ពូនជ្រុំសេចក្តីស្រឡាញ់វប្បធម៌ប្រពៃណីនៅឯសាលារៀនជាយក្រុងមួយកន្លែង

Chia sẻ

(VOVWORLD) -  បង្រៀនបំណិនទន់ដល់សិស្ស តាមរយៈការបង្រៀនឲ្យប្អូនៗ ហាត់លេងវាយគងឃ្មោះដោយខ្លួនឯង ប្រមូលនិងបង្ហាញការណែនាំវប្បធម៌ក្នុងពិធីគោរពទង់ជាតិនាដើមសប្តាហ៍។  នេះជារបៀបដែលអនុវិទ្យាល័យ Y Ngong NiKam នៅស្រុក Cu Mgar ខេត្ត Dak Lak កំពុងធ្វើ ដើម្បីពូនជ្រុំសេចក្តីស្រឡាញ់វប្បធម៌ដល់ប្អូនៗ សិស្សានុសិស្ស។

ពូនជ្រុំសេចក្តីស្រឡាញ់វប្បធម៌ប្រពៃណីនៅឯសាលារៀនជាយក្រុងមួយកន្លែង - ảnh 1សមាជិកក្រុមលេងឃ្មោះតែងតែជួបគ្នាដើម្បីហ្វឹកហាត់ (រូបថត៖ VOV)

ក្នុងម៉ោងចេញលេង ឬនៅចុងសប្តាហ៍ បរិវេណសាលាអនុវិទ្យាល័យ Y Ngong NiKam នៅទីរួមស្រុក Ea Pok ស្រុក Cu Mgar ខេត្ត Dak Lak បានលាន់លឺយ៉ាងកងរំពងនៃសំឡេងឃ្មោះឫស្សី។ អស់រយៈពេល ជិត ២ ឆ្នាំមកហើយ សំឡេងឃ្មោះឫស្សី បានក្លាយជាសំឡេងដែលធ្លាប់ស្គាល់របស់ប្អូនៗ សិស្សានុសិស្សផងដែរ។ ប្អូន H Doen Ni Adrong ជាសិស្សថ្នាក់ទី 7a1 ជាសមាជិកនៃក្រុមគងឃ្មោះបានចែករំលែកថា ដោយបានរៀនលេងគងឃ្មោះ ហេតុនេះហើយបានជាម៉ោងចេញលេងគួរឱ្យចាប់អារម្មណ៍ណាស់ ដោយប្អូនមានឱកាសស្វែងយល់និងផ្លាស់ប្តូរមតិជាមួយមិត្តភក្តិ។ ចាប់តាំងពីពេលនោះមក នាងខ្ញុំកាន់តែមានមោទនភាពចំពោះប្រពៃណីជនជាតិរបស់ខ្លួនហើយបានចិញ្ចឹមក្តីសុបិន្តរបស់ខ្លួនចង់ក្លាយជាគ្រូបង្រៀនដើម្បីបន្តបង្រៀនអំពីវប្បធម៌របស់ជនជាតិ Ede៖ “នាងខ្ញុំចង់ចូលរួមវាយគងឃ្មោះ ពីព្រោះថា នេះជាវប្បធម៌របស់ជនជាតិ E de ហើយនាងខ្ញុំចង់ពង្រឹងនិងពង្រីកផងដែរ។ នៅក្នុងដំណើរការចូលរួមជាមួយមិត្តរួមសាលា មិត្តរួមថ្នាក់ នាងខ្ញុំពិតជារីករាយនិងចាប់អារម្មណ៍ខ្លាំងណាស់។ តាំងពីរៀននៅថ្នាក់ទី ៦ រហូតមកដល់ពេលនេះ នាងខ្ញុំ ចេះវាយឃ្មោះយ៉ាងស្ទាត់ជំនាញពីរបទហើយ។ នាងខ្ញុំមានបំណងថា ពេលធំដឹងក្តី ខ្លួននឹងក្លាយទៅជាគ្រូបង្រៀនដើម្បីបង្រៀនឲ្យប្អូនៗអំពីរបៀបលេងគងឃ្មោះផងដែរ”។

ត្រូវបានបង្កើតឡើងកាលពីឆ្នាំសិក្សាមុន ក្រុមឃ្មោះឬស្សីនៃអនុវិទ្យាល័យ Y Ngong Nie Kdam មានសិស្សទាំងបុរសនិងនារីចំនួន ១២ នាក់ កំពុងសិក្សានៅក្នុងថ្នាក់ទី ៦ និង ៧។ ទាំងអស់នេះ សុទ្ធតែមានចំណូលចិត្តនិងមានទេពកោសល្យ លេងគងឃ្មោះផងដែរ។  ឆ្លៀតពីម៉ោងសិក្សាក្រៅសាលា ប្អូនៗកុមារត្រូវបានបង្រៀនលេងគងឃ្មោះ ហើយក្រោយរយៈពេល ៣ខែ ហាត់រៀនដោយជក់ចិត្តមក ប្អូនៗ អាចចេះវាយគងឃ្មោះយ៉ាងស្ទាត់ជំនាញផងដែរ។ ប្អូន Vo Thanh Ngan ថ្នាក់ទី 7a1 បានសម្តែងនូវអារម្មណ៍ថា  នាងចូលរួមក្នុងក្រុមគងឃ្មោះ មិនត្រឹមតែបំពេញតាមការជក់ចិត្តជាមួយវប្បធម៌របស់ជនជាតិខ្លួនប៉ុណ្ណោះទេ ថែមទាំង ជួយផ្សាភ្ជាប់ប្អូនៗក្នុងការសិក្សារៀនសូត្រទៀតផង៖ “នាងខ្ញុំ ជាជនជាតិគីញ ប៉ុន្តែ ពេលបានឃើញសម្រស់វប្បធម៌របស់ជនជាតិ E de គឺគួរឱ្យចាប់អារម្មណ៍ខ្លាំងណាស់ ដូច្នេះខ្ញុំបានចូលរួមហ្វឹកហាត់ផងដែរ។ ក្នុងអំឡុងពេលហ្វឹកហាត់ នាងខ្ញុំមានអារម្មណ៍រំភើបចិត្តនិងរីករាយពេលដែលបានហ្វឹកហាត់ជាមួយមិត្តភក្តិជនជាតិ Ede។ ពួកប្អូនបានហ្វឹកហាត់តាំងពីរៀននៅថ្នាក់ទី ៦ រហូតមកដល់បច្ចុប្បន្ននេះ ពោលគឺរៀងរាល់ថ្ងៃសៅរ៍ ពួកប្អូនទាំងអស់គ្នាបាននាំគ្នាទៅផ្ទះសហគមន៍ដើម្បីហាត់វាយគងឃ្មោះ ហើយមិត្តភក្តិជាច្រើនក៏មកទីនេះដើម្បីអានសៀវភៅផងដែរ”។

ពូនជ្រុំសេចក្តីស្រឡាញ់វប្បធម៌ប្រពៃណីនៅឯសាលារៀនជាយក្រុងមួយកន្លែង - ảnh 2ផ្ទះបុរាណ - បណ្ណាល័យត្រូវបានរចនាឡើងតាមស្ថាបត្យកម្មផ្ទះល្វែង Ede ដែលមានកន្លែងអានសម្រាប់សិស្សានុសិស្ស អាចអានបានយ៉ាងងាយស្រួលនៅក្រៅម៉ោងសិក្សា (រូបថត៖ VOV)

រួមជាមួយក្រុមគងឃ្មោះ អនុវិទ្យាល័យ Y Ngong Nie Kdam តែងតែរៀបចំការប្រឡងទាក់ទងនឹងការថែរក្សាវប្បធម៌ប្រពៃណីផងដែរ។ លោកស្រី Nguyen Thi Thuy Ngoc អ្នកគ្រូមួយរួបបានចែករំលែកថា ពីលទ្ធផលនៃការប្រឡងនេះ សាលាបានផ្លាស់ប្តូរទម្រង់សកម្មភាពគោរពទង់ជាតិនៅដើមសប្តាហ៍ ទៅជាទុកពេលវេលាឲ្យសិស្សស្វែងយល់និងសម្តែងនូវស្នាដៃដែលខ្លួនបានហ្វឹកហាត់។ ជាមួយនឹងការផ្លាស់ប្តូរនេះ មិនត្រឹមតែគ្រូប៉ុណ្ណោះទេ សូម្បីតែសិស្សក៏ឆ្លើយតបបានល្អដែរ។ ពោលគឺ ប្អូនៗ បានសម្តែងស្នាដៃរបស់ខ្លួនតាមរយៈភាសាពីរគឺ Ede និងវៀតណាម។  ទន្ទឹមនឹងនោះសកម្មភាពនានារបស់សាលាក៏កំពុងចូលរួមកាន់តែសកម្មនិងគ្រប់គ្រាន់ជាងដែរ៖ “ទីមួយ បើនិយាយពីសិល្បៈឬសកម្មភាពសមូហភាព យើងខ្ញុំបានរៀបចំទិវាធ្វើសកម្មភាពប្រពៃណី ដោយអ្នកទាំងអស់គ្នាស្លៀកពាក់ខោអាវជនជាតិ Ede ឬ នាំគ្នារាំរបាំ Xoe ជាក្រុមៗ។  ប្អូនៗនៃក្រុមគងឃ្មោះរបស់សាលាមានអារម្មណ៍មោទនភាពហើយពួកគេកាន់តែជឿទំនុកចិត្តលើខ្លួនឯង។ ជាពិសេស ពួកគេតែងតែសួរខ្ញុំថា តើមានការប្រកួតប្រជែងអ្វីទេឲ្យពួកយើងចូលរួមផង”។

ឆ្នាំសិក្សានេះ អនុវិទ្យាល័យ Y Ngong Nie Kdam មានថ្នាក់រៀនចំនួន ១១ ថ្នាក់ និងសិស្ស ៣២២ នាក់ ក្នុងនោះ ៩៥% ជាជនជាតិ Ede។ នៅបរិវែនសាលាមានអាគាប្រពៃណីមួយ និងបណ្ណាល័យដែលមានលំនាំតាមស្ថាបត្យកម្មផ្ទះល្វែងដើមរបស់ជនជាតិ Ede ដែលត្រូវបញ្ចប់នៅខែសីហាឆ្នាំមុន។ អាគានេះបានបង្ហាញពីរូបភាពសកម្មភាពសាលារៀនតាមសម័យកាល វត្ថុបុរាណអំពីវប្បធម៌ប្រពៃណីរបស់ជននជាតិ Ede និងមានធ្នើរជាច្រើនសម្រាប់ដាក់សៀវភៅច្រើនប្រភេទ។ លោកគ្រូ Hoang Long Dien សាកលវិទ្យាធិការនៃសាលាបានឲ្យដឹងថា៖ “នាពេលខាងមុខនេះ សាលានឹងចេញផែនការដោយបន្តសកម្មភាពទាំងនេះ ជាពិសេសសកម្មភាពអប់រំជំនាញ ទាក់ទងនឹងវប្បធម៌ប្រពៃណីរបស់ជនជាតិភាគតិចក្នុងតំបន់ ដូចជាការថែរក្សាក្រុមគងឃ្មោះនិងអភិវឌ្ឍន៍សកម្មភាពផ្សេងៗទៀត ដូចជាការចូលរួមការប្រឡងស្វែងយល់និងធ្វើបទបង្ហាញអំពីផលិតផលវប្បធម៍ជនជាតិ Ede ជាដើម។  ចាំបាច់ត្រូវបន្តនូវសកម្មភាពទាំងនេះជាប្រចាំ ព្រោះថា មាននិស្សិតដែលបានបញ្ចប់ការសិក្សា ហើយក៏មានសិស្សថ្មីចូលដែរ ហើយសិស្សថ្មីនឹងបន្តរៀននិងអនុវត្តនៅក្នុងបរិយាកាសនេះ”។

ការអប់រំបំណិនជីវិតទាក់ទងនឹងការស្វែងយល់ថែរក្សាវប្បធម៌ប្រពៃណី គឺជាវិធីល្អរបស់អនុវិទ្យាល័យ Y Ngong Nie Kdam។ សកម្មភាពទាំងនេះមិនត្រឹមតែបង្កើតកន្លែងសម្រាប់សិស្សានុសិស្សមានភាពសប្បាយរីករាយនិងបទពិសោធន៍ បន្ទាប់ពីម៉ោងសិក្សាតានតឹងប៉ុណ្ណោះទេ ថែមទាំងជួយដល់ការចិញ្ចឹមបីបាច់និងបង្កើតនូវសេចក្តីស្រឡាញ់វប្បធម៌ប្រពៃណីសម្រាប់សិស្សជំនាន់ក្រោយៗទៀតផង៕

ប្រតិកម្មទៅវិញ