ឆ្លើយសំណួររបស់មិត្តអ្នកស្ដាប់

Chia sẻ

(VOVWORLD) - ក្នុងសប្ដាហ៍កន្លងទៅ គណៈកម្មការផ្សាយជាភាសាបរទេស (VOV5) ទទួលបានសំបុត្រ អ៊ីម៉ែលនិងទូរស័ព្ទចំនួន៣៩៦ មកពីប្រទេសនិងតំបន់ដែនដីចំនួន៣៧ ក្នុងនោះកម្មវិធីផ្សាយជាភាសាខ្មែរទទួលបានសំបុត្រនិងអ៊ីម៉ែលចំនួន១៣របស់មិត្តអ្នកស្ដាប់កម្ពុជា។ យើងខ្ញុំសូមថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រដល់ការផ្ដល់មតិនិងមនោសញ្ចេតនារបស់លោកអ្នកចំពោះកម្មវិធី។

        ក្នុងសប្ដាហ៍កន្លងមក មិត្តអ្នកស្ដាប់ជាច្រើនបានសម្ដែងការយកចិត្តទុកដាក់អំពីព័ត៌មានពាក់ព័ន្ធដល់ការដែលវៀតណាមបន្តជួយឧបត្ថម្ភកម្ពុជាក្នុងការបង្ការប្រយុទ្ធប្រឆាំងនឹងជម្ងឺរាតត្បាត កូវីដ ១៩។ មិត្តអ្នកស្ដាប់ ខែម ចម្រុង ផ្ដល់យោបល់ថា៖ “ប្រទេសយើងទាំងពីរគឺជាអ្នកជិតខាងល្អប្រសើរដែលតែងតែជួយគាំទ្រគ្នាទៅវិញទៅមកក្នុងគ្រាលំបាក”។ ចំណែកឯ មិត្ត សេង សុភ័ត្តិ នៅទីក្រុងភ្នំពេញ បានចែករំលែកថា៖ “វៀតណាមទើបនឹងបានទប់ស្កាត់ការផ្ទុះរាលដាលថ្មីកាលពីដើមឆ្នាំ ទោះបីជានៅតែមានការលំបាកជាច្រើនក៏ដោយ ប៉ុន្តែវៀតណាមបានផ្ដល់ជំនួយដ៏ថ្លៃថ្លាជូនចំពោះកម្ពុជា ក្នុងអំឡុងពេលចាប់តាំងពីការផ្ទុះឡើងជាលើកដំបូងនៃ កូវីដ ១៩”។

ឆ្លើយសំណួររបស់មិត្តអ្នកស្ដាប់ - ảnh 1អនុរដ្ឋមន្រ្តីការបរទេសវៀតណាម លោក Nguyen Quoc Dung ប្រគល់ជានិមិត្តរូបជំនួយជាទឹកប្រាក់ចំនួន២០ម៉ឺនដុល្លាអាមេរិកជូនឯកអគ្គរាជទូតកម្ពុជាប្រចាំវៀតណាម
លោក ចាយ ណាវុធ។

        បាទ! មិត្តអ្នកស្ដាប់ជាទីស្រឡាញ់រាប់អាន! បន្តសកម្មភាពជួយឧបត្ថម្ភប្រជាជនកម្ពុជាក្នុងការបង្ការប្រយុទ្ធប្រឆាំងនឹងជម្ងឺរាតត្បាត កូវីដ ១៩ ជាពិសេសគឺក្នុងបរិបទដែលការផ្ទុះរាលដាលក្នុងសហគមន៍កាលពីចុងខែកុម្ភៈនៅតែកំពុងមានការវិវឌ្ឍន៍យ៉ាងស្មុគស្មាញនោះ ក្នុងសប្ដាហ៍កន្លងមក ស្ថានទូតវៀតណាមប្រចាំកម្ពុជាបានប្រគល់ម៉ាស់ចំនួន១ម៉ឺនម៉ាស់ជូនអគ្គនាយកដ្ឋានអន្តោប្រវេសន៍កម្ពុជា។ ក្នុងពេលជាមួយគ្នានោះ រដ្ឋាភិបាលវៀតណាមក៏បានប្រគល់ជំនួយជាទឹកប្រាក់ចំនួន២០ម៉ឺនដុល្លាអាមេរិកជូនរាជរដ្ឋាភិបាលនិងប្រជាជនកម្ពុជា សំដៅរួមដៃគ្នាបង្ការទប់ស្កាត់ការរីករាលដាលនៃ កូវីដ ១៩។ រាល់អំណោយទាំងនេះបានបង្ហាញទឹកចិត្តរបស់រដ្ឋាភិបាល ស្ថាប័នតំណាងវៀតណាមប្រចាំកម្ពុជា ក៏ដូចជាប្រជាជនវៀតណាមនិយាយរួម ក្នុងបំណងចង់ជួយឧបត្ថម្ភប្រជាជនកម្ពុជាជាបងប្អូន ជំនះពុះពារលើការលំបាក ចូលរួមចំណែកដល់ការពង្រឹងនិងពូនជ្រុំថែមទៀតនូវចំណងសាមគ្គីភាព មិត្តភាពដ៏ល្អប្រសើររវាងប្រជាជាតិទាំងពីរ។ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាបានផ្ញើរសារលិខិតជូនអតីតនាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc ដើម្បីសម្ដែងការរំភើបចិត្តនិងថ្លែងអំណរគុណពីកញ្ចប់ជំនួយជាទឹកប្រាក់ចំនួន២០ម៉ឺនដុល្លាអាមេរិកជូនចំពោះរាជរដ្ឋាភិបាលនិងប្រជាជនកម្ពុជា ព្រមទាំងថ្លែងអំណរគុណរដ្ឋាភិបាលវៀតណាមដែលមានប្រព្រឹត្តិកម្មដ៏ល្អប្រសើរជាមួយសហគមន៍ជនកម្ពុជានៅវៀតណាមក្នុងដំណាក់កាលដ៏លំបាកនាបច្ចុប្បន្ន។ នាពេលថ្មីៗនេះ សម្ដេចតេជោ ហ៊ុន សែន ក៏ជាថ្នាក់ដឹកនាំបរទេសដើមដំបូងដែលផ្ញើរសារលិខិតអបអរសាទរជូនលោក Nguyen Xuan Phuc បន្ទាប់ពីលោកត្រូវបានរដ្ឋសភា វៀតណាមបោះឆ្នោតជ្រើសតាំងជាប្រធានរដ្ឋផងដែរ។

        មិត្តអ្នកស្ដាប់ ហាក់ ណារិទ្ធ នៅទីក្រុងភ្នំពេញ បានផ្ញើរយោបល់ដោយអបអរសាទរវៀតណាមនៅពេលចូលកាន់តំណែងជាប្រធានក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិលើកទី២ក្នុងអាណត្តិជាសមាជិកមិនអចិន្រ្តៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (អ.ស.ប) ឆ្នាំ២០២០-២០២១ ព្រមទាំងដាក់សំណួរថា តើលើកដំបូងចូលកាន់មុខតំណែងខាងលើ វៀតណាមមានគំនិតផ្ដួចផ្ដើមអ្វីៗខ្លះ?

ឆ្លើយសំណួររបស់មិត្តអ្នកស្ដាប់ - ảnh 2សម័យប្រជុំពិភាក្សាបើកចំហ ក្រោមអធិបតីភាពឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីការបរទេសវៀតណាម លោក Pham Binh Minh បានទាក់ទាញសុន្ទរកថាចំនួន១១១ ដែលជាចំនួនអ្នកចូលរួមខ្ពស់បំផុតក្នុងប្រវត្តិសាស្ត្រនៃសម័យប្រជុំពិភាក្សាបើកចំហរបស់អ.ស.ប។

        លោកអ្នកនាងនិងប្រិយមិត្តជាទីមេត្រី! មុនខែមេសាឆ្នាំ២០២១ វៀតណាមធ្លាប់បានកាន់តំណែងជាប្រធានក្រុមប្រឹក្សាសន្តិសុខនាខែមករាឆ្នាំ២០២០ ក្នុងអាណត្តិជាសមាជិកមិនអចិន្រ្តៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអ.ស.ប។ ក្នុងនាមជាប្រធានក្រុមប្រឹក្សាសន្តិសុខក្នុងខែដំបូងនៃឆ្នាំគម្រប់ខួប ៧៥ ឆ្នាំនៃធម្មនុញ្ញអ.ស.បនោះ វៀតណាមបានជ្រើសរើសមូលបទអាទិភាពក្នុងខែនោះ គឺ “ជំរុញការគោរពធម្មនុញ្ញអ.ស.បដើម្បីរក្សាសន្តិភាពនិងសន្តិសុខអន្តរជាតិ”។ សម័យប្រជុំពិភាក្សាបើកចំហ ក្រោមអធិបតីភាពឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីការបរទេសវៀតណាម លោក Pham Binh Minh បានទាក់ទាញសុន្ទរកថាចំនួន១១១ ដែលជាចំនួនអ្នកចូលរួមខ្ពស់បំផុតក្នុងប្រវត្តិសាស្ត្រនៃសម័យប្រជុំពិភាក្សាបើកចំហរបស់អ.ស.ប។ វៀតណាមក៏មានគំនិតផ្ដួចផ្ដើមអំពីការរៀបចំកិច្ចប្រជុំដើមដំបូងរវាងអ.ស.បនិងអាស៊ាននៅក្រុមប្រឹក្សាសន្តិសុខ អំពីការជំរុញកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ ប្រកបដោយប្រសិទ្ធភាពរវាងអង្គការទាំងពីរ ដែលផ្ដោតសំខាន់ទៅលើវិស័យអាទិភាពនានាដូចជា៖ ការដោះស្រាយជម្លោះដោយសន្តិវិធី ការទូតទប់ស្កាត់ ការរំសាយសព្វាវុធ ការរក្សាសន្តិភាព ការប្រយុទ្ធប្រឆាំងនឹងភេរវកម្ម កិច្ចសហប្រតិបត្តិការសមុទ្រនិងសន្តិសុខនាវាចរណ៍ ជាដើម។

        ពាក់ព័ន្ធដល់វិស័យវប្បធម៌-សង្គម ក្នុងសប្ដាហ៍កន្លងមក មិត្តអ្នកស្ដាប់ ថាច់ ស៊ីញ ជនជាតិខ្មែរម្នាក់ដែលកំពុងរស់នៅខេត្ត Binh Phuoc បានផ្ញើរសំបុត្រមកកាន់កម្មវិធីដើម្បីចែករំលែកក្ដីសប្បាយរីករាយនិងមោទនភាពនៅពេលដែលពិធី យកត្រពាំងរបស់ជនជាតិខ្មែរនៅខេត្ត Binh Phuoc ត្រូវបានទទួលស្គាល់ជាបេតិកភ័ណ្ឌវប្បធម៌អរូបិយ៍ជាតិ ហើយសម្ដែងក្ដីសង្ឃឹមថា កម្មវិធីនឹងណែនាំពីពិធីដ៏វិសេសវិសាលនេះទៅកាន់សំណាក់មិត្តអ្នកស្ដាប់និងមិត្តអ្នកអាន។

ឆ្លើយសំណួររបស់មិត្តអ្នកស្ដាប់ - ảnh 3ប្រជាជនខេត្ត Binh Phuoc ចូលរួមពិធីយកត្រពាំង។

        បាទ! ដូចដែលបំណងរបស់មិត្តអ្នកស្ដាប់ ថាច់ ស៊ីញ ដែរ យើងខ្ញុំសូមណែនាំត្រួសៗ ពីពិធីយកត្រពាំងប្រពៃណីរបស់ជនជាតិខ្មែរនៅឃុំ Loc Khanh ស្រុក Loc Ninh ខេត្ត Binh Phuoc។ ពិធីយកត្រពាំងត្រូវបានរៀបចំឡើងនៅរដូវប្រាំង មុនបុណ្យចូលឆ្នាំថ្មី។ តាមទំនៀមទំលាប់ ក្រុមព្រឹទ្ធាចារ្យភូមិ នឹងអនុវត្តន៍ពិធីការប្រពៃណីមួយចំនួននិងពិធីសែនទេវតា បួងសួងសុំឲ្យទទួលបានរដូវអំណោយផល សុំឲ្យពិធីយកត្រពាំងប្រព្រឹត្តទៅបានយ៉ាងងាយស្រួល ហើយប្រជាជនប្រមូលបានត្រី បង្គារជាច្រើនផងដែរ។ បន្ទាប់នោះ ប្រជាជនប្រកួតប្រណាំងគ្នាធ្វើការនេសាទដោយឧបករណ៍សាមញ្ញប្រពៃណី។ ផលនេសាទក្នុងពិធីនេះ នឹងត្រូវបានកែច្នៃទៅជាម្ហូបអាហារដ៏ឆ្ងាញ់ពិសារ។ តាមការកំណត់របស់អ្នកភូមិ ត្រពាំងធម្មជាតិគឺជាទ្រព្យសម្បត្តិរួមរបស់សហគមន៍ ដែលបានគ្រប់គ្រងដោយព្រឹទ្ធាចារ្យភូមិ។ ក្នុងរយៈពេលមួយឆ្នាំ ប្រសិនបើគ្មានការអនុញ្ញាតរបស់ព្រឹទ្ធាចារ្យភូមិនោះ គឺគ្មាននរណាម្នាក់មានសិទ្ធិធ្វើការនេសាទនៅក្នុងត្រពាំងឡើយ។ រាល់ការរំលោភបំពានទាំងអស់នឹងត្រូវផាកពិន័យដោយផ្អែកលើកម្រិត។ នេះជារូបភាពវប្បធម៌ប្រជាប្រិយចម្រុះ ដែលបង្កប់នូវតម្លៃវិសេសវិសាលជាច្រើន និងខ្លឹមសារដ៏សម្បូរបែបរបស់ជនជាតិខ្មែរនៅឃុំ Loc Khanh និយាយដោយឡែកនិងខេត្តBinh Phuoc និយាយរួម។

        លោកអ្នកនាងនិងប្រិយមិត្តទាំងអស់ជាទីមេត្រី! ខាងលើនេះគឺជាមតិយោបល់និងសំណួរមួយចំនួនរបស់មិត្តអ្នកស្ដាប់ដែលបានផ្ញើរមកកាន់យើងខ្ញុំក្នុងសប្ដាហ៍កន្លងមក។ យើងខ្ញុំសង្ឃឹមថា នឹងបន្តទទួលបានមនោសញ្ចេតនាក៏ដូចជាមតិយោបល់ជាច្រើនថែមទៀតរបស់មិត្តអ្នកស្ដាប់។ សំបុត្ររបស់លោកអ្នក សូមផ្ញើរមកកាន់យើងខ្ញុំតាមអាស័យដ្ឋាន៖ កម្មវិធីផ្សាយជាភាសាខ្មែរ វិទ្យុសម្លេងវៀតណាមលេខ ៤៥ វិថី Ba Trieu ខ័ណ្ឌ Hoan Kiem រដ្ឋធានីហាណូយឬអ៊ីម៉ែល៖ vov5khmer@gmail.com៕

ប្រតិកម្មទៅវិញ