រូបភាព៖ Reuters |
សេចក្តីប្រកាសដែលបានចេញផ្សាយបន្ទាប់ពីកិច្ចប្រជុំក្រៅផ្លូវការរបស់រដ្ឋមន្ត្រីការបរទេសសហភាពអឺរ៉ុបបានអះអាងជាថ្មីម្តងទៀត នូវការប្តេជ្ញាចិត្តរបស់ EU និងប្រទេសជាសមាជិក ក្នុងការរក្សាសណ្តាប់ធ្នាប់ពហុភាគីដោយផ្អែកលើច្បាប់ ជាមួយអង្គការសហប្រជាជាតិជាមជ្ឈភាព ហើយបានវាយតម្លៃខ្ពស់ចំពោះសមិទ្ធិផល និងអត្ថប្រយោជន៍នៃកិច្ចសហប្រតិបត្តិការរយៈពេលវែង រវាង EU និង UN ក្នុងការរក្សាសន្តិភាព គ្រប់គ្រងវិបត្តិស៊ីវិល ប៉ូលីសនិងយោធា។ ក្រុមប្រឹក្សាបានស្វាគមន៍ការពង្រីកនៃអាទិភាព ដែលមានគោលបំណងឆ្លើយតបកាន់តែមានប្រសិទ្ធភាព ចំពោះបញ្ហាប្រឈមជាសាកល និងការគំរាមកំហែងដែលកំពុងវិវត្ត៍ដូចជាការប្រែប្រួលអាកាសធាតុ ការរីករាលដាលនៃជំងឺរាតត្បាតកូវីដ-១៩ បច្ចេកវិទ្យាលោតផ្លោះ និងព័ត៌មានមិនពិត។ ក្រុមប្រឹក្សា បានសង្កត់ធ្ងន់ថា កិច្ចសហប្រតិបត្តិការជាមួយអង្គការសហប្រជាជាតិ នឹងជួយសហភាពអឺរ៉ុបពង្រឹងតួនាទីរបស់ខ្លួន ចំពោះសន្តិសុខពិភពលោក ដើម្បីគាំទ្រលទ្ធិពហុភាគីប្រកបដោយប្រសិទ្ធភាព៕