ខេត្ត Dak Lak បន្តស្តារនិងបង្រៀនការវាយគងឃ្មោះដល់យុវជនជំនាន់ក្រោយ

Chia sẻ

(VOVWORLD) - ខេត្ត Dak Lak (តំបន់ Tay Nguyen) កំពុងបន្តស្តារឡើងវិញនូវសកម្មភាព បង្រៀនការវាយគងឃ្មោះដល់យុវជននិងកុមារនៅតាមភូមិឃុំ។ មកដល់ថ្នាក់បង្រៀន សក្ខាកាមទាំងអស់ ជាពិសេសយុវជននិងកុមារ មានឱកាសក្រេបយកបរិយាកាសដ៏មានអត្ថប្រយោជន៍ ដើម្បី ខិតមកកាន់តែជិតនឹងវប្បធម៌ប្រពៃណីរបស់ជនជាតិខ្លួន។

ខេត្ត Dak Lak បន្តស្តារនិងបង្រៀនការវាយគងឃ្មោះដល់យុវជនជំនាន់ក្រោយ - ảnh 1កុមារីផ្តោតលើការរៀនលេងគងឃ្មោះនៅមុខសាលាភូមិ Buon Trap ទីរួមស្រុក Buon Trap ស្រុក Krong Ana ខេត្ត Dak Lak។ រូបថត៖ VOV

ជារៀងរាល់រសៀលថ្ងៃចុងសប្តាហ៍ នៅសាលាភូមិ Buon Trap ទីរួមស្រុក Buon Trap ស្រុក Krong Ana ខេត្ត Dak Lak កុមារីមួយក្រុមប្រហែល ២០ នាក់ តែងតែប្រមូលផ្តុំគ្នាដើម្បីរៀនវាយគងឃ្មោះ។ សិប្បករ ៣ នាក់ រួមមានជនវ័យចំណាស់ ១ នាក់ និង ក្មេង ២ នាក់ ណែនាំកុមារម្នាក់ៗយ៉ាងយកចិត្តទុកដាក់ពីរបៀបវាយផ្សេងៗគ្នា។ ប្អូន H Doanh Eban អាយុ១២ឆ្នាំ ដែលកំពុងរៀនវាយគងឃ្មោះ បានចែករំលែកថា៖

“ដោយសារលោកយាយប្រាប់ ទើបខ្ញុំដឹងពីថ្នាក់រៀននេះ។ ខ្ញុំចូលចិត្តវាយគងឃ្មោះនិងរាំណាស់ ដូច្នេះខ្ញុំបានទៅរៀន។ ពេលខ្ញុំរៀនរាំនិងវាយគងឃ្មោះ ខ្ញុំសោមនស្សរីករាយខ្លាំងណាស់។ ខ្ញុំមានបំណងចង់រៀនដើម្បីថែរក្សាសម្រស់វប្បធម៌ដ៏ពិសេសដោយឡែករបស់ជនជាតិខ្លួន”។

ក្នុងរយៈពេល២ខែ កុមារៗត្រូវបានរៀនការវាយគងឃ្មោះចំនួន៣បទនោះ គឺបទស្វាគមន៍ភ្ញៀវ បទអំណររដូវថ្មី បទជូនពរសុខភាពល្អ រួមជាមួយរៀនរបាំ២បទ។ នេះគឺជាជាបទវាយគងឃ្មោះនិងរបាំប្រពៃណីរបស់ជនជាតិ Ede Bih នៅ Krong Ana ដែលត្រឹមតែត្រូវបានបង្រៀនដល់ស្ត្រីនិងកុមារីប៉ុណ្ណោះ។ អ្នកស្រី H Lam Hmok ទទួលបន្ទុកថ្នាក់បង្រៀនគងឃ្មោះ បានឲ្យដឹងថា៖

“រដូវក្តៅគឺចាប់ផ្តើមប្រមូលផ្ដុំគ្នា ហើយរៀបចំថ្នាក់សម្រាប់កុមារហាត់វាយគងឃ្មោះ ហាត់រាំដើម្បីកុំឲ្យបាត់បង់វប្បធម៌ប្រពៃណីរបស់ខ្លួន។ ការលំបាកមានច្រើនណាស់ ព្រោះប្អូនៗក្រេបយកចំណេះដឹងយឺតពេក ខ្ញុំត្រូវបង្រៀនយូរណាស់។ បើចង់វាយគងឃ្មោះបាន ត្រូវយល់ពីចង្វាក់គងឃ្មោះជាមុនសិន”។

ចាប់តាំងពីឆ្នាំ ២០០៥ មក បន្ទាប់ពីលំហវប្បធម៌គងឃ្មោះ  Tay Nguyen ត្រូវបានអង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌របស់អង្គការសហប្រជាជាតិ (UNESCO) ទទួលស្គាល់ថា ជាស្នាដៃឯកផ្ទាល់មាត់ និងជាបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ ខេត្ត Dak Lak បានខិតខំប្រឹងប្រែងដើម្បីថែរក្សាបេតិកភណ្ឌដ៏ថ្លៃថ្លានេះ។ យោងតាមលោក Van Duc Tuan អនុប្រធានគណៈកម្មាធិការប្រជាជនទីរួមស្រុក Buon Trap ស្រុក Krong Ana ដោយមានការឃោសនាយ៉ាងសកម្មពីអាជ្ញាធរមូលដ្ឋាន ក្រុមគងឃ្មោះនារីភូមិ Trap តែងតែមានជំនាន់ស្នងបន្ត។ ក្រុមគងឃ្មោះនេះច្រើនតែត្រូវបានអញ្ជើញចូលរួមសម្តែង ចូលរួមសកម្មភាពវប្បធម៌ ការជួបប្រាស្រ័យនៅទាំងក្នុងនិងក្រៅខេត្ត ព្រមទាំងចូលរួមសម្តែងក្នុងកម្មវិធី "លាន់លឺកងរំពងស្នូរសម្លេងព្រៃឈើ" ដែលត្រូវបានធ្វើឡើងរៀងរាល់២ខែម្តង នៅមជ្ឈមណ្ឌលវប្បធម៌ខេត្ត Dak Lak ផងដែរ។

“បច្ចុប្បន្ននេះ នៅទីរួមស្រុក Buon Trap មានជំនាន់ ២ ដែលរក្សាបាននូវក្រុមគងឃ្មោះនេះ ជំនាន់មុនគឺកើតក្នុងចម្លោះពីឆ្នាំ ១៩៦០ ដល់ ១៩៥០។ បច្ចុប្បន្ននេះ គេបានបង្រៀនដល់យុវជនជំនាន់ទី២ដែលកើតក្នុងចន្លោះទសវត្សរ៍ឆ្នាំ១៩៩០ ហើយឥឡូវនេះ យើងខ្ញុំកំពុងរៀបចំកម្មវិធីនេះដើម្បីឲ្យកុមារដែលកើតពី ២០១០ មកទល់ពេលនេះ អាចបន្តថែរក្សាអត្តសញ្ញាណរបស់ជនជាតិខ្លួន”។

ខេត្ត Dak Lak បន្តស្តារនិងបង្រៀនការវាយគងឃ្មោះដល់យុវជនជំនាន់ក្រោយ - ảnh 2បង្រៀនការវាយគងឃ្មោះដល់កុមារី។ (រូបថត៖ VOV)

ថ្នាក់បង្រៀនការវាយគងឃ្មោះ Jhoនៅទីរួមស្រុក Buon Trap ស្រុក Krong Ana គឺជាថ្នាក់មួយក្នុងចំណោមថ្នាក់បង្រៀនការវាយគងឃ្មោះចំនួន៣ ដែលបើកដោយមន្ទីរវប្បធម៌ កីឡា និងទេសចរណ៍ខេត្ត Dak Lak នៅក្នុងវិស្សមកាលរដូវក្ដៅនេះ។ ថ្នាក់រៀនទាំងនេះគឺស្ថិតនៅក្នុង គម្រោងដែលត្រូវបានមជ្ឈមណ្ឌលសហប្រតិបត្តិការអន្តរជាតិខេត្ត Jeollabuk ប្រទេសកូរ៉េខាងត្បូង ឧបត្ថម្ភសម្រាប់ខេត្ត Dak Lak ដើម្បីអនុវត្តន៍ការងារអភិរក្សនិងពង្រីកតម្លៃនៃវប្បធម៌គងឃ្មោះនៅក្នុងខេត្ត។ លោក Dang Gia Duan អនុប្រធានមន្ទីរវប្បធម៌ កីឡា និងទេសចរណ៍ Dak Lak បានចែករំលែកថា៖

“សម្រាប់តំបន់ដែលមានបទវាយគងឃ្មោះបុរាណនិងមានតម្លៃ ក៏ចាំបាច់ត្រូវស្តារឡើងវិញហើយរៀបចំការបង្រៀនដែរ។ ក្រៅពីនេះ នៅតាមមូលដ្ឋានខ្លះ នៅតែមានការលំបាកខ្លាំងណាស់។ ថ្វីត្បិតតែសកម្មភាពអភិរក្សក៏ទទួលបានការយកចិត្តទុកដាក់ខ្លាំងក៏ដោយ ប៉ុន្តែដោយសារលក្ខខណ្ឌផ្សេងៗគ្នា និងការខ្វះខាតថវិកា ដូច្នេះមន្ទីរវប្បធម៌ កីឡា និងទេសចរណ៍ខេត្ត Dak Lak នឹងពិចារណាដើម្បីជួយឧបត្ថម្ភសិប្បករ ទាក់ទងនឹងឧបករណ៍ ការរៀបចំថ្នាក់រៀន ការចែកចាយសំលៀកបំពាក់ និងលក្ខខណ្ឌមួយចំនួនទៀត ដើម្បីឲ្យគេអាចចូលរួមដោយផ្ទាល់ក្នុងការអភិរក្ស និងពង្រីកវប្បធម៌គងឃ្មោះ”។

ក្រោយពីត្រូវផ្អាកអស់រយៈពេលជាង ២ ឆ្នាំ ដោយសារផលប៉ះពាល់នៃជំងឺរាតត្បាត នៅក្នុងវិស្សមកាលរដូវក្តៅនេះ ថ្នាក់បង្រៀនការវាយគងឃ្មោះចំនួនរាប់សិបនៅក្នុងខេត្ត Dak Lak ត្រូវបានរៀបចំឡើងវិញនៅតាមភូមិឃុំជាច្រើនសម្រាប់យុវជននិងកុមារ។ មិនត្រឹមតែរួមចំណែកក្នុងការថែរក្សា អភិរក្ស និងផ្សព្វផ្សាយវប្បធម៌គងឃ្មោះ បំផុសសេចក្ដីស្រឡាញ់និងការជក់ចិត្តរបស់ប្អូនៗចំពោះអត្តសញ្ញាណវប្បធម៌របស់ជនជាតិប៉ុណ្ណោះទេ ថែមទាំងជួយឲ្យប្អូនៗទទួលបានបទពិសោធន៍ថ្មីថ្មោង និងមានប្រយោជន៍ក្នុងអំឡុងវិស្សមកាលរដូវក្តៅទៀតផង៕

 

ប្រតិកម្មទៅវិញ