រដ្ឋាភិបាលវៀតណាមនឹងបង្កគ្រប់លក្ខណៈងាយស្រួលសម្រាប់អ្នកចាប់ផ្ដើមអាជីវកម្មប្រកបដោយនវានុវត្តន៍

Chia sẻ
(VOVWORLD) - នារសៀលថ្ងៃទី២៩ ខែវិច្ឆិកា នៅទីក្រុងដាណាំង ភាគកណ្ដាលវៀតណាម នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc បានអញ្ជើញចូលរួមវេទិកាយុវជនចាប់ផ្ដើមអាជីវកម្មឆ្នាំ២០១៨ ក្រោមប្រធានបទ “ស្វែងរកដំណោះស្រាយលោតផ្លោះសម្រាប់ការចាប់ផ្ដើមអាជីវកម្មប្រកបដោយនវានុវត្តន៍នៅវៀតណាម”។
រដ្ឋាភិបាលវៀតណាមនឹងបង្កគ្រប់លក្ខណៈងាយស្រួលសម្រាប់អ្នកចាប់ផ្ដើមអាជីវកម្មប្រកបដោយនវានុវត្តន៍ - ảnh 1ទិដ្ឋភាពនៃវេទិកាយុវជនចាប់ផ្ដើមអាជីវកម្មឆ្នាំ២០១៨ 


 
អញ្ជើញថ្លែងនៅវេទិកា នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា ការចាប់ផ្ដើមអាជីវកម្មនិងការផ្លាស់ប្ដូរថ្មីប្រកបដោយនវានុវត្តន៍មានតួនាទីដ៏សំខាន់ណាស់ចំពោះប្រទេសជាតិ។ ប្រសិនបើគ្មានការផ្លាស់ប្ដូរថ្មីយ៉ាងខ្លាំងក្លា គ្មានការអនុវត្តបច្ចេកវិទ្យាខ្ពស់ចូលក្នុងការអភិវឌ្ឍនោះ គឺប្រទេសវៀតណាមនឹងជួបប្រទះនឹងការលំបាកជាច្រើននៅលើដំណើរការអភិវឌ្ឍរបស់ខ្លួន។ ផ្ទៀងស្ដាប់មតិរបស់អាជីវករនានាស្ដីពីការលំបាកដែលគេត្រូវប្រឈមមុខក្នុងដំណើរការចាប់ផ្ដើមអាជីវកម្ម ដែលក្នុងនោះមានការលំបាកក្នុងការទាក់ទងជាមួយប្រភពទុន នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc បានបញ្ជាណែនាំអោយធនាគារជាតិចាំបាច់ត្រូវមានកញ្ចប់ឥណទានសម្រាប់អ្នកចាប់ផ្ដើមអាជីវកម្ម។ លោកអញ្ជើញមានប្រសាសន៍ថា៖

“ខ្ញុំចង់និយាយដល់កញ្ចប់ឥណទានមួយដែលមានទ្រង់ទ្រាយធំជាង ប៉ុន្តែបែបបទអោយខ្ចីត្រូវមានលក្ខណៈងាយស្រួលជាង ហើយកញ្ចប់ឥណទាននេះនឹងត្រូវបានប្រកាសជាសាធារណៈបន្ទាប់ពីកិច្ចប្រជុំនេះតែម្ដង។ ការងារនេះគឺដូចទៅនឹងអោយនិស្សិតក្រីក្រខ្ចីទុនដែរ។ គេនឹងបានសិក្សារៀនសូត្រហើយគេនឹងសងដើមទុនវិញ។ ខ្ញុំយល់ស្របជាមួយគោលជំហរនេះ ដើម្បីបង្កលក្ខណៈងាយស្រួលសម្រាប់ចលនាចាប់ផ្ដើមអាជីវកម្មនៅវៀតណាម។ ខ្ញុំប្រគល់ភារកិច្ចអោយធនាគារជាតិដែលចាំបាច់ត្រូវសុក្រិតកញ្ចប់ឥណទាននេះ ដើម្បីប្រកាសយ៉ាងទូលំទូលាយទៅកាន់អ្នកចាប់ផ្ដើមអាជីវកម្មក្នុងទូទាំងប្រទេស”។

នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc បានវាយតម្លៃថា ចលនាចាប់ផ្ដើមអាជីវកម្មប្រកបដោយនវានុវត្តន៍កំពុងប្រព្រឹត្តទៅយ៉ាងខ្លាំងក្លាជាងពេលណាៗទាំងអស់នៅវៀតណាម ព្រមទាំងអះអាងថា រដ្ឋាភិបាលនឹងបង្កគ្រប់លក្ខណៈងាយស្រួលសម្រាប់អ្នកចាប់ផ្ដើមអាជីវកម្ម ក៏ដូចជាជំរុញទីផ្សារទទួលយកផលិតផលរបស់អ្នកចាប់ផ្ដើមអាជីវកម្មផងដែរ៕

ប្រតិកម្មទៅវិញ