វិស្វករ Le Cao Cuong និងដំណើរ ២០ ឆ្នាំនៃការស្រាវជ្រាវនិងអភិវឌ្ឍបច្ចេកវិទ្យាអូហ្សូន

Chia sẻ

(VOVWORLD) - ក្រោយពីបានសហការ និងអនុវត្តន៍គម្រោងប្រព្រឹត្តិកម្មទឹកស្អាតនៅទីក្រុងហាណូយដោយបច្ចេកវិទ្យាអូហ្សូន នៅពេលដែលបច្ចេកវិទ្យានេះនៅថ្មីថ្មោងនៅវៀតណាម និស្សិតដែលទើបបញ្ចប់ការសិក្សា លោក Le Cao Cuong បានចិញ្ចឹមក្តីសុបិនផលិតឧបករណ៍អូហ្សូន “Made in Vietnam”។ រហូតមកដល់ពេលនេះ បន្ទាប់ពីការស្រាវជ្រាវយ៉ាងស្វិតស្វាញអស់រយៈពេល ២០ ឆ្នាំ វិស្វករ Le Cao Cuong និងក្រុមអ្នកបច្ចេកទេស បានផលិតម៉ាស៊ីនអូហ្សូនរាប់ពាន់គ្រឿង។ ការច្នៃប្រឌិតរបស់លោក និងសហការី ទទួលបានពានរង្វាន់វិទ្យាសាស្ត្រ បច្ចេកវិទ្យាជាច្រើនក្នុងស្រុក ហើយត្រូវបានសារព័ត៌មានអន្តរជាតិកោតសរសើរផងដែរ។

វិស្វករ Le Cao Cuong និងដំណើរ ២០ ឆ្នាំនៃការស្រាវជ្រាវនិងអភិវឌ្ឍបច្ចេកវិទ្យាអូហ្សូន - ảnh 1វិស្វករ Le Cao Cuong ណែនាំពីផលិតផលរបស់ខ្លួន។ (រូបថត៖ VOV)

នៅពេលចាប់ផ្តើមផលិតឧបករណ៍អូហ្សូនសម្រាប់ប្រើប្រាស់ក្នុងផ្ទះ ដំណើរការសាកពិសោធន៍ទទួលបរាជ័យជាច្រើនលើកច្រើនសារ ដោយចំណាយទឹកប្រាក់និងកម្លាំងកាយចិត្តយ៉ាងច្រើន ប៉ុន្តែវិស្វករ Le Cao Cuong និងក្រុមសហការី មិនរុញរាចិត្តទេ ដោយបន្តសាកពិសោធន៍ក្នុងអំឡុងច្រើនឆ្នាំ។ លោក Luong Huu Phuoc ជំនាញបច្ចេកទេសនុយក្លេអ៊ែរ រូបវិទ្យាបរិស្ថាន នៅសាកលវិទ្យាល័យពហុបច្ចកទេសហាណូយ សហការីរបស់វិស្វករ Le Cao Cuong បានចែករំលែកថា៖

“លោក Cuong ជាវិស្វករស្នូល។ យើងខ្ញុំធ្វើបច្ចុប្បន្នភាពទិសដៅថ្មីដើម្បីកែលម្អ ផ្ដួចផ្ដើមគំនិត ប៉ុន្តែរបៀបអនុវត្តយ៉ាងណា លោក Cuong នឹងជាអ្នកតាមដានយ៉ាងដិតដល់ ហើយអនុវត្តន៍ដោយផ្ទាល់នូវការប្រែក្លាយគំនិតរូបវិទ្យាទាំងស្រុងក្នុងសៀវភៅទៅជាផលិតផលពិត”។

មិនឈប់ត្រឹមនៅការផលិតម៉ាស៊ីនអូហ្សូនដោយមានពលានុភាពតូចសម្រាប់គ្រួសារនោះទេ វិស្វករ Le Cao Cuong បន្តស្រាវជ្រាវ បង្កើនពលានុភាពនៃម៉ាស៊ីនផលិតអូហ្សូន។ ក្រុមវិស្វកររបស់លោក Le Cao Cuong បានបង្កើតម៉ាស៊ីនអូហ្សូនដោយមានពលានុភាពធំ ដែលប្រើក្នុងរោងចក្រឱសថ រោងចក្រកែច្នៃទឹកដោះគោ ឬសម្រាប់កំចាត់មេរោគក្នុងទឹកស្អាតក្នុងកសិដ្ឋានចិញ្ចឹមបង្គា ជលផល ឬសម្រាប់ប្រព្រឹត្តកម្មទឹកកខ្វក់ជាដើម។ វិស្វករ Le Cao Cuong បានឲ្យដឹងថា៖

"ខ្ញុំចំណាយពេលត្រឹមតែពី១ដល់២ខែប៉ុណ្ណោះដើម្បីតំឡើងម៉ាស៊ីនផលិតអូហ្សូន ប៉ុន្តែដើម្បីអភិវឌ្ឍន៍ទៅជាផលិតផលឧស្សាហកម្ម ដែលប្រតិបត្តិការប្រកបដោយស្ថេរភាព ហើយត្រូវបានអនុវត្តន៍ក្នុងឧស្សាហកម្ម គឺខ្ញុំត្រូវចំណាយពេលរហូតដល់ជាង១០ឆ្នាំ។ ប្រសិនបើយើងអាចធ្វើម្ចាស់នៃបច្ចេកវិទ្យា យើងនឹងមានអត្ថប្រយោជន៍ជាច្រើន។ នោះគឺភាពម្ចាស់ការក្នុងការថែទាំ និងជួសជុល ម៉ាស៊ីន សម្របខ្លួនបានល្អទៅនឹងបរិយាកាសអាកាសធាតុវៀតណាម។ ជាឧទាហរណ៍ ម៉ាស៊ីនដែលផលិតនៅប្រទេសអាឡឺម៉ង់ កូរ៉េខាងត្បូង និងជប៉ុន ពេលខ្លះយកមកវៀតណាម មិនសមស្របនឹងអាកាសធាតុនៅវៀតណាមឡើយហើយងាយខូចណាស់”។

វិស្វករ Le Cao Cuong និងដំណើរ ២០ ឆ្នាំនៃការស្រាវជ្រាវនិងអភិវឌ្ឍបច្ចេកវិទ្យាអូហ្សូន - ảnh 2ម៉ាស៊ីនផលិតអូហ្សូនរបស់វិស្វករ Le Cao Cuong និងសហការី។ (រូបថត៖ VOV)

ក្នុងបរិបទនៃសេដ្ឋកិច្ចទីផ្សារ នៅពេលដែលអង្គភាពអាជីវកម្មជាច្រើនបានឆ្លើយតបយ៉ាងរហ័សនឹងតម្រូវការរបស់ប្រជាជន ដោយការនាំចូលគ្រឿងបន្លាស់បរទេសមកផ្គុំជាម៉ាស៊ីនអូហ្សូនសម្រាប់ប្រើប្រាស់ក្នុងគ្រួសារ ទទួលបានប្រាក់ចំណេញខ្ពស់ វិស្វករ Le Cao Cuong និងក្រុមហ៊ុនរបស់លោក នៅតែប្រកាន់ខ្ជាប់នូវគោលដៅស្រាវជ្រាវ និងផលិតម៉ាស៊ីនអូហ្សូនដោយជនជាតិ វៀតណាមផ្ទាល់។ វាយតំលៃខ្ពស់ចំពោះស្មារតីត្រួសត្រាយរបស់លោក Le Cao Cuong លោកសាស្ត្រាចារ្យ Nguyen Hoang Nghi អតីតគ្រូបង្រៀនជាន់ខ្ពស់នៃសាកលវិទ្យាល័យពហុបច្ចេកទេសហាណូយបានចាត់ទុកថា៖

"អូហ្សូនដែលផលិតដោយក្រុមហ៊ុនរបស់លោក Cuong មិនមានសារធាតុអាសូត ដែលជាសារធាតុពុលមួយប្រភេទនោះទេ។ ខ្ញុំចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះកម្រិតវិទ្យាសាស្ត្របច្ចេកវិទ្យា និងស្មារតីបម្រើអតិថិជនរបស់លោក Cuong"។

បច្ចុប្បន្ន ក្រុមអ្នកបច្ចេកទេសនេះបានដំឡើង និងដំណើរការម៉ាស៊ីនផលិតអូហ្សូនរាប់ពាន់គ្រឿងប្រកបដោយប្រសិទ្ធភាពនៅតាមកសិដ្ឋានចិញ្ចឹមបង្កង មាន់នៅតំបន់ឆ្នេរសមុទ្រខាងជើង ព្រមទាំងនាំយកបច្ចេកវិទ្យាអូហ្សូនទៅក្នុងរោងចក្រឱសថ រោងចក្រទឹកដោះគោ ផងដែរ។ លោក Nguyen Xuan Tiep នាយករងក្រុមហ៊ុនមាន់ពូជ Dabaco និងលោក Pham Duy Quy អ្នកគ្រប់គ្រង Time City Aquarium ទីក្រុងហាណូយ បានឲ្យដឹងថា៖

"ខ្ញុំប្រើម៉ាស៊ីនបានប្រហែល២ឆ្នាំហើយ ល្អណាស់ មិនសូវប៉ះពាល់ដល់បរិស្ថាន ព្រមទាំងអាចសម្លាប់ផ្សិតដែរ។ ម៉ាស៊ីននេះក៏ធានាឲ្យការចិញ្ចឹមសត្វមានអនាម័យនិងមានសុវត្ថិភាពផងដែរ"។

"ខ្ញុំបានប្រើម៉ាស៊ីនអស់រយៈពេល ៥ ឆ្នាំមកហើយ បើវាយតម្លៃអាចនិយាយបានថាស្មើនឹងឧបករណ៍បរទេស ដូចជាឧបករណ៍របស់អូស្ត្រាលី។ អូហ្សូនអាចបន្សាបលោហធាតុអសរីរាង្គដើម្បីធ្វើឲ្យទឹកបរិសុទ្ធជាង ហើយវាក៏សម្លាប់មេរោគផងដែរ"។

ការច្នៃប្រឌិតឧបករណ៍អូហ្សូនឧស្សាហ៍កម្មរបស់វិស្វករ Le Cao Cuongបានឈ្នះរង្វាន់ទី២ នៅពានរង្វាន់វិទ្យាសាស្ត្រ បច្ចេកវិទ្យាវៀតណាមឆ្នាំ២០១៨ និងត្រូវបានលើកតម្កើងក្នុងសៀវភៅមាសនៃការច្នៃប្រឌិតវិទ្យាសាស្ត្រវៀតណាមឆ្នាំ២០១៩។ អត្ថបទស្រាវជ្រាវអំពីបច្ចេកវិទ្យាអូហ្សូនដោយវិស្វករ Le Cao Cuong ត្រូវបានចុះផ្សាយនៅលើអត្ថបទអន្តរជាតិជាច្រើនស្ដីពីវិទ្យាសាស្ត្រ
បច្ចេកវិទ្យា៕

ប្រតិកម្មទៅវិញ