បក្សនិងរដ្ឋយកចិត្តទុកដាក់ពិសេសជានិច្ចដល់បុព្វហេតុការពារ ថែទាំ និងអប់រំកុមារ

Chia sẻ

(VOVWORLD) - នាព្រឹកថ្ងៃទី២៩ ខែកញ្ញា សម័យប្រជុំសម្មតិកម្ម “រដ្ឋសភាកុមារ” លើកទី ២ ឆ្នាំ២០២៤ បានបន្តប្រព្រឹត្តទៅនៅវិមានរដ្ឋសភា ដោយមានការចូលរួមពីប្រធានរដ្ឋសភា វៀតណាមលោក ត្រិន ថាញ់មិន។

បក្សនិងរដ្ឋយកចិត្តទុកដាក់ពិសេសជានិច្ចដល់បុព្វហេតុការពារ ថែទាំ និងអប់រំកុមារ - ảnh 1សម័យប្រជុំសម្មតិកម្ម “រដ្ឋសភាកុមារ” លើកទី ២ ឆ្នាំ២០២៤។ (រូបថត៖ VOV)

នៅក្នុងសម័យប្រជុំសម្មតិកម្ម សមាជិកសភាកុមារបានលើកឡើងនូវបំណងប្រាថ្នា អ្នកបោះឆ្នោតកុមារនៅតាមមូលដ្ឋាននានា ជាមួយនឹងបញ្ហាចំនួនពីរគឺ "ការបង្ការទប់ស្កាត់អំពើហិង្សាក្នុងសាលារៀន" និង "ការបង្ការទប់ស្កាត់ផលប៉ះពាល់ដ៏គ្រោះថ្នាក់នៃថ្នាំជក់ សារធាតុរំញោច ជាពិសេសក្នុងបរិយាកាសសាលារៀន" ហើយស្រាយបំភ្លឺពីបញ្ហាកង្វល់របស់”អ្នកបោះឆ្នោតកុមារ"ទូទាំងប្រទេស។ បន្ទាប់ពីសម័យសួរដេញដោល រដ្ឋមន្ត្រីក្រសួងអប់រំ និងបណ្តុះបណ្តាល និងរដ្ឋមន្ត្រីក្រសួងសុខាភិបាល បានពិភាក្សាជាមួយសមាជិកសភាកុមារអំពីប្រធានបទទាំងពីរនៃសម័យប្រជុំ។

ថ្លែងមតិនៅសម័យប្រជុំ ប្រធានរដ្ឋសភាវៀតណាម លោក ត្រិន ថាញ់មិន បានអះអាងថា បក្ស រដ្ឋយកចិត្តទុកដាក់ពិសេសជានិច្ចដល់បុព្វហេតុការពារ ថែទាំ និងអប់រំកុមារ។ ដោយសម្តែងការចាប់អារម្មណ៍ចំពោះការបង្ហាញរបស់បណ្ដាសមាជិកសភាកុមារ លោកប្រធានរដ្ឋសភា មានប្រសាសន៍ថា សំណួរនិងដំណោះស្រាយជាច្រើនដែលបានស្នើឡើងរបស់កុមារមានភាពពាក់ព័ន្ធ និងកើតចេញពីស្ថានភាពជាក់ស្ដែង។ រដ្ឋសភា រដ្ឋាភិបាល និងបណ្ដាក្រសួង ផ្នែក និងអង្គការនានា នឹងធ្វើការស្រាវជ្រាវក្នុងដំណើរការតាក់តែង និងចេញផ្សាយគោលនយោបាយ ច្បាប់ ដើម្បីដោះស្រាយបញ្ហាពាក់ព័ន្ធនឹងកុមារ។

ដើម្បីបន្តអនុវត្តន៍ការងារការពារ ថែទាំ និងអប់រំកុមារឱ្យកាន់តែល្អប្រសើរ នាពេលខាងមុខ លោកប្រធានរដ្ឋសភាបានស្នើឱ្យរដ្ឋសភា រដ្ឋាភិបាល ក្រសួង ស្ថាប័ន និងមូលដ្ឋានបន្តស្រាវជ្រាវ ពិនិត្យ កែលំអគោលនយោបាយ ច្បាប់ស្តីពីការបង្ការទប់ស្កាត់អំពើហឹង្សា ការរំលោភបំពានលើកុមារ និងអំពើហិង្សាក្នុងសាលា; បង្ការទប់ស្កាត់ផលប៉ះពាល់ដ៏គ្រោះថ្នាក់នៃថ្នាំជក់ ជាពិសេសបារីអេឡិចត្រូនិច និងបារីកំដៅ។ លោកប្រធានរដ្ឋសភាបានស្នើឱ្យក្រសួងអប់រំ និងបណ្តុះបណ្តាលបង្កើនការអប់រំសីលធម៌នៅក្នុងសាលារៀនបន្ថែមទៀត។ លោកគ្រូអ្នកគ្រូជួយសម្រួល និងបង្កើតបរិយាកាសអប់រំប្រកបដោយភាពរួសរាយរាក់ទាក់និងសុវត្ថិភាពដើម្បីជួយកុមារទៅសាលារៀនជារៀងរាល់ថ្ងៃប្រកបដោយក្ដីសប្បាយរីករាយ។ សហគមន៍ សង្គមលើកកំពស់បន្ថែមនូវស្មារតីទទួលខុសត្រូវ ផ្តល់ក្តីស្រឡាញ់ និងការយកចិត្តទុកដាក់បំផុតដល់កុមារ ការពារកុមារគ្រប់ពេលវេលា គ្រប់ទីកន្លែង រួមចំណែកកសាងជំនាន់អនាគតរបស់ប្រទេសជាតិឲ្យមានការអភិវឌ្ឍគ្រប់ជ្រុងជ្រោយ៕

ប្រតិកម្មទៅវិញ