្នុងប្រព័ន្ធអេកូចាប់អាជីពត្រូវបានទទួលស្គាល់ថា មិនទាន់ទទួលបានការតភ្ជាប់យ៉ាងជិតស្និទ្ធិ និងអភិវឌ្ឍន៍យ៉ាងល្អប្រសើរឡើយ ខណៈដែលសហគ្រាសចាប់អាជីព (start up) នៅតែពឹងផ្អែកលើសហគ្រាសខ្នាតធំ ហើយសហគ្រាសខ្នាតធំក៏ខ្វះមូលដ្ឋានជឿទុកចិត្ត start up ផងដែរ។

លោក Tran Anh Tuan អគ្គនាយកក្រុមហ៊ុនភាគហ៊ុនបច្ចេកវិទ្យា Sao Bac Dau ដែលបានបោះទុនវិនិយោគលើគម្រោងចាប់អាជីពចំនួន ៥ ក្នុងឆ្នាំ ២០១៨ បានចាត់ទុកថា នៅពេលធ្វើអាជីវកម្មនោះ សហគ្រាសចាប់អាជីពត្រូវការកត្តាជាច្រើន ដូចជា ទុន បច្ចេកវិទ្យា និងអភិបាលកិច្ច ក៏ដូចជាចូលរួម ខ្សែសង្វាក់ផលិតកម្ម និងទីផ្សារផងដែរ។ លោក Tran Anh Tuan បានឲ្យដឹងថា៖

“សហគ្រាសខ្នាតធំនឹងជួយផ្ដល់ប្រឹក្សា និងជួយឧបត្ថម្ភដល់សហគ្រាសចាប់អាជីព។ សហគ្រាសចាប់អាជីពនឹងមានទីផ្សារ នៅពេលតភ្ជាប់ជាមួយសហគ្រាសខ្នាតធំ។ មានសហគ្រាសជាច្រើនមានក្ដីបារម្ភថា សហគ្រាសខ្នាតធំនឹងគ្រប់គ្រងសហគ្រាសខ្នាតតូចវិញ។ ក្នុងនាមជាសហគ្រាសខ្នាតធំ ខ្ញុំអះអាងថា យើងខ្ញុំត្រូវការសហគ្រាសខ្នាតតូច ដើម្បីរួមសហការគ្នា ក៏ដូចជាដាក់ចេញដំណោះស្រាយចូលក្នុងក្រុមដំណោះស្រាយរបស់យើងផងដែរ”។

ពិតណាស់ថា ដំណើរការចាប់អាជីព គឺមិនអាចកាត់ផ្ដាច់ចេញពី ប្រព័ន្ធអេកូបានឡើយ ដែលរួមមានកត្តាមួយចំនួនដូចជា៖ គោលនយោបាយ ការជួយឧបត្ថម្ភ និងទីផ្សារ។ សហគ្រាសចាប់អាជីពណាក៏ត្រូវការតួនាទីរបស់វិនិយោគិន ទីប្រឹក្សា និងអ្នកវិទ្យាសាស្ត្រផងដែរ។ ប៉ុន្តែ សហគ្រាសចាប់អាជីពភាគច្រើនគឺមិនទាន់បង្កើតបានទំនុកទុកចិត្តចំពោះសហគ្រាសខ្នាតធំឡើយ។ លោក Nguyen Viet Duc អគ្គនាយកក្រុមហ៊ុនភាគហ៊ុនគ្រប់គ្រងការវិនិយោគចាប់អាជីពច្នៃប្រឌិតនៅវៀតណាមបានវិភាគថា៖ នៅពេលគម្រោងចាប់អាជីពអំពាវនាវទុននោះ គឺនៅតែខ្វះការបង្ហាញអំពីសមត្ថភាពប្រកួតប្រជែង និងឧត្តមភាពរបស់ខ្លួនចំពោះសហគ្រាសខ្នាតធំ។ ហេតុដូច្នេះហើយ ទំនុកទុកចិត្តរបស់សហគ្រាសខ្នាតធំ និងវិនិយោគិនសម្រាប់គម្រោងចាប់អាជីពគឺនៅតែមានកំហិត។

ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ មូលដ្ឋានគ្រឹះនៃឧស្សាហកម្ម 4.0 បាន និងកំពុងបង្កើតឡើងកត្តាអភិវឌ្ឍន៍ជាច្រើន ក៏ដូចជាមានឧបករណ៍ថ្មីជួយសហគ្រាសក្នុងការផ្លាស់ប្ដូរថ្មីរបៀបធ្វើ និងបើកចេញឱកាសជាច្រើនដល់សគ្រាស និងសហគ្រិន ដែលមានបំណងចាប់អាជីព។ សហគ្រាសរបស់វៀតណាមជាច្រើនបានប្រើប្រាស់បច្ចេកវិទ្យារបស់ពិភពលោក ក៏ដូចជាផ្សព្វផ្សាយដល់ Startup ផងដែរ។ លោក Hoang Minh Tri នាយក AIPac (San Jose អាមេរិក) ដែលទទួលបានជោគជ័យក្នុងការចាប់អាជីពនៅ ជ្រលងភ្នំ Silicon (អាមេរិក) ហើយកំពុងជាវិនិយោគិនសម្រាប់សហគ្រាសចាប់អាជីពបានឲ្យដឹងថា៖

“នាបច្ចុប្បន្ននេះ ការចាប់អាជីពនៅវៀតណាម មានលក្ខណៈងាយ ស្រួល់លើវិស័យផ្នែកទន់ និងការយល់ដឹងអំពីទីផ្សារ។ នេះគឺជាកត្តាដ៏សំខាន់ដើម្បីទាក់ទាញក្រុមហ៊ុនបរទេស។ យើងនឹងមានឱកាសរួមសហការជាមួយពួកគេ ដើម្បីអភិវឌ្ឍន៍បច្ចេកវិទ្យាផងដែរ”។

ចំណែកឯលោក Nguyen Hoang នាយករងផ្នែកស្បៀងអាហារនៃសម្ព័ន្ធក្រុមហ៊ុន Loc Troi ដែលមានជំនាញលើវិស័យកសិកម្មបានអះអាងថា៖ក្នុងខ្សែ សង្វាក់តម្លៃរបស់ផ្នែកណាមួយនោះ គឺជានិច្ចកាលត្រូវការសហគ្រាសខ្នាតធំ។ សហគ្រាសចាប់អាជីពនានាចូលរួមខ្សែ សង្វាក់តម្លៃនេះ ត្រូវបានជួយឧបត្ថម្ភជាច្រើន ដើម្បីឈរជើងយ៉ាងរឹងមាំ ក៏ដូចជាអភិវឌ្ឍន៍ផងដែរ៕

ប្រតិកម្មទៅវិញ