សម័យប្រជុំរដ្ឋសភាវៀតណាម (រូបថត៖ Quochoi.vn) |
ឆ្នាំ២០១៩ ជាឆ្នាំទី ២ ជាបន្ត ដែលវៀតណាមសម្រេចបានរាល់គោលដៅសំខាន់ៗ ដែលត្រូវបានរដ្ឋសភាប្រគល់ជូន; ជាមូលដ្ឋានដ៏រឹងមាំ ដើម្បីសម្រេចផែនការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម ក៏ដូចជាថវិការដ្ឋ រយៈពេល ៥ ឆ្នាំ ២០១៦ - ២០២០ ផងដែរ។
រក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច
ទោះបីជា ប្រឈមនឹងការលំបាក និងសាកល្បងជាច្រើនក៏ដោយ ប៉ុន្តែឆ្នាំ ២០១៩ វៀតណាមនៅតែទទួលបានការវិវឌ្ឍជាវិជ្ជមាន លើគ្រប់ជ្រុងជ្រោយ និងព្រមៗគ្នា ជាមួយនឹងរាល់គោលដៅដែលត្រូវបានរដ្ឋសភាដាក់ចេញ។ នេះជាឆ្នាំទី ២ ជាបន្ត ដែលវៀតណាមសម្រេចបានគោលដៅទាំង ១២ របស់រដ្ឋសភា។ ម៉ាក្រូសេដ្ឋកិច្ចមានស្ថិរភាព ល្បឿនកំណើន GDP អាចសម្រេចបានប្រមាណ ៦,៨% អតិផរណាទាបជាង ៣% ក្នុងបរិបទដែលពិភពលោក និងប្រទេសជាតិមានការវិវឌ្ឍជាច្រើន។ គោលនយោបាយរូបិយប័ណ្ណត្រូវបានគ្រប់គ្រងល្អ។ គោលនយោបាយសារពើពន្ធត្រូវបានអនុវត្តយ៉ាងប្ដូរផ្ដាច់។ ជីវភាពរស់នៅរបស់ប្រជាជននៅទូទាំងប្រទេសសុទ្ធតែមានការផ្លាស់ប្ដូរយ៉ាងច្បាស់លាស់។ នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា៖
“ក្រោយរយៈពេលជាង ៥០ ឆ្នាំ អនុវត្តន៍ មតកសាសន៍របស់លោកប្រធានហូជីមិញនោះ ប្រទេសជាតិមានការអភិវឌ្ឍន៍យ៉ាងខ្លាំងក្លា ដែលរួមចំណែកដ៏សំខាន់ទៅក្នុងការពង្រឹងជំនឿទុកចិត្តរបស់ប្រជាជនគ្រប់ជាន់ថ្នាក់ក្នុងសង្គម សហគមន៍ធុរកិច្ច វិនិយោគិនជាតិ និងអន្តរជាតិ។ បណ្ដាអង្គការអន្តរជាតិដែលមានកិត្យានុភាព និងប្រទេស ដៃគូជាច្រើនវាយតម្លៃខ្ពស់ ហើយអះអាងថាវៀតណាមបន្តក្លាយទៅជាចំណុចភ្លឺស្វាងនៅតំបន់និងនៅលើពិភពលោក។ វៀតណាមបានជាប់ចំណាប់ថ្នាក់លេខ ៨ ក្នុងចំណោមខឿនសេដ្ឋកិច្ចដ៏ល្អបំផុតនៅលើពិភពលោក ដើម្បីវិនិយោគក្នុងឆ្នាំ២០១៩។ វេទិកាសេដ្ឋកិច្ចពិភពលោកបានវាយតម្លៃថាសមត្ថភាពប្រកួតប្រជែងរបស់វៀតណាមត្រូវបានកែលម្អលើសរសរទ្រូងទាំង៣ គឺ៖ របៀបរបប ហេដ្ឋារចនាសម្ព័ន្ធនិងជំនាញវិជ្ជាជីវៈ”។
អំពីលទ្ធផលនៃការអនុវត្តផែនការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម ឆ្នាំ២០១៩ និងផែនការ អភិវឌ្ឍសេដ្ឋកិច្ចសង្គមឆ្នាំ ២០២០ នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc បានចាត់ទុកថា៖ ផលិតកម្មឧស្សាហកម្មរបស់វៀតណាមទទួលបានលទ្ធផលខ្ពស់ ដោយផ្តោតលើឧស្សាហកម្មកែច្នៃ។ អត្រាកំណើនលើវិស័យកសិកម្មទទួលបានលទ្ធផលល្អបង្គួរ វិស័យជលផល និងរុក្ខផលទទួលបានលទ្ធផលខ្ពស់។ វៀតណាមបន្តគឺជាគោលដៅគួរឲ្យទាក់ទាញ់សម្រាប់ភ្ញៀវទេសចរអន្តរជាតិ។ សកម្មភាពកិច្ចការបរទេស និងសមាហរណកម្មសេដ្ឋកិច្ចអន្តរជាតិ ទទួលបានសមិទ្ធិផលសំខាន់ៗជាច្រើន។
ផ្តោតលើការរក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច គ្រប់គ្រងអតិផរណា លើកកម្ពស់ប្រសិទ្ធភាពនិងការប្រកួតប្រជែងនៃខឿនសេដ្ឋកិច្ច
តាមនាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc ថា ការព្យាករណ៍ស្ថានភាពពិភពលោកនិងតំបន់នឹងបន្តមានការវិវឌ្ឍយ៉ាងស្មុគស្មាញនិងមិនអាចប៉ាន់ស្មានបាន។ ទោះជាយ៉ាងណាក៏ដោយ ប្រៀប និងអំណាច់របស់វៀតណាមកាន់តែខ្លាំងក្លាពីមួយថ្ងៃទៅមួយថ្ងៃ; ស្ថានភាពនយោបាយនិងសង្គមមានស្ថិរភាព; ទោះជាយ៉ាងណាក៏ដោយ ខឿនសេដ្ឋកិច្ចនៅតែមានកំហិត ហើយត្រូវប្រឈមនឹងការលំបាកសាកល្បង។ ហេតុដូច្នេះហើយ វៀតណាមចាំចាច់ត្រូវទាញយកឱកាសនៃ បដិវត្តឧស្សាហកម្មលើកទី ៤ និងរចនាសម្ព័ន្ធប្រជាជនមាស ចំពោះនឹងការ ប្រឈមនឹងជរាភាពរបស់ប្រជាជន។ ខិតខំប្រឹងប្រែងអនុវត្តន៍ប្រកបដោយជោគជ័យនូវរាល់គោលដៅ ភារកិច្ច និងផែនការឆ្នាំ ២០២០ និងរយៈពេល ៥ ឆ្នាំ ចាប់ពីឆ្នាំ ២០១៦ ដល់ ឆ្នាំ ២០២០។ ផ្តោតលើការរក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច។ គ្រប់គ្រងអតិផរណា លើកកម្ពស់ផលិតភាព គុណភាព ប្រសិទ្ធភាព និងកម្លាំងប្រគួតប្រជែងរបស់ខឿនសេដ្ឋកិច្ច។ ពង្រឹងការពារជាតិ សន្តិសុខ លើកកម្ពស់ប្រសិទ្ធភាពនៃសកម្មភាពកិច្ចការបរទេស និងការធ្វើសមាហរណកម្មអន្តរជាតិជាដើម។ នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា៖
“តាមការរំពឹងទុកអំពីគោលដៅសំខាន់ៗ ឆ្នាំ២០២០ ដូចជា៖ លើវិស័យសេដ្ឋកិច្ច៖ ផលិតផលក្នុងស្រុកសរុប (GDP)កើនប្រមាណ ៦,៨% ; ល្បឿនកំណើនតម្លៃប្រើប្រាស់ជាមធ្យមគឺក្រោម ៤ % តម្លៃប្រាក់នាំចេញសរុបកើនប្រមាណ ៧% ។ ទុនវិនិយោគអភិវឌ្ឍន៍ទូទាំងសង្គមប្រមាណ ពី ៣៣-៣៤% នៃ GDP។ ស្ដីពីសង្គម៖ អត្រាអ្នកក្រីក្រថយចុះពី ១ - ១,៥% “។
ដើម្បីសម្រេចបានរាល់គោលដៅដែលបានដាក់ចេញ នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc បានស្នើឲ្យក្រសួង ស្ថាប័ន ខេត្ត ក្រុង និងសហគ្រាសនានា ផ្តោតលើការសុក្រឹតរបៀបរបបសេដ្ឋកិច្ចទីផ្សារតាមទិសសង្គមនិយម។ បន្តរក្សាយ៉ាងរឹងមាំនូវស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច បង្កើតមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍយ៉ាងឆាប់រហ័សនិងចីរភាព។ ព្រមទាំងពង្រឹងសក្តានុពលការពារជាតិ និងសន្តិសុខ; រក្សាយ៉ាងរឹងមាំនូវស្ថិរភាពនយោបាយ និងសង្គម; លើកកម្ពស់ប្រសិទ្ធភាពនៃសកម្មភាពកិច្ចការបរទេស និងសមហរណកម្មអន្តរជាតិផងដែរ៕