អ្នករក្សាប្រពៃណីត្បាញសូត្រនៅភូមិរបរ Van Phuc

Chia sẻ

(VOVWORLD) -  ឧស្សាហ៍ព្យាយាមនិងមានការច្នៃប្រឌិតគឺជាកិរិយាសម្បត្តិរបស់អតីតយុទ្ធជននិងជាសិប្បករ Pham Khac Ha ប្រធានសមាគមសិប្បកម្មភូមិរបរ Van Phuc។ លោកជាអ្នកមានគុណូបការៈក្នុងការស្តារឡើងវិញ នូវភូមិ របរត្បាញសូត្រ Van Phuc នៅខ័ណ្ឌ Ha Dong នៃទីក្រុងហាណូយ ដែលជាភូមិធ្លាប់ធ្លាក់ក្នុងភាពដុនដាបសឹងតែមិនអាចរក្សាបាននូវរបរប្រពៃណីរបស់ខ្លួននោះឡើយ។

អ្នករក្សាប្រពៃណីត្បាញសូត្រនៅភូមិរបរ Van Phuc - ảnh 1 លោក Pham Khac Ha កំពុងណែនាំផលិតផលសូត្ររបស់ខ្លួន 

គ្រួសាររបស់លោក Pham Khac Ha បានប្រកបរបរត្បាញសូត្រប្រពៃណី ៥ជំនាន់ ហើយក្នុងកុមារភាពរបស់លោកក៏ត្រូវផ្សារភ្ជាប់ជាមួយសម្លេងរវៃសូត្រ និងត្បាញសូត្រ ។ លោក Ha កើតនៅឆ្នាំ ១៩៥៣ ឥឡូវនេះ គាត់មានអាយុ ៦៧ ឆ្នាំ ហើយនៅត្រឹមអាយុនេះ  គួរតែដូចមនុស្សគ្រប់គ្នាដែរដែលនឹងស្វែងរកការសម្រាកកាយ ប៉ុន្តែលោក Ha គឺខុសពីគេ លោកធ្វើការមិនចេះនឿយហត់ឡើយ។ ដោយសារមានការរួមចំណែកដ៏វិជ្ជមានរបស់ខ្លួនក្នុងការអភិរក្សនិងអភិវឌ្ឍភូមិរបរត្បាញសូត្រនិងដោយ សារកិត្យានុភាពរបស់ខ្លួន  រាប់សិពឆ្នាំកន្លងទៅនេះ លោក Pham Khac Ha តែងតែបានប្រជាជនទុកចិត្តនិងជ្រើសតាំងជាប្រធានសម្ព័ន្ធសមាគមភូមិរបរ Van Phuc។

កាលនៅជាយុវវ័យ ពោលគឺនៅឆ្នាំ ១៩៧១ យុវជន Pham Khac Ha បានចូលរួមកង ទ័ព ចូលរួមប្រយុទ្ធនៅសមរភូមិខាងត្បូង។ ដល់ឆ្នាំ ១៩៧៧ លោក Ha បានវិលត្រ លប់មកមាតុប្រទេសវិញ។ នាគ្រានោះ  ប្រទេសជាតិកំពុងស្ថិតក្នុងដំណាក់កាលឧបត្ថម្ភធន ហើយសេដ្ឋកិច្ចមានការលំបាកជាច្រើន ផលិតផលរបស់អ្នកភូមិបានលក់មិនសូវដាច់ ពោលគឺលក់យឺតណាស់។  ហេតុដូច្នេះ គ្រួសារជាច្រើនក្នុងភូមិមានបំណងបោះបង់ចោលរបររបស់ខ្លួន តាមរយៈការលក់ម៉ាស៊ីនត្បាញ បោះចោលកី តម្បាញនិងបោះបង់ចោលភូមិរបរដើម្បីទៅរកស៊ីនៅកន្លែងផ្សេង។ ថ្វីបើខ្លួនមានស្នាមរបួសដោយសង្រ្គាមក៏ដោយ ប៉ុន្តែដោយភាពក្លាហានរបស់កងទ័ពរបស់លោកអ៊ុំ Ho លោក Pham Khac Ha មិនបានចុះចាញ់និងប្តេជ្ញារក្សារបររបស់ខ្លួនជាដាច់ខាត ។ លោក Pham Khac Ha បានរំលឹកឡើងវិញថា៖ “នាគ្រានោះ ប្រភពផ្គត់ផ្គង់វត្ថុធាតុដើមមានកាលកំណត់ គំរូសោភណ្ឌភាពមិនសូវសម្បូរបែប ហើយគ្មានគ្រឿងសម្ភារៈឧបត្ថម្ភឡើយ។ ប្រទេសជាតិទើបទទួលបានឯករាជ្យ ដូច្នេះសេដ្ឋកិច្ចមានការលំបាកខ្លាំងណាស់ ហើយកាលនោះគំរូផលិតកម្មរបស់យើងគឺជាគំរូសហការណ៍ ដូច្នេះវាមិនទាន់ទាក់ទាញបានអ្នកជក់ចិត្តនឹងរបរនេះទេ។ នៅពេលខ្ញុំត្រលប់មកស្រុកកំណើតវិញ ខ្ញុំបានចូលរួមក្នុងវគ្គបច្ចេកទេស ដើម្បីបំពេញចំណេះដឹងរបស់ខ្លួន បន្ទាប់មកផ្សព្វផ្សាយដល់ប្រជាជនសម្រាប់អនុវត្តទៅក្នុងផលិតកម្ម”។

អ្នករក្សាប្រពៃណីត្បាញសូត្រនៅភូមិរបរ Van Phuc - ảnh 2ភ្ញៀវគ្រប់រូបតែងតែពេញនិយមនឹងផលិតផលសូត្រ Van Phuc 

នៅពេលដែលរដ្ឋមានបំណងអភិវឌ្ឍសេដ្ឋកិច្ចទីផ្សារ ជំនួសឱ្យយន្តការឧបត្ថម្ភធន ចាប់យកឱកាសនេះ លោក Ha គឺជាអ្នកត្រួសត្រាយផ្លូវក្នុងចលនាផលិតកម្មឯកជនក្នុងតំបន់ ដោយផ្លាស់ប្តូរគំរូអាជីវកម្ម  ដាក់ម៉ាស៊ីនចូលផលិតកម្មដើម្បីបង្កើនផលិតភាព កាត់បន្ថយតម្លៃផលិតផល។ ក្រៅពីផលិតផលនិងគំរូរចនាតាមប្រពៃណីមក លោកក៏បានដឹកនាំសម្ព័ន្ធសមាគមសិប្បកម្ម Van Phuc ដោយណែនាំឲ្យគ្រួសារនានាបង្កើតផលិតផលថ្មី ដាក់ផលិតផលសូត្រចូលទៅលក់ក្នុងហាងលក់សំលៀកបំពាក់ទំនើបដើម្បីណែនាំនិងផ្សព្វផ្សាយផលិតផល។ រូបសណ្ឋានផលិតកម្មអាជីវកម្មរបស់គ្រួសារលោក ត្រូវបានគ្រួសារជាច្រើននៅក្នុងភូមិយកតម្រាប់តាម។ តាមនោះ ពាណិជ្ជសូត្រ Van Phuc កាន់តែមានទីតាំងនៅតាមទីផ្សារនីមួយៗ។ លោក Pham Khac Ha បានឱ្យដឹងថា: “បច្ចុប្បន្ននេះ នៅក្នុងភូមិ ក្រៅពីកីតម្បាញសិប្បកម្មមក យើងខ្ញុំបានលើកទឹកចិត្តប្រជាជន ឱ្យទិញគ្រឿងម៉ាស៊ីនពាក់កណ្តាលស្វ័យប្រវត្តិបន្ថែមទៀតដើម្បីផលិតចេញនូវផលិតផលស្អាតល្អជាង។ ប៉ុន្តែ ដំណាក់កាលខ្លះនៅ តែត្រូវធ្វើដោយដៃពីព្រោះនេះជារបរប្រពៃណីសិប្បកម្ម។ នាពេលបច្ចុប្បន្ននេះ ភូមិមានកីតម្បាញចំនួន ២៦៨ គ្រឿង ហើយមានគ្រួសារចំនួន ១២៤ គ្រួសារ ដែលផលិត ផងនិងធ្វើអាជីវកម្មផង។ ទិន្នផលប្រចាំឆ្នាំត្រូវបានគេប៉ាន់ស្មានថាទទួលបាន ១,៥ លានម៉ែត្រ ជាសូត្រគ្រប់ប្រភេទ ។ បច្ចុប្បន្ន យើងខ្ញុំមានកន្លែងមួយដើម្បីណែនាំដំណើរការផលិតសូត្រដល់ភ្ញៀវទេសចរក្នុងស្រុកនិងអន្តរជាតិ ដែលមកទស្សនាភូមិម្តងៗ។  លើសពីនេះទៀតយើងខ្ញុំមានមណ្ឌលអភិរក្សសូត្រ Van Phuc ដែលបង្ហាញនូវផលិតផលវិសេសវិសាលរបស់ភូមិ Van Phuc”។

អ្នករក្សាប្រពៃណីត្បាញសូត្រនៅភូមិរបរ Van Phuc - ảnh 3 កីតម្បាញនៅភូមិរបរ Van Phuc

នាឆ្នាំ ១៩៩០ សិប្បករ Pham Khac Ha បានរួមជាមួយអតីតសិប្បករ Trieu Van Mao បានស្តារប្រកបដោយជោគជ័យសូត្រ Van ដែលជាប្រភេទសូត្របុរាណ សម្រាប់ តែថ្វាយស្តេច ហាក់ដូចជាបាត់បង់ទៅហើយ។ លោក Ha ក៏មានគំនិតផ្តួចផ្តើមដាក់និមិត្តសញ្ញារោងចក្រផលិតកម្មទៅក្នុងផលិតផលដែលបង្កើតការជឿទុកចិត្តដល់អតិថិជននៅពេលទិញផលិតផលដោយសារផលិតផលទាំងអស់មានដើមកំណើតនិងប្រភពច្បាស់លាស់។

ក្នុងឋានៈជាប្រធានសម្ព័ន្ធសមាគមសិប្បកម្ម Van Phuc លោក Ha បានសកម្មបណ្តុះបណ្តាលនិងផ្ទេរប្រគល់របរទៅឱ្យយុវជនក្នុងតំបន់។ លោកបានសំណេះសំណាលថា៖ “ខ្ញុំបានបណ្តុះបណ្តាលកម្មករជាច្រើននាក់បានមកផ្ទះរបស់ខ្ញុំ។ មានគម្រោងដែលបើកវគ្គបណ្តុះបណ្តាលគឺរូបខ្ញុំផ្ទាល់ជាគ្រូបង្រៀនសម្រាប់អ្នកភូមិ។  ប៉ុន្មានឆ្នាំថ្មីៗនេះ ឆ្នាំ ណាយើងខ្ញុំក៏បានបើកថ្នាក់រៀនបែបនេះ។ ហើយនាពេលថ្មីៗនេះយើងខ្ញុំក៏បានរៀបចំថ្នាក់កាត់ដេរមួយផងដែរ ដោយសារតែយើងគិតថាសូត្រ Van Phuc មានភាពល្បីល្បាញរួចទៅហើយនិងត្រូវបានរចនាដោយអ្នកភូមិ Van Phuc គឺប្រសើរណាស់។ យើងខ្ញុំនឹងបើកថ្នាក់បង្រៀនភាសាបរទេសបន្ថែមទៀតដើម្បីឲ្យអ្នកភូមិងាយស្រួលក្នុងការទាក់ទងនិងណែនាំផលិតផលដល់ភ្ញៀវទេសចរបរទេស”។

ក្នុងឆ្នាំ ២០១៥ លោក Pham Khac Ha គឺជាសិប្បករឆ្នើមលើសគេក្នុងភូមិ Van Phuc ដែលទទួលបានកិត្តិយសជាមួយនឹងតារាងមាសរបស់គ្រួសារនិងបានទទួលកិត្តនាមជា “ជនពិការដែលផលិតនិងធ្វើពាណិជ្ជកម្មពូកែរបស់រដ្ឋធានី” ។ បំណងប្រាថ្នារបស់លោកគឺពង្រីកនិងអភិវឌ្ឍន៍ភូមិ ប្រពៃណី Van Phuc ឲ្យបានខ្លាំងក្លាថែមទៀត។ រាល់ការរួមចំណែករបស់អ្នកជំនួញ  អតីតយុទ្ធជន Pham Khac Ha សម្រាប់ភូមិរបរ Van Phuc បានរួមចំណែកធ្វើឱ្យយីហោសូត្រ Ha Dong រីកសុះសាយ ប្រកៀកជាមួយផលិត ផលសូត្រក្នុងស្រុកនិងអន្តរជាតិ៕

ប្រតិកម្មទៅវិញ